Thursday, March 28, 2024
Homeបរិយាយរំព្ញក​អនុ​ស្សាវ​រីយ៍​ក្រុង​ព្រះ​សី​ហនុ

រំព្ញក​អនុ​ស្សាវ​រីយ៍​ក្រុង​ព្រះ​សី​ហនុ

ថ្ងៃនេះ ពិធីបុណ្យសមុទ្រលើកទី៥ ប្រារឰធ្វើនៅក្រុងខេត្តព្រះសីហនុ ក្រោមប្រធានបទ ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ដោយសង្ឃឹមមានអ្នកទេសចរទៅចូលរួមកម្សាន្តរាប់ម៉ឺននាក់។ យុវវ័យស្រករក្រោយ ក៏ដូចមនុស្ស ចំណូលថ្មី ដែលចូលចិត្តទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុ ពិតជាមិនបានដឹងពីភាពប្លែកគ្នារវាងក្រុងព្រះសីហនុ បច្ចុប្បន្ន និងក្រុងព្រះសីហនុ នាទសវត្សឆ្នាំ១៩៦០ សម័យសង្គមរាស្ត្រនិយម ទើបអាចារ្យថាំ ដែលធ្លាប់ស្នាក់នៅរៀនសូត្រ៥ឆ្នាំ នៅលើទឹកដីឆ្នេរសមុទ្រនេះ សូម រំព្ញកអនុស្សាវរីយ៍ក្រុងព្រះសីហនុខ្លះៗ មកចែកជូនយុវវ័យស្រករក្រោយបានជ្រាបក្នុង បរិយាយថ្ងៃនេះ

ក្រុងព្រះសីហនុ កាលពីបុរាណកាលមានឈ្មោះថាខេត្តកំពង់សោមដោយយកឈ្មោះតាមឆកសមុទ្រកំពង់សោមត្រូវបានសម្តេចឪ ព្រះបរមរតនកោដ្ឋ ត្រាស់បង្គាប់ឱ្យធ្វើការអភិវឌ្ឍ ដាក់ឈ្មោះថា ក្រុងព្រះសីហនុជាភាសាបារាំងថា “Sihanoukville” ក្រោយពេលសាងសង់ផ្លូវជាតិលេខ៤ មានចម្ងាយ២២៦គ.ម ពីរាជធានីភ្នំពេញ ទៅដល់ឆ្នេរកំពង់សោម ក្រោមជំនួយសហរដ្ឋអាមេរិក។ មុនដំបូង ទឹកដីនេះមិនសូវមានការចាប់អារម្មណ៍ពីអន្តរជាតិនោះឡើយ លុះរៀបចំសមិទ្ធផល នានាបានជាហូរហែមក ជាពិសេស ចាប់ពីឆ្នាំ១៩៦៥១៩៧០ (មុនសង្គ្រាម) ទឹកដីនេះល្បីល្បាញខ្លាំង ចាត់ទុកជាក្រុង ស្វយ័តទី២ បន្ទាប់ពីរាជធានីភ្នំពេញ។ ជំនាន់នោះ ព្រំប្រទល់ក្រុងព្រះសីហនុ ទៅកើត ត្រឹមចំណតកងកេង និងអូរត្រេះ ទៅជើង ត្រឹមរោងចក្រ ប្រេងកាត ដោយមានព្រៃព្រឹក្សាខៀវស្រងាត់លំនៅម្រឹគីម្រឹគា បក្សាបក្សី រហូតដល់សត្វសាហាវ គ្រប់ប្រភេទ។

ចៅហ្វាយក្រុងព្រះសីហនុ សម័យនោះ ឈ្មោះលោកហ៊ីង សាខុន មានស្នាដៃខ្ពស់ក្នុងការដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ តាមការត្រាស់បង្គាប់ពីសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ។ ស្ថានភាពទឹកដី ដែលមានសុទ្ធតែភ្នំខ្ពស់ទាបនោះ តម្រូវឱ្យ មានការសង់ផ្លូវថ្នល់ចាក់កៅស៊ូខ្វាត់ខ្វែង ឡើងចុះចំណោតភ្នំ បើបើកបរខ្វះការប្រុងប្រយ័ត្ន នឹងធ្លាក់ជ្រោះមិនខាន។ វិស័យ អប់រំសិក្សាធិការ មានសាលាបឋមសិក្សា រហូតដល់អនុវិទ្យាល័យ មានសិស្សានុសិស្សរាប់រយនាក់ ចូលរៀន ជាពិសេស អនុវិទ្យាល័យសម្តេចឪមាននាយកឈ្មោះលោកឈន ជីវ រាងធាត់ទាបពាក់វ៉ែនតាមីញ៉ូប ជិះម៉ូតូហ្សាវ៉ា (JAVA) ទៅធ្វើការ ដោយមានសាស្ត្រាចារ្យខ្មែរ និងសាស្ត្រាចារ្យបារាំង ជាង១០នាក់ប៉ុណ្ណោះ។ ប្តីប្រពន្ធលោកមីសែល (Michel) ជនជាតិបារាំង ជាសាស្ត្រាចារ្យខាងភាសាបារាំង ទាំងពីរនាក់ ដែលពួកគាត់ជិះរថយន្តរ៉ឺណូត៍ (Renaut) ទៅធ្វើការ ខណៈដែលសាស្ត្រាចារ្យ ខ្មែរ ប្រើប្រាស់ទោចក្រយានយន្តហុងដា៩០ ឬប៉េសេ៥០ ប៉ុន្តែយានយន្តឯទៀត ដូចជាម៉ូប៊ីឡែត ឬសូឡិច ឡើងចំណោតមិន រួចទេ រីឯសិស្សានុសិស្សភាគច្រើនដើរទៅរៀន។

ឆ្នេរសមុទ្រដែលសំខាន់បំផុត គឺឆ្នេរឡាផ្លា (La Plage) ដែលសព្វថ្ងៃប្តូរឈ្មោះថាឆ្នេរជ័យជម្នះ។ ឆ្នេរនេះ មាន បណ្តោយ៣០០ម៉ែត្រ ប្រកបដោយឆ្នេរខ្សាច់សក្បុស ដែលរាជការសម័យនោះ បានសង់ស្ពានឈើលយចូលក្នុងសមុទ្រប្រហែល ១០០ម៉ែត្រ សម្រាប់ទទួលអ្នកចូលចិត្តប្លុងទឹក (Plonger)។ ពួកនាវិកដែលចុះពីកប៉ាល់សមុទ្រ ចតនៅកំពង់ផែ តែងនាំគ្នា មកងូតទឹកសំដិលហាលថ្ងៃលើដីខ្សាច់ និងប្លុងទឹកនៅឆ្នេរឡាផ្លា នេះ។ ចំណែកឆ្នេរខាងត្បូងជាប់គ្នានេះ (ឆ្នេរហាវ៉ៃ) ខណ្ឌ ដោយសាលពិព័រណ៍ មានភោជនីយដ្ឋានបារាំង១ លក់តែ ម្ហូបអាហារបែបអឺរ៉ុប ដោយមានសួនសត្វខ្នាតតូចនៅជិតគ្នា ជាពិសេស អាងចិញ្ចឹមកន្ធាយសមុទ្រ (ល្មេច) និងទ្រុងដាក់ខ្លារខិន។ ម្ចាស់ខ្លា ជាជនជាតិបារាំង ពេលយកសាច់គោមកឱ្យខ្លាស៊ីគាត់ បើកសោទ្រុងចូលទៅប្រលែងជាមួយខ្លា ធ្វើឱ្យអ្នកបានឃើញស្រៀវសាច់ ពេលឃើញខ្លាលៀនចង្កូម។ នៅជិតនោះដែរ ក៏មាន ចំណតយន្តហោះខ្នាតតូចមួយ កសាងតាំងពីជំនាន់បារាំង ដោយមានផ្លូវក្រាល (Piste) ធ្វើពីដែកសំប៉ែត។ ជំនាន់នោះ សណ្ឋាគារ ៨ជាន់ (សណ្ឋាគារឯករាជ្យ) ទើបនឹងសាងសង់ ដោយមានកម្មករខ្មែររាប់រយនាក់ បម្រើការងារ បានកម្រៃ៥០រៀល ក្នុង១ ថ្ងៃ។ នៅខាងកើតសណ្ឋាគារដ៏ខ្ពស់នេះ មាន ឆ្នេរព្រែកទប់(ឆ្នេរឯករាជ្យ) មិនសូវ មានអ្នកទៅកម្សាន្តទេ ប៉ុន្តែ ជាឆ្នេរ ស្អាតដែលព្រះសង្ឃនិងក្មេងវត្តឥន្ទញ្ញាណ តែងនិមន្តនិងដើរទៅយកខ្យល់អាកាសពេលរាត្រី រៀងរាល់ថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា សម័យនោះ សម្តេចឪ បានបង្កើតវត្ត២ នៅក្រុងព្រះសីហនុ គឺវត្តជោតញ្ញាណ ហៅវត្តលើ ខាងគណៈមហានិកាយ និងវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ជិតឆ្នេរសមុទ្រ ខាងគណៈធម្មយុត្តិ។ វត្តឥន្ទញ្ញាណ មានព្រះតេជគុណព្រះសីហសោភ័ណនូ សុខ រាជាគណៈ និងជាព្រះចៅអធិការ ព្រមទាំងភិក្ខុសាមណេរជាង១០អង្គ មានទាំងក្មេងវត្តរៀននៅសាលា បឋមសិក្សា និងអនុវិទ្យាល័យជាង១០នាក់ទៀត។ សម្តេចឪ បានត្រាស់បង្គាប់ចៅហ្វាយក្រុង ឱ្យទំនុកបម្រុងចង្ហាន់លោកមិន ដែលដាច់ទេ ហើយចៅហ្វាយក្រុង បានបញ្ជាលោកស្នងការប៉ូលិសពាក់ស័ក្តិ៣ (គេហៅលោកកុម្មីសៀរ) ឱ្យបំពេញតួនាទី នេះ។ ជារៀងរាល់ព្រឹក ក្មេងវត្តតែងយួរស្រាក់ទទេ ទៅដាក់ប៉ុស្តិ៍ប៉ូលិស ដោយមានកូនប៉ូលិសម្នាក់ យកចានស្រាក់ដើរចែក តាមផ្ទះប្រជាពលរដ្ឋ មន្ត្រីរាជការ សម្រាប់ដាក់សម្លប្រគេនលោក។ លុះដល់ម៉ោង១០ព្រឹក ទើបកូនប៉ូលិសនោះ ដើរប្រមូល សម្លស្រាក់ជាង១០ស្រាក់ ដឹកតាមឡានហ្ស៊ីប យកទៅដាក់វត្ត ព្រោះព្រះសង្ឃនិមន្តបិណ្ឌបាត តែបាយ ឯសម្ល ប៉ូលិសយក ទៅប្រគេន។ ជួនកាលក៏មានថៅកែៗដឹកត្រីងៀត ឬត្រីកាម៉ុងខឆ្អិនស្រាប់ទៅប្រគេនលោក ទុកឆាន់បបរព្រឹកមិនដែលដាច់។

ដោយឡែកផ្សារលើ ក្រុងព្រះសីហនុ សម័យនោះ មានអនាម័យល្អណាស់ ដោយមានលក់ទំនិញគ្រប់ប្រភេទក្នុងស្រុក និងទំនិញចុះពីកប៉ាល់សមុទ្រ ជាពិសេសបារីស៊ីហ្គារ (Cigare) ដែលខ្មែរមិនទាន់ចេះផលិត។ នៅប៉ែកខាងជើងផ្សារ មាន រោង ភាពយន្តកោះរុងបញ្ចាំងភាពយន្តខ្មែរជាបន្តបន្ទាប់ មានទស្សនិកជនចូលទស្សនាពេញៗរោង។ នៅជាប់ៗគ្នានោះ ក៏មាន រង្គសាល (Bar) ជាង១០ ដូចជាបាររស្មីអង្គរ ឋានសួគ៌ រាត្រីហុងកុង រង់ចាំទទួលអតិថិជន ជាពិសេសពួកនាវិកចុះពីកប៉ាល់ ដែលចតនៅកំពង់ផែ។ ពួកនារីរាត្រីខ្លះចេះភាសាបារាំង អង់គ្លេស ស្ទាត់ណាស់ តែងរង់ចាំទាក់ម៉ូយអន្តរជាតិ ប៉ុន្តែ រាជការ សម័យនោះ តែងបង្គាប់បញ្ជានាងៗទាំងនោះ ទៅពិនិត្យសុខភាពយ៉ាងទៀតទាត់ រៀងរាល់ដំណាច់សប្តាហ៍ ដើម្បីទប់ស្កាត់ ជំងឺស្វាយ ប្រមេះ (មិនទាន់មានអេដស៍ទេ)។ មានរថយន្តតាក់ស៊ីម៉ាកប៉ឺហ្សូ ៤០៤ (ហៅកាត់សង់កាត់) សម្រាប់រត់ឈ្នួលទៅ ភ្នំពេញ យកថ្លៃ៣០រៀល តែបើនៅក្នុងក្រុង មានតាក់ស៊ីតូចៗរត់បណ្តាក់គ្នា និងរថយន្តអូតូប៊ិស (Autobus) ដែលអ្នកក្រុង ទម្លាប់ហៅអូតូប៊ិក យកឈ្នួល១រៀល ឬ២រៀល បើគេឡើងជិះពីមុខសាលាក្រុង ទៅដល់ផ្សារលើ។

សូមបញ្ជាក់ថា ក្រុងព្រះសីហនុ នាឆ្នាំ១៩៦៥ សុទ្ធតែព្រៃច្រូងច្រាង ជួនកាលឃើញសត្វឈ្លូសរត់កាត់ផ្លូវ ឬពស់វែករនាម លូនកាត់ថ្នល់ទាំងថ្ងៃ។ នៅក្នុងព្រៃក្បែរព្រះដំណាក់ព្រះមហាក្សត្រិយានីព្រះកុសុមៈ (ជិតឆ្នេរឡាផ្លា) មានសត្វខ្លាញីឈ្មោល១គូ ដែលអ្នកក្រុងឱ្យឈ្មោះថាលោកតាដៃស្អិតនិងមានពស់ត្បាល់ញីឈ្មោល១គូទៀត ដែលអ្នកនេសាទឧស្សាហ៍ឃើញវាហែល ឆ្លងសមុទ្រពីដីគោក ទៅកោះពស់ មានឈ្មោះថា លោកតាវល្លិ។ សត្វទាំងនេះ គេជឿថា ជាសត្វអ្នកតាថែរក្សាទឹកដីឆ្នេរ សមុទ្រ មិនដែលយាយីមនុស្សទេ វាស៊ីតែសត្វតូចៗប៉ុណ្ណោះ។ ក្រៅពីនេះ ព្រៃក្បែរឆ្នេរ សម្បូរសត្វស្វាក្តាម និងសត្វទោច ឱ្យតែថ្ងៃជិតលិច ក៏ឮទោចញីឈ្មោល ទួញស្រណោះ គួរឱ្យស្រងេះស្រងោចជាពន់ពេក រហូតដល់យុវវ័យជំនាន់នោះ នាំគ្នា យកបទចម្រៀង សាយ័ណ្ហទោចយំរបស់លោកស៊ីន ស៊ីសាមុត ទៅច្រៀងតាម ដូចឃ្លាថា រសៀលគងភ្នំ បោះជំរំខ្មៅ សុរិយាយាងទៅ ទុក្ខព្រួយសោកសៅ ដោយនៅអាល័យ ទោចអើយទោចទួញ ត្អូញផ្តាំព្រឹក្សព្រៃ ថាដល់ស្អែកថ្មីទើបយើង ជួបគ្នា…”

រហូតមកទល់ពេលនេះ ក្រុងព្រះសីហនុ បានក្លាយជាខេត្តព្រះសីហនុ មានការអភិវឌ្ឍមើលមិនស្គាល់កន្លែងចាស់ គ្រាន់តែឆ្នេរសមុទ្រមានជាង១០ឆ្នេរឯណោះ។ កោះក្នុងសមុទ្រចំនួន២២ ដែលពីមុនទុកចោល សម្រាប់តែអ្នកនេសាទរស់នៅ នោះ ឥឡូវបានក្លាយជាកោះទេសចរណ៍ដ៏ប្រណីត។ អនុស្សាវរីយ៍អតីតកាល នាសម័យសង្គមរាស្ត្រនិយម ដែលយើងធ្លាប់ ឆ្លងកាត់ ទោះសរសេរ១០០០ទំព័រ ក៏មិនអស់ដែរ ប៉ុន្តែបើមិនសិក្សាពីអតីតកាល ក៏មិនអាចធ្វើឱ្យបច្ចុប្បន្នកាលនិងអនាគត កាលជឿនលឿនបានដែរ។ ក្នុងពិធីបុណ្យសមុទ្រលើកទី៥នេះនគរធំសូមចូលរួមចំណែកសប្បាយរីករាយស្វាគមន៍ឆ្នេរ ស្អាត សមុទ្រខៀវស្រងាត់ ទោះជាធ្លាប់ហែលទឹកសមុទ្រឆ្អែតឆ្អន់ ក៏សមុទ្រឆ្នាំ២០១៦ និងឆ្នាំ១៩៦៥ មិនដូចគ្នាទេ៕

ដោយ ៖ អាចារ្យថាំ

 

RELATED ARTICLES