Wednesday, April 24, 2024
Homeព័ត៌មានជាតិបើបក្ស​ប្រឆាំង​ឈ្នះ លោក​សម រង្ស៊ី អះ​អាង​ធានា​សុវត្ថិ​ភាព​សមា​ជិក​បក្ស​កាន់​អំណាច

បើបក្ស​ប្រឆាំង​ឈ្នះ លោក​សម រង្ស៊ី អះ​អាង​ធានា​សុវត្ថិ​ភាព​សមា​ជិក​បក្ស​កាន់​អំណាច

ភ្នំពេញ  ប្រធានគណបក្សសង្គ្រោះជាតិ  លោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស បានអះអាងថា បើបក្សប្រឆាំងឈ្នះឆ្នោត បាន ដឹកនាំប្រទេស នាពេលខាងមុខ នឹងធានាសុវត្ថិភាពដល់សមាជិកបក្សកាន់អំណាចសព្វថ្ងៃ នេះ (គណបក្សប្រជាជនកម្ពុជា) ដោយពុំមាន ការគុំកួនសងសឹកតាមវប្បធម៌ទឹកឡើងត្រីស៊ី ស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានថ្លែងសារនយោបាយ តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថាបើ មានរដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលឈ្នះឆ្នោត ការពារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវតែកម្ចាត់ក្រុមឧទ្ទាម។ ប្រជារាស្ត្រ ខ្មែរកងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងរួមគ្នាជាមួយគណបក្សសង្គ្រោះជាតិ ក្រោមការ ដឹកនាំរបស់រដ្ឋាភិបាលថ្មី មានការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេស មានប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើង មានកម្លាំងគ្រប់គ្រាន់សម្រាប់កម្ចាត់ពួកឧទ្ទាម …”

ក្រោយទទួលបានសារនយោបាយរបស់ លោកសម រង្ស៊ី នោះមក អ្នកវិភាគយល់ថា អាចជាការសាររំឭកដល់អ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសថា យន្តការផ្លាស់ប្តូរមេដឹកនាំ ប្រទេសក្រោយការបោះឆ្នោត នឹងអាចធ្វើទៅបាន ប៉ុន្តែអ្នកវិភាគទាំងនោះយល់ថា លោកសម រង្ស៊ី ហាក់មោទនភាពចំពោះខ្លួនឯង និងគណបក្ស ប្រឆាំងពេក ព្រោះមិនទាន់បោះឆ្នោតផង ហ៊ាន ទាយថា ឈ្នះដាច់លើសគណបក្សកាន់អំណាច ដល់ទៅជិត២លានសំឡេង និងនិយាយដល់ ការផ្ទេរអំណាចទៅហើយ។

អ្នកវិភាគទាំងនោះ បានលើកឡើងនៅ ពេលនោះទៀតថា ក្នុងរបបប្រជាធិបតេយ្យ ការបោះឆ្នោតមួយដែលបានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវនិងយុត្តិធម៌ គណបក្សដែល ឈ្នះការបោះឆ្នោត ត្រូវតែឡើងកាន់អំណាចជា  ស្វ័យប្រវត្តិ នឹងមានការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ។ ប៉ុន្តែគណបក្សកាន់អំណាច និង គណបក្សប្រឆាំង ទោះបីគណបក្សណាមួយឈ្នះ ការបោះឆ្នោត ឡើងកាន់អំណាច ក៏ពួកគេមិន អាចរកសំឡេងឈ្នះដាច់ ដើម្បីបង្កើតរដ្ឋាភិបាល តែម្នាក់ឯងបានទេ គឺត្រូវតែពឹងពាក់គ្នាដោយ ចៀសមិនផុត ក្រោយការបោះឆ្នោត។ ដូចនេះ អ្នកវិភាគយល់ថា អ្នកនយោបាយគួរបង្កើតឱ្យ មានវប្បធម៌សន្ទនា ជាជាងបង្កើតវប្បធម៌គុំកួន សងសឹក ទើបមានឯកភាពជាតិ និងជំរុញការ អភិវឌ្ឍប្រទេសជាតិ ឈានទៅប្រកួតប្រជែង ជាមួយប្រទេសជិតខាងបាន។

យ៉ាងណាក៏ដោយ ដើម្បីកុំឱ្យអ្នកខ្លះយល់ ខុសអំពីបំណងពិតប្រាកដរបស់លោកនោះ មេបក្សប្រឆាំង លោកសម រង្ស៊ី បានបញ្ជាក់នៅ ពេលនេះថា ការដែលលោកប្រើពាក្យព្រមាន កម្ចាត់ពួកឧទ្ទាមណាដែលមិនគោរពលទ្ធផល នៃការបោះឆ្នោតឆ្នាំ២០១៨ គ្រាន់តែជាឃ្លា សំដៅទៅចំពោះតែសេណារីយ៉ូមួយ ដែលអាក្រក់ បំផុតប៉ុណ្ណោះ ហើយត្រូវចៀសវាងដាច់ខាត ដោយមានការគិតពិចារណា និងថ្លឹងថ្លែងទាំង អស់គ្នា ចាប់តាំងពីពេលនេះតទៅ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ ក្រោមប្រធានបទត្រូវតែហ៊ាននិយាយ ពីការផ្ទេរអំណាចនៅប្រទេសកម្ពុជាថា អ្នក វិភាគខ្លះនិយាយថា បញ្ហាដែលគណបក្សប្រជាជនកម្ពុជា ត្រូវបោះបង់អំណាចរបស់ខ្លួនថ្ងៃណាមួយ គឺជាបញ្ហាដ៏រសើបបំផុត ដែលមិនត្រូវយកមក ចោទពេលនេះទេ ពីព្រោះអ្នកដែលលើកពី បញ្ហានេះ អាចត្រូវគេចោទប្រកាន់ថា ចង់បង្ក ភាពចលាចល។ អ្នកវិភាគទាំងនោះហាក់ដូចជា ស្តីបន្ទោសខ្ញុំថា មិនប្រុងប្រយ័ត្ន ឬក៏មោទនភាពពេក ឬក៏មិនមានលក្ខណៈប្រាកដនិយម ដោយហ៊ានលើកពីបញ្ហាផ្ទេរអំណាច នៅឆ្នាំ ២០១៦ នេះ។

អ្នកវិភាគទាំងអស់នោះ ហាក់ដូចជាភ័យ តក់ស្លុតហួសហេតុ ចំពោះអំណាចផ្តាច់ការរបស់ គណបក្សប្រជាជនកម្ពុជា ដែលពូកែខាងសម្លុត  និងបំបាក់ស្មារតីប្រជាពលរដ្ឋ។ ក្នុងបរិយាកាស គំរាមកំហែងបែបនេះ គ្មាននរណាហ៊ានលើក ឡើងអំពីលទ្ធភាពដែលតម្រូវឱ្យមានការផ្ទេរ អំណាច ក្រោយពីការបោះឆ្នោត តាមបែបបទ ប្រជាធិបតេយ្យគួរសមមួយ ដែលនឹងនាំមកនូវ ជ័យជម្នះឱ្យគណបក្សសង្គ្រោះជាតិ។ តាមការ ពិត អ្នកវិភាគដែលសារព័ត៌មានតែងតែយក ពាក្យអត្ថាធិប្បាយមកចុះផ្សាយ គ្រាន់តែយក ព្រឹត្តិការណ៍ពីអតីតកាលធ្វើជាគំរូ ហើយយក គំរូពីអតីតកាលនោះទៅបញ្ចាំងសម្រាប់ព្យាករណ៍អនាគតកាល។ ពួកអ្នកវិភាគទាំងនោះ ហាក់ដូចជាជឿជាក់លើព្រហ្មលិខិតមួយក្នុង អារម្មណ៍របស់គេថា មិនអាចមានការផ្លាស់ប្តូរ អ្វីឡើយ ពីអតីតកាលទៅអនាគតកាល។ តាម ការពិត អ្នកវិភាគទាំងនោះហាក់ដូចជាចង្អៀតចង្អល់ផ្លូវចិត្ត និងកំសាកក្នុងអារម្មណ៍ ដោយ យល់ឃើញថា គណបក្សប្រជាជនកម្ពុជា នឹងនៅ  កាន់អំណាចដល់អវសានកាល

លោកសម រង្ស៊ី បានសរសេរបន្តថា ក្រោយ ពីការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៨ បំណងរបស់ខ្ញុំ គឺធានាឱ្យមានការ ផ្ទេរអំណាចដោយរលូននិងដោយសន្តិវិធី ហើយ ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីសម្រេច គោលបំណងនេះ។ ខ្ញុំបានបញ្ជាក់ច្រើនលើកច្រើនសាមកហើយថា ពេលដែលគណបក្ស សង្គ្រោះជាតិ ឡើងមកកាន់អំណាច យើងនឹង អំពាវនាវយ៉ាងស្មោះស្ម័គ្រឱ្យមានការផ្សះផ្សា ជាតិ និងឯកភាពជាតិ យ៉ាងពិតប្រាកដ។ យើង នឹងបំបាត់ចោលទាំងស្រុងនូវវប្បធម៌ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ ដូច្នេះ មិនត្រូវមានគំនុំគុំកួន និងការធ្វើទុក្ខបុកម្នេញ ចំពោះនរណាឡើយ។

រដ្ឋាភិបាលថ្មីស្របច្បាប់ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងធានាសុវត្ថិភាព និងភាព ថ្លៃថ្នូរ ចំពោះសមាជិកឬអតីតសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ហើយយើងក៏ នឹងផ្តល់លទ្ធភាពនិងឱកាសឱ្យជនជាតិខ្មែរ គ្រប់រូប ចូលរួមក្នុងការរៀបចំប្រទេសកម្ពុជា ឡើងវិញ ដើម្បីឱ្យមានការអភិវឌ្ឍន៍ពិតប្រាកដ ទូលំទូលាយ ប្រកបដោយសមធម៌និងយុត្តិធម៌

ទោះជាយ៉ាងណា ជុំវិញការលើកឡើង របស់លោកសម រង្ស៊ី ខាងលើនេះ នគរធំមិន អាចទាក់ទងសុំយោបល់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បាន ទេ កាលពីម្សិលមិញ ប៉ុន្តែកន្លងមក លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការលើកឡើងពីការឈ្នះឆ្នោត របស់លោកសម រង្ស៊ី មេបក្សប្រឆាំងនោះ គ្រាន់តែជាការស្រមើស្រមៃ យល់សប្តិប៉ុណ្ណោះ ព្រោះប៉ុន្មានអាណត្តិមកហើយ លោកសម រង្ស៊ី តែងតែអួតបែបនេះ តែនៅទីបំផុតចាញ់ឆ្នោត បន្តធ្វើជាបក្សប្រឆាំងរហូត៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES