Tuesday, April 23, 2024
Homeព័ត៌មានជាតិស្ពាន​បណ្តែត​ទឹក​នៅ​អង្គរ មាន​តាំង​ពី​បុរាណ

ស្ពាន​បណ្តែត​ទឹក​នៅ​អង្គរ មាន​តាំង​ពី​បុរាណ

ខេត្តសៀមរាប ៖ ស្របពេលដែលមានការសាងសង់ស្ពានបណ្តែតទឹក នៅខាងត្បូង ស្ពានហាលនៃប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នក​ទេសច​រឆ្លងកាត់ចូលទៅទស្សនាប្រាសាទអង្គរវត្ត បានធម្មតា ខណៈស្ពានហាលត្រូវធ្វើការ ជួសជុលនោះ អ្នកជំនាញផ្នែកបុរាណវិទ្យា បាន អះអាងថា ស្ពានបណ្តែតទឹកនៅអង្គរ មាន តាំងពីសម័យបុរាណមកម៉្លេះ ដូចមានភ័ស្តុតាង ចម្លាក់នៅតាមប្រាសាទបុរាណនានា ដូចជា ប្រាសាទបាយ័ន (អង្គរធំ) និងប្រាសាទបន្ទាយឆ្មារ ជាដើម។

យោងតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរ អប្សរា បានឱ្យដឹងថា អ្នកស្រាវជ្រាវអាជ្ញាធរ អប្សរា បង្ហាញថាស្ពានអណ្តែតទឹក មានប្រើ តាំង​ពី​សម័យបុរាណមកម៉្លេះ។

សំណង់ស្ពានអណ្តែតទឹក ដែលកំពុងសង់ នៅតំបន់អង្គរក្នុងពេលបច្ចុប្បន្ននេះ ពុំមែនជា លើកដំបូងទេ។ តាមពិតទៅ តាមការស្រាវ​ជ្រាវ ពីអ្នកជំនាញបុរាណវិទ្យា សំណង់ស្ពានស្រាល ឬស្ពានអណ្តែតលើទឹកនេះ មានតាំងពីសម័យ បុរាណមកម៉្លេះ គ្រាន់តែសម្ភារៈ​ដែលយកមក សាងសង់ខុសគ្នាតាមទេសកាលនិងប្រើបច្ចេកទេសមិនទំនើបដូចបច្ចុប្បន្នតែប៉ុណ្ណោះ។

វត្តមានស្ពានអណ្តែតទឹកនៅក្នុងកសិណ ខាងលិចអង្គរវត្ត បានទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាច្រើន។ តើជាការចៃដន្យ​ដែរ ឬទេ ដែលស្ពានអណ្តែតទឹកនេះ ត្រូវបានស្ថាបនា នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ដែលអ្វីៗ ទាមទារឱ្យមានការសិក្សាយ៉ាង​ច្បាស់លាស់ និងមិនប៉ះពាល់ដល់ទេសភាពវប្បធម៌?

ទម្រាំបានសាងសង់ស្ពានអណ្តែតទឹកនៅ កសិណអង្គរ គឺមានការឆ្លងយោបល់ និងជជែក គ្នាយ៉ាងយូរពីអ្នកបច្ចេកទេសជាតិ និងអន្តរ​ជាតិ។ ដោយយោងលើបុព្វហេតុដែលសម័យ អង្គរ ធ្លាប់សង់ស្ពានអណ្តែតទឹកនេះដែរ ទើប គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានគាំទ្រឱ្យមានការសង់ស្ពានអណ្តែតទឹកនេះ ឡើង។

សូមរម្លឹកថា ស្ពានអណ្តែតទឹកនៅប្រាសាទ អង្គរវត្ត ត្រូវបានស្ថាបនាឡើង ក្នុងបំណងដើម្បី បញ្ចៀសចរាចរណ៍នៅលើស្ពានហាល ដែល គ្រោងបិទចរាចរណ៍មួយរយៈ ដើម្បីធ្វើការ ជួសជុល។ តាមគម្រោងស្ពានហាលនឹងធ្វើការ ជួសជុលរយៈពេល៤ឆ្នាំតទៅមុខ។

លោកអ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ បានលើកឡើងថា តាមរយៈ ផ្ទាំង​គំនូរនៅប្រាសាទបន្ទាយឆ្មារ និងបាយ័ន ដែលបានបង្ហាញពីវត្តមានយ៉ាងច្បាស់ពីស្ពាន អណ្តែតទឹក។ តាមរូបចម្លាក់នោះ បង្ហាញ​ថា ស្ពាននោះសង់ពីដើមឫស្សីចងភ្ជាប់គ្នាជាបាច់ៗ ហើយក្រងប្រទាក់គ្នាជាជួរចងភ្ជាប់ជាមួយ ខ្សែពួរពីលើ និងពីខាងក្រោម រាយទទឹង​ទន្លេ ហើយប្រហែលមានក្រាលក្តារ ឬបន្ទះឫស្សីពីលើ ដែលអាចធ្វើចរាចរណ៍ពីលើបានងាយស្រួល។

តាមចម្លាក់នោះទៀតសោត លោកអ៊ឹម សុខរិទ្ធី ពន្យល់ទៀតថា ស្ពានប្រភេទនេះ ប្រើ ដើម្បីចម្លងដំណើរឆ្លងកាត់របស់ទ័ពខ្មែរ ដែល យើង​ឃើញមានដំរី២ក្បាល និងទ័ពមួយក្រុម កំពុងចរាចរពីលើហើយនៅក្នុងទឹកមានហ្វូង មច្ឆាតូចធំ ក្រពើនិងសត្វទឹកមួយចំនួនទៀត ព្រមទាំងព្រៃឈើលិចទឹកតាមមាត់ច្រាំងផង ដែលតាមរយៈរូបភាពនេះ បញ្ជាក់ថា ផ្លូវទឹក ដែលសង់ស្ពានអណ្តែតទឹកនោះ មានទទឹងធំ ប្រហែលមានប្រវែងអាចនឹងវែងជាង១០០ ម៉ែត្រ។ចំណែកទម្ងន់ដែលផ្ទុកវិញ តាមរយៈ រូបភាពនៃផ្ទាំងចម្លាក់នោះ យើងអាចគិតតាម ទម្ងន់របស់ដំរី ដែលមួយក្បាល មានទម្ងន់ពី៧ ទៅ១៥តោន ព្រមទាំងទ័ពមួយក្រុមទៀតនោះ យើងប៉ាន់ស្មានបានថា ស្ពានអណ្តែតទឹក អាច ទ្រទម្ងន់ប្រហែលពី២០តោន ទៅ៣០តោន។

តើផ្លូវទឹកនោះនៅឯណា? ត្រង់នេះយើង មិនទាន់អាចកំណត់ទីតាំងច្បាស់នៅទ្បើយថា តើរូបភាពជាក់ស្តែងនៅលើជញ្ជាំងប្រាសាទ បន្ទាយឆ្មារ និងបាយ័ន នៅកន្លែងណានៅទ្បើយ? អ្នកស្រាវជ្រាវបានឃើញមានទីតាំងខ្លះ ដែល ផ្លូវបុរាណកាត់ទទឹងនឹងផ្លូវទឹកមួយ​ចំនួន ពុំមាន ស្លាកស្នាមស្ពានថ្ម មានស្ទឹងធំៗ និងទន្លេមេគង្គ ជាដើម។

តាមប្រវត្តិនៃការសង់ស្ពានអណ្តែតនៅ សម័យបុរាណ លោកអ៊ឹម សុខរិទ្ធី បានពន្យល់ ថា ស្ពានប្រភេទនេះ ជាធម្មតាមានមុនកំណើត មុន​ស្ពានថ្ម។ តាមការសិក្សាស្រាវជ្រាវ ជាង១០ ឆ្នាំមកនេះ បានប្រទះឃើញមានស្ពានថ្ម ដែល សាងអំពីថ្មភក់ ថ្មបាយក្រៀម ឬសាងរួម​គ្នារវាង ថ្មបាយក្រៀម និងថ្មភក់ ចំនួនជាង១០០។ ស្ពានថ្ម ដែលចាស់ជាងគេបានសាងទ្បើងយ៉ាងហោចណាស់ចាប់ពីសតវត្សរ៍ទី១០​មក។ រីឯស្ពានថ្ម បុរាណដែលបានសាងទ្បើងចុងក្រោយគេនៅ អង្គរ បានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី១៧។ ទិន្នន័យនេះមានន័យ​ថា ទោះជាអារ្យធម៌អង្គរ បានធ្លាក់ចុះហើយក៏ដោយ ក៏ការស្ថាបនាស្ពានថ្ម នៅតែមានមនុស្សមានចំណេះ និងមានលទ្ធភាពកសាង​បន្ត៕​ ខៀវទុំ

RELATED ARTICLES