Friday, April 26, 2024
Homeព័ត៌មានជាតិលោក​យ៉ែម បុញ្ញ​ឫទ្ធិ ស្នើ​ហៅ​លោក ហ៊ឹម ឆែម បំភ្លឺ​រដ្ឋ​សភា

លោក​យ៉ែម បុញ្ញ​ឫទ្ធិ ស្នើ​ហៅ​លោក ហ៊ឹម ឆែម បំភ្លឺ​រដ្ឋ​សភា

ភ្នំពេញ ៖ ប្រធានគណៈកម្មការទី៧ នៃ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៃគណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ បានធ្វើលិខិតគោរពជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំ ចាត់លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទៅបំភ្លឺនៅរដ្ឋសភា ។

នៅក្នុងលិខិតចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដែលជាគណៈកម្មការទី៧ នៃ រដ្ឋសភា បានស្នើសុំសម្តេចហ៊ុន សែន នាយក-រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់ លោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា និងសហការី ទៅបំភ្លឺជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា។

លោកយ៉ែម បុញ្ញឫទ្ធិ មិនអាចទាក់ទង សុំមតិយោបល់ជុំវិញការធ្វើលិខិតស្នើសុំកោះហៅលោកហ៊ឹម ឆែម មកបំភ្លឺំរដ្ឋសភា ខាងលើ នេះបានទេ កាលពីម្សិលមិញ។

ប៉ុន្តែសមាជិកគណៈកម្មការ ទី៧រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៃ គណបក្សសង្គ្រោះជាតិ លោកទួន យក់ដា បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “ហ្នឹងហើយ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧  យើងអញ្ជើញឯកឧត្តមហ៊ឹម ឆែម ដែលជារដ្ឋមន្ត្រីខាងក្រសួងធម្មការនិងសាសនាមកបំភ្លឺនូវ កិច្ចការមួយចំនួនពាក់ព័ន្ធនឹងរឿងពុទ្ធសាសន បណ្ឌិត្យ ហើយពាក់ពាក់នឹងពុទ្ធិកសាកលវិទ្យាល័យ ហើយនិងសហលក្ខន្តិកៈរបស់មន្ត្រីសង្ឃ ឱ្យលោកមកបំភ្លឺរឿងហ្នឹង។ ដោយសារតែឯកឧត្តមរដ្ឋមន្ត្រី គាត់ទើបឡើងថ្មីផង ហើយដោយសារកន្លងមក គណៈកម្មការទី៧ ធ្លាប់បានអញ្ជើញ អតីតរដ្ឋមន្ត្រី មិន ឃិន ដែលគាត់មុនទទួល អនិច្ចកម្មទៅយើងបានទទួលជួបពិភាក្សាច្រើន ដងទៅឃើញថាដំណើរការទៅមុខល្អមួយចំនួន  ដូចជាឃើញថា មានការកែប្រែខាងសហលក្ខន្តិកៈ របស់មន្ត្រីសង្ឃ ហើយរឿងប្រាក់ខែព្រះសង្ឃ ដែលជាគ្រូអីៗឃើញថា មានការកែប្រែ ហើយ នៅក្នុងរឿងនេះ ដោយសារយើងចង់ជួបរដ្ឋ មន្ត្រីផង ក៏ធ្វើការប្រាស្រ័យគ្នា ក្នុងន័យស្ថាបនា ដូចគ្នា។ ដូចជាមិនមានអីស្មុគ្រស្មាញទេ តាមពិត កិច្ចការទាំងឡាយដែលយើងបានធ្វើការប្រាស្រ័យ កន្លងមក វាក្នុងគំនិតជាវិជ្ជមាន មិនមែនហៅថា ចោទសួរដើម្បីឱ្យឆ្លើយមិនរួចអីទេ ក្នុងស្ថាបនា ទាំងអស់។ ដល់អ៊ីចឹងទៅ មកទល់ពេលនេះ ឃើញថា ជាមួយគណៈកម្មការទី៧ គ្រប់ក្រសួង ទាំងអស់ ឬតាមខេត្តក៏ដោយ យើងធ្វើការបាន ល្អបានដំណើរទៅមុខបានល្អ”។

លោកទួន យក់ដា មានប្រសាសន៍បន្តថា “យើងគ្រាន់តែសង្ឃឹមថា ក្រសួងធម្មការ និង សាសនា ដែលជាស្ថាប័នអប់រំមួយយ៉ាងសំខាន់ ផ្នែកផ្លូវចិត្តផ្នែកអី យើងសង្ឃឹមថាក្រសួងនេះ នឹងធ្វើការបានមានប្រសិទ្ធភាពល្អ សម្រាប់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពិសេសចំពោះ ព្រះសង្ឃដែលជាអ្នកនៅក្នុងសីល២២៧អង្គ ហើយលោកបានមានកម្រិតមួយ ដូចសព្វថ្ងៃ ឃើញថា មានប៉ះពាល់មួយចំនួនធំ ដែលយើង ឃើញក្នុងការរស់សព្វថ្ងៃ ឃើញថា ប៉ះពាល់នឹង សីលធម៌មានច្រើន បើសិនជាយើងមិនរៀបចំ ក្រសួងហ្នឹងឱ្យបានល្អ ជាក្រសួងអប់រំមួយយ៉ាង សំខាន់ ហើយធ្វើឱ្យសង្គមខ្មែរយើងអាចមាន ការរីកចម្រើនខាងផ្នែកសីលធម៌ ព្រោះសព្វថ្ងៃ សង្គមខ្មែរយើងវាបាត់បង់សីលធម៌ហ្នឹងខ្លាំងពេក”។

ក្រៅពីស្នើលោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា មកឆ្លើយបំភ្លឺ លោកទួន យក់ដា ក៏បានបញ្ជាក់ដែរថា គណៈកម្មការទី ៧នៃរដ្ឋសភានឹងមានគម្រោងកោះហៅរដ្ឋមន្ត្រី ៣ទៀត មកឆ្លើយបំភ្លឺនៅក្នុងអំឡុងឆ្នាំ២០១៧។ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រោយមានការស្នើនោះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន ធ្វើលិខិតគោព្រជូនលោកឡេង ប៉េងឡុង អគ្គ- លេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រី បាន ទទួលរួចហើយនូវសំណើនេះ និងកំពុងតែចាត់ចែងតាមនីតិវិធី។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោកសេង សុមុនី បានបញ្ជាក់ថា ឆ្លើយតប នឹងការស្នើរបស់គណៈកម្មការទី៧ នៃរដ្ឋសភា នោះ ក្រសួងបានត្រៀមរួចរាល់ហើយក្នុងការទៅ បំភ្លឺនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ខាងមុខ។

លោកសេង សុមុនី មានប្រសាសន៍ថា  “បាទ! បានឃើញលិខិតហ្នឹង រដ្ឋមន្ត្រីកំពុងត្រៀម លក្ខណៈសមាសភាព ហើយនិងរបាយការណ៍ ដើម្បីរាយការណ៍ជូនរដ្ឋសភាហ្នឹង។ ទាក់ទង នឹងការស្នើនោះ គណៈកម្មការចង់ដឹងរឿងពុទ្ធិកសិក្សា ហើយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ប្រធានបទហ្នឹងមានតែ២ប៉ុណ្ណឹង ហើយខាង ក្រសួងបានស្វាគមន៍រៀបចំរបាយការណ៍ពាក់ព័ន្ធ ទាំងអម្បាលម៉ានទាំងអស់ មិនតែ២ផ្នែកហ្នឹង ទេ រាយការណ៍ជូនទាំងអស់គ្រប់ផ្នែក។ ប៉ុន្តែ យើងអត់ហ៊ានជម្រាបជូនលម្អិតទេ ព្រោះឥឡុវ យើងកំពុងតែត្រៀមរបាយការណ៍ ដើម្បីឆ្លង ថ្នាកដឹកនាំក្រសួង ពិចារណាថា ចំណុចណាខ្លះ ដែលជាចំណុចរបាយការណ៍ធំៗ សំខាន់ៗ ដើម្បី គាត់សម្រចថា នឹងយកចំណុចណាខ្លះ។ គ្រាន់តែ ថា ប្រធានបទគឺ២ហ្នឹង ដែលគណៈកម្មការទី៧ មានបំណងនៅក្នុងលិខិតបទដ្ឋានរបស់លោក។ ចំពោះកាលបរិច្ឆេទមានហើយ គឺនៅថ្ងៃទី១០ ខែ១ (មករា) ឆ្នាំ២០១៧។ ដូច្នេះខាងក្រសួង ក៏ដូចជាថ្នាក់ដឹកនាំមិនរារែកទេ រីករាយស្វាគមន៍ ហើយចូលរួមដោយសុទ្ធចិត្តក្នុងការងារនេះ រាយការណ៍ជូនទាំងអស់”។

ជាការសម្គាល់ពីមជ្ឈដ្ឋានតាមដានសង្គម ផងដែរ ក្រោយពេលដែលលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ត្រូវបានព្រះមហាក្សត្រ  ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ជាប្រធាន ថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភារួចមក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជា ប្រធានគណៈកម្មការនៅរដ្ឋសភា បានកោះហៅ រដ្ឋមន្ត្រី ទៅបំភ្លឺជាបន្តបន្ទាប់។ ក្នងនោះរួមមាន គណៈកម្មការទី១០នៃរដ្ឋសភា ដឹកនាំដោយលោក ហូរ វ៉ាន់ បានកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល លោកស៊ុយ សែម មកបំភ្លឺពាក់ព័ន្ធ ភាពមិនប្រក្រតីនៃការនាំខ្សាច់ទៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ស្នើកោះហៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង ទៅបំភ្លឺពាក់ព័ន្ធនឹង ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី នៅថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧។ ប៉ុន្តែអ្នកនាំពាក្យ រដ្ឋសភា បានចេញសេចក្តីប្រកាសថា សម្តេច ហេង សំរិន ប្រធានសភា សម្រេចមិនបញ្ជូន លិខិតនេះ ទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទេ។ ចំណែកលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ត្រូវបានកោះហៅទៅ បំភ្លឺរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ផងដែរ៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES