Saturday, April 20, 2024
Homeព្រឹត្តិការណ៍សង្គមសស្ត្រ​វិជ្ជា និង​សាស្ត្រ​វិជ្ជា

សស្ត្រ​វិជ្ជា និង​សាស្ត្រ​វិជ្ជា

ជារឿយៗ អង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចប្រជាពលរដ្ឋខ្មែរភាគច្រើន បានសម្តែងការព្រួយបារម្ភពីចោរកម្ម ឃាតកម្ម ការសេពគ្រឿងញៀន ជាដើមចមនាំឱ្យមានអសន្តិសុខ ខ្វះសណ្តាប់ធ្នាប់សង្គម។ ភាពអនាធិបតេយ្យបែបនេះ អង្គការនានា បានបញ្ចោញទស្សនៈរៀងៗខ្លួន ខ្លះថាយ៉ាងនេះ ខ្លះថាយ៉ាងនោះ ប៉ុន្តែយើងក៏មានទស្សនៈដោយឡែក ស្របតាមក្បួនតម្រា បុរាណថា គឺមកពីខ្វះតុល្យភាពរវាងសស្ត្រវិជ្ជា និងសាស្ត្រវិជ្ជាដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

គម្ពីរ ស្រីហិតោបទេសនិពន្ធដោយ នារាយណបណ្ឌិតអ្នកប្រាជ្ញជាតិឥណ្ឌា និងប្រែសម្រួលពីភាសាសំស្ក្រឹត ដោយ ព្រះភិក្ខុវីរិយបណ្ឌិតោ ប៉ាង ខាត់ អ្នកប្រាជ្ញព្រះសង្ឃខ្មែរ ស្តីពី ការគប់មិត្តកថាខណ្ឌទី៧ ក្នុងអារម្ភកថា បានសរសេរថាសស្ត្រវិជ្ជា និងសាស្ត្រវិជ្ជា ទាំងពីរនេះគួរប្រតិបត្តិសិក្សា រៀនឱ្យចេះដឹងទាំងអស់ វិជ្ជាទី១ខាងដើម (សស្ត្រវិជ្ជា) កើតចម្រើន ឡើង ដើម្បីសើចលេងជាត្លុកកំប្លែង ឯវិជ្ជាទី២ ខាងចុង (សាស្ត្រវិជ្ជា) បុគ្គលគួរគោរពក្នុងកាលទាំងពួង។ ដំបូន្មាននេះ ជាប់ ពាក់ព័ន្ធដល់បញ្ហាសង្គមនេះឯង ដែលខ្វះសណ្តាប់ធ្នាប់ បង្កភាពអនាធិបតេយ្យផ្សេងៗ មកពីខ្វះតុល្យភាពរវាងសស្ត្រវិជ្ជា និងសាស្ត្រវិជ្ជាដែលយើងសាកល្បងបរិយាយលម្អិតដូចខាងក្រោម

សស្ត្រអានថា (ស័សស្ត្រៈ) មានន័យថា គ្រឿងប្រដាប់ធ្វើដោយដែកដែលមានមុខមុត មានកាំបិត, ផ្គាក់, ដាវ, លំពែង ឬគ្រឿងអាវុធទំនើប មានកាំភ្លើងតូចធំជាដើម ដែលខ្មែរយើងទម្លាប់ហៅថាគ្រឿងសស្ត្រាវុធ។ បើតភ្ជាប់ពាក្យសស្ត្រវិជ្ជាសំដៅដល់មេរៀនមុខវិជ្ជាយុទ្ធសាស្ត្រហ្វឹកហាត់លុតក្រាបកាប់ចាក់បាញ់ ដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវតែរៀន ឱ្យចេះស្ទាត់ដោយខានមិនបាន។ សម័យស្រុកទេសកើតសង្គ្រាម គេមានបង្កើត ទាហាន២៤ម៉ោងគឺចាប់បង្ខំយុវជនឱ្យចូល ធ្វើទាហាន គ្រាន់តែប្រាប់ពីរបៀបប្រើប្រាស់កាំភ្លើងមិនទាន់ស្ទាត់ជំនាញផង ក៏បញ្ជូនទៅសមរភូមិភ្លាម ដែលទាហានបែបនេះ ច្បាំងមិនឈ្នះគេទេ។

ដោយឡែក សាស្ត្រអានថា (សាសស្ត្រៈមានន័យថា គម្ពីរ, ច្បាប់, ក្បួនតម្រា, វិជ្ជា, ការសិក្សា, ពាក្យណែនាំ, ពាក្យពន្យល់, ពាក្យបង្គាប់។ បើភ្ជាប់ពាក្យ សាស្ត្រវិជ្ជាមានន័យថា មេរៀនមុខវិជ្ជាតាមជំនាញអប់រំមនុស្សឱ្យស្គាល់បាប បុណ្យ គុណទោសនេះឯង។ មុខជំនាញដែលត្រូវរៀនមានច្រើនរាប់មិនអស់ ប៉ុន្តែ បើចង់ឱ្យមានតុល្យភាព ឬភាពស្មើគ្នារវាង សស្ត្រវិជ្ជា និងសាស្ត្រវិជ្ជាគេរៀនតែផ្នែកសីលធម៌ វិន័យ បទបញ្ជាផ្ទៃក្នុង ឃើញថាគ្រប់គ្រាន់ហើយ។

ដូចលើកឡើងខាងលើហើយថា សព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរ ពិសេស អ្នករស់នៅរាជធានី តែងមានការព្រួយបារម្ភពី សុវត្ថិភាព អសន្តិសុខ ដោយសារកើតចោរឆក់កាបូប គាស់ផ្ទះ ប្លន់ម៉ូតូ ចាប់ជំរិត ទោះជាប៉ូលិសបង្ក្រាបយ៉ាងណាក៏មិនខុស ពីវែកចកកណ្តាលត្រពាំង។ ចោរប្លន់ទាំងនេះ សុទ្ធតែមានកាំភ្លើងកាន់ ជួនកាលលាក់ដាវសាមូរ៉ៃក្រោមកែបម៉ូតូ ទុកធ្វើសកម្មភាព ដោយហ៊ានបាញ់ប្រហារ ឬកាប់ចាក់សម្លាប់មនុស្សគ្មានញញើតដៃ ដើម្បីឆក់ប្លន់ទ្រព្យសម្បត្តិ។ សូម្បីតែមន្ត្រីនគរបាល មន្ត្រីយោធាខ្លះបានក្លាយជាឃាតករ ឬមេខ្លោងជួញគ្រឿងញៀន ដឹកឈើប្រណីតខុសច្បាប់ ជាប្រភេទបុគ្គលអាងគ្រឿងអាវុធ។

ករណីបែបនេះ គឺមកពីអ្នកកាន់អាវុធចេះស្ទាត់តែសស្ត្រវិជ្ជាឬវិជ្ជាលុតក្រាបបាញ់ប្រហារ គេចខ្លួន ដោយមិនបាន រៀនសូត្រសាស្ត្រវិជ្ជាឬវិជ្ជាសីលធម៌ វិន័យបទបញ្ជាផ្ទៃក្នុង។ សីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ មានប្រភពចេញពីគម្ពីរដីកា ព្រះពុទ្ធសាសនា បើមិនបានស្វែងយល់ ច្បាស់ជា សស្ត្រវិជ្ជាធ្ងន់ជាង សាស្ត្រវិជ្ជាមិនខានឡើយ បើយកវិជ្ជាទាំងពីរនេះ ថ្លឹងមើលតុល្យភាព។ ព្រះមហាក្សត្រ ក៏ដូចមេទ័ពខ្មែរពីបុរាណ ក្រៅពីចាត់ឱ្យបង្វឹកពលទាហានឱ្យចេះក្បួនយុទ្ធសាស្ត្របានស្ទាត់ជំនាញ ក៏នៅមានចេញបញ្ជាឱ្យរៀនទន្ទេញធម៌ ឱ្យចេះសូត្រ នមោ៣ចប់ជាកំហិត ក្នុងករណីសេនាទាហានណាមិនដែល បួសរៀន។ ការបង្វឹកឱ្យចេះធម៌ព្រះខ្លះៗនោះ គឺជាហ្វ្រាំងទប់ល្បឿនសស្ត្រវិជ្ជា ឱ្យចេះពិចារណាមុននឹងសម្លាប់គេ ឬឱ្យចេះ គិតថា តើមនុស្សដែលត្រូវសម្លាប់នោះជាខ្មាំងសត្រូវ ឬជាប្រជាពលរដ្ឋស្លូតត្រង់? កាលបើមេទ័ពបង្គាប់បញ្ជាឱ្យរៀនទន្ទេញ ធម៌ព្រះខ្លះៗនេះ នាំឱ្យសេនាទាហានមានគុណសម្បត្តិខ្ពស់ណាស់ ស្របតាមគម្ពីរ ស្រីហិតោបទេសថា វិជ្ជានាំឱ្យមានវិន័យ, វិន័យនាំឱ្យមានសេចក្តីថ្លៃថ្នូរ, សេចក្តីថ្លៃថ្នូរនាំឱ្យមានទ្រព្យសម្បត្តិ, ទ្រព្យសម្បត្តិនាំឱ្យមានធម៌, ធម៌នាំឱ្យមានសេចក្តីសុខដូច្នេះ រសព្រះធម៌សំខាន់ណាស់ក្នុងការទប់ល្បឿនសស្ត្រវិជ្ជា និងធ្វើឱ្យមានតុល្យភាពរវាងសស្ត្រវិជ្ជា និងសាស្ត្រវិជ្ជា

ចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីបញ្ហាសុវត្ថិភាព ឬពេលយប់ព្រលប់មិនសូវហ៊ានដើរនោះ គឺមកពី ជនទុច្ចរិត ចេះតែសស្ត្រវិជ្ជា ដោយមិនចេះសាស្ត្រវិជ្ជានេះឯង។ ចោរខ្លះលបលាក់ទិញកាំភ្លើងមកទុកប្រើប្រាស់ ចេះតែរបៀបបញ្ចូល គ្រាប់ និងគាស់កៃបាញ់ប្លន់ម៉ូតូប៉ុណ្ណោះ ដោយមិនចេះធម៌ បាណាតិបាតឬទោសនៃការសម្លាប់។ រីឯក្មេងញៀនថ្នាំដឹងតែ លួចគាស់ផ្ទះ ឆក់កាបូប ឆក់ទូរស័ព្ទ លក់យកលុយទៅទិញថ្នាំញៀន ដោយមិនចេះពីធម៌ អទិន្នាទានឬទោសនៃការលួច ឆក់។ កងប្រដាប់អាវុធខ្លះ បានប្រើអំពើហិង្សាទៅលើប្រពន្ធ ឬគូស្នេហ៍ បន្ទាប់ពីផឹកស្រវឹង ដោយមិនយល់ពីធម៌ សុរាមេរ័យឬទោសនៃការស៊ីផឹកស្រវឹង។

បុគ្គលដូចរៀបរាប់ខាងលើនេះ បើមានកាំភ្លើងកាន់ ច្បាស់ណាស់ថា នឹងបង្កអសន្តិសុខ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ចៀសមិនរួចឡើយ ព្រោះចេះតែវិជ្ជា១ ខ្វះវិជ្ជា១។ សាស្ត្រវិជ្ជា ត្រូវតែចេះឱ្យខ្លាំងជាងសស្ត្រវិជ្ជា ដូចអ្នកគ្រប់គ្រង ឬផលិត គ្រាប់បែកនុយក្លេអ៊ែរ មកពីគេបំពាក់សាស្ត្រវិជ្ជា ឬសីលធម៌ និងវិន័យដល់កម្រិត ទើបមិនបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ ប៉ុន្តែបើយកមនុស្សគ្មានសីលធម៌ទៅគ្រប់គ្រង ច្បាស់ជារមាស់ដៃចុចប៊ូតុងបង្ហោះគ្រាប់បែកបរមាណូ ទៅរំលាយពិភពលោក មិនខានឡើយ ដែលផែនដីនេះ គេប្រើអាវុធប្រល័យលោកតែ១០គ្រាប់ប៉ុណ្ណោះ ច្បាស់ជាភ្លើងឆេះកប្ប មុនពុទ្ធទំនាយ។ ដំរីព្រៃ ដែលមនុស្សទាក់បានយកមកផ្សាំងឱ្យស្លូតបូត អាចជិះខ្នងវាបាននោះ គឺមកពីមនុស្សបង្រៀនវាឱ្យចេះសាស្ត្រវិជ្ជានេះឯង ដូចជាបង្ហាត់ឱ្យ ចេះលុតក្រាប លើកប្រមោយបួងថ្វាយបង្គំជាដើម ប៉ុន្តែបើមិនចេះផ្សាំង ដំរីព្រៃ នៅតែកាចសាហាវ ចេះតែសស្ត្រវិជ្ជាប្រើភ្លុកបុះសម្លាប់ហ្មដំរី ឬដេញព្រេចអ្នកស្រុកឱ្យស្លាប់មិនខាន។

នៅភ្នំពេញ សព្វថ្ងៃ គ្រាន់តែស្ទះចរាចរណ៍ ក៏មានអ្នកដកកាំភ្លើងបាញ់មេឃដែរ ហើយក៏មានបុគ្គលខ្លះខឹងស្រីខារ៉ាអូខេ មិនបម្រើខ្លួន ក៏ទាញកាំភ្លើងខ្លីបាញ់ក្លឹប តាមវិធីក្តៅ។ ទោះយ៉ាងណា ករណីកងអង្គរក្សស្ពាយកាំភ្លើងមានស្រោមក្រណាត់ មិនឱ្យ មហាជនមើលឃើញនោះ ជារឿងល្អណាស់ ដែលបង្ហាញថា មកពីមេអង្គរក្សមាន សាស្ត្រវិជ្ជាគ្របពីលើ សស្ត្រវិជ្ជាក៏ បង្គាប់បញ្ជាកូនចៅកុំសម្ញែងគ្រឿងអាវុធ នាំឱ្យមហាជនខ្លាច។

សរុបទៅសស្ត្រវិជ្ជា និងសាស្ត្រវិជ្ជាមានន័យយ៉ាងនេះឯង តម្រូវឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើយ៉ាង ណាឱ្យមានតុល្យភាព។ ទាហាន ប៉ូលិស ប៉េអឹម ជាខ្នងបង្អែក ជាទីពឹងរបស់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន លុះត្រាតែមាន សីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ មិនស៊ុមគ្រលុំជាមួយជនទុច្ចរិត ទើបការភ័យខ្លាចពីសុវត្ថិភាព និងអសន្តិសុខ ថយចុះ៕

ដោយ អាចារ្យថាំ

RELATED ARTICLES