Thursday, April 25, 2024
Homeព័ត៌មានជាតិមិន​មែន​ជា​សុបិន​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ រំលឹក​លោក​សម រង្សីុ

មិន​មែន​ជា​សុបិន​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌ រំលឹក​លោក​សម រង្សីុ

ភ្នំពេញ  បន្ទាប់ពីលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានលើកឡើងថា នរណាប៉ុនប៉ងបំបែករូបលោកពីលោកកឹម សុខា ជាការ យល់សប្តិសុទ្ធសាធនោះមក អ្នកនាំពាក្យក្រសួង យុត្តិធម៌ លោកគឹម សន្តិភាព បានរំលឹកលោក  សម រង្ស៊ី ថា កុំភ្លេចខ្លួន ព្រោះលោក គឺជាទណ្ឌិត ពិតប្រាកដ មិនមែនជាការយល់សប្តិទេ។

លោកគឹម សន្តិភាព បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថា ពុំមែនជាការយល់សប្តិនោះទេ តែនេះការពិតជាក់ស្តែង ដែលទណ្ឌិត សម រង្ស៊ី គឺជាទណ្ឌិតដែលកំពុងគេចខ្លួនពីអំណាចសាល, ក្រមស្ថាពរ!”

បន្ថែមលើសំណេរខ្លើនេះ លោកគឹម សន្តិភាព បានបញ្ជាក់ប្រាប់ នគរធំនៅថ្ងៃដដែល នោះថា លោកមិនមានបកស្រាយច្រើនទេ លើ ខ្លឹមសារនេះ គឺគ្រាន់តែរំលឹកលោកសម រង្ស៊ី កុំឱ្យភ្លេចប៉ុណ្ណោះ។

លោកគឹម សន្តិភាព បានមានប្រសាសន៍ ថា បាទ! ខ្ញុំចង់បញ្ជាក់ជូនឯកឧត្តមសម រង្ស៊ី ក្រែងលោគាត់គិតថា អាហ្នឹងគាត់យល់សប្តិ ដែរ ខ្ញុំសុំបញ្ជាក់ប៉ុណ្ណឹងទេ ព្រោះអាហ្នឹងមិន មែនជាការយល់ទេ ជាការពិត ក្រែងលោគាត់ ភ្លេច។ គឺអ៊ីចេះ មានសាលក្រមស្ថាពរហើយ ពាក់ព័ន្ធទៅនឹងការផ្តន្ទាទោសគាត់ហ្នឹងទាក់ទង នឹងករណីកន្លងមកនេះ គឺទាក់ទងនឹងករណីឯកឧត្តម ឧប.ហោ ណាំហុង។ ហើយដោយឡែក គាត់កំពុងតែមានការពាក់ព័ន្ធនឹងករណីសំណុំ រឿងមួយចំនួនទៀត ដែលតុលាការកំពុងតែ ស្ថិតក្នុងនីតិវិធីរបស់ខ្លួន។ ដូច្នេះខ្ញុំចង់បញ្ជាក់ ជូនថា កុំឱ្យគាត់យល់សប្តិដែររឿងហ្នឹង។ គាត់ នៅតែប្រឈមនឹងការអនុវត្តនូវអំណាចសាលក្រមរបស់តុលាការ

ការលើកឡើងនឹងផ្លូវច្បាប់ទាក់ទងនឹង ករណីលោកសម រង្ស៊ី ពីសំណាក់អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ខាងលើនេះ ធ្វើឡើងក្រោយ ពេលដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះក្រឹត្យត្រាស់បង្គាប់លើក លែងទោសលោកកឹម សុខ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោកស៊ាង ចែត មេឃុំ គណបក្សសម រង្ស៊ី តាមការប្រកាបបង្គំទូលថ្វាយស្នើសុំពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ស្របពេលនោះ ដែរ សង្គមស៊ីវិល មជ្ឈដ្ឋានមួយចំនួន រួមមាន ក្រុមឃ្លាំ មើលកម្ពុជាមន្ត្រីគណបក្សប្រឆាំង ជាដើម ក៏ចង់ស្នើឱ្យមានការលោកសម រង្ស៊ី ដូចករណីលោកកឹម សុខា និងលោកស៊ាង ចែត ដែរ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាង ថា តាមទិដ្ឋភាពច្បាប់ ករណីលោកសម រង្ស៊ី មិនដូចគ្នា នឹងករណីលោកកឹម សុខា និងលោក ស៊ាង ចែត ទេ។ ក្នុងនោះ ទាក់ទងដល់ការ ស្នើលើកលែងទោសដល់ទណ្ឌិតស៊ាង ចែត គឺ ជាបុព្វសិទ្ធិស្របច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឡើងក្រោយពេលមានសេចក្តីសម្រេច ស្ថាពររបស់តុលាការផ្តន្ទាទោសលោកស៊ាង ចែត។ បានសេចក្តីថា អំណាចប្រមុខរាជរដ្ឋាភិបាល ក្នុងការស្នើលើកលែងទោសដល់ទណ្ឌិតដែល មានសេចក្តីសម្រេចស្ថាពររបស់តុលាការ គឺជា បុព្វសិទ្ធិដែលផ្តល់ដោយច្បាប់ ពុំបានរំលោភបំពានលើអំណាចតុលាការនោះទេ។ ដូច្នេះទណ្ឌិត ដែលមានសេចក្តីសម្រេចស្ថាពរពីតុលាការ មានន័យថា ដំណើរការនីតិវិធីរបស់តុលាការ ត្រូវបានបញ្ចប់រួចហើយក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្វែងរកឃើញនូវទោស កំហុសរបស់ជនល្មើស ស្របតាមច្បាប់ស្តីពីពន្ធនាគារ មាត្រា៧៧ ដែលបានចែងថា ក្នុងករណី ចាំបាច់ ប្រមុខរាជរដ្ឋាភិបាល មានបុព្វសិទ្ធិធ្វើ សំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទោស ឱ្យទណ្ឌិតនៅពេលណាក៏បាន។

លោកគឹម សន្តិភាព មានប្រសាសន៍បន្ត ថា ក្នុងន័យនេះ ខ្ញុំយល់ថា ករណីលើកលែង ទោសទណ្ឌិតដែលមានសាលក្រមស្ថាពរ បើសិន ជាអត់ទាន់បានអនុវត្តទោសទេ បានន័យថា គឺ ជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រី តាមមាត្រា៧៧ នៃច្បាប់ស្តីពីការគ្រប់គ្រងពន្ធនាគារ ប៉ុន្តែដោយឡែក បើសិនជាការលើកលែងទោសម៉្យាងទៀត អាចធ្វើទៅបាននោះ ក៏លុះត្រាតែមានការស្នើ ពីសម្តេចនាយករដមន្ត្រីដូចគ្នា ក្នុងលក្ខខណ្ឌបាន អនុវត្តទោសក្នុងពន្ធនាគារ២ភាគ៣ ហើយបាន កែប្រែខ្លួន។ ប៉ន្តែដោយឡែក ករណីក្រោយ នេះ គឺទណ្ឌិតសម រង្ស៊ី អត់ទាន់អនុវត្តនៅឡើយ ទេ។ ក្នុងករណីតាមច្បាប់ ដែលមានរយៈពេល ត្រឹមត្រូវក្នុងការទទួលទោសជាមួយការឃុំ ខ្លួន ហើយបូកនឹងចំណាររបស់ប្រមុខរាជរដ្ឋាភិបាល អាហ្នឹងធ្វើទៅអត់ទាន់រួចទេ លុះណា តែទណ្ឌិតសម រង្ស៊ី មកចូលអនុវត្តទោសសិន ឱ្យបាន២ភាគ៣សិន ហើយករណីមួយទៀត ករណីមាត្រា៧៧ អាហ្នឹងទុកជូនប្រមុខរាជរដ្ឋាភិបាលជាអ្នកសម្រេច ព្រោះអីលោកមានបុព្វសិទ្ធិពាក់ព័ន្ធនឹងការសម្រេចរឿងនេះ។ ខ្ញុំយល់ ថា លោកសម រង្ស៊ី ក្នុងនាមគាត់អ្នកនយោបាយ មួយរូប គួរតែទទួលខុសត្រូវចំពោះការអនុវត្ត អំពើខុសឆ្គងនឹងផ្លូវច្បាប់របស់គាត់ ហើយច្បាប់ នឹងមាននីតិវិធីបន្តបន្ទាប់ទៀត ក្នុងករណីដែល គាត់ព្យាយាមរត់កេចបែបនេះ

គួរបញ្ជាក់ថា នៅថ្ងៃទិ២៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ លោកសម រង្ស៊ី ក៏នឹងត្រូវតុលាការ នឹងប្រកាសសាលក្រមផ្តន្ទាទោសករណីថ្មីមួយ ទៀត គឺពាក់ព័ន្ធនឹងបទសមគំនិតក្នុងអំពើ ក្លែងបន្លំឯកសារសាធារណៈបន្ទាប់ពីសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការ កាលពី ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលករណី នេះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ផងដែរ។

ដោយឡែក ក្រៅពីសំណុំរឿងខាងលើ នេះទេ លោកសម រង្ស៊ី ក៏កំពុងរងការចោទប្រកាន់ក្នុងសំណុំរឿងជាច្រើនករណីទៀត ក្នុង នោះមានទាំងដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ផងដែរ ដែលជាហេតុធ្វើឱ្យលោកសម រង្ស៊ី បង្ខំ ចិត្តរស់នៅនិរទេសខ្លួនឯក្រៅប្រទេស រហូតមកដល់សព្វថ្ងៃ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES