Wednesday, April 24, 2024
Homeបរិយាយមិត្ត​ក្លែង​ក្លាយ​សាហាវ​ជាង​សត្រូវ​ចេញ​មុខ

មិត្ត​ក្លែង​ក្លាយ​សាហាវ​ជាង​សត្រូវ​ចេញ​មុខ

សុភាសិតអង់គ្លេស ១ឃ្លាថា “មិត្តក្លែងក្លាយសាហាវជាងសត្រូវចេញមុខ” (False friends are worse than open ennemies) មានខ្លឹមសារអប់រំល្អណាស់ សម្រាប់ពាណិជ្ជករ ឧស្សាហករ ឬអ្នកនយោបាយ យកទៅអនុវត្ត។ បន្ទាប់ពី លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំង បានបង្ហោះសារក្នុងហ្វេសប៊ុក វាយប្រហាររាជរដ្ឋាភិបាល ថា “រដ្ឋាភិបាលដៃភ្លើង ជើង មាន់” ហើយត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយបកភ្លាមៗនោះ យើងក៏មានទស្សនៈស្របតាមសុភាសិតខាងលើ ពាក់ព័ន្ធ ដល់ “មិត្តនិងសត្រូវ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “មិត្តក្លែងក្លាយ” គឺសំដៅដល់ក្រុមហ៊ុនមួយ អង្គភាពមួយ គណបក្សមួយ ឬគណៈរដ្ឋមន្ត្រីមួយ ដែលទទួល យកមនុស្សចំណូលថ្មី ឱ្យមកធ្វើការជាមួយ។ បើអ្នកចូលថ្មីនោះ ជាមនុស្សស្មោះត្រង់ អត់បញ្ហាទេ ប៉ុន្តែ បើគេចូលដើម្បីរក ល្បិចផ្តួលក្រុមហ៊ុន កម្ទេចអង្គភាពយោធា បំបែកគណបក្ស ឬធ្វើឱ្យគណៈរដ្ឋមន្ត្រីរង្គោះរង្គើនោះ ជារឿងពិបាកការពារបំផុត ដោយសារមិត្តក្លែងក្លាយនោះចេះរក្សាការសម្ងាត់ មិនឱ្យគេចាប់កំហុសបាន។ ឧទាហរណ៍ “ព្រះបាទស្រីសុគន្ធបទ” បានទទួល “ឧកម៉ឺនសុរិន្ទកែវ” ឱ្យចូលធ្វើការបម្រើព្រះអង្គ ខណៈដែលមន្ត្រីយោធាពាក់ស័ក្តិ៣ហ៊ូពាន់រូបនេះ ធ្លាប់នៅបម្រើស្តេចកន។ ឧកម៉ឺនសុរិន្ទកែវ ចេះរក្សាការសម្ងាត់បានល្អណាស់ ដោយចេះដាក់ខ្លួនដាក់កាយបម្រើព្រះបាទស្រីសុគន្ធបទ ដោយស្មោះអស់ ពីដួងចិត្ត ធ្វើឱ្យស្តេចជឿស៊ប់ ទុកព្រះទ័យឱ្យនៅធ្វើការក្នុងព្រះបរមរាជវាំង។ ទីបំផុត ឧកម៉ឺនសុរិន្ទកែវ និងស្មគ្រ័បក្ខពួក បាន ស្រុះដៃគ្នាវាយលុកធ្វើគុតព្រះបាទស្រីសុគន្ធបទ ទាល់តែបាន រួចក៏នាំគ្នាយកជ័យជម្នះនោះទៅថ្វាយស្តេចកន។

ដោយឡែក ពាក្យថា “សត្រូវចេញមុខ” គឺសំដៅដល់គូបដិបក្ខ ឬគូប្រជែងខាងនយោបាយ ឬយោធា ដែលប្រកាសខ្លួន ប្រឆាំង ដូចឃុនហ្លួងព្រះស្តេចកន ដែលប្រឆាំងព្រះបាទស្រីសុគន្ធបទ ក្រោយមកក៏ប្រកាសសង្គ្រាមជាមួយព្រះចន្ទរាជា ដោយ ចេញមុខ។ គូប្រឆាំងចេញមុខបែបនេះ បើភាគីម្ខាងទៀតប្រុងប្រយ័ត្ន គឺមិនអាចនាំគ្រោះថ្នាក់មកឱ្យបានឡើយ។ បើពន្យល់ ឱ្យច្បាស់ ទាហានខ្មែរក្រហម ដែលបាញ់កាំភ្លើងត្បាល់៨២មិល្លីម៉ែត្រ ផ្តក់ដាក់បន្ទាយទាហានរដ្ឋាភិបាល គេអាចស្តាប់ដឹង ក៏ រត់ចូលពួនក្នុងលេណដ្ឋានអស់ មុនគ្រាប់ផ្លោងធ្លាក់ដល់ដី ប៉ុន្តែ បើរនុកក្នុងរបស់ឧទ្ទាមខ្មែរក្រហម លួចបោកគ្រាប់បែកដាក់ បញ្ជាការដ្ឋាន គេចទៅណាក៏មិនរួចដែរ ដែលជាខ្លឹមសារសុភាសិត “មិត្តក្លែងក្លាយសាហាវជាងសត្រូវចេញមុខ” នេះឯង។

នាពេលថ្មីៗនេះ លោកសម រង្ស៊ី មេបក្សប្រឆាំង បានបង្ហោះសារក្នុងហ្វេសប៊ុករិះគន់រដ្ឋាភិបាលយ៉ាងចាស់ដៃ ដូចសំណេរ ថា “រដ្ឋាភិបាលដៃភ្លើង ជើងមាន់…ប៉ះអីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ឱ្យវិនាសហិនហោច ដីក៏ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ។ ប្រទេសជាតិអន្តរាយ រាស្ត្រវេទនា តែពួកគេបានធ្វើមហាសេដ្ឋី”។ បើ ពិចារណាឱ្យស៊ីជម្រៅទៅ លោកសម រង្ស៊ី គឺជា “សត្រូវចេញមុខ” ឬ “គូប្រឆាំងបើកចំហរបស់បក្សកាន់អំណាច” គាត់ប្រឆាំង តែអ៊ីចឹង តាំងពី២០-៣០ឆ្នាំមកហើយ។ គាត់ប្រឆាំងចេញមុខតាំងពីនៅស្រុកបារាំង មិនទាន់មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលកាលនោះ គាត់បានបង្កើតកាសែតប្រឆាំងមួយនៅស្រុកបារាំង។ លុះបានចូលស្រុក ក្រោមទង់គណបក្សហ៊្វុនស៊ុនប៉ិច ក៏បន្តការប្រឆាំងស្របច្បាប់ ជាពិសេស នៅពេលគាត់មានលទ្ធភាពបង្កើតគណបក្សជាតិ ខ្មែរ គណបក្សសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ក៏នៅតែ “ប្រឆាំងខ្លាំង” ហើយត្រូវបានអ្នកគាំទ្របក្សកាន់អំណាចស្អប់ ខ្ពើម ចាត់ទុកគាត់ជា “សត្រូវ” រហូតលែងចង់ឱ្យរស់លើដីខ្មែរ។ បើស្អប់គាត់ ចាត់ទុកគាត់ជាសត្រូវនោះ គឺជាប្រភេទ “សត្រូវ ចេញមុខ” ហើយបើជាសត្រូវចេញមុខបែបនេះ “សាហាវមិនដល់មិត្តក្លែងក្លាយ” នោះទេ។

ករណី “មិត្តក្លែងក្លាយ” និង “សត្រូវចេញមុខ” ត្រូវបានតាៗញៀនកាហ្វេយកទៅជជែកគ្នាទៅតាមទស្សនៈរៀងៗខ្លួន។ តាម្នាក់មាននិន្នាការគាំទ្របក្សកាន់អំណាច បាននិយាយថា “សម រង្ស៊ី តែប៉ុណ្ណឹងទៅហើយ គ្មានអីគួរឱ្យខ្លាចនោះទេ! រឿង គាត់ថា “ដៃភ្លើង ជើងមាន់” នោះ ជារឿងដដែលៗហ្នឹង គាត់ថាអីថាទៅ តែបើចង់ឆ្លើយតបទៅគាត់ ត្រូវឆ្លើយឱ្យចំបញ្ហា ទើបមិនជាប់អន្ទាក់នយោបាយរបស់គាត់”។ តាម្នាក់ទៀតគាំទ្របក្សកាន់អំណាចដែរ និយាយថា “ត្រូវហើយ! សម រង្ស៊ី តែប៉ុណ្ណឹង២០-៣០ឆ្នាំទៅហើយ គាត់ថាអីថាទៅ ព្រោះគាត់ជាគូប្រជែងចេញមុខ មិនគួរខ្លាចទេ តែអ្វីដែលយើងខ្លាច គឺ មិត្តក្លែងក្លាយ ធ្វើការក្នុងបក្សជាមួយគ្នាឯណោះទេ”។ តាម្នាក់ទៀតមាននិន្នាការប្រឆាំង ពោលថា “គ្មានមិត្តក្លែងក្លាយឯណា ធ្វើការក្នុងបក្សកាន់អំណាច នោះទេ មកពីពួកគេចុះចូលដោយសុទ្ធចិត្ត ដើម្បីលុយកាក់ និងបុណ្យស័ក្តិ”។

ក្តាប់បាននូវការសន្ទនានេះ យើងអាចជម្រះទស្សនៈថា អ្នកគាំទ្របក្សកាន់អំណាច មិនបារម្ភពីសកម្មភាពលោកសម រង្ស៊ី នោះទេ ព្រោះគាត់ជាអ្នកនយោបាយប្រឆាំងចេញមុខ តែអ្វីដែលពួកគាត់បារម្ភ គឺមិត្តក្លែងក្លាយឯណោះ។ ចំណែក អ្នកគាំទ្រ បក្សប្រឆាំង ដែលលើកឡើងថា គ្មានមិត្តក្លែងក្លាយធ្វើការក្នុងបក្សកាន់អំណាច ជាមតិផ្ទុយ មានភាពលាក់លៀមមិនចំបញ្ហា។ ទោះយ៉ាងណាក៏ដោយចុះ ឆាកជីវិតមនុស្សក្នុងសង្គម ឬរបត់នយោបាយ ចៀសមិនផុតពី “មិត្តក្លែងក្លាយ សាហាវជាងសត្រូវ ចេញមុខ” សូម្បីប្រទេសមហាអំណាច ក៏មានមិត្តក្លែងក្លាយបង្កប់ខ្លួនដែរ។ អ្នកនយោបាយដែលឆ្លាតបំផុត មិនសូវញញើត នឹងសត្រូវចេញមុខនោះទេ តែគេប្រយ័ត្នសត្រូវខាងក្នុង ឬមិត្តក្លែងក្លាយនេះឯង។ ធម្មតាសត្រូវចេញមុខ តែងចោទប្រកាន់ រដ្ឋាភិបាលជាចំហ មិនលាក់ក្បាលលាក់កន្ទុយនោះទេ ដូច្នេះបើអ្នកនាំពាក្យរាជរដ្ឋាភិបាល ឆ្លើយបកមិនចំបញ្ហា ឬ “អេះមិន ចំរមាស់” អាចធ្វើឱ្យមហាជនមិនអស់មន្ទិលសង្ស័យ។ ដូច្នេះបើលោកសម រង្ស៊ី ចោទថា “រដ្ឋាភិបាលដៃភ្លើង ជើងមាន់” ព្រៃក៏កាប់…បឹងក៏លុប…ខ្សាច់ក៏កាយ ត្រូវតែឆ្លើយឱ្យចំសំណួរ បកស្រាយឱ្យចំបញ្ហាចោទ។

ជាទូទៅ “សត្រូវចេញមុខ” បើផ្លោងគ្រាប់១០៥ដាក់បន្ទាយ ត្រូវទ័ពក្នុងបន្ទាយផ្លោងអា១០៥សងវិញ ឬថា បើគេចោទ ពីរឿងលុបបឹង កាយខ្សាច់ ត្រូវឆ្លើយពីផលប្រយោជន៍នៃការលុបបឹង ដើម្បីអភិវឌ្ឍន៍ជាផ្សារទំនើប បុរី អគារ លើកសោ- ភណភាពរាជធានី ឯរឿងកាយខ្សាច់ ដើម្បីស្តារស្ទឹង ទន្លេ សមុទ្រ ដែលចេះតែរាក់ទៅៗ និងបានចំណូលសួយសារចូលថវិកា ជាតិជាដើម។ សត្រូវចេញមុខ អាចនិយាយជាភាសារាស្ត្រសាមញ្ញថា “មាត់ស៊ីអំបិលប្រហុក” ឬ “មាត់អត់គម្រប” ឃើញអី ថាហ្នឹង តែសម្រាប់មិត្តក្លែងក្លាយ អាចថា “ចិត្តជាទេវទត្ត មាត់ជាទេវតា”។ រវាង មនុស្សទាំង២ប្រភេទនេះ បើមាត់ស៊ីអំបិល ប្រហុកងាយដោះស្រាយទេ តែបើ “មាត់ជាទេវតា” ច្បាស់ជាយ៉ាប់បន្តិច។ សព្វថ្ងៃ យើងសង្កេតឃើញថា បក្សកាន់អំណាច ក៏ដូចរាជរដ្ឋាភិបាល មានអ្នកនាំពាក្យ និងអង្គភាពព័ត៌មានប្រតិកម្មរហ័ស សម្រាប់ទប់លោក សម រង្ស៊ី តែក៏មិនភ្លេចរាយ បណ្តាញចារកម្មចាំទប់ទល់មិត្តក្លែងក្លាយនោះដែរ ដោយហេតុថា មេដឹកនាំបក្សកាន់អំណាច ធ្លាប់មានបទពិសោធន៍ឆ្អែតឆ្អន់ “ចេះប្រយ័ត្នទាំងចំពោះសត្រូវចេញមុខផង និងមិត្តក្លែងក្លាយផង”។

សរុបទៅ “មិត្តក្លែងក្លាយសាហាវជាងសត្រូវចេញមុខ” ជាមរតកសាសន៍ដ៏មានតម្លៃសម្រាប់អ្នកជំនួញធំៗ ក្រែងមាន គេផ្តួលឱ្យក្ស័យធន តាមរយៈមិត្តក្លែងក្លាយជ្រៀតចូលក្នុងក្រុមហ៊ុន។ ឯក្នុងគណបក្ស ក៏ត្រូវប្រយ័ត្នមិត្តក្លែងក្លាយបំបែកបំបាក់ សាមគ្គីផ្ទៃក្នុងតាមមធ្យោបាយសម្ងាត់ ប៉ុន្តែសម្រាប់គូប្រឆាំងចេញមុខ មិនគួរបារម្ភពេកទេ គ្រាន់តែត្រៀមឆ្លើយបកឱ្យចំបញ្ហា បើគេចោទរឿងគោ ស្រាប់តែឆ្លើយពីរឿងក្របីនោះ ច្បាស់ជាចាញ់ប្រៀបគេមិនខាន៕”

ដោយ អាចារ្យថាំ

RELATED ARTICLES