Friday, March 29, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ស្រក់​ទឹក​នេត្រា ទទួល​ស្គាល់​ដើម​ហេតុ​មេ​ឃុំ​ស៊ាង ចែត ជាប់​ឃុំ

លោក​កឹម សុខា ស្រក់​ទឹក​នេត្រា ទទួល​ស្គាល់​ដើម​ហេតុ​មេ​ឃុំ​ស៊ាង ចែត ជាប់​ឃុំ

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា រួមជាមួយតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងមួយចំនួន បានទៅ ទទួលដំណើរលោកស៊ាង ចែត ចេញពីពន្ធនាគារ ព្រៃស ហើយជាទិដ្ឋភាពនៅពេលនោះ លោក កឹម សុខា បានឱបលោកមេឃុំស៊ាង ចែត យ៉ាង ស្និទ្ធ បង្ហាញអារម្មណ៍រំជួលចិត្ត រហូតស្រក់ទឹក នេត្រាលើស្មាលោកស៊ាង ចែត ហាក់ទទួល ស្គាល់នូវមូលហេតុដែលលោកមេឃុំជាសហការីរបស់លោករូបនេះ ជាប់ឃុំនៅពន្ធនាគារ អស់ជាច្រើនខែ ដោយសារតែពាក់ព័ន្ធរឿង ផ្ទាល់ខ្លួនរបស់លោក។។

មេឃុំស៊ាង ចែត មកពីគណបក្សសម រង្ស៊ី  ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទ “សូក ប៉ាន់សាក្សី” ពាក់ព័ន្ធសំណុំរឿងកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោកកឹម សុខា នោះ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គឺមួយថ្ងៃ បន្ទាប់ពីលោកទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមការ ទូលថ្វាយស្នើសុំពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានធ្វើឡើងបន្ទាប់ពីមានជំនួបរវាង លោកកឹម សុខា ជាមួយសម្តេចហ៊ុន សែន និង សម្តេច ស ខេង នៅឯវិមានរដ្ឋសភា កាលពី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ដើម្បីជាការលើកទឹកចិត្ត អបអរសាទរ ចំពោះការមានសេរីភាពឡើងវិញ របស់លោក ស៊ាង ចែត នោះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកកឹម សុខា ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោសឱ្យដែរ កាលពី ថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៦ និងទើបតែត្រូវបាន រដ្ឋសភា នៃព្រះរាជាចក្រកម្ពុជា ប្រកាសទទួល ស្គាល់ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា មានឋានៈស្មើនាយករដ្ឋមន្ត្រីនោះបាន ដឹកនាំ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមាន លោកអេង ឆៃអ៊ាង, លោកម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោកចាន់ ចេង, លោកតុ វ៉ាន់ចាន់ លោកគីម សួរភីឫទ្ធិ, លោកពិន រតនា, លោក ជា ប៉ូច, លោកងឹម ញេង, លោកស្រីពត ពៅ ជាដើម បានទទួលស្វាគមន៍លោកស៊ាង ចែត ដល់ពន្ធនាគារ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៦ មុននឹងបន្តទៅជួបសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្ស សរុបទាំងអស់ ១៥នាក់ នៅពន្ធនាគារព្រៃស រួមមាន លោក មាជ សុវណ្ណារ៉ា, លោកអឿ ណារិត, លោកឃិន រឿន, លោកនាង សុឃុន, លោកសាន គឹមហេង, លោកស៊ុំ ពុទ្ធី, លោកកែ ឃីម, លោកទេព ណារិន, លោកអាន បឋម, លោកសាន សីហៈ, លោកអ៊ុក ពេជ្រសំណាង, លោកយន់ គឹមហួរ, លោករឿន ចិត្រា, លោកហុង សុខហួរ, លោកយា ថុង និង លោកអ៊ុំ សំអាន ។

ជាកាយវិការបង្ហាញនូវអារម្មណ៍រំភើប លាយឡំ នឹងភាពក្តុកក្តួលរំជួលចិត្ត លោកកឹម សុខា និងលោកស៊ាង ចែត បានស្រវាឱបគ្នា ហៀរហូរទឹកភ្នែកនៅចំពោះមុខតំណាងរាស្ត្រ និងមនុស្សជាច្រើន ។

ប៉ុន្តែក្រោយបញ្ចប់ការទទួលស្វាគមន៍ លោកស៊ាង ចែត និងតំណាងរាស្ត្រ មន្ត្រី សកម្មជនគណបក្សសង្គ្រោះជាតិ ជាប់ឃុំនៅ ពន្ធនាគារព្រៃសនោះ លោកកឹម សុខា មិន បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទេ  ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា បរិយា- កាសនយោបាយពេលនេះល្អប្រសើរជាងមុន។

គួររំលឹកថា  លោកស៊ាង ចែត ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាល ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាម ចម្លើយនៅក្នុងលិខិតចំហរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំ រូបនេះថា បានបញ្ចុះបញ្ចូលលួងលោមឱ្យនាង និយាយកុហកសមត្ថកិច្ច អំពីទំនាក់ទំនងស្នេហា លួចលាក់ជាមួយលោកកឹម សុខា ដោយសន្យា ថា នឹងជួយឱ្យនាងបានទៅរស់នៅក្រៅប្រទេស ដោយចោទលោកស៊ាង ចែត ថាបានយកប្រាក់ ចំនួន៥០០ដុល្លារ ទៅសូកម្តាយរបស់នាង។  ស្រីមុំ បានបញ្ជាក់ក្នុងលិខិតចំហនោះថា លោក ស៊ាង ចែត មេឃុំគណបក្សសម រង្ស៊ី រូបនេះ បានប្រើប្រាស់ទឹកប្រាក់ទាំងនោះ ដើម្បីបញ្ចុះ- បញ្ចូលម្តាយ ឱ្យលួងលោមរូបនាង កុំឱ្យនិយាយ ការពិត ពីរឿងអាស្រូវរបស់នាងជាមួយលោក កឹម សុខា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចេញ ពីពន្ធនារគារ នៅថ្ងៃនោះ លោកស៊ាង ចែត ទទួលស្គាល់ថា លោកពិតជាបានយកលុយ២ លានរៀល ទៅឱ្យម្តាយនាងខុម ចាន់តារ៉ាទី ហៅ ស្រីមុំ មែន ដែលធ្វើតាមការផ្តាំផ្ញើរបស់តំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ចាម លោកម៉ៅ មុនីវណ្ណ ដោយថា លុយនោះ ជាលុយមនុស្សធម៌មកពីក្រៅប្រទេស។

លោកស៊ាង ចែត មានប្រសាសន៍ថា “ខ្ញុំ អត់មានបានប្រព្រឹត្តទេ អានេះជាការផ្តាំផ្ញើ របស់បញ្ញើរបស់ឯកឧត្តមម៉ៅ មុនីវណ្ណ ដែល គាត់បានផ្តាំផ្ញើទៅខ្ញុំ ពាក់ព័ន្ធនឹងលុយ២លាន នេះ យកទៅឱ្យម្តាយអាស្រីមុំ មិនឱ្យស្រីមុំទេ យកទៅឱ្យម្តាយស្រីមុំ ថា លុយនេះ គឺលុយជា មនុស្សធម៌ ដែលគេផ្ញើពីប្រទេសក្រៅមក។ ខ្ញុំ មិនដឹងយល់ថាម៉េចទេ ខាងនីតិវិធីរបស់តុលាការ នេះ  ACU នាំខ្លួនខ្ញុំមកនេះ ខ្ញុំលើកហេតុផល ពន្យល់ហេតុផលប្រាប់គាត់ហើយ គាត់នៅតែ បន្តឃុំខ្លួនខ្ញុំ រហូតដល់តុលាការបន្តនីតវិធី និង កាត់ទោសខ្ញុំដល់៥ឆ្នាំ។ ហើយខ្ញុំសូមថ្លែងអំណរ- គុណ ដែលព្រះរាជទានលើកលែងទោសខ្ញុំ ហើយ ខ្ញុំក៏សូមថ្លែងអំណរគុណដល់គណបក្សទាំង២ ដែលបានមករួបរួមគ្នា ផ្សះផ្សា និងដោះស្រាយ ជាតិជាធំ។ អ៊ីចឹងខ្ញុំជឿថា ប្រជាពលរដ្ឋនៅក្នុង ប្រទេស ឬក៏ក្រៅប្រទេស សប្បាយចិត្ត ខ្មែរនិង ខ្មែរ ដែលពួកគាត់ចេះរួបរួមគ្នា ចេះដោះស្រាយ ពីរឿងជាតិ។ អ៊ីចឹងថ្ងៃខាងមុខនេះ ខ្ញុំសង្ឃឹម ជឿជាក់ថា ឆាប់ៗនេះ សកម្មជនគណបក្ស នយោបាយ ដែលជាប់ឃុំនេះ អ្នកជាប់ទោស មនសិការនេះ នឹងចេញឆាប់ៗខាងមុខនេះ ។

ជាមួយគ្នានោះដែរ លោកស៊ាង ចែត ក៏ បានបញ្ជាក់ថា ក្រោយចេញពីពន្ធនាគារវិញ នេះ ខាងគណបក្សបានត្រៀមតំណែងមុខងារ តួនាទីជូនលោកដែរ តែលោកមិនចង់បានអ្វី ក្រៅពីការធ្វើជាមេឃុំទេ។ ដូច្នេះលោកស្នើសុំ គណបក្សទាំង២ ជួយអន្តរាគមន៍ដល់ គ.ជ.ប ធ្វើយ៉ាងណាឱ្យលោកបានចុះឈ្មោះបោះឆ្នោត  ដើម្បីមានឱកាសឈរជាបេក្ខភាពមេឃុំ បន្ត ទៀត។

លោកស៊ាង ចែត មានប្រសាសន៍ថា “ទោះ- បីជាកាលៈទេសៈណាក៏ដោយ ខ្ញុំសុំឱ្យគណបក្ស ទាំង២ រកដំណោះស្រាយឱ្យខ្ញុំបានចុះឈ្មោះ តែ១នាក់គត់ ដើម្បីខ្ញុំមិនចង់ទៅធ្វើតូចធ្វើធំអី បន្តទៀតទេ ខ្ញុំសុំធ្វើតែមេឃុំ ឬក៏ដកខ្ញុំមកឃុំ វិញ ខ្ញុំសប្បាយចិត្តណាស់ ទោះបីគណបក្ស គាត់ចាត់ចែងឡើងមកលើ ស្រុកខេត្តណា ក៏ខ្ញុំ មិនចង់បាន ខ្ញុំចង់នៅតែជាមួយប្រជាពលរដ្ឋ របស់ខ្ញុំ។ នេះជាការសប្បាយចិត្តរបស់ខ្ញុំ អ៊ីចឹង បានខ្ញុំសំណូមពរគណបក្សធំៗទាំង២នេះ សូម សម្រួលទៅគ.ជ.ប ដើម្បីសុំឱ្យខ្ញុំមានឈ្មោះក្នុង បញ្ជី ដើម្បីឱ្យខ្ញុំហ្នឹងទៅឈរឈ្មោះជាបេក្ខជន នៅឃុំវិញ កុំគិតចាញ់គិតឈ្នះ។ គេធ្វើនយោ- បាយ គេចង់បានធំ តែខ្ញុំអត់ចង់បានទេ”។

ក្រៅពីលោកស៊ាង ចែត នៅមានមន្ត្រី ការពារសិទ្ធិមនុស្សនៃសមាគមអាដហុក បួន រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត មួយរូប កំពុងជាប់ ពន្ធនាគារផងដែរ ពាក់ព័ន្ធសំណុំរឿង ស្រីមុំ-លោកកឹម សុខា នោះដែរ ដែលអាចនឹងត្រូវ ដោះលែងឱ្យមានសេរីភាពវិញ នៅពេលឆាប់ៗ ខាងមុខនេះ បើតាមការបញ្ជាក់របស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុ- ប្រធានគណបក្សប្រជាជនកម្ពុជា ស្របពេល មជ្ឈដ្ឋានតាមដានសង្គម ក៏បានលើកឡើងថា អ្នកពាក់ព័ន្ធក្នុងរឿងនេះ រួមមានលោកកឹម សុខា និងលោកស៊ាង ចែត ត្រូវបានលើកលែង ទោសហើយ ដូច្នេះអ្នកពាក់ព័ន្ធផ្សេងទៀត ក៏ ត្រូវតែលើកលែងដែរ។

ជាថ្មីម្តងទៀត លោកអ៊ូ ច័ន្ទឫទ្ធិ តំណាង- រាស្ត្រមណ្ឌលខេត្តកណ្តាលនៃគណបក្សសង្គ្រោះ- ជាតិ ដែលអមដំណើរលោកកឹម សុខា ទៅទទួល លោកស៊ាង ចែត និងសួរសុខទុក្ខអ្នកជាប់ឃុំ ទាំង១៥នាក់ នៅពន្ធនាគារព្រៃសនោះ បាន បញ្ជាក់ថា មន្ត្រីសិទ្ធិមនុស្ស សកម្មជនទាំងនោះ នឹងត្រូវដោះលែងដូចគ្នា ហើយនៅក្នុងជំនួប ស្នើសុំចរចាដោះលែងរវាងថ្នាក់ដឹកនាំគណបក្ស ទាំង២នោះ គ្មានលក្ខខណ្ឌអ្វីទាំងអស់។

លោកអ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍ថា “គ្មាន លក្ខខណ្ឌទេ បញ្ហាបង្រួបបង្រួមជាតិ ផ្សះផ្សា ជាតិ ហើយយើងធ្វើម៉េចឱ្យមានស្ថិរភាពនយោ- បាយ។ ដូច្នេះអត់មានលក្ខខណ្ឌទេ ក្នុងការ ជជែកគ្នា ក្នុងការដោះលែងសកម្មជនទាំងអស់”។

ចំណែកលោកអេង ឆៃអ៊ាង តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មួយរូបដែរ បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃដដែល នោះថា “ហេតុការណ៍ថ្មី គ្មានអ្វីខុសពីហេតុ- ការណ៍ចាស់ យើងយល់និងដឹងច្បាស់ទាំងអស់ គ្នា ដូច្នេះយើងមិនត្រូវភ័យ ឬត្រូវអរឡើយ ហើយត្រូវរួបរួមគ្នាបន្តដំណើរទៅមុខ ក្រោម ការដឹកនាំរបស់លោកប្រធានសម រង្ស៊ី និង លោកអនុប្រធាន កឹម សុខា ឆ្ពោះទៅសម្រេច គោលដៅក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការ បោះឆ្នោតឆ្នាំ២០១៧-២០១៨”។

ទោះបីយ៉ាងណា សម្រាប់លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលបានតាមដានពី បញ្ហានោះ បានលើកឡើងថា អ្វីដែលគណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកកឹម  សុខា និងលោកសម រង្ស៊ី ត្រូវគិតជាចាំបាច់ នោះ គឺរៀបចំស្ថាប័នផ្ទៃក្នុងគណបក្សឱ្យបាន រឹងមាំ។

លោកអ៊ូ វីរៈ មានប្រសាសន៍ថា “ហ្នឹង គឺជារឿងចាំបាច់ ដែលផ្ទៃក្នុងរបស់គណបក្ស សង្គ្រោះជាតិ ហើយនិងជាកាតព្វកិច្ចសំខាន់ជាង គេបង្អស់ គឺកាតព្វកិច្ចរបស់គណបក្សសង្គ្រោះ- ជាតិ ហ្នឹង គឺគណបក្សសង្គ្រោះជាតិ ត្រូវប្រុង- ប្រយ័ត្ន ដូចខ្ញុំធ្លាប់លើកឡើងតាំងពី២០១៣ ២០១៤ម៉្លេះ ខ្ញុំថា គណបក្សសង្គ្រោះជាតិ តាម ពិត បន្ទាប់ពីការបោះឆ្នោត២០១៣រួចហើយ ខ្ញុំថា យកល្អ កុំផ្តោតពីរដ្ឋាភិបាល យកល្អ កុំ ផ្តោតពីអ្នកដទៃ ផ្តោតពីខ្លួនឯង រៀបចំឱ្យមាន ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ហើយដូរពីបក្ស មួយ ដែលមានបុគ្គល២ ហៅបុរសខ្លាំង២នាក់ ទៅជាបក្សមួយ ដែលស្ថាប័ននិងយន្តការផ្ទៃក្នុង បក្សដែលរឹងមាំជាប្រព័ន្ធ។ ហ្នឹងទើបចៀស- វាងនូវការបំបែក ឬមួយក៏បែកបាក់បាន ហើយ បើសិនជាអត់ទេ នៅពឹងផ្អែករបស់បុរសខ្លាំង២ នាក់ អាហ្នឹងជាកំហុសរបស់ពួកគាត់ផងដែរ”៕

 ដោយ ៖ កុលបុត្រ

RELATED ARTICLES