Saturday, April 20, 2024
Homeព័ត៌មានជាតិជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវរថយន្តបើកបុក សន្លប់ស្តូកស្តឹង

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវរថយន្តបើកបុក សន្លប់ស្តូកស្តឹង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធូដេមួយគ្រឿងបញ្ច្រាសទិសដៅចរាចរណ៍ បម្រុងបត់ឆ្វេងឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀត បើកបរមកបុកបណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្ត។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខក្រុមហ៊ុនលក់រថយន្ត TOYOTA តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាក FORLAND ពណ៌ស ជារថយន្តកូរ៉េពីរតោន ដឹកនំបុ័ងរបស់ក្រុមហ៊ុន PROFESSIONAL ពាក់ស្លាកលេខភ្នំពេញ ៣C-៧៨៨០ ដែលទើបតែដឹកនំបុ័ងចេញមកពីម្តុំបឹងកេងកង ហើយបំណងបើកយកទៅដាក់នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកធូដេ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត់ ១J-៨៨១១ បើកមកបញ្ច្រាសទិសដៅចរាចរណ៍បម្រុងបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តពេញទំហឹង បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោយរថយន្ត ចំណែកឯអ្នកបើកបរម៉ូតូរងរបួសសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES