Friday, April 26, 2024
Homeបរិយាយអ្នក​ដាំ​ខ្ទឹម មិន​ធុំ​ក្លិន​ខ្ទឹម

អ្នក​ដាំ​ខ្ទឹម មិន​ធុំ​ក្លិន​ខ្ទឹម

សុភាសិតបារាំង ១ឃ្លា ចែងថា “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” Qui cultive les oignons n’en sent pas l’odeur) មានខ្លឹមសារស្របទៅតាមតថភាពសង្គម សម្រាប់យកមកពិចារណា។ ខណៈដែលតំណាងរាស្ត្របក្សប្រឆាំង កោះហៅរដ្ឋ- មន្ត្រីប៉ុន្មានរូបមកសាកសួរជាបន្តបន្ទាប់ ពាក់ព័ន្ធដល់កិច្ចការមុខក្រសួង ហើយថា លោករដ្ឋមន្ត្រី “ឆ្លើយមិនចំបញ្ហា” នោះ គឺ ស្របនឹង “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” នេះឯង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បើបរិយាយតាមន័យត្រង់ អ្នកប្រកបរបរដាំខ្ទឹមលក់ តែងមានជំនាញច្បាស់លាស់ក្នុងការកែលម្អដំណាំរបស់ខ្លួន ឱ្យមាន គុណភាពខ្ពស់ សម្រាប់នាំចេញទៅលក់តាមទីផ្សារនានា។ ម្ចាស់ចម្ការខ្ទឹម តែងមានគូលី កម្មករ ឬកូនក្មួយ ជាជំនួយការ ស្រោចទឹក ដាក់ជី បោចស្មៅ ជាប្រចាំ ពោលគឺបើដកខ្ទឹមលក់១រង នៅសល់១រង ហើយរងដកអស់នោះ គេកាប់គាស់ហាល ដីដាំខ្ទឹមជាថ្មីវិញ។ ម្ចាស់ចម្ការខ្ទឹម ត្រូវនាំមុខក្នុងការដាំ ដោយបង្គាប់បញ្ជាកូនឈ្នួលឱ្យធ្វើតាមខ្លួន បន្ទាប់មក គាត់ឡើងទៅ ងូតទឹកដុសសាប៊ូស្អាត មិនឱ្យជាប់ក្លិនខ្ទឹមនោះឡើយ ដែលជាលក្ខណៈអត្ថានុរូប បង្ហាញថា “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម”។

បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប រដ្ឋមន្ត្រីក្រសួងនីមួយៗ អាចប្រៀបបាននឹង “ម្ចាស់ចម្ការខ្ទឹម” ដែលគ្មានក្លិន ខ្ទឹមប្រឡាក់ដៃ ពេលចេញទៅស្រុកឆ្ងាយ។ ជាទូទៅ ក្រសួងនីមួយៗត្រូវរៀបចំរចនាសម្ព័ន្ធ ឬ “អង្គការលេខ” តាមលំដាប់- លំដោយអសនានុក្រម គឺចាប់តាំងពីរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយក- ដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីររាជធានី-ខេត្ត រហូតដល់ប្រធានការិយាល័យស្រុក-ខណ្ឌ និងបែងចែកជាខុទ្ទកាល័យ ផ្នែកអធិការកិច្ច ដោយក្រសួងនីមួយៗ មានមន្ត្រីរាជការរាប់រយនាក់ ឬចូលខ្ទង់ពាន់ក៏មានដែរ យោងតាមក្រសួងធំឬតូច។ កិច្ចការក្តាប់រួម ជាបន្ទុករបស់រដ្ឋមន្ត្រី ប៉ុន្តែ ការងារជំនាញនៅលើដៃបណ្ឌិត បញ្ញវន្ត វិស្វករ សាស្ត្រាចារ្យ ឬជំនាញការឯណោះ។ ដូច្នេះរដ្ឋមន្ត្រីដែលក្តាប់រួមនោះ គាត់ចេះមុខជំនាញមិនអស់ទេ ឧទាហរណ៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាវេជ្ជបណ្ឌិតជើងចាស់ មានជំនាញតែខាងជំងឺទូទៅ គាត់មិនដឹងប្រាកដពីជំនាញវះកាត់ឡើយ តែបើត្រូវធ្វើរបាយការណ៍ពីបញ្ហាវះកាត់ ត្រូវអញ្ជើញ វេជ្ជបណ្ឌិតជំនាញខាងវះកាត់ មកសួរ។

ករណីតំណាងរាស្ត្របក្សប្រឆាំង កោះហៅលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងជ្រញ់រដ្ឋសភា ឱ្យឆ្លើយបំភ្លឺពីរឿងបាត់ មូលនិធិសាកលក្នុងការទិញមុង, ការលក់ ឬដោះដូរមន្ទីរពេទ្យ និងការដេញថ្លៃទិញថ្នាំពេទ្យជាដើមនោះ “នគរធំ” អាច សន្និដ្ឋានបានថា លោករដ្ឋមន្ត្រី “ដឹងមិនដល់” ទើបបានជា “អេះមិនចំរមាស់” ជាហេតុឱ្យអ្នកសួរទម្លាក់កំហុសថា “ឆ្លើយ មិនចំបញ្ហា”។ ចំណុច “អេះមិនចំរមាស់” ក៏មិនខុសពី “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” នោះឡើយ ដោយហេតុថា ការងារជំនាញ ខាងទិញមុង ការលក់ ឬនោះដូរមន្ទីរពេទ្យ ក៏ដូចការដេញថ្លៃទិញថ្នាំពេទ្យ គឺថ្នាក់ក្រោមឯណោះទេដែលដឹងច្បាស់។ បើចង់ដឹង រឿងនេះច្បាស់ លុះត្រាតែកោះហៅមន្ត្រីជំនាញនោះមកសួរផ្ទាល់ទើបបាន ប៉ុន្តែ រដ្ឋសភា មិនមែនជាតុលាការឯណា? ហើយ មន្ត្រីជំនាញថ្នាក់ក្រោមនោះ ក៏គ្មានសិទ្ធិចូលរដ្ឋសភានោះដែរ។ អ៊ីចឹងអ្វីៗវាពាំត្រណោតត្រង់ហ្នឹង ដោយសាររដ្ឋមន្ត្រីដឹងមិន ដល់ ក៏ឆ្លើយតាមតែក្រដាសដែលគេសរសេររួចស្រេចជូនលោក ដូច្នេះមិនត្រូវចោទលោកថា “មិនបង្ហាញពីការទទួលខុសត្រូវ ក្នុងឋានៈជារដ្ឋមន្ត្រី” នោះទេ។ នៅក្នុងគ្រួសារមួយដែលមានកូនច្រើន ជួនកាលមានកូនប្រុសម្នាក់លួចសេពថ្នាំញៀន មិន ឱ្យអ្នកណាដឹង លុះមានបញ្ហា ក៏ត្រូវសមត្ថកិច្ចកោះហៅឪពុកទៅសួរពីរឿងថ្នាំញៀននោះ តើឱ្យឪពុកឆ្លើយថាម៉េច បើគាត់ មិនដែលស្គាល់ ឬធ្លាប់ឃើញថ្នាំញៀនផងនោះ?

ករណីកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទៅសួរពីរឿងលក់ខ្សាច់ទៅឱ្យសិង្ហបុរី ក៏អ៊ីចឹងដែរ តើឱ្យលោកបង្ហាញ ទិន្នន័យប្រាកដនិយមយ៉ាងម៉េចកើត បើលោកមិនធ្លាប់បូមខ្សាច់ផងនោះ ក៏ឆ្លើយតាមអ្វីដែលអ្នកជំនាញខាងបូមខ្សាច់ សរសេរ របាយការណ៍ជូន។ ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវកោះហៅបំភ្លឺពីរឿងកាប់ឈើ រឿងដីសម្បទាន តើឱ្យគាត់ឆ្លើយយ៉ាង- ម៉េច បើទើបនឹងឡើងកាន់តំណែងមិនទាន់ក្តៅកៅអីផងនោះ? ស្អែកៗនេះ ដល់វេនលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឡើងឆ្លើយបំភ្លឺពីរឿងពុទ្ធសាសនបណ្ឌិត្យ ទៀតហើយ ច្បាស់ជាលោក “អេះមិនចំរមាស់” ដោយសារលោកហ៊ឹម ឆែម ធ្លាប់តែ កាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូច្នេះឱ្យលោកនិយាយពីរឿងសាសនាយ៉ាងម៉េចបាន ដែលចាំបាច់ត្រូវតែ “សូត្ររបាយ- ការណ៍” តាមអ្វីដែលជំនាញសរសេរជូន បើជំនាញនោះកុហក ក៏កុហកតាមគេទៅ។

“នគរធំ” លើកឡើងនេះ មិនមែនកាន់ជើងមន្ត្រីខិលខូច ពុករលួយនោះទេ គ្រាន់តែបញ្ចោញទស្សនៈតាមសុភាសិត “អ្នក ដាំខ្ទឹម មិនធុំក្លិនខ្ទឹម” ឬម្ចាស់ចម្ការខ្ទឹម ប្រើតែកូនឈ្នួល ទើបគាត់គ្មានក្លិនខ្ទឹមជាប់ខ្លួន។ ទោះយ៉ាងណាក៏ដោយចុះ ធម្មតា ឪពុកដែលឱបក្តាប់កូន១សម្បុកមិនបានដិតដល់ ចាត់ទុកជាគុណវិបត្តិមួយ មិនខុសពីមេក្រសួង ដែលធ្វេសប្រហែសមិនសូវ ចុះត្រួតពិនិត្យការងារថ្នាក់ក្រោម ឬអង្គុយតែក្នុងប៊ុយរ៉ូ ចាំទទួលរបាយការណ៍នោះ លុះតំណាងរាស្ត្រកោះហៅ មិនដឹងបាន ពាក្យអ្វីមកឆ្លើយ ព្រោះមិនបានឃើញផ្ទាល់ភ្នែក។ ការឆ្លើយឆ្លងនៅក្នុងរដ្ឋសភា ក៏គួរលៃយ៉ាងណាឱ្យមានភាពថ្លៃថ្នូរ កុំ កាច់កុងចង់ឈ្នះចាញ់គ្នាអី។ នៅក្នុងពិធីបុណ្យកតញ្ញូកតវេទី តម្រូវឱ្យមានធម្មកថិក២អង្គ សម្តែងធម៌ទេសនា បច្ឆា-វិសជ្ជនា (ចោទ-ឆ្លើយ) រវាងមហាថេរ និងអនុត្ថេរ ត្រូវតែឯកភាពគ្នាជាមុន ចៀសវាងការសួរកាច់កុងគ្នា នាំឱ្យខ្មាសពុទ្ធបរិស័ទ បើសិនជាអនុត្ថេរឆ្លើយមិនរួច។ មហាថេរ ត្រូវសួរពីរឿង “ធម៌កតញ្ញូ” ទើបអនុត្ថេរ ឆ្លើយរួច ផ្ទុយទៅវិញ “បុណ្យកតញ្ញូ” បែរជាសួរពីរឿង “បុណ្យកឋិន” ច្បាស់ជាខុសរបៀបរៀបរយ ដូចបំបាក់មុខគ្នា។

ហេតុនេះបើតំណាងរាស្ត្របក្សប្រឆាំង កោះអញ្ជើញរដ្ឋមន្ត្រីក្រសួងណាមួយទៅសួរ គួរសួរល្មមៗបានហើយ លៃយ៉ាង ណាឱ្យលោករដ្ឋមន្ត្រីឆ្លើយនឹងមាត់ទទេបានខ្លះផង តែបើសួរពីទិន្នន័យ ឬតួលេខនោះ លោកសូត្រតែរបាយការណ៍ហ្នឹង ឯ របាយការណ៍ថ្នាក់ក្រោមសរសេរជូន បើគេកុហក ក៏កុហកតាមគេអ៊ីចឹងទៅ កើតបានជា “ចម្លើយមិនចំបញ្ហា” ឬ “អេះមិន ចំរមាស់”។ នៅពេលអ្នកសួរមិនពេញចិត្តនឹងចម្លើយ ក៏គួររដ្ឋមន្ត្រីញញឹមញញែមសុំទោសពីភាពចន្លោះប្រហោងរបស់លោក ខ្លះៗទៅ ចៀសវាងប្រើពាក្យ “មានចេតនាញុះញង់” ព្រោះពាក្យនេះ គេប្រើក្នុងនយោបាយ មិនមែនយកទៅប្រើក្នុងរឿងបូម ខ្សាច់នោះទេ។ គួរកុំភ្លេចថា “ចម្លើយស្លូតបូតអាចរម្ងាប់កំហឹង” ដោយហេតុថា អ្នកសួរនោះ “មកពីគេខឹង បានជាហៅសួរ” បើអ្នកឆ្លើយចេះសម្របសម្រួល ទន់ភ្លន់សុភាពរាបសា ធ្វើឱ្យកំហឹងនោះរសាយទៅ។ មេក្រសួង ក៏ដូចម្ចាស់ចម្ការខ្ទឹម បើសួរ ថា ក្នុង១ខែ រកចំណូលបានប៉ុន្មានពីការលក់ខ្ទឹម? គាត់អាចឆ្លើយមាត់ទទេបានយ៉ាងផុយ តែបើសួរថា ១ខែ ស្រោចទឹកអស់ ប៉ុន្មានអំរែក ដាក់ជីអស់ប៉ុន្មានបាវ? ទាល់តែសួរកូនឈ្នួលទើបដឹង។

សរុបទៅ “អ្នកដាំខ្ទឹម មិនធុំក្លិនខ្ទឹម” មានន័យយ៉ាងនេះឯង ដែលសំដៅដល់ការកោះអញ្ជើញរដ្ឋមន្ត្រី មកសាកសួរពី ទិន្នន័យផ្សេងៗក្នុងក្រសួង។ ដូចលើកឡើងរួចហើយថា រដ្ឋមន្ត្រីក្តាប់រួមក៏ពិតមែន តែលោកក្តាប់តែផ្នែករដ្ឋបាល ឯជំនាញ ដឹងមិនអស់ទេ លុះត្រាតែមន្ត្រីជំនាញទើបច្បាស់លាស់។ ដូច្នេះដើម្បីកុំឱ្យមានអរិភាពរវាងអ្នកសួរ និងអ្នកឆ្លើយ និងកុំឱ្យ ខ្មាសរាស្ត្រ គួរតែអ្នកសួរចោទតែសំណួរណាដែលរដ្ឋមន្ត្រី ដឹងច្បាស់ ឯអ្នកឆ្លើយក៏គួរបង្ហាញឥរិយាបថសុភាពរាបសា បើដឹង មិនដល់ ឬដឹងខ្លួនថា ការគ្រប់គ្រងមានការខ្វះចន្លោះ គួរចេះសុំទោសគេខ្លះៗទៅ និងសន្យាកែលម្អ ទើបធានាថា អំណាច នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការយោគយល់គ្នា ដើម្បីប្រយោជន៍ជាតិ និងឯកភាពជាតិ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES