Friday, March 29, 2024
Homeបរិយាយពេល​ណា​បញ្ចប់​ពហិ​ការ?

ពេល​ណា​បញ្ចប់​ពហិ​ការ?

ថ្ងៃនេះសម័យប្រជុំពេញអង្គនៃរដ្ឋសភា នីតិកាលទី៥ ដើម្បីពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ បានមកដល់ហើយ។ រដ្ឋសភា ដែលមានគណបក្សនយោបាយតែពីរចូលរួមនេះ រអាក់រអួលរហូត ប៉ុន្តែ យើងកត់សម្គាល់បាន ថា ឱ្យតែដល់ពេលអនុម័តច្បាប់ថវិកាជាតិនៅដំណាច់ឆ្នាំម្តងៗ បក្សប្រឆាំង តែងតែចូលរួមមិនដែលខាន។ ឯការប្រជុំទៀតសោត បន្ទាប់ពីឡើងដេញដោលបែកពពុះមាត់ តំណាងរាស្ត្របក្សប្រឆាំង ក៏នាំគ្នាដើរចេញអស់ ក្លាយជារឿងធម្មតាទៅហើយ ទើប មានសំណួរថា “តើពេលណាបញ្ចប់ពហិការ?” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ពហិការ” មានន័យថា វិធីរបស់រដ្ឋមួយដែលផ្តាច់ទំនាក់ទំនងខាងនយោបាយសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ដែលមានជាមួយរដ្ឋ មួយទៀត ឬអំពើរួមគ្នាមិនធ្វើការជាមួយភាគីណាមួយ។ ពាក្យនេះ បើនិយាយឱ្យស្រួលស្តាប់ សំដៅដល់ការ “ដើរចេញមិន ធ្វើការជាមួយ ឬទៅនៅខាងក្រៅសម័យប្រជុំ”។ កាលពីសង្គមមុនៗ ដូចជានៅសម័យបារាំង សម័យសង្គមរាស្ត្រនិយម សម័យ លន់ នល់ សម័យប៉ុល ពត និងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គេមិនសូវឮពាក្យនេះទេ ប៉ុន្តែ ធ្លាប់មានពាក្យ “ពាហិរ- សាសនា” (សាសនាខាងក្រៅ) និង “បរិពាហិរោ” (ព័ទ្ធពីក្រៅ) ជាដើម។ ពហិការ ត្រូវបានអ្នកច្បាប់សម័យនេះយកមកប្រើ ដូចជាការមិនចូលរួមក្នុងបក្សសម្ព័ន្ធយោធាណាមួយ ឈ្មោះថា ពហិការ ប៉ុន្តែ ដឹងអី! ពេលតំណាងរាស្ត្រខ្លះនាំគ្នាដើរចេញ មិន- ព្រមបោះឆ្នោតអនុម័តច្បាប់អ្វីមួយ ស្រាប់តែកើតជាពាក្យ “ពហិការ” នេះឡើង។

ដូច្នេះ “តើពេលណាបញ្ចប់ពហិការ?” ជាសំណួរមួយដែលយើងអាចឆ្លើយបានថា “គ្មានពេលបញ្ចប់ទេ” ពោលគឺពេលនេះ តំណាងរាស្ត្របក្សប្រឆាំង នាំគ្នាដើរចេញ ប៉ុន្តែថ្ងៃក្រោយ ឧបមាថា បក្សកាន់អំណាច ក្លាយទៅជាបក្សប្រឆាំងវិញនោះ ច្បាស់ជានាំគ្នាដើរចេញយ៉ាងនេះដែរ បើសិនជាច្បាប់ណាមួយដាក់ឆ្លងសម័យប្រជុំ មិនស្របយោបល់គ្នា។ បើសិនជារដ្ឋសភា យករូបមន្ត២ភាគ៣មកប្រើ អាចធ្វើឱ្យច្បាប់ជាប់គាំង រកច្រកចេញមិនឃើញឡើយ ដោយសារពហិការ ប៉ុន្តែ សព្វថ្ងៃ រូបមន្ត ៥០+១ បានធ្វើឱ្យច្បាប់ចេញរួចរហូត។ រូបមន្ត៥០+១ ក៏ដូចជាការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ ផ្តើមគំនិតដោយលោកសម រង្ស៊ី ប៉ុន្តែ បានត្រឹមនាំផលចំណេញដល់បក្សកាន់អំណាចតែប៉ុណ្ណោះ។

ថ្ងៃនេះ ការពិភាក្សាដេញដោលស្តីពីការចាយវាយថវិកាជាតិឆ្នាំ២០១៧ ដែលមានទំហំធំជាងឆ្នាំមុនៗនោះ ច្បាស់ជាតំណាង- រាស្ត្របក្សប្រឆាំងឡើងដេញដោលបែកអូរហូរជាស្ទឹងមិនខានឡើយ។ ក្រសួងណាចំណាយច្រើនជាងគេ នឹងគេចមិនផុតពីការ សួរនាំរបស់តំណាងរាស្ត្របក្សប្រឆាំង ដែលប្រុងប្រយ័ត្នពីរឿងលុយរាប់លានដុល្លារប្រើប្រាស់មិនចំគោលដៅ ធ្លាក់ទៅលើបុគ្គល ពុករលួយ។ រឿងពុករលួយ បក្ខពួក-គ្រួសារនិយម បានក្លាយជាប្រធានបទដ៏សំខាន់ដែលតំណាងរាស្ត្របក្សប្រឆាំង យកទៅ ប្រើប្រាស់ក្នុងសម័យប្រជុំរដ្ឋសភា ខណៈដែលតំណាងរាស្ត្របក្សកាន់អំណាច ព្យាយាមការពារខ្ទង់ចំណាយថា មានភាព ត្រឹមត្រូវស្របតាមនិយាមការ និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ប៉ុន្មានថ្ងៃមុនចូលប្រជុំ ក៏មានការឆ្លងឆ្លើយគ្នាពីករណីលោកកឹម សុខា ប្រធានស្តីទីបក្សប្រឆាំង អាចនឹងមានវត្តមាននៅ រដ្ឋសភា បន្ទាប់ពីសម្ងំក្នុងទីស្នាក់ការគណបក្សជាង៦ខែ។ ចំណែកតំណាងរាស្ត្របក្សប្រឆាំងឯទៀត បានព្រមព្រៀងគ្នាថា នឹង ចូលប្រជុំដោះស្រាយបញ្ហាជាតិ ព្រោះថា រឿងថវិកាជាតិ ធំណាស់។ រីឯអ្នកនាំពាក្យរដ្ឋសភា ខាងបក្សកាន់អំណាច លើកឡើង ថា “ចូលមិនចូលជារឿងរបស់គាត់ វាអត់មានបង្កលក្ខណៈអីថ្មី”។ ការសម្រេចចិត្តចូលប្រជុំរបស់តំណាងរាស្ត្របក្សប្រឆាំង ស្របពេលដែលសហភាពអន្តរសភា (ភីូ) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជំរុញឱ្យគណបក្សធំៗទាំងពីរ វិលទៅរកការសន្ទនាគ្នា ក្នុងនោះលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ក៏បានគាំទ្រសេចក្តីសម្រេចរបស់សហភាពអន្តរសភា ដោយជំរុញកូនចៅគាត់ឱ្យចូល ប្រជុំពិភាក្សាច្បាប់ថវិកាជាតិ។

ទោះយ៉ាងណា ក៏មានមតិមួយចំនួនថា មកពីតំណាងរាស្ត្របក្សប្រឆាំងខ្លាចគេកាត់ប្រាក់ខែ ក្នុងករណីអវត្តមានក្នុង សម័យប្រជុំរដ្ឋសភា បានជាស្រុះស្រួលគ្នាដើរចូលរដ្ឋសភា យ៉ាងនេះ។ សាធារណមតិមួយចំនួននោះបន្ថែមថា បើធ្វើការ ដើម្បី តែប្រាក់យ៉ាងនេះ តើខំធ្វើពហិការនាំឱ្យខាតពេលវេលាធ្វើអី? បើគេតម្រូវឱ្យលើកដៃអនុម័តច្បាប់ ចេះតែលើកទៅ ដើម្បី ទប់ប្រាក់ខែ ឬរថយន្តទំនើប កុំឱ្យរបូត។ ការរិះគន់នេះ គឺផ្តោតទៅលើពហិការនេះឯង និងលេចចេញជាសំណួរចុងក្រោយថា “តើបក្សប្រឆាំង នៅតែធ្វើពហិការតទៅទៀតឬយ៉ាងណា?”។

បើយោងតាមច្បាប់ ការធ្វើពហិការ រដ្ឋសភាប្រទេសណាក៏ធ្វើដែរ ដូចរដ្ឋសភាប្រទេសតៃវ៉ាន់ តំណាងរាស្ត្រវ៉ៃគ្នាបែក មុខបែកមាត់ គ្មានឃើញដាក់ពិន័យអ្វីទេ ព្រោះវ៉ៃទៅវ៉ៃមកស្មើដៃគ្នា។ ចំពោះតំណាងរាស្ត្រកម្ពុជា មិនដល់ថ្នាក់វ៉ៃគ្នាដូចតៃវ៉ាន់ នោះទេ ប៉ុន្តែ មានសិទ្ធិដើរចេញ ក្នុងករណីច្បាប់ណាមួយមិនស្របគំនិតខ្លួន។ ការដើរចេញបន្ទាប់ពីពិភាក្សាគ្នារួចរាល់នោះ មិនខុសច្បាប់ទេ ហើយក៏មិនអាចកាត់ប្រាក់ខែបានដែរ កុំតែអវត្តមាន មិនចូលរួមប្រជុំ ខណៈដែលអ្នកតំណាងរាស្ត្រគ្មានឈឺថ្កាត់ អ្វីសោះ។ អ៊ីចឹងដើម្បីទប់រឿងកាត់ប្រាក់ខែ ដកហូតឡានទំនើប ឱ្យតែរដ្ឋសភាបើកសម័យប្រជុំ ច្បាស់ជាតំណាងរាស្ត្របក្សប្រឆាំង ចូលប្រជុំមិនខានទេ លុះប្រជុំរួច ក៏នាំគ្នាដើរចេញដដែល ដោយទុកឱកាសឱ្យតំណាងរាស្ត្របក្សកាន់អំណាច លើកដៃអនុម័ត ច្បាប់តាមរូបមន្ត ៥០+១ ដដែលៗ។

អ្នកតាមដានស្ថានការណ៍នយោបាយស្រុកទេស មិនចង់បានច្បាប់ដែលអនុម័តដោយសំឡេង៥០+១ នោះទេ។ សភា ពហុបក្ស ត្រូវតែអនុម័តច្បាប់របៀបពហុបក្ស ពោលគឺឱ្យមានសន្លឹកឆ្នោតស្រប ប្រឆាំង និងអនុបវាទ ទើបវាស្របនិយាមការ អន្តរជាតិ ប៉ុន្តែ បើភាគីប្រឆាំងដើរចេញយ៉ាងសោះកក្រោះ ទុកឱ្យភាគីកាន់អំណាចនាំគ្នាលើកដៃជាឯកច្ឆន្ទ ដដែលជាដដែល នោះ មិនល្អមើលទេ។ ប្រជារាស្ត្រខ្មែរ នាំគ្នាទៅបោះឆ្នោត បង្កើតបានរដ្ឋសភាពហុបក្ស ទោះក្លាយជា “សភាទ្វេបក្ស” ក៏វាល្អជាង “សភាឯកបក្ស” ដូចសម័យរដ្ឋកម្ពុជា ប៉ុន្តែអ្នកនយោបាយបានធ្វើឱ្យម្ចាស់ឆ្នោតខកចិត្ត ព្រោះតែរបៀបធ្វើការនៅរដ្ឋសភា រអាក់រអួលរហូត។ ការបន្ទោសគ្នាទៅវិញទៅមករវាងបក្សកាន់អំណាច និងបក្សប្រឆាំង ឬយកវេទិការដ្ឋសភា សម្រាប់ ឆ្លើយឆ្លងកាច់កុងការពារគណបក្សម្ខាងៗ ដោយទុកផលប្រយោជន៍បក្សធំជាងបញ្ហាជាតិ បានត្រឹមធ្វើឱ្យរាស្ត្រធុញទ្រាន់ លែងចង់ទៅបោះឆ្នោត សូម្បីតែការចុះឈ្មោះបោះឆ្នោតជិតផុតកាលបរិច្ឆេទទៅហើយ ក៏នៅតែបាត់ប្រជាពលរដ្ឋមួយចំនួន មិនរវល់ទៅចុះឈ្មោះ ទោះបីជាពួកគាត់រស់នៅក្នុងស្រុកក្តី។ ចាត់ទុកជាភ័ព្វសំណាងរបស់កម្ពុជា ដែលមានសុខសន្តិភាព ដោយមានស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា សម្រាប់បង្កើតច្បាប់ ប៉ុន្តែ ភាពមិនចុះសម្រុងគ្នារបស់អ្នកនយោបាយ ក្នុងការអនុម័តច្បាប់ ពុំមែនជាបំណងប្រាថ្នារបស់មនុស្សដែលរស់នៅក្នុងសុខសន្តិភាពនោះឡើយ។

សរុបទៅ “ពេលណាបញ្ចប់ពហិការ?” ជាសំណួរមួយដែលសូម្បីតែប្រជាពលរដ្ឋសាមញ្ញ ក៏អាចឆ្លើយរួចដែរ។ ដរាប ណានយោបាយនៅតែមានឥទ្ធិពលលើច្បាប់នោះ ពហិការនៅតែមានជានិច្ច ពោលគឺតំណាងរាស្ត្របក្សប្រឆាំង បន្ទាប់ពី ប្រជុំពិភាក្សារួចក៏នាំគ្នាដើរចេញ ទុកឱ្យតំណាងរាស្ត្របក្សកាន់អំណាចនាំគ្នាលើកដៃ តែប៉ុណ្ណឹងឯង។ ទោះយ៉ាងណា ប្រជាពលរដ្ឋ ខ្មែរទូទៅរួមទាំង “នគរធំ” ផង ក៏មានសំណូមពរឱ្យបញ្ឈប់ពហិការនោះទៅ រួចនាំគ្នាបោះឆ្នោតដោយសម្ងាត់ មានស្រប ប្រឆាំង អនុបវាទវិញ ទើបច្បាប់ដែលចេញជាធរមាននោះ មានភាពសុក្រឹត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕

ដោយ ៖ អាចារ្យថាំ

 

RELATED ARTICLES