Friday, March 29, 2024
Homeបរិយាយខ្មៅ​ក៏​ខ្មៅ​ចុះ កុំ​តែ​ខ្មៅ!

ខ្មៅ​ក៏​ខ្មៅ​ចុះ កុំ​តែ​ខ្មៅ!

រឿងរ៉ាវលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធរឿងកន្ទុយក្បិន ទៅវ័ណ្ឌកដល់មេឃុំ មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ..ប នោះ បានលេចចេញជាចលនាថ្ងៃចន្ទពណ៌ខ្មៅជាច្រើនខែមកហើយ មិនទាន់ចប់នៅឡើយ។ អាជ្ញាធរ រាជធានី បានព្យាយាមទប់ស្កាត់សកម្មជនពាក់អាវខ្មៅ ផ្ទុះអំពើហិង្សាប្រតាយប្រតប់គ្នាជាហូរហែ ដោយរដ្ឋាភិបាលបារម្ភពីបដិវត្តន៍ ពណ៌ប៉ុន្តែបើចេះពិចារណាពាក្យចាស់ថាខ្មៅក៏ខ្មៅចុះ កុំតែខ្មៅ!” នឹងគ្មានភាពអនាធិបតេយ្យកើតឡើងបានទេ ដែល នគរធំសូមលើករឿង ខ្មៅមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

ទោះបីជាលោកកឹម សុខា និងលោកមេឃុំស៊ាង ចែត ត្រូវបានលើកលែងទោស ក្រោមព្រះរាជសិទ្ធិដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ក៏មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ..ប សកម្មជនដីធ្លី ពុំទាន់ត្រូវបានដោះលែង ប៉ុន្តែ រំពឹងថា នឹងមានការដោះលែង ក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចសម្របសម្រួលនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ដែលមានអាសនៈក្នុងរដ្ឋសភា។ បើសិនជាគ្មានការដោះស្រាយ ឬក៏មិនទាន់ពេញចិត្តនឹងគោលនយោបាយ ពាក់ព័ន្ធដល់ការចាប់ខ្លួននេះចលនាថ្ងៃ ចន្ទពណ៌ខ្មៅទំនងជាមិនព្រមបញ្ឈប់ទេ ព្រោះថា សកម្មភាពដែលកើតឡើង សុទ្ធតែមានអ្នកនយោបាយនៅពីក្រោយ។ ការបង្ក្រាបទប់ស្កាត់ចលនាថ្ងៃចន្ទពណ៌ខ្មៅ ជាបន្ទុករបស់កងសន្តិសុខសាលារាជធានីសាលាខណ្ឌ ដែលរូបភាពនៃការបង្ក្រាប កន្លងមក មិនអាចគេចផុតពីកាមេរ៉ាអ្នកកាសែត យកទៅចុះផ្សាយព្រោងព្រាត។

ផ្តើមចេញពីបាតុភាពនេះ តំណាងរាស្ត្របក្សប្រឆាំង ក៏បានធ្វើលិខិតផ្ញើជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំលុបបំបាត់កងសន្តិសុខក្រៅក្របខ័ណ្ឌទាំងនោះ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធការស្នើ សុំនេះ ដោយលើកឡើងពីកត្តាចាំបាច់ក្នុងការរក្សាទុកកងសន្តិសុខខណ្ឌ រាជធានី ដែលជា ប្រជាការពារសណ្តាប់ធ្នាប់សង្គមមិនអាចអត់បានឡើយ។ ជាងនេះទៀត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងទាហាន និងនគរបាល តម្រូវឱ្យកងប្រដាប់អាវុធ ទាំងអស់ ប្រុងប្រយ័ត្នបដិវត្តន៍ពណ៌ដែលលេចចេញតាមរយៈចលនាថ្ងៃចន្ទពណ៌ខ្មៅនេះឯង។ ទោះជាមានការព្រមាន ចាត់វិធានការក្តៅយ៉ាងណា ក៏ចលនាថ្ងៃចន្ទពណ៌ខ្មៅ នៅតែបន្តមកដល់ពេលនេះ រហូតដល់កងសន្តិសុខខណ្ឌច្រឡំវិលក្បុងព្រោះតែស្តាប់បញ្ជាថ្នាក់លើ ដូច អាជ័យចាំចម្ការ

កាលពីពេលថ្មីៗនេះ មានជនជាតិថៃប្រមាណ៣០នាក់ មកពីសមាគម ទិវាផែនដីពិភពលោកដែលមានទីតាំងនៅ ខេត្តកោះកុង បានពាក់អាវខ្មៅឯកសណ្ឋាន នាំគ្នាយកបាយទឹកមកចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនាំកូនចៅមកព្យាបាល ជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជា។ ពេលនោះ អាជ្ញាធរ និងសន្តិសុខខណ្ឌដូនពេញ បានទៅពិនិត្យ ដោយនឹកស្មានថា ជាសកម្មជន ពាក់អាវខ្មៅ ឬចលនាថ្ងៃចន្ទពណ៌ខ្មៅ បង្កបញ្ហាដូចមុន។ លុះពិនិត្យដឹងថា ជាជនជាតិដៃ ទើបខាងអាជ្ញាធរដកថយទៅវិញ បាត់អស់ ដែលករណីនេះ បើសិនជាធ្វេសប្រហែសបណ្តោយឱ្យកងសន្តិសុខ ធ្វើការទប់ស្កាត់ដូចមុនៗ នោះច្បាស់ជាមានបញ្ហា នាំឱ្យខូចដល់ មិត្តភាពកម្ពុជាថៃមិនខានឡើយ។

គួរកុំភ្លេចថា សព្វថ្ងៃ ប្រជារាស្ត្រថៃទាំងនគរ បាននាំគ្នាពាក់អាវខ្មៅកាន់ព្រះរាជមរណទុក្ខព្រះមហាក្សត្រជាទីគោរព ស្រឡាញ់របស់ពួកគេដែលបានសោយព្រះទិវង្គត។ សូម្បីជនជាតិថៃ ដែលមកបើកអង្គការ សមាគម ឬធ្វើជំនួញនៅកម្ពុជា ក៏ពាក់អាវខ្មៅកាន់ទុក្ខដែរ។ សាសន៍ខ្មែរ និងសាសន៍ថៃ ឬសៀម មានលក្ខណៈដូចគ្នាបេះបិទ ជាពិសេសសម្បុរស្រអែមដូចគ្នា បើសិនិជាថៃ១ក្រុមពាក់អាវខ្មៅដើរតាមដងផ្លូវនៅភ្នំពេញ ច្បាស់ជាច្រឡំខ្មែរ១ក្រុម ដែលពាក់អាវខ្មៅ ទាមទារឱ្យដោះលែងមនុស្សដែលពួកគេស្រឡាញ់មិនខាន។ បើសិនជាកងសន្តិសុខខណ្ឌមើលច្រឡំ លើកគ្នាទៅវ៉ៃជនជាតិថៃ ពាក់អាវខ្មៅ ទាំងនោះ ច្បាស់ណាស់ថារាជរដ្ឋាភិបាលកម្ពុជា នឹងខូចមុខមាត់ មានអរិភាពជាមួយរាជរដ្ឋាភិបាលថៃមិនខានឡើយ។

រឿងច្រឡំនេះ ជួនកាលគូប្រជែងនយោបាយដឹងចំណុចខ្សោយ ក៏បង្កើតបញ្ហាឱ្យមានការភ័ន្តច្រឡំនេះឡើង ដូចនៅក្នុង រឿង អាឡេវជាអក្សរសិល្ប៍ប្រជាប្រិយខ្មែរ បានតំណាលពីតួអង្គអាឡេវ ដ៏រប៉ិលរប៉ូច មានប្រាជ្ញាគ្មានគូប្រដូច។ ថ្ងៃមួយ អាឡេវ បានបោកបញ្ឆោតចោរសមុទ្រ៥០០នាក់ ឱ្យកោរត្រងោល ស្រាតននលគក ដើម្បីរៀនមន្តអាគមពីគ្រូឡេវ ដោយ បង្គាប់ក្រុមចោរឱ្យមុជក្នុងទឹកទន្ទេញរបៀន។ ពេលចោរមុជទឹកអស់ អាឡេវ និងប្រពន្ធ ក៏ប្រមូលសំពត់អាវចោរ ដាក់សំពៅ បើករត់ទៅដល់ស្រុកចោរ ក៏ទៅបោកប្រាស់ប្រពន្ធចោរ ដែលកំពុងទន្ទឹងមើលផ្លូវប្តី ដែលចេញទៅប្លន់មិនទាន់មកដល់។ អាឡេវ ក៏ចេញក្បួនភរថា យប់នេះ នឹងមានព្រាយក្បាលត្រងោលអាក្រាតកាយ មកគោះទ្វារផ្ទះហើយ ដោយបង្គាប់ប្រពន្ធចោរឱ្យ កាន់ដំបង ចាំវាយក្បាលព្រាយត្រងោលទាំងនោះ។ ប្រពន្ធចោរខ្លះ ក៏ហាត់សមវាយក្បាលទីងមោងឱ្យស្ទាត់ លុះយប់ឡើង ប្តីមកដល់គោះទ្វារហៅប្រពន្ធ ស្រាប់តែត្រូវប្រពន្ធសំពងបែកក្បាល ព្រោះតែរឿងច្រឡំ ជឿតាមគ្រូឡេវនេះឯង។

ដូច្នេះយើងឃើញថា បើសិនជាសន្តិសុខស៊ីវិល ច្រឡំវាយមនុស្សពាក់អាវខ្មៅ សម្គាល់ថា ជាបដិវត្តន៍ពណ៌នោះ ផលវិបាក នឹងធ្លាក់ដល់រាជរដ្ឋាភិបាល បើសិនជាអាជ្ញាធរជ្រើសមនុស្សមិនចេះពិចារណាទៅប្រើ ឬយកមនុស្សចូលចិត្តគ្រឿងស្រវឹង សម្រាប់ ទប់ទល់ចលនាអាវខ្មៅ។ តាំងពីមានចលនានេះមក មន្ត្រីរាជការខ្លះដែលចូលចិត្តពាក់អាវខ្មៅ ទៅធ្វើការក៏លែងហ៊ានពាក់ ឯអ្នកដើរកម្សាន្តតាមរមណីយដ្ឋាននានា ពិសេសឆ្នេរទន្លេមុខព្រះបរមរាជវាំង ក៏មិនសូវមានអ្នកពាក់អាវខ្មៅ ព្រោះតែរឿង ខ្លាចសន្តិសុខវ៉ៃច្រឡំនេះឯង។

ទោះយ៉ាងណា ពាក្យចាស់ថាខ្មៅក៏ខ្មៅចុះ កុំតែខ្មៅ!” ក៏មិនខុសពី ក្រក៏ក្រចុះ កុំតែក្រដែលមានន័យថា គ្រាន់តែ ពាក់អាវខ្មៅឱ្យជិតខ្លួន ឬពាក់ឱ្យស្របតាមសិរីមង្គលថ្ងៃសៅរ៍ពណ៌ខ្មៅ ឬព្រីងទុំនោះ មិនខុសអ្វីទេ។ មនុស្សសម្បុរខ្មៅ តែចិត្តស្មោះត្រង់ភក្តីភាព គ្រាន់បើជាងមនុស្សសម្បុរស តែចិត្តអាក្រក់សាមាន្យ។ រីឯមនុស្សក្រតែទ្រព្យសម្បត្តិ ប៉ុន្តែ ពេល ញាតិមិត្តមានទុក្ខធុរៈ គាត់ទៅជួយអស់ពីកម្លាំងកាយចិត្តនោះ ឈ្មោះថា មិនក្រទេ វាប្រសើរជាងអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ តែខ្វះសង្គហធម៌ សាមគ្គីធម៌។ បើត្រឹមតែមនុស្សជាង១០នាក់ ពាក់អាវខ្មៅ ទៅទួញអង្វរសុំឱ្យដោះលែងគ្នីគ្នា គាត់កំពុងជាប់ពន្ធនាគារនោះ មិនអាចក្លាយទៅជា បដិវត្តន៍ពណ៌បានទេ ព្រោះនៅប្រទេសគេ អ្នកធ្វើបដិវត្តន៍ពណ៌តាម ដងផ្លូវរាប់ម៉ឺននាក់ឯណោះ ទាមទារឱ្យទម្លាក់រដ្ឋាភិបាល ផ្ទុយពីអ្នកពាក់អាវខ្មៅបួនដប់នាក់នៅស្រុកខ្មែរ មានដែលទាមទារ ឱ្យទម្លាក់រដ្ឋាភិបាលកម្ពុជា ឯណា?

ប្រភពនៃ ចលនាថ្ងៃចន្ទពណ៌ខ្មៅវាផ្តើមចេញពីរឿងលោកកឹម សុខា ពាក់ព័ន្ធនឹងកញ្ញាស្រីមុំ ទៅវ័ណ្ឌកដល់មនុស្ស ប៉ុន្មាននាក់ ដែល សាច់មិនបានស៊ី យកឆ្អឹងព្យួរកកំប្រុកស៊ីផ្លែល្វា ជំពាក់កទា ទៅផ្សារឯក្តិតឈ្លូសបានន័យថា អ្នក ពាក់អាវខ្មៅទាំងនោះ មិនខុសពីសត្វឈ្លូសនោះទេ ដែលផ្អើលចេញពីព្រៃ ឱ្យមនុស្សដេញវាយ។ ឥឡូវកំប្រុកស៊ីផ្លែល្វានោះ រួចទុក្ខទោសហើយ តើត្រូវបន្តវាយធ្វើបាបសត្វឈ្លូសដែលគ្នាមិនដឹងអីនោះទៀតឬយ៉ាងណា? បើវាយតែឈ្លូស មិនអីទេ ស្រាប់តែសន្តិសុខច្រឡំវាយកូនគោ ដែលមានរូបរាងដូចឈ្លូសនោះ ច្បាស់ជាមានបញ្ហាជាមួយម្ចាស់គោមិនខានឡើយ។ យើងសង្ឃឹមថា ចលនាថ្ងៃចន្ទពណ៌ខ្មៅនឹងរលុបបាត់បន្តិចម្តងៗ បន្ទាប់ពីមានការដោះលែងបុគ្គលដែលពួកគេស្រឡាញ់ ហើយ ទៅថ្ងៃក្រោយ បើត្រឹមតែឃើញមនុស្សពាក់អាវខ្មៅដើរកម្សាន្តជាក្រុម គួរតែពិចារណាដល់ពាក្យចាស់ថាខ្មៅក៏ខ្មៅចុះ កុំ តែខ្មៅ!” ដែលមានន័យថា អាវខ្មៅមិនមែនជាយក្ស ជាចោរសាហាវឃោរឃៅដូចល្ខោនបាសាក់នោះទេ ព្រោះអ្នកពាក់ អាវខ្មៅភាគច្រើនចិត្តល្អណាស់។

សរុបទៅខ្មៅក៏ខ្មៅចុះ កុំតែខ្មៅ!” មានន័យយ៉ាងនេះឯង។ ហេតុនេះ គួរតែអាជ្ញាធរ ដែលគ្រប់គ្រងកម្លាំងសន្តិសុខ ដាក់បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ក្រែងមានការយល់ច្រឡំនាំឱ្យមានបញ្ហាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES