Friday, April 19, 2024
Homeព័ត៌មានជាតិបុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបាក់១ដើម សមត្ថកិច្ចលាក់ឈ្មោះជនបង្ក

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបាក់១ដើម សមត្ថកិច្ចលាក់ឈ្មោះជនបង្ក

ភ្នំពេញ ៖ បុរស​ម្នាក់បានបើករថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ ក្នុង​ស្ថានភាពស្រវឹង​ បានរេចង្កូតជ្រុល​ទៅ​បុក​​បង្គោល​ភ្លើង​ បណ្តាល​ឲ្យ​បាក់អស់​មួយដើម​ ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការខូចខាត​យ៉ាងដំណំ​ តែសំណាង​ល្អមិនមានគ្រោះថ្នាក់ដល់​អ្នក​បើកបរនោះទេ​​ ហេតុការណ៍នេះ​កើតឡើង​នៅ​វេលាម៉ោង​១និង៣០នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ទល់មុខ​ផ្ទះ​សំណាក់​ទន្លេ​មាស​ ផ្លូវ​៣៦៩​ ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រែកប្រា​ ខណ្ឌច្បារអំពៅ​។

​តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​ម្នាក់​វ័​យ៣០ឆ្នាំ​ មិនដឹងថាចេញ​ពី​កម្មវិធី​នៅ​កន្លែង​ណានោះទេ​ គឺបាន​បើក​រថយន្ដ​ស៊េរីទំនើប​ ម៉ាក​ Mercedez​ S500 ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AA-0988 ​ធ្វើដំណើរតាមផ្លូវ​៣៦៩​ ក្នុងទិសដៅ​ពី​ត្បូងទៅជើង​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹង​ផងនោះ​ ខណៈមកដល់​ចំណុចកើតហេតុ​ ស្រាប់​តែ​រថយន្ត​បាន​រេចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ ជ្រុលទៅបុក​បង្គោល​ភ្លើង​បេតុង​ បណ្តាល​ឲ្យបាក់អស់​មួយដើម​ និង​ខូចខាត​ប្រអប់​ភ្លើង​អស់​១ផងដែរ​  ។ ដោយឡែក​រថយន្ត​វិញរងការ​ខូចខាត​ ក្រពិត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ កៀប​ជាប់​​បង្គោល​ភ្លើង​ ព្រមទាំង​ផ្ទុះ​ពោង​សុវត្តិភាព​ទាំងពី​រ​ទៀត​ផង​។ ចំណែក​អ្នក​បើក​បរ​រថយន្ត​អត់​មានរង​របួស​នោះទេ​ ហើយ​ភ្លាមនោះ​ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ព្រែកប្រា​។

ក្នុង​ហេតុការណ៍​នេះដែរ​ សមត្ថកិច្ច​ជំនាញចរាចរណ៍​ខណ្ឌច្បារអំពៅ​ បានលាក់​លៀម​ឈ្មោះ​ អ្នកបើក​បរ​រថយន្ត​បង្ក​ ដែលអ្នកឃើញហេតុការណ៍នេះ សង្ស័យ​សមត្ថកិច្ចទទួលបាន​សំណូក​ពី​អ្នក​បើក​បរ​រថយន្ត​នោះ​ហើយ​មើល​ទៅ​ បាន​ជាអ្នក​ព័ត៌មាន​​ទៅ​សួរនាំ បែរជាមិន​ហ៊ានប្រាប់​។

​​ក្រោយ​ពេល​កើតហេតុ​  រថយន្ត​បង្ក​​ ព្រមទាំង​អ្នក​បើក​បរ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញរាជធានី​បានមក​ស្ទូច​យក​ទៅរក្សាទុក​កា​រិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ ៕

RELATED ARTICLES