Wednesday, April 24, 2024
Homeព័ត៌មានជាតិអ្នកឧកញ៉ា​ហុង ពីវ ផ្តល់២​លាន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ជា

អ្នកឧកញ៉ា​ហុង ពីវ ផ្តល់២​លាន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ជា

ភ្នំពេញ ៖ អ្នកឧកញ៉ាហុង ពីវ អគ្គនាយក ក្រុមហ៊ុនពិភពថ្មីគ្រុប និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពិភពថ្មី នៅព្រឹកថ្ងៃទី​០៦ ខែមករា ឆ្នាំ២០១៧ បានប្រគល់ថវិកាដ៏សន្ធឹកសន្ធាប់ រហូតដល់២ លានដុល្លារអាមេរិក ជូនផ្ទាល់ដល់លោក​វេជ្ជបណ្ឌិតបេអាត រីចឆ្នឺរ (Beat Richner) ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដើម្បី ជួយទ្រទ្រង់សកម្ម​ភាព​សប្បុរសធម៌របស់មន្ទីរ- ពេទ្យនេះ ក្នុងការសង្គ្រោះដល់ជីវិតកុមារកម្ពុជា។

អ្នកឧកញ៉ាហុង ពីវ បានសរសេរសារខ្លី នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ​២០១៧​ ថា “ខ្ញុំឧកញ៉ា ហុង ពីវ សូមថ្លែងអំណរគុណដល់អតិថិជនទាំង អស់ ដែលតែងតែគាំទ្រពិភពថ្មីគ្រុប និង​អរគុណ ដល់មន្ទីរពេទ្យគន្ធបុប្ជា ក្រោមការដឹកនាំរបស់ Dr. Beat Richner ដែលបានជួយសង្គ្រោះ ជីវិតកុមារ​កម្ពុជា រាប់លាននាក់។

គួររំលឹកថា នេះជាលើកទី២ហើយ ដែល អ្នកឧកញ៉ាហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគ ថវិកាដ៏មហាសាល និងច្រើនជាងគេ នៅក្នុង ប្រទេសកម្ពុជា ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ដោយ លើកទី១ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ អ្នកឧកញ៉ាហុង ពីវ បានបរិច្ចាគប្រាក់ចំនួន១ លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ម្តងរួច មក​ហើយ និងបានសន្យានៅចំពោះមុខលោក វេជ្ជបណ្ឌិត ពតោ ច្រិហនរេ ថា នៅឆ្នាំក្រោយ លោកនឹងផ្តល់ថវិកា​ច្រើន​ជាងឆ្នាំចាស់។ ជាក់ ស្តែងនៅឆ្នាំ២០១៧ នេះ អ្នកឧកញ៉ាហុង ពីវ បានបរិច្ចាគប្រាក់រហូតដល់ទៅចំនួន២ លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ដោយបាន ប្រគល់ផ្ទាល់ដៃជូនលោកវេជ្ជបណ្ឌិតស្ថាបនិក និងជាប្រធាន​មន្ទីរពេទ្យគន្ធបុប្ផា និងអនុប្រធាន កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧។

លោកវេជ្ជបណ្ឌិត ពតោ ច្រិហនរេ បាន បញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ជា មានចំនួន៥ទីតាំង នៅក្នុងនោះ មាន៤ទី​តាំង​នៅក្នុងរាជធានីភ្នំពេញ និង១ទីតាំងនៅក្នុងខេត្តសៀមរាប ហើយក្នុង មួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ជា បាន​ទទួល​ព្យាបាលកុមារ ចាប់ពីចំនួន១៦០០នាក់ ទៅ២០០០ នាក់ ដោយមិនគិតថ្លៃសេវាអ្វីទាំងអស់។

គួរបញ្ជាក់ថា អ្នកឧកញ៉ាហុង ពីវ មិន ត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ប៉ុណ្ណោះទេ តែកន្លងមក លោកបាន​ជួយ​ដល់កិច្ចការមនុស្ស ធម៌ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ទទួលបានកោតសរសើរនិងការគាំទ្រ​យ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នក ឧកញ៉ារូបនេះ។ ជាក់ស្តែង កាលពីខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ លោកបានជួយឧបត្ថម្ភ ថវិកា ចំនួន៣៦ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ បញ្ចាការដ្ឋានកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស។ បន្ទាប់មក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ដដែលនោះ លោកបានបរិច្ឆាគថវិកា​ចំនួន១ លាន២សែន និង៨ម៉ឺនដុល្លារ ដល់កាកបាទ ក្រហមកម្ពុជា។ លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦ លោក​បានជួយឧត្ថម្ភថវិកាចំនួន២២ ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន៣៥៥ខ្នង។ ក្រោយមក នៅអំឡុងខែ កញ្ញា ឆ្នាំ២០១៦ លោកឧកញ៉ាហុង ពីវ បាន ទិញអង្កររហូតដល់៦៣៨០តោន ស្មើនឹងទឹក ប្រាក់​ប្រមាណជាង៣លាន២០ម៉ឺនដុល្លារ នៅ ក្នុងយុទ្ធនាការជួយទិញអង្ករកសិករ ដើម្បីលើក កម្ពស់តម្លៃស្រូវអង្ករ​ខ្មែរ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ និងបុគ្គលិកកម្មករនៅក្នុង ក្រុមហ៊ុនទៀតផង។ បន្តមកនៅថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០១៦ នៅចំថ្ងៃខួបកំណើតបុត្រី ជាទីស្រឡាញ់ឈ្មោះរូប៊ី របស់លោកអ្នកឧកញ៉ា ហុង ពីវ បានចូល​ក្រាប​បង្គំគាល់ព្រះមហាក្សត្រ ថ្វាយតង្វាយថវិកា១០ម៉ឺនដុល្លារ និងអង្ករចំនួន ៦០០តោន តម្លៃជាង៣២ម៉ឺន​ដុល្លារ ថ្វាយ ព្រះមហាក្សត្រក្នុងព្រះរាជកិច្ចព្រះរាជទានចែក ជូនប្រជារាស្ត្រក្រីក្រ។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០១៦ ដដែលនោះ អ្នកឧកញ៉ាហុង ពីវ បានជួយសង្គ្រោះក្មេងស្រីពិការភ្នែកទាំងសងខាងម្នាក់ ដោយបាន​បញ្ជូនទៅព្យាបាលនៅប្រទេស សិង្ហបុរី ដោយចំណាយថវិការាប់សិបម៉ឺនដុល្លារ ព្រមទាំងបានជួយឧបត្ថម្ភ​ថវិការាប់ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថែមទៀតផង។ លុះចូលឆ្នាំសាកល​២០១៧ នេះភ្លាម អ្នកឧកញ៉ាកំពូលសប្បុរសធម៌រូបនេះ បានបរិច្ឆាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ រហូត ដល់ចំនួន​២លានដុល្លារអាមេរិក បន្ថែមទៀត ដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ សង្គ្រោះជីវិត​ស្ត្រី និងកុមារ កម្ពុជា៕

RELATED ARTICLES