ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា

ពាក្យស្លោកបុរាណខ្មែរមួយថា “ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” មានខ្លឹមសារផ្តោតជាសំខាន់ទៅលើប្រភពព័ត៌មាន អ្វីដែលមិនច្បាស់លាស់ លាក់ក្បាលលាក់កន្ទុយ ស្រាប់តែនាំគ្នាជឿតាមផ្អើលទាំងប្រទេសនោះ មិនខុសពី “ប្រភពទឹកល្អក់ បង្កើតទឹកល្អក់” នោះទេ។ ករណីមានទំព័រហ្វេសប៊ុកមួយចំនួន លាក់ក្បាលលាក់កន្ទុយ មិនស្គាល់ឈ្មោះម្ចាស់គណនី ឬប្រើរហស្សនាមបញ្ឆិតបញ្ឆៀង អាចធ្វើឱ្យសង្គមច្របូកច្របល់ បែកបាក់សាមគ្គីគ្នា ដែល “នគរធំ” សូមលើកពាក្យស្លោកខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” បើពោលតាមអត្ថានុរូបឬន័យត្រង់ សំដៅដល់ “សីសប្រភព” ឬក្បាលប្រភពទឹកហូរចេញពីលើភ្នំ។ ដូចទន្លេមេគង្គ ជាដើម មានសីសប្រភពចេញពីតំបន់ភ្នំទីបេត៍ ប្រទេសចិន ជាប់ប្រជុំភ្នំហិមពាន្ត បានទទួលទឹកភ្លៀងគ្រប់គ្រាន់ ក៏ហូរតាមក្រហែងថ្ម ធ្លាក់ទៅក្នុងអាងធំៗ រួចហូរបន្តធ្លាក់ទៅជ្រលង បុកទៅទន្លេ មានប្រវែងជាង ៥០០០គីឡូម៉ែត្រ។ ពេលវាហូរពីតំបន់ភ្នំ ដោយសារទឹកនោះថ្លា ក៏បង្កើតទឹកជ្រោះថ្លាឈ្វេង ប៉ុន្តែ ពេលវាហូរឆ្លងកាត់ច្រើន ប្រទេស នៅរដូវវស្សា ទៅលាយឡំនឹងភក់ល្បាប់ផងនោះ ទឹកទន្លេមេគង្គក៏ក្លាយជាទឹកល្អក់។ លុះដល់រដូវប្រាំង ទើបទឹក ទន្លេថ្លាវិញ ហើយចំពោះទឹកជ្រោះនៅតាមតំបន់ភ្នំមួយចំនួន ដូចជាទឹកជ្រោះភ្នំគូលែន ថ្មរូង ទឹកឈូ ជាដើម ដោយសារ គ្មានភក់ល្បាប់លាយឡំជាមួយ ទើបទឹកជ្រោះឆ្វង់ មើលឃើញដីគួរជាទីមនោរម្យ។

យ៉ាងណាមិញ បើពោលតាមអត្ថប្បដិរូប ឬន័យធៀប គណនីហ្វេសប៊ុកមួយចំនួនដែលប្រើរហស្សនាម មិនបង្ហាញប្រភព ឱ្យច្បាស់លាស់នោះ ពុំមែនជា “ប្រភពទឹកបរិសុទ្ធ” នោះទេ តែវាជា “ប្រភពទឹកល្អក់” នាំមកនូវភាពច្របូកច្របល់ មន្ទិល សង្ស័យ ធ្វើឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គីគ្នា។ ករណីហ្វេសប៊ុក “កូនខ្មែរ” និង “រឿងពិត CNRP” ដែលរកប្រភពច្បាស់លាស់មិនឃើញនោះ បានធ្វើឱ្យបក្សកាន់អំណាច និងបក្សប្រឆាំង មានអរិភាពជាមួយគ្នា ដូចឃើញកន្លងមក ដោយសារ តែហ្វេសប៊ុក “រឿងពិត CNRP” លាតត្រដាងការឆ្លើយឆ្លងតាមទូរស័ព្ទ រវាងលោកកឹម សុខា និងស្រីមុំ បានធ្វើឱ្យមេបក្ស ប្រឆាំងរូបនេះវ័ណ្ឌក បង្ខាំងខ្លួនឯងនៅតែក្នុងទីស្នាក់ការគណបក្ស ប្រឈមនឹងការប្តឹងផ្តល់ ប៉ុន្តែ ទីបំផុតលោកកឹម សុខា បានរួចខ្លួនពីការចោទប្រកាន់ ដោយសារព្រះមហាក្សត្រ ប្រោសព្រះរាជទានការលើកលែងទោស តាមការទូលថ្វាយស្នើ សុំពីនាយករដ្ឋមន្ត្រី។

ឥឡូវមានហ្វេសប៊ុក “កូនខ្មែរ” មិនដឹងចេញពីប្រភពណាទេ បានសរសេរភ្ជាប់គណបក្សសង្គ្រោះជាតិ ជាមួយ “ក្រុម ជ្រុលនិយមតៃវ៉ាន់” បន្ទាប់ពីហ្វេសប៊ុកមួយនេះ បរិហារបក្សប្រឆាំង មានទំនាក់ទំនងជាមួយក្រុមចោរកម្ម CIA។ បន្ទាប់ពី ហ្វេសប៊ុកនេះចេញផ្សាយ ក៏ស្រាប់តែក្រសួងមហាផ្ទៃ ចាត់ឱ្យអគ្គស្នងការប៉ូលិសជាតិ ស៊ើបអង្កេតរឿងលុយកាក់ ឬប្រភព ថវិការបស់គណបក្សសង្គ្រោះជាតិ ដោយសង្ស័យមានអង្គការអន្តរជាតិផ្តល់ឱ្យ ខុសពីច្បាប់ស្តីពី “គណបក្សនយោបាយ”

យ៉ាងណាក៏ដោយដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពសង្គម “នគរធំ” ចង់ឱ្យហ្វេសប៊ុកទាំងឡាយ ដាក់ប្រភពឱ្យច្បាស់លាស់ ព្រោះការមិនបង្ហាញប្រភពច្បាស់លាស់ ផ្តល់ផលវិបាកមិនល្មមទេ ដូចរឿង “ក្អែក១ជាក្អែក១០” ដែលតំណាលពីបុរសម្នាក់ រកឃើញកំណប់មាស១រទេះ ក្នុងទឹកបឹង ចង់ដឹកទៅផ្ទះឱ្យបានសុខ ក៏ទៅពិសោធចិត្តប្រពន្ធថា នៅពេលខ្លួនបន្ទោបង់លាមក ស្រាប់តែមានក្អែក១ ហើរចេញពីគូទ។ បុរសនោះហាមប្រពន្ធកុំប្រាប់អ្នកណាឱ្យសោះ ស្រាប់តែប្រពន្ធលាក់មិនជិត ក៏ទៅប្រាប់ម្តាយថា មានក្អែក២ ហើរចេញពីគូទប្តីនាង។ ឯម្តាយនោះ ក៏ទៅប្រាប់ញាតិឯទៀត ដោយមិនប្រាប់ប្រភពថា មាន បុរសម្នាក់ជុះអាចម៍ចេញក្អែក៣ពីគូទ។ ញាតិនោះក៏ប្រាប់តៗគ្នាមិនស្គាល់ប្រភពក្លាយទៅជា ក្អែក១០ លេចឮទៅដល់ព្រះមហាក្សត្រ ក៏ឱ្យស្រាវជ្រាវរកការពិត ទើបដឹងពីរឿងប្តីមិនទុកចិត្តប្រពន្ធ ព្រោះខ្លួនរកឃើញកំណប់ ក៏ចេញក្បួនភរ…។

ដោយឡែកលោកប៊ុណ្ណ ច័ន្ទម៉ុល អតីតអ្នកនយោបាយប្រឆាំងបារាំង និងធ្លាប់ជាប់គុកកោះត្រឡាច នៅពេលលោក ចូលបម្រើក្នុងរបបលោកសេនាប្រមុខលន់ នល់ បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” ត្រង់ចំណុច “បើមិនច្បាស់ កុំ អះអាង” ដោយលោកសរសេរជាអាទិ៍ថា “បងប្អូនយើងខ្លះចូលចិត្តនិយាយការអ្វីដែលខ្លួនបានដឹងតែ៥ទេ តែនិយាយធ្វើចេះ ដឹងពិតរហូតដល់១០ ឬ១៥ឯណោះ គួរឱ្យស្តាយណាស់ ព្រោះនាំឱ្យខុសព័ត៌មានពិតអស់រលីង”។ លោកសរសេរបន្តទៀតថា “អ្នកខ្លះមិនដឹងស្ថានការណ៍ច្បាស់ទេ តែនិយាយដូចជាច្បាស់ណាស់អ៊ីចឹង ដូចកាលវាយគ្នានៅដីឥដ្ឋមានខ្លះនិយាយថា ពួក រំដោះចូលដល់កៀនស្វាយហើយ ខ្ញុំបានបើករថយន្តទៅមើលដល់ទីកន្លែង ពុំឃើញដូចជាពាក្យអស់លោកនោះនិយាយទេ ខ្ញុំ ត្រឡប់មកវិញ សួរអស់លោកនោះទៅ លោកនោះឆ្លើយមកខ្ញុំវិញថា ទេ! ខ្ញុំឮគេថាច្បាស់ណាស់ថា ពួករំដោះចូលដល់ កៀនស្វាយ ឥឡូវបើមិនពិតទេ ខ្ញុំក៏មិនដឹងដែរ ឆ្កុយអ៊ីចឹងទៅ!”

ការលើកឡើងពីអក្សរសិល្ប៍រឿង “ក្អែក១ ជាក្អែក១០” ក៏ដូចសំណេរលោកប៊ុណ្ណ ច័ន្ទម៉ុល សុទ្ធតែបង្ហាញថា បានត្រឹម ធ្វើឱ្យមនុស្សម្នាផ្អើលជ្រួលច្របល់ ព្រោះតែព័ត៌មានអត់ប្រភពច្បាស់លាស់ ឬ “ឮគេថា” ស្រាប់តែអ្នកស្តាប់កាឡៃថែមថយ យកជាការពិតតែម្តង។ យ៉ាងណាមិញ ទំព័រហ្វេសប៊ុក វាយប្រហារបក្សកាន់អំណាច ដែលរកប្រភពមិនច្បាស់ ដូចអ្នកខ្លះហ៊ាន ជេរសម្តេចនាយករដ្ឋមន្ត្រី លុះសមត្ថកិច្ចស៊ើបអង្កេតរកឃើញ បានត្រឹមម្ចាស់គណនីនោះជាប់គុកច្រវាក់។

សរុបទៅ “ប្រភពទឹកបរិសុទ្ធ បង្កើតទឹកជ្រោះថ្លា” គឺមានន័យយ៉ាងនេះឯង សំដៅដល់ប្រភពអ្វីដែលមិនច្បាស់លាស់ ធ្វើឱ្យព័ត៌មាននោះជាប់មន្ទិលសង្ស័យ មិនខុសពីទឹកល្អក់។ ករណីហ្វេសប៊ុកដឹងជាងសមត្ថកិច្ច មិនសូវមានការចាប់អារម្មណ៍ ពីមហាជនទេ ព្រោះមានអ្នកមិនជឿច្រើនជាង ប៉ុន្តែ បើផ្សព្វផ្សាយព័ត៌មានដូចកាសែតនានា ទើបគេជឿ ព្រោះកាសែត ផ្សព្វផ្សាយព័ត៌មានតាមពីក្រោយក្រសួងមានសមត្ថកិច្ច លុះត្រាតែកើតហេតុពិតទើបចុះផ្សាយ។ ហេតុនេះ ដើម្បីឱ្យ “ទឹកជ្រោះថ្លា” គួរតែម្ចាស់គណនីហ្វេសប៊ុក ដែលសរសេររឿងអ្វីពាក់ព័ន្ធនយោបាយ ប្រាប់ប្រភពឱ្យច្បាស់លាស់ ជាជាងលាក់ ក្បាលលាក់កន្ទុយ នាំឱ្យមានមន្ទិលសង្ស័យថា ជារឿងប្រឌិត៕

ដោយ អាចារ្យថាំ