ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់អស់មួយដើម ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ទល់មុខផ្ទះសំណាក់ទន្លេមាស ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យ៣០ឆ្នាំ មិនដឹងថាចេញពីកម្មវិធីនៅកន្លែងណានោះទេ គឺបានបើករថយន្ដស៊េរីទំនើប ម៉ាក Mercedez S500 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-0988 ធ្វើដំណើរតាមផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបេតុង បណ្តាលឲ្យបាក់អស់មួយដើម និងខូចខាតប្រអប់ភ្លើងអស់១ផងដែរ ។ ដោយឡែករថយន្តវិញរងការខូចខាត ក្រពិតផ្នែកខាងមុខយ៉ាងដំណំ កៀបជាប់បង្គោលភ្លើង ព្រមទាំងផ្ទុះពោងសុវត្តិភាពទាំងពីរទៀតផង។ ចំណែកអ្នកបើកបររថយន្តអត់មានរងរបួសនោះទេ ហើយភ្លាមនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលព្រែកប្រា។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានលាក់លៀមឈ្មោះ អ្នកបើកបររថយន្តបង្ក ដែលអ្នកឃើញហេតុការណ៍នេះ សង្ស័យសមត្ថកិច្ចទទួលបានសំណូកពីអ្នកបើកបររថយន្តនោះហើយមើលទៅ បានជាអ្នកព័ត៌មានទៅសួរនាំ បែរជាមិនហ៊ានប្រាប់។
ក្រោយពេលកើតហេតុ រថយន្តបង្ក ព្រមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញរាជធានីបានមកស្ទូចយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕