Friday, March 29, 2024
Homeព័ត៌មានជាតិលោក​​សម រង្ស៊ី និង​​ជំនួយ​​ការ តុលា​​ការ ចេញ​​ដីកា​​បង្គាប់​​ឱ្យ​​ចាប់​​ខ្លួន

លោក​​សម រង្ស៊ី និង​​ជំនួយ​​ការ តុលា​​ការ ចេញ​​ដីកា​​បង្គាប់​​ឱ្យ​​ចាប់​​ខ្លួន

ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី  និងជំនួយការពីរនាក់ ត្រូវបានតុលាការ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន បន្ទាប់ពីបានប្រកាស សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ ពាក់ព័ន្ធករណីសមគំនិតក្លែងឯកសារសាធារណៈ។

កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦  ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោកលាង សំណាត់ បានប្រកាស សាលក្រមផ្តន្ទាទោសលោកសម រង្ស៊ី ៥ឆ្នាំ ពី បទ “សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម” និងឈ្មោះអ៊ឹង ជុងលាង ហៅ ម៉ាប់ និងឈ្មោះសត្យា សម្បត្តិ ដាក់ពន្ធនាគារ ៥ឆ្នាំ តែអនុវត្តទោស៣ឆ្នាំ សល់ពីនោះ ត្រូវព្យួរ តាមមាត្រា ១០៧, ១០៨, ៤២៩, ៤៣០, ៤៩៥ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងការប្រកាសសាលក្រមនោះ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាន បញ្ជាក់ថា បើអ្នកទាំង៣នាក់ មិនពេញចិត្តនឹង សាលក្រមនេះ អាចមានសិទ្ធិប្តឹងជំទាស់ទៅ សាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់។

ជាការកត់សម្គាល់ ជាមួយនឹងការប្រកាស សាលក្រមនោះ តុលាការក៏បានសម្រេចចេញ ដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួន ជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្ត ទោសផងដែរ។

ការប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី និងជំនួយការ២នាក់នោះ ពុំមានវត្តមានមេធាវី និងជនជាប់ចោទទាំង៣រូបឡើយ។ ប៉ុន្តែក្រោយពីបានជ្រាបនូវសាលក្រមនោះ លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោកសម រង្ស៊ី ចាត់ទុកថា សាលក្រមផ្ទន្ទាទោសនេះ មានភាព អយុត្តិធម៌។ ដូច្នេះលោកគ្រោងប្តឹងជំទាស់ទៅ សាលាឧទ្ធរណ៍។

លោកសំ សុគង់ បានមានប្រសាសន៍ថា “បាទ! ខ្ញុំបានទទួលដំណឹងអំពីការសម្រេចហ្នឹង  ហើយមេធាវី និងឯកឧត្តមសម រង្ស៊ី មិនពេញ ចិត្តនឹងសេចក្តីសម្រេចហ្នឹង មិនអាចទទួលយក បានសេចក្តីសម្រេចហ្នឹង ដោយសារការចេញ សេចក្តីសម្រេចហ្នឹងមិនផ្តល់ភាពយុត្តិធម៌ចំពោះ ឯកឧត្តម។ អ៊ីចឹងមេធាវីនឹងរៀបចំបណ្តឹងឧទ្ធរណ៍ មួយ ក្នុងពេលខាងមុខហ្នឹង ដើម្បីប្តឹងឧទ្ធរណ៍ ទៅនឹងសេចក្តីសម្រេចហ្នឹង ឱ្យសាលាឧទ្ធរណ៍ ហ្នឹងពិនិត្យឡើងវិញពីសេចក្តីសម្រេចហ្នឹង។ យើង អត់ទាន់មានកំណត់ពេលជាក់លាក់ ដោយសារ តាមផ្លូវច្បាប់ យើងមានសិទ្ធិរយៈពេល១ខែ។ អ៊ីចឹងខ្ញុំគិតថា ប្រហែលជាសប្តាហ៍ទី៣ បន្ទាប់ពីថ្ងៃហ្នឹងទៅ នៅក្នុងខែមករា ឆ្នាំ២០១៧។ ខ្ញុំ គិតថាទាក់ទងនឹងការចេញសេចក្តីសម្រេចមួយ នៅក្នុងសាលក្រម ហើយសម្រេចចេញដីកា ប្រកាសថា ចាប់ខ្លួននេះ វាជារឿងមួយមិនទាន់ មានលក្ខណៈត្រឹមត្រូវទេ គឺវាប៉ះពាល់ខ្លាំងទៅ ដល់សិទ្ធិរបស់ឯកឧត្តមសម រង្ស៊ី ដែលឯកឧត្តម ជាតំណាងរាស្ត្រ ក៏ដូចជាប្រធានគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយមួយ នៅក្នុងប្រទេសកម្ពុជា។ ហើយទី២ បើយើង និយាយពីគោលការណ៍ក្នុងការសន្មតទុកជាមុន ថាគ្មានទោសហ្នឹង គឺដោយសារឯកឧត្តមគាត់ សម្រេចចិត្តប្តឹងឧទ្ធរណ៍ហ្នឹង។ អ៊ីចឹងយើងអត់ ដឹងថា សាលាទ្ធរណ៍រកឃើញថា មានកំហុស ដូចតុលាការក្រុង ឬមួយត្រូវបានលើកលែងឱ្យ រួចផុតពីបទចោទទេ”។

លោកសំ សុគង់ មានប្រសាសន៍បន្តថា  “បើកាលណាមានការប្តឹងឧទ្ធរណ៍ ក៏ដីកាហ្នឹង មានអានុភាពអនុវត្តដែរ លើកលែងតែសាលា ឧទ្ធរណ៍ហ្នឹង សម្រេចសាលដីកា ហើយលុបដីកា ហ្នឹងចេញ អាហ្នឹងបានវាមិនអាចអនុវត្តបាន។ ខ្ញុំមានសង្ឃឹមទៅលើសាលាឧទ្ធរណ៍ច្រើន ដោយសារសាលាឧទ្ធរណ៍ ជាសាលាជាន់ខ្ពស់ បន្ទាប់ពី តុលាការកំពូលហ្នឹង ដោយសារតុលាការឧទ្ធរណ៍ នឹងកាត់ឡើងវិញ ដូចតុលាការជាន់ទាប ហើយ នឹងពិនិត្យសេចក្តីសម្រេច ក៏ដូចជាភ័ស្តុតាង ហើយភាគីណាដែលមានភ័ស្តុតាងថ្មី អាចដាក់ ដើម្បីតុលាការពិនិត្យ។ ចុងក្រោយ ខ្ញុំចង់បញ្ជាក់ ថា តុលាការ គួរតែឈរទៅលើជំហរមួយដែល អព្យាក្រឹត និងឯករាជ្យ ដើម្បីចៀសវាងកុំឱ្យ សេចក្តីសម្រេច ឬសាលក្រមចេញទៅហ្នឹង ធ្វើ- ឱ្យប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធមិនពេញចិត្ត ហើយ ឱ្យកាត់ក្តីឈរនៅលើអង្គហេតុនិងអង្គច្បាប់”។

លោកយុង ផានិត មេធាវីការពារក្តីឱ្យ ជំនួយការលោកសម រង្ស៊ី ក៏បានបញ្ជាក់ដែរថា ចៅក្រមមិនបានបង្ហាញពីភ័ស្តុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកនោះ។ ប៉ុន្តែ លោកមិនអាចប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ បានទេដោយសារមិនទាន់មានការផ្ទេរសិទ្ធិពី កូនក្តី។ ពោលគឺតាំងពីការពារក្នុងសំណុំរឿង នេះ លោកមិនទាន់បានជួបមុខកូនក្តីនៅឡើយ ដោយមិនដឹងថា ពេលនេះអ្នកទាំងពីរនោះកំពុង រស់នៅទីណាឱ្យច្បាស់ទេ។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការ រំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោកអំ សំអាត បានលើកឡើងថា សំណុំរឿងនេះ ជា រឿងនយោបាយ។ ដូច្នេះគួរដោះស្រាយតាម បែបនយោបាយ ឈប់យកប្រព័ន្ធតុលាការដាក់ សម្ពាធគ្នា ព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងជាមួយ លោកសម រង្ស៊ី និងជំនួយការ២នាក់នោះ កាល ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង រាជធានីភ្នំពេញ បានផ្តន្ទាទោសលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ដោយចោទប្រកាន់៣ករណី គឺបទ “ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និង ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គមបន្ទាប់ពីលោកបកស្រាយសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៧៩ រវាងកម្ពុជានិងវៀតណាម។

បើទោះបានជាប់បណ្តឹងជាច្រើននៅតុលាការ រួមទាំងដីកាបង្គាប់ឱ្យចាប់ខ្លួននៅលើកនេះផង ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ខណៈដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស  នៅតែមិនបន្ធូរដៃក្នុងការរិះគន់ប្រព័ន្ធដឹកនាំ រដ្ឋាភិបាល និងតុលាការនៅកម្ពុជា ព្រមទាំង បានហៅ តុលាការនៅកម្ពុជា ថាជាតុលាការ អាយ៉ងធ្វើកិច្ចការងារដើម្បីផ្គាប់ចិត្តរបស់អ្នក នយោបាយ មានអំណាច។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថា “ក្រោមរបបផ្តាច់ការ និង ព្រៃផ្សៃរបស់លោកហ៊ុន សែន ដែលប្រើប្រាស់ តុលាការអាយ៉ងក្រោមបញ្ជាគាត់ ដោយមិន ចេះអៀនខ្មាស ប្រទេសកម្ពុជា ជាប្រទេសមួយ ខុសគេក្នុងពិភពលោក ដែលអ្នកស្លូតត្រង់ ត្រូវ គេផ្តន្ទាទោស តែជនឧក្រិដ្ឋមានសេរីភាព ធ្វើ អំពើអាក្រក់បានតាមចិត្តប្រកបដោយនិទណ្ឌភាព។ សេចក្តីសម្រេចរបស់តុលាការអាយ៉ង មកលើរូបខ្ញុំ និងសហការីរបស់ខ្ញុំ២នាក់ ថ្ងៃនេះ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំង ហើយការ ប្តេជ្ញាចិត្តកាន់តែខ្ពស់ក្នុងការតស៊ូ ដើម្បីនាំមក នូវការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យ នៅឆ្នាំ២០១៧ និង២០១៨ ខាងមុខ”។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានហៅលោក សម រង្ស៊ី ថា ជាទណ្ឌិតដែលបាន “និរទេសខ្លួន ដោយស្ម័គ្រចិត្ត” ដើម្បីគេចពីសំណាញ់ច្បាប់ ហើយខំកាឡៃបញ្ហាផ្ទាល់ខ្លួនដែលប្រព្រឹត្តខុស ច្បាប់នោះ ទៅជារឿងនយោបាយ…៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES