Friday, April 26, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី ក្រុម​ប្រឹក្សា​ឃ្លាំ​មើល កម្ពុជា ស្នើ​លើក​លែង​ទោស​ដូច​លោក​កឹម សុខា

លោក​សម រង្ស៊ី ក្រុម​ប្រឹក្សា​ឃ្លាំ​មើល កម្ពុជា ស្នើ​លើក​លែង​ទោស​ដូច​លោក​កឹម សុខា

ភ្នំពេញ  ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តីថ្លែងការ អំពាវនាវដោះលែង  អ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាព ឡើងវិញ និងស្នើឱ្យមានការលើកលែងទោស សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល កំពុងនិទេសខ្លួននៅក្រៅប្រទេស ឱ្យមានសេរីភាពបានវិលចូលស្រុកវិញ ដូចករណីលោកកឹម សុខា ដែរ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយលោកម៉ែន ណាត ជាប្រធាន មានខ្លឹមសារថារដ្ឋាភិបាល និងគណបក្ស សង្គ្រោះជាតិ បានយល់ស្របគ្នាថា ករណីព្រះមហាក្សត្រលើកលែងទៅសលោកកឹម សុខា សមាជិកសភា និងជាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ រួចផុតពីបទចោទប្រកាន់មួយរបស់តុលាការ ភ្នំពេញ ក្នុងចំណោមបទចោទប្រកាន់២ផ្សេង ទៀតថាជាការបោះជំហានទៅរកឯកភាពជាតិ  និងសម្រាលភាពតានតឹងនយោបាយ

ដូចទឡ្ហីករណ៍ខាងលើ ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាល ត្រូវ ទម្លាក់ចោលបទចោទប្រកាន់នានា និងដោះលែងក្រុមមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រីគ..  ១រូប, ឃុំគណបក្សប្រឆាំងខេត្តកំពង់ចាម, សកម្មជនដីធ្លី, មេដឹកនាំគណបក្សសង្គ្រោះជាតិ  លោកសម រង្ស៊ី, អ្នកតំណាងរាស្ត្រពីគណបក្ស  សង្គ្រោះជាតិ លោកអ៊ុំ សំអាន, សមាជិកព្រឹទ្ធសភា លោកហុង សុខហយ, សកម្មជនគណបក្សនយោបាយបក្សប្រឆាំង និងអ្នកទោស មនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ  ដោយគ្មានលក្ខខណ្ឌ ដើម្បីវិលមករកការគោរព  សិទ្ធិមនុស្ស, ពង្រឹងនីតិរដ្ឋ, និងជួសជុលនយោបាយការទូត លើឆាកអន្តរជាតិ ដែលជា មុខមាត់ធំរបស់រដ្ឋាភិបាល ព្រមទាំងបញ្ជាក់អំពីការឯកភាពផ្ទៃក្នុងរបស់កម្ពុជា

ករណីស្នើសុំព្រះមហាក្សត្រ លើកលែង ទោសប្រជារាស្ត្ររបស់ព្រះអង្គ រដ្ឋាភិបាល ត្រូវបង្ហាញភាពស្មោះត្រង់ ចៀសវាងនូវលក្ខខណ្ឌ ដោះដូរនានាខាងនយោបាយទៅលើមេដឹកនាំ បក្សប្រឆាំង និងក្រុមគ្រួសារជនរងគ្រោះ ដែល អាចនាំមានភាពសៅហ្មងសម្រាប់ជាតិ, នាំឱ្យ មានការថ្កោលទោស, អាចខូចខាតប្រយោជន៍ ជាតិ និងមិនឆ្លើយតបជំហររដ្ឋាភិបាលខ្លួនឯង ដែលថា ជាការឈានទៅរកគោលដៅឯកភាព ជាតិ

មជ្ឈដ្ឋានតាមដានសង្គម មន្ត្រីសិទ្ធិមនុស្ស អ្នកវិភាគ និងគណបក្សប្រឆាំង បានគាំទ្រ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើល កម្ពុជា ខាងលើនេះ ហើយសង្ឃឹមថា អ្នកនយោបាយនឹងពិចារណាពីបញ្ហាទាំងអស់នេះ ឆ្ពោះ ទៅរកការឯកភាពជាតិដ៏រឹងមាំ ។

មន្ត្រីសើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិ  មនុស្ស លោកអំ សំអាត បានបញ្ជាក់ថា ក្នុង នាមមន្ត្រីសិទ្ធិមនុស្ស លោកសុំអំពាវនាងឱ្យ អ្នកនយោបាយទាំងអស់ ពិចារណាឡើងវិញពី រឿងនេះ ហើយសង្ឃឹមថា នឹងមានការដោះលែងសកម្មជនទាំងអស់នោះ។

លោកអំ សំអាត មានប្រសាសន៍ថា បាទ! ខ្ញុំគិតថា នេះជាសញ្ញាណល្អមួយហើយ ដែល បង្ហាញថា ខ្មែរចេះរួបរួមគ្នា ហើយអ្នកនយោបាយខ្មែរចេះដោះស្រាយគ្នា តាមរបៀបខ្មែរ និងខ្មែរ ហើយឆ្លងតាមរយៈការលើកលែងឯកឧត្តមកឹម សុខា នេះ ខ្ញុំគិតថា អ្នកនយោបាយ នឹងអាចចរចាជជែកគ្នាទៅ ដើម្បីឱ្យមានការ ដោះលែងសកម្មជនការពារសិទ្ធិមនុស្សអាដហុក៤នាក់ និងមន្ត្រីគ..ប ក៏ដូចជាអ្នកស្រីទេព វន្នី និងសកម្មជនគណបក្សនយោបាយផ្សេងៗ ទៀត និងអ្នកទោសមនសិការផ្សេងទៀត ដើម្បី រួបរួមគ្នាធ្វើការ ដើម្បីប្រទេសជាតិយើង។ ក្នុង ន័យនេះ យើងជាសង្គមស៊ីវិល យើងធ្លាប់មាន សុទិដ្ឋិនិយមកន្លងមកថា បើសិនជាស្ថានភាព  នយោបាយមួយ ដែលធូរស្រាល ហើយអ្នក នយោបាយដោះស្រាយគ្នាតាមបែបខ្មែរនិងខ្មែរ តាមការសន្ទនា ជឿជាក់ថា អ្នកទាំងអស់នោះ  នឹងត្រូវបានលើកលែងទោស ឬក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនោះ។ ដូច្នេះ ខ្ញុំគ្រាន់តែ អំពាវនាវទេ សុំឱ្យអ្នកនយោបាយទាំងអស់ លោកពិចារណាឡើងវិញលើរឿងនេះ ហើយ សង្ឃឹមថា នឹងមានការដោះលែងអ្នកទាំងអស់ ហ្នឹង ហើយពេលក្រោយទៅបញ្ហានយោបាយ យើងដោះស្រាយគ្នាតាមបែបអ្នកនយោបាយ កុំយកប្រជាពលរដ្ឋ សកម្មជនសិទ្ធិមនុស្ស ឬ សកម្មជននយោបាយហ្នឹង ធ្វើជាការដោះដូរ

អ្នកវិភាគសង្គម និងនយោបាយ លោក បណ្ឌិតមាស នី បានបញ្ជាក់ថា ការលើកលែង ទោសលោកកឹម សុខា ជាកាយវិជ្ជមានមួយ របស់រដ្ឋាភិបាល ដែលលោករំពឹងថា ក្រៅពី ឈ្លោះគ្នា ខ្មែរនិងខ្មែរនៅតែមានដំណោះស្រាយ សម្រាប់គ្នាទៅវិញទៅមក។ ដូច្នេះ បើសិន កាយវិការវិជ្ជមាននេះនឹងបន្តទៅសម្រាប់អ្នក  នយោបាយដទៃទៀត នឹងរឹតតែល្អ។ ពោលគឺ បើសិនជាមានតែការលើកលែងទោសលោក កឹម សុខា ក៏ប៉ុន្តែមិនបានលើកលែងទោសឱ្យ លោកសម រង្ស៊ី នឹងក្លាយជាល្បែងថ្មីមួយទៀត សម្រាប់អ្នកនយោបាយ

លោកមាស នី មានប្រសាសន៍ថាបាទ! យើងរំពឹងថា ការវិវឌ្ឍចុងក្រោយនេះ វាពិត ជាឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីឈាន ទៅរកការឯកភាពជាតិ ហើយពលរដ្ឋខ្មែរ ក៏ យើងមិនចង់ឃើញអ្នកនយោបាយខ្មែរបន្តលេង ល្បែងកខ្វក់បន្តទៅទៀតដែរ។ អ៊ីចឹង នៅក្នុង ដំណាក់កាលនេះកូនខ្មែរគ្រប់រូប កំពុងតែរង់ចាំ ថា បើសិនជាកាយវិការដ៏វិជ្ជមាននេះនឹងបន្តទៅ  អ្នកនយោបាយដទៃទៀត សកម្មជនគណបក្ស ប្រឆាំង ដែលនាំគ្នាធ្វើការពីរឿងព្រំដែន ហើយ និងក្រុមមន្ត្រីសិទ្ធិមនុស្សនោះនឹងត្រូវបានដោះលែង ហើយខ្ញុំថា អាចនឹងក្លាយទៅជាកាយវិការ វិជ្ជមានមួយនៅក្នុងនយោបាយរបស់ខ្មែរយើងក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ។ ក្នុង ចំណុចនេះ បើសិនណាជាមានតែការលើកលែង  ទោសលោកកឹម សុខា ក៏ប៉ុន្តែមិនបាលើកលែង ទោសឱ្យលោកសម រង្ស៊ី គឺបានន័យថា ពលរដ្ឋ នឹងនាំគ្នាមើលទៅលើផ្លូវមួយទៀត ដែលគាត់ តែងនិយាយថា វាអាចនឹងក្លាយទៅជាមធ្យោបាយងងឹតមួយទៀតដែលគណបក្សមួយព្យាយាមបំបែកលោកសម រង្ស៊ី ចេញពីលោកកឹម សុខា នេះជារឿងដែលពលរដ្ឋខ្មែរចាំទន្ទឹងមើល  បើសិនជាលើកលែងទោសមួយ ហើយមួយទៀត  មិនបានលើកទេ វាអាចជាល្បែងថ្មីមួយទៀត សម្រាប់អ្នកនយោបាយ

ដោយឡែក តំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃ គនបក្សសង្គ្រោះជាតិ លោកជាម ចន្ទនី បាន លើកឡើងថា រឿងទាំងអស់នេះជារឿងនយោបាយ ដូច្នេះបើមានការលើកលែងទោសលោក កឹម សុខា ហើយ ក៏ត្រូវតែមានការលើកលែង  ទោសសម រង្ស៊ី ព្រមទាំងមានការដោះលែង សកម្មជនទាំងនោះ ឱ្យមានសេរីភាពចេញពី ពន្ធនាគារ។

លោកជាម ចន្ទនី មានប្រសាសន៍ថា ហ្នឹងហើ! ពីព្រោះរឿងអីទាំងអស់ជារឿង នយោបាយ បើយើងដោះឯកឧត្តមកឹម សុខា ហើយយើងត្រូវតែដោះលែងឯកឧត្តមសម រង្ស៊ី និងអ្នកនៅជាប់ទាំងប៉ុន្មានហ្នឹង យើងលែង ទាំងអស់មក ព្រោះមិនបានទៅធ្វើអីខុសទេ គឺ ជារឿងនយោបាយ។ គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្ស ចាំមើលនឹងបើកិច្ចប្រជុំពីបញ្ហានេះឬ យ៉ាងណា ដោយសារឥឡូវគាត់ (លោកកឹម សុខា) ទើបនឹងចេញមកនៅផ្ទះគាត់អត់ទាន់បាន រៀបចំអីនៅឡើយ។ តែប្រាកដនឹងធ្វើការពិភាក្សាពីបញ្ហានេះ ពីព្រោះជាជោគជ័យមួយដែរ ដែលឯកឧត្តមអនុប្រធានបានចេញមកវិញ។ និយាយទៅ យើងស្នើឱ្យដោះលែង ឱ្យព្រះ មហាក្សត្រធ្វើអន្តរាគមន៍ ឱ្យសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីហ្នឹង ក៏លោកត្រូវតែពិនិត្យមើល  ថានេះបើយើងទុកអ៊ីចឹង វាអត់ត្រូវទេ ហើយ ខ្ញុំគិតថានឹងសញ្ញាវិជ្ជមានជាបន្តបន្តាប់ហើយ

លោកជាម ចន្ទនី មានប្រសាសន៍បន្តថា បាទ! ស្ថានការណ៍នយោបាយ សង្ឃឹមថា នឹង ប្រែប្រួលទៅរកផ្លូវល្អ មានការដោះលែងអ្នក  នយោបាយជាបន្តបន្ទាប់ ជាពិសេស ឱ្យឯកឧត្តម សម រង្ស៊ី លោកត្រឡប់មកវិញ ដើម្បីចូលរួម ប្រកួតនៅឆ្នាំក្រោយនេះ។ ជារួម ជុំវិញបញ្ហា នេះ ខ្ញុំសូមថ្លែងអំណរព្រះគុណដល់ព្រះករុណា  ជាអម្ចាស់ជីវិតតម្កល់លើត្បូង នរោត្តម សីហមុនី ដែលបានជួយឱ្យឯកឧត្តមកឹម សុខា បានរួចផុត ពីការដាក់ទោសខាងតុលាការហ្នឹង ទី១. ទី២ ក៏អរគុណសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបានស្នើទៅព្រះមហាក្សត្រឱ្យលើកលែងទោសដល់ឯកឧត្តមអនុប្រធាន ហើយក៏ សុំស្នើឱ្យសម្តេចនាយករដ្ឋមន្ត្រីជួយជាបន្តបន្ទាប់ ទៀត ធ្វើម៉េចដើម្បីឱ្យយើងមានសាមគ្គីភាព រវាងខ្មែរនិងខ្មែរ

យ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យរដ្ឋាភិបាល  លោកផៃ ស៊ីផាន បានបញ្ជាក់ថា បើធ្វើការ ប្រៀបធៀប ករណីលោកកឹម សុខា នឹងលោក សម រង្ស៊ី មានការខុសគ្នា គឺលោកកឹមសុខា បានទទួលទោស ឯលោកសម រង្ស៊ី មិនដែល ទទួលស្គាល់ទោសម្តងណាឡើយ។ ដូច្នេះ ការ ស្នើឱ្យលើកលែងទោសលោកសម រង្ស៊ី ដូចលោក កឹម សុខា ដែរ ត្រូវយល់ពីនីតិវីធីនៃការងារនេះ។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា ទី១ ត្រូវយល់អំពីនីតិវិធីនៃការនេះសិន ហើយ នៅក្នុងហ្នឹងនីតិវិធី ដោយសារឯកឧត្តមកឹម សុខា គាត់ទទួលទោស ចំណែកឯកឧត្តមសម រង្ស៊ី  គាត់មិនដែលទទួលទោសផងហ្នឹង លោកនៅតែ ប្រើប្រាសសិទ្ធិក្នុងការតតាំង។ ឯកឧត្តមកឹម សុខា លោកទទួលទោស ហើយនីតិវិធីរបស់ លោកហ្នឹង ត្រូវបញ្ចប់រួចស្រេចទៅហើយ ឯ លោកសម រង្ស៊ី មិនដែលទទួលទោស នៅប្រើប្រាស់សិទ្ធិតតាំងនៅក្នុងសាច់រឿងហ្នឹង។ ដូច្នេះ ករណី២ហ្នឹងខុសគ្នា ដូច្នេះគេអត់អនុវត្តទៅ តាមនីតិវិធីទេ ឯកឧត្តមកឹម សុខា លោកអនុវត្តតាមនីតិវិធី ទើបសម្តេចអគ្គមហាបតីតេជោ  ហ៊ុន សែន លោកជួយអន្តរាគមន៍ ២ហ្នឹង ខុស គ្នាតែប៉ុណ្ណឹងទេ។ រហូតដល់ពេលនេះលោកសម រង្ស៊ី អត់ដែលសារភាពថាខ្លួនខុសឯណា អត់ទេ ឯលោកកឹម សុខា បានសារភាពរួចអស់

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថាខ្ញុំមិនជាអ្នកសម្រេចចិត្តទេ ទី១ សម រង្ស៊ី ត្រូវយល់ពីនីតិវិធីរបស់កម្ពុជា ត្រូវតែទទួល ការសារភាពថា គាត់ធ្វើខុស បើគាត់អត់ធ្វើ អ៊ីចឹង គាត់អត់ឈឺក្បាលទេ រីឯកឹម សុខា គាត់ ទទួលទោសរបស់គាត់។ ដូច្នេះហើយបានការ អភ័យទោស ហើយបើរង្ស៊ី មិនដែលទទួល ទោស ធ្វើម៉េចអភ័យទោសឱ្យបាន? នេះជា លក្ខខណៈបានន័យថា បើយើងមិនដែលទទួល ទោសថា ខុសសោះធ្វើម៉េចអ្នកណាគេអនុគ្រោះ  ទោសឱ្យ? តើព្រះកូណា អនុទោសឱ្យអ្នកណា  បើមនុស្សដែលទទួលទោសហ្នឹងមិនសារភាព ថាខ្លួនខុសផងហ្នឹងចំពោះសកម្មជននោះ នីតិវិធី ដូចគ្នា

ដោយ ៖ កុលបុត្រ

RELATED ARTICLES