សិស្សប្រុសលុតជង្គង់​សុំ​ស្នេហ៍​ស្រី​ក្នុង​ថ្នាក់ នាយក​ហៅ​អប់រំ​ធ្វើ​កិច្ច​សន្យា

ភ្នំពេញ ៖ យុវវ័យជាសិស្សសាលាមួយ ក្រុម ដែលបានថតវីដេអូឃ្លីប អំពីសកម្មភាព សិស្សប្រុសម្នាក់ លុតជង្គង់សុំស្នេហ៍ពីសិស្សស្រី ទាំងស្លៀកសម្លៀកបំពាក់ជាសិស្សសាលា និង ស្ថិតនៅក្នុងបរិវេណថ្នាក់រៀន រួចបង្ហោះនៅ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក នាំគ្នាចែករំលែក ហ្សារេ តៗគ្នាផ្អើលពេញក្នុងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នោះ ពេលនេះត្រូវបានលោកនាយកសាលា ហៅទៅ ធ្វើការអប់រំ និងតម្រូវឱ្យចុះកិច្ចសន្យា ផ្តិតមេដៃ បញ្ឈប់សកម្មភាពបែបនេះតទៅទៀត កាល ពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។

ក្រុមសិស្សប្រុសស្រី ដែលថតវីដអូឃ្លីប លុតជង្គង់សុំស្នេហ៍ ធ្វើឱ្យភ្ញាក់ផ្អើលកក្រើកពេញ ក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ មានគ្នា៦នាក់ ក្នុងនោះ មានសិស្សប្រុស២នាក់ និងសិស្សស្រី ចំនួន៤នាក់។ សិស្សទាំង៦នាក់ រួមមាន ទី១-ឈ្មោះវឿត រ៉ាវីន ទី២-ឈ្មោះឌិន ឌីរាជ ទី៣-ឈ្មោះខេន លីណា ទី៤-ឈ្មោះសុង សៀវមិញ ទី៥-ឈ្មោះពៅ លីហ្សា និងទី៦-ឈ្មោះឡេង សុនី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ សិស្សប្រុសស្រីមួយក្រុម បានបង្ហោះ នូវវីដេអូឃ្លីបមួយ ដែលមានរយៈពេល១នាទី និង២៦វិនាទី ដែលបង្ហាញពីសកម្មភាពសិស្ស ប្រុសម្នាក់ បានលុតជង្គង់សុំស្នេហ៍ពីសិស្សស្រី នៅក្នុងថ្នាក់រៀននិងធ្វើឱ្យមានការចែករំលែក ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបានធ្វើ ឱ្យមានប្រតិកម្ម រិះគន់យ៉ាងចាស់ដៃ ពីសំណាក់ មហាជន ដោយលើកឡើងថា ក្រុមសិស្សទាំង នោះ ស្ថិតក្នុងវ័យក្មេងខ្ចីនៅឡើយ មិនខំប្រឹង សិក្សារៀនសូត្រ បែរជាវក់វីតែជាមួយរឿងរ៉ាវ ស្នេហាប្រុសស្រីដែលភាគច្រើនស្នេហាយុវវ័យ បែបនេះ បានត្រឹមតែទឹកភ្នែកប៉ុណ្ណោះ។

ក្រោយពីបែកធ្លាយវីដេអូឃ្លីបខាងលើ ដឹងដល់នាយកសាលា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ លោកនាយកសាលាបានហៅក្រុម សិស្សទាំង៦នាក់ ចូលមកកាន់ទីចាត់ការ ដើម្បី ធ្វើការអប់រំ និងធ្វើកិច្ចសន្យាកុំប្រព្រឹត្តទង្វើ បែបនេះតទៅទៀត។

នៅក្នុងកិច្ចសន្យា ដែលមានស្នាមមេដៃ ពណ៌ក្រហម និងឈ្មោះរបស់សិស្សប្រុសស្រី ទាំង៦នាក់ខាងលើ មានខ្លឹមសារទាំងស្រុងថា “យើងខ្ញុំទាំងអស់គ្នា ដែលមានឈ្មោះដូចខាង ក្រោមសូមសារភាពថា វីដេអូដែលយើងខ្ញុំបាន ផុស កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ជា ការថតសម្តែងបទចម្រៀង ដោយគ្មានការ អនុញ្ញាតពីសាលានៅម៉ោងចេញលេង បង្កការ រំខានក្នុងសាលា។ បន្ទាប់ពីទទួលបានការអប់រំ ពីលោកនាយក និងក្រុមប្រឹក្សាវិន័យរួចមក យើងខ្ញុំទាំងអស់ សូមទទួលកំហុស និងសន្យា ចំពោះមុខលោកនាយក និងក្រុមប្រឹក្សាវិន័យ ទាំងអស់ថា នឹងមិនប្រព្រឹត្តរឿងមិន គប្បីហើយ នឹងមិនធ្វើអ្វីដោយគ្មានការអនុញ្ញាត និងបង្ក បញ្ហាដល់សាលាទៀតទេ។ ហើយសន្យាខំរៀន សូត្រឱ្យពូកែ និងក្លាយជាមនុស្សល្អក្នុងសង្គម”៕