Thursday, March 28, 2024
Homeព័ត៌មានជាតិបញ្ហា​នៅ​សេស​សល់ លោក​កឹម សុខា ទាក់ទ​ង​ជួប​ចរចា​ជា​មួយ​មេ​បក្ស​កាន់​អំ​ណាច

បញ្ហា​នៅ​សេស​សល់ លោក​កឹម សុខា ទាក់ទ​ង​ជួប​ចរចា​ជា​មួយ​មេ​បក្ស​កាន់​អំ​ណាច

ភ្នំពេញ ៖ ដើម្បីពិភាក្សាដោះស្រាយ បញ្ជាដែលនៅសេសសល់ លោកកឹម សុខា ប្រធានស្តីទីបក្សប្រឆាំង និងជាប្រធានក្រុមមតិ ភាគតិចនៅរដ្ឋសភា ឋានៈស្មើនាយករដ្ឋមន្ត្រី នឹងបន្តជួបចរចាជាមួយួមេបក្សកាន់អំណាច។

យោងតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ បានឱ្យដឹងថា ក្រោយ ការអាក់ខានក្នុងការជួបគ្នាអស់រយៈពេលជា ច្រើនខែ ថ្នាក់ដឹកនាំគណបក្សទាំង២ ដែលមាន អាសនៈនៅរដ្ឋសភា ក្រុមមតិភាគតិចនៅរដ្ឋសភា ដឹកនាំដោយលោកកឹម សុខា និងក្រុម មតិភាគច្រើននៅរដ្ឋសភា ដឹកនាំដោយសម្តេច ស ខេង នឹងជួបពិភាក្សាលើបញ្ហាដែលនៅ សេសសល់ ។

ចំពោះគម្រោងជួបគ្នានេះ លោកយ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា មិនទាន់បានកំណត់ថ្ងៃ ឬ កាលបរិច្ឆេទច្បាស់លាស់នៅឡើយ។ ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សទាំង២ បានទាក់ទងគ្នាផ្ទាល់ តាមទូរស័ព្ទរួចហើយ។

លោកយ៉ែម បុញ្ញឫទ្ធិ អនុប្រធានក្រុម មតិភាគតិចនៅរដ្ឋសភា បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់បាន ទទួលព័ត៌មានជាក់លាក់អំពីការជួបគ្នានោះទេ ប៉ុន្តែអាចនឹងមានគម្រោងជួបគ្នានៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ។

គួរបញ្ជាក់ដែរថា គម្រោងជួបចរចាដោះស្រាយបញ្ហានៅសេសសល់រវាងថ្នាក់ដឹកនាំគណបក្សមានអាសនៈនៅរដ្ឋសភាទាំង២ គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើ ឡើង បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានជួបពិភាក្សា ការងារជាមួយលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម នៅវិមានរដ្ឋសភា កាល ពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រប្រោសព្រះ រាជទានលើកលែងទោស និងត្រូវបានរដ្ឋសភា ប្រកាសទទួលស្គាល់ជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី ជា គូសន្ទនាជាមួយសម្តេចនាយករដ្ឋមន្ត្រី ជំនួស លោកសម រង្សី ដែលអស់បុព្វសិទ្ធិជាតំណាងរាស្ត្រ និងកំពុងបន្តនិរទេសខ្លួននៅក្រៅប្រទេស។ ក្រៅពីនេះ លោកកឹម សុខា ក៏បានជួបពិភាក្សា ដាច់ដោយឡែកជាមួយសម្តេច ស ខេង នៅ ក្នុងឱកាសក្រោយបញ្ចប់ការប្រជុំសភាពេញអង្គ នៅថ្ងៃដដែលនោះផងដែរ ហើយបន្ទាប់ពីជំនួប រវាងថ្នាក់ដឹកនាំគណបក្សទាំង២រួចមក ក៏ឈាន ដល់ការដោះលែងលោកមេឃុំស៊ាង ចែត ដែល ជាប់ពន្ធនាគារពីបទ “សូកប៉ាន់សាក្សី” ពាក់ព័ន្ធ សំណុំរឿងកញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ និង លោកកឹម សុខា ផងដែរ។ ប៉ុន្តែករណីមន្ត្រី សិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប ដែលជាប់ពន្ធនាគារពីបទចោទ ពាក់ព័ន្ធសំណុំរឿងដូចលោកមេឃុំស៊ាង ចែត ដែរនោះ មិនទាន់ត្រូវបានដោះលែងនៅឡើយ តែមានការបង្ហើបពីសម្តេច ស ខេង ថា អាច នឹងមានការពិភាក្សាដោះលែងនៅចុងខែធ្នូ  នេះ។ ដូច្នេះមជ្ឈដ្ឋានមួយចំនួន មានការចាប់ អារម្មណ៍ថា ការគ្រោងជួបគ្នាជាថ្មី រវាងថ្នាក់ ដឹកនាំគណបក្សទាំង២ អាចជាការពិភាក្សាស្តីពី បញ្ហាដែលនៅសេសសល់ទាំងនោះ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិន អាចទាក់ទងសុំព័ត៌មានលម្អិតបន្ថែមពីអ្នកនាំ ពាក្យគណបក្សទាំង២បានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ដែរថា ក្រៅពីក្រុមមតិភាគ តិចនៅរដ្ឋសភា ដឹកនាំដោយលោកកឹម សុខា គ្រោងជួបពិភាក្សាជាមួយក្រុមមតិភាគច្រើន នៅរដ្ឋសភានោះ លោកអេង ឆៃអ៊ាង គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែល ជាគណៈកម្មការទី១នៃរដ្ឋសភា ក៏បានដាក់ លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកសួរ អំពីដំណើរការស៊ើបអង្កេតករណីឃាតកម្ម បណ្ឌិតកែម ឡី នៅថ្ងៃទី១៧ មករា ឆ្នាំ២០១៧ និងគ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍានា មកសួរអំពីករណីដូចគ្នា នេះដែរ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទជាក់ លាក់នៅឡើយ។

លោកអេង ឆៃអ៊ាង បានបញ្ជាក់ថា លោក នឹងដាក់លិខិតទៅកាន់រដ្ឋសភា នៅសប្តាហ៍នេះ  ដើម្បីស្នើប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន អនុញ្ញាតឱ្យសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃ ចូលឆ្លើយ បំភ្លឺពីចំណាត់ការនៃដំណើរការស៊ើបអង្កេត ស្រាវជ្រាវករណីឃាតកម្មលោកបណ្ឌិតកែម ឡី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ខាងមុខ នេះ។ បន្ទាប់មកទៀត ក៏គ្រោងនឹងកោះហៅ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយបំភ្លឺជុំវិញករណីនេះផងដែរ។

ចំណែកលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នឹងចូលបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា តាមសំណើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES