Friday, March 29, 2024
Homeព័ត៌មានជាតិប្រុស​ស្រវឹងទាញដុំ​ថ្ម គប់​ស្រី​រយះ​ក្បាល

ប្រុស​ស្រវឹងទាញដុំ​ថ្ម គប់​ស្រី​រយះ​ក្បាល

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រា ស្រវឹងធ្លាក់ភ្នែកក៏រករឿងឈ្លោះប្រកែកជាមួយ អ្នកជិតខាង លុះ​សមត្ថ​កិច្ចចុះសម្របសម្រួល ត្រូវរ៉ូវគ្នាហើយ មិនព្រមចូលដេក បែរជាទាញ ថ្មម៉ាបគប់ចំស្ត្រីម្នាក់ បណ្តាល​ឱ្យរយះ​ក្បាល រងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្ទះលេខ 12M ផ្លូវលំ ក្រុម៩ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កហេតុឈ្មោះសុំ សង់ ហៅសង្ហា អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ បន្ទប់ជួលលេខ២៧ ភូមិ​កើតហេតុខាងលើ និង មានស្រុកកំណើតនៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកស្ត្រីរង​គ្រោះ មានឈ្មោះឆិល សារុន ហៅបាក់ អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួលក្បែរគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុបាន ផឹកស្រាស្រវឹងជោក រួច​ក៏បានទាស់សម្តីគ្នាជាមួយនឹងអ្នកជិតខាង។ លុះក្រោយពីកើតមាន ទំនាស់ សមត្ថកិច្ចបានចុះសម្របសម្រួល​ភាគី ទាំង២ឱ្យត្រូវរ៉ូវគ្នា តែជនបង្កមិនព្រមចូលដេក នៅតែមួម៉ៅក្តៅចិត្តមិនបាត់ ក៏ស្ទុះទៅទាញថ្ម ម៉ាប១ដុំ គប់​ទៅត្រូវស្ត្រីរងគ្រោះ បណ្តាលឱ្យ បែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន សាច់ញាតិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាលរបួសដោយត្រូវ​ក្រុមគ្រូពេទ្យ ដេរមុខ របួសចំនួន៨ថ្នេរ។

ដោយឡែក ជនបង្កហេតុត្រូវបានសមត្ថ- កិច្ច ចាប់ឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ មុននឹងរៀប ចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សុខ ស៊ីឌី

RELATED ARTICLES