Saturday, April 20, 2024
Homeព័ត៌មានជាតិព្រះ​មហា​ក្សត្រ និង​សម្តេច​ម៉ែ យាង​តាម​រថភ្លើង​ទៅ​ខេត្ត​ព្រះ​សី​ហនុ

ព្រះ​មហា​ក្សត្រ និង​សម្តេច​ម៉ែ យាង​តាម​រថភ្លើង​ទៅ​ខេត្ត​ព្រះ​សី​ហនុ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមព្រះរាជដំណើរដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ ក្នុងជួរ រាជរដ្ឋាភិបាលជាច្រើនរូបទៀត បានយាងនិង ធ្វើដំណើរតាមរថភ្លើងចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លងឆ្នាំសាកល ២០១៧។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ថា “ថ្ងៃ នេះ ខ្ញុំនិងភរិយា ពិតជារីករាយ និងមានកិត្តិយស ដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចម៉ែ មុនិនាថ សីហនុ យាងតាមរថភ្លើង ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ  ដើម្បីឆ្លងឆ្នាំសាកល ២០១៧។ ទន្ទឹមនឹងនេះ ដែរ គឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗ នៃផ្លូវរថភ្លើងរបស់ប្រទេស កម្ពុជា នាពេលបច្ចុប្បន្ន។

ពិតណាស់ ផ្លវរថភ្លើងពីភ្នំពេញ ទៅកាន់ ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្តរបស់អតីត ព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានកសាង ឡើងនៅសម័យរាស្ត្រនិយម។ ដោយសារសង្គ្រាម រថភ្លើងកម្ពុជា ត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេស មានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូន ទំនិញគ្រប់យ៉ាង។

ខ្ញុំ និងភរិយា សូមជូនពរជនរួមជាតិគ្រប់ ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងកម្លាំង ដែលកំពុងបំពេញភារកិច្ចសន្តិភាពនៅប្រទេស នានា ក្រោមឆត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំសាកល ២០១៧ ខាងមុខនេះ”។

គួរបញ្ជាក់ដែរថា ក្នុងព្រះរាជដំណើរយាង ទៅកាន់ខេត្តព្រះសីហនុ តាមព្រះទីនាំងរថភ្លើង នោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ បានយាងចុះ ពីរថភ្លើងសួរសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ នៅស្ថានីយរថភ្លើងតាកែវ ដែលស្ថិតក្នុងភូមិ ខ្សឹង សង្កាត់រកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១០និង៣០នាទីព្រឹក និងបន្ត យាងចុះសួរសុខទុក្ខប្រជារាស្ត្រនៅស្ថានីយរថភ្លើងកំពត ស្ថិតក្នុងភូមិស្វាយធំខាងលិច ឃុំក្រាំងអម្ពិល ស្រុកកំពង់បាយ ខេត្តកំពត នៅ វេលាម៉ោង១និង១០នាទីរសៀលថ្ងៃដដែល ដោយមានសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមន្ត្រី រាជរដ្ឋាភិបាលជាច្រើនរូប បានដង្ហែព្រះអង្គផង ដែរ។

មានប្រជារាស្ត្រ សិស្សានុសិស្ស យាយជី តាជី និងមន្ត្រីរាជការជាច្រើនកុះករ បានមក រង់ចាំទទួលព្រះរាជដំណើរ ដើម្បីថ្វាយព្រះពរ និងជូនពរដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេច កិត្តព្រឹទ្ធបណ្ឌិត ដែលកំពុងយាងនិងអញ្ជើញធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

កូនចៅប្រជារាស្ត្រសូមគោរពថ្វាយព្រះពរ ព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រទូទាំងប្រទេស។

ព្រះទីនាំរថភ្លើង បានទៅដល់ស្ថានីយរថភ្លើង បានទៅដល់ស្ថានីយរថភ្លើងកំពង់សោម ខេត្តព្រះសីហនុ នៅវេលាម៉ោង៤និង៤៥នាទី រសៀលថ្ងៃដដែល។

យោងតាមទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរបន្ថែម នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ថា “នៅម៉ោងប្រមាណ៤និង៤៥នាទីរសៀលមុន នេះបន្តិច ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេច យាយ សម្តេចយាយទួត មុនិនាថ សីហនុ ព្រម ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានយាង និង បានអញ្ជើញមកដល់ស្ថានីយរថភ្លើងខេត្តព្រះសីហនុ ដោយព្រះរាជ និងដោយសុវត្ថិភាព ហើយ បន្ទាប់ពីបានយាង និងអញ្ជើញធ្វើដំណើរ ចេញពីស្ថានីយរថភ្លើង នៅទីក្រុងភ្នំពេញ តាំង ពីម៉ោង៧៉៣០នាទីព្រឹកមក។

មុននឹងយាងទៅកាន់ព្រះរាជដំណាក់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេច យាយទួត បានយាងចុះសួរសុខទុក្ខប្រជារាស្ត្រ ព្រះអង្គ នៅស្ថានីយរថភ្លើងខេត្ត ព្រះសីហនុ ដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល ជាន់ខ្ពស់ជាច្រើនរូបបានដង្ហែព្រះអង្គផងដែរ។

មានប្រជារាស្ត្រ សិស្សានុសិស្ស យាយជី ដូនជី ព្រះសង្ឃ និងមន្ត្រីរាជការជាច្រើនកុះករ បានមករង់ចាំទទួលដើម្បីថ្វាយព្រះពរជ័យដល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រមទាំងជូនពរដល់ សម្តេច តេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅស្ថានីយរថភ្លើងចុងក្រោយនេះ។

កូនចៅប្រជារាស្ត្រសូមគោរពថ្វាយព្រះពរ ព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះជន្មយឺនយូរ ដើម្បីគង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់ត្រជុំបំផុត សម្រាប់ប្រជារាស្ត្រ ទូទាំងប្រទេស”។

គួរបញ្ជាក់ថា ផ្លូវរថភ្លើងភាគខាងជើង នេះ ជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ មានប្រវែងសរុប ២៤៦គីឡូម៉ែត្រ ត្រូវបានកសាងឡើងនៅចន្លោះ ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩៕

RELATED ARTICLES