Wednesday, December 11, 2024
Homeបរិយាយអត្ថិភាព៤៤ឆ្នាំ

អត្ថិភាព៤៤ឆ្នាំ

ដោយ អាចារ្យថាំ

បើគិតពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩ មកដល់ពេលនេះ មានរយៈពេលជាង ៤៤ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជា (CPP) បានដឹកនាំប្រទេសឱ្យមានការរីកចម្រើន ឈានពីកម្រិតបាតដៃទទេ ទៅជាមានអ្វីៗទាំងអស់។ អតីតកាល ៤៤ឆ្នាំ ជាពិសេសក្នុងរបបប៉ុល ពត មិនគួរលើកយកមកប្រៀបធៀបឬឃោសនាទៀតទេ ព្រោះបច្ចុប្បន្ន និងអតីតកាល វាខុសឆ្ងាយ ពីគ្នា ដូចមេឃនិងដី គួរតែនិយាយពីអនាគតវិញ តើរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកហ៊ុន ម៉ាណែត មានកាតព្វកិច្ចអ្វី ឱ្យ កាន់តែរីកចម្រើនជាងសព្វថ្ងៃ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “អត្ថិភាព៤៤ឆ្នាំ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

“អត្ថិភាព” ជាភាសាបាលី មានន័យថា “មាន, ភាពនៃអ្វីដែលមាន” ផ្ទុយពី “នត្ថិភាព” ដែលមានន័យថា អត់ឬគ្មាន។ “អត្ថិភាព៤៤ឆ្នាំ” មានន័យថា អ្វីដែលយើងមាន ឬកម្ពុជា កសាងបាន បន្ទាប់ពីរបបប៉ុល ពត ដួលរលំទៅនោះ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគាររដ្ឋាភិបាល ភូមិគ្រឹះ វីឡា ប្រែប្រួលក្លាយឃ្លាតចេញពីខ្ទមស្លឹកជាដើម។

គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំប្រទេស ឬអាចនិយាយបានថា បើគិតពី ឆ្នាំ១៩៧៩ សម្តេច នៅជារដ្ឋមន្ត្រីក្រសួងការបរទេស និងគិតពីឆ្នាំ១៩៨៥ ដែលសម្តេច ឡើងជានាយករដ្ឋមន្ត្រី មកដល់បច្ចុប្បន្ន ឃើញថា សម្រស់មាតុភូមិកម្ពុជា ប្រែប្រួលខ្លាំងណាស់ សូម្បីអាណិកជនខ្មែរ ដែលភៀសខ្លួនពីសង្គ្រាម ចេញទៅរស់នៅបរទេស រាប់សិបឆ្នាំ លុះពួកគាត់បានមកលេងមាតុភូមិ ក៏វង្វេងវង្វាន់ រកវិមានឯករាជ្យ និងព្រះបរមរាជវាំង មិនឃើញ។ សូម្បីតែ ទីប្រជុំជនស្រុកកំណើតគាត់ពីមុន ត្រូវពួកខ្មែរក្រហម ដុតចោលឱ្យក្លាយជាគំនរផេះ កម្ទេចឥដ្ឋថ្ម ឥឡូវក្លាយទៅជាអគារ រដ្ឋបាល ផ្ទះថ្ម ផ្ទះល្វែងសង់ប្រជ្រៀតគ្នា ក៏ដូចផ្សារផ្សោបែបទំនើប មើលលែងយល់។

នេះជា “អត្ថិភាព៤៤ឆ្នាំ” ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមន្ត្រី CPP ចាស់ទុំ យកអតីតកាល ទៅឃោសនា ឬនិយាយស្តី មិនខុសទេ ព្រោះគាត់ធ្លាប់ឆ្លងកាត់ទុក្ខសោកវេទនា តាំងពីចូលធ្វើការបើករបបអង្ករ ប្រេងកាត ម្សៅពោត ក្រណាត់ សាប៊ូ៘ ផ្ទុយទៅវិញ បើមន្ត្រី CPP ក្មេងៗ កើតក្រោយឆ្នាំ១៩៧៩ មិនដែលឆ្លងកាត់របបប៉ុល ពត ផងនោះ ចេញទៅឃោសនារកសំឡេងឆ្នោត ស្រាប់តែគាត់យក “អត្ថិភាព៤៤ឆ្នាំ” មកអួតនោះ អត់សមទាល់តែសោះ ព្រោះមនុស្សមិនធ្លាប់ឆ្លងកាត់ ទោះបីជាបានឮឪពុកម្តាយ ជីដូនជីតាប្រាប់ ក៏មិនច្បាស់លាស់ដូចឃើញនឹងភ្នែកខ្លួនឯង។

នៅតែប៉ុន្មានថ្ងៃទៀត រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកហ៊ុន ម៉ាណែត នឹងចូលមកកាន់អំណាចហើយ ដោយមាន រដ្ឋមន្ត្រីក្មេងៗ ជាកូនរបស់ចាស់ទុំ CPP ស្ទើរតែទាំងអស់។ គណៈរដ្ឋមន្ត្រីថ្មីនេះ ត្រូវគិតចាប់ពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៣ តទៅ ប៉ុន្តែបើសិនជាគាត់លើកពី “អត្ថិភាព៤៤ឆ្នាំ” ដូចមន្ត្រីចាស់ៗនោះ គេសើចងាប់ហើយ។

មានមន្ត្រី CPP ម្នាក់អាយុជាង៣០ឆ្នាំ និយាយយ៉ាងសឿងបឿងថា “ទោះបីជាសហភាពអឺរ៉ុប កាត់ EBA ១០០ភាគរយ ក៏កម្ពុជា នៅតែខ្លាំង មិនអាចស៊ីបបររាវកក្លូក លាយក្តួច លាយដំឡូង ដូចរបបប៉ុល ពត”។

បើពិចារណាពាក្យនេះ គាត់ថាមិនខុសទេ ព្រោះរបបប៉ុល ពត ពិតជាចែកបបររាវកក្លូក សម្លព្រលិតព្រឹកល្ងាច ប្រាកដ មែន ប៉ុន្តែនិយាយ “ខុសកាលអាកាស” មិនត្រូវប្រធានបទ។

រាជរដ្ឋាភិបាលថ្មី ទាល់តែអ្វីៗថ្មីទាំងអស់ ទោះបីជា “ស៊ីកេរឪពុក” ក៏គួរតែរកគន្លឹះយ៉ាងណា ឱ្យខ្លាំងជាងសព្វថ្ងៃទៀត ទើបសម។ សូម្បីតែ “ប្រាសាទព្រះវិហារ” កសាង៣រជ្ជកាលស្តេច ទើបរួចរាល់ ប៉ុន្តែប្រវត្តិវិទូ ផ្តល់តម្លៃទៅលើព្រះមហាក្សត្រ ក្រោយគេ ដែលកសាងបង្ហើយប្រាសាទលើភ្នំនោះ។ ប្រាសាទអង្គរវត្ត ក៏យ៉ាងនេះដែរ មានស្តេចទី១ ចាប់ផ្តើមកសាង ប៉ុន្តែ ល្បីល្បាញឯ “ព្រះបាទសូរ្យវរ្ម័នទី២” ជាអ្នកកសាងបង្ហើយឯណោះ។ ប្រវត្តិវិទូ ទាំងខ្មែរនិងបារាំង អត់បានលើកពីព្រះមហាក្សត្រត្រួសត្រាយផ្លូវវាស់វែងផ្ទៃដីជាដំបូងនោះទេ ដោយលើកសរសើរតែព្រះមហាក្សត្រណាដែលបានយាងសម្ពោធ។

ដូច្នេះ “អត្ថិភាព៤៤ឆ្នាំ” ជាសមិទ្ធផលរបស់រាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែអ្នកប្រវត្តិសាស្ត្រ ចារទុកក្នុងក្រាំងសាវតារ។ ចាប់ពីថ្ងៃ២២ សីហា ឆ្នាំ២០២៣ នេះទៅ បើមានសមិទ្ធផលអ្វីកើតឡើង ត្រូវតែចារទុកពីស្នាដៃ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បើសមិទ្ធផល “តភ្ជាប់អាណត្តិ” ដូចគម្រោងជីកព្រែក “ហ្វូណន់តេជោ” ពីទន្លេបាសាក់ ទៅ ខេត្តកែប ទើបអាចចុះឈ្មោះអ្នកត្រួសត្រាយ និងអ្នកកសាងបង្ហើយ។

សម្រាប់មន្ត្រី CPP ក្មេងៗ ដែលភាគច្រើន ជាបណ្ឌិតនោះ គួរព្យាយាមបង្កើតស្នាដៃថ្មី កុំឱ្យចាញ់ឪពុក ឬចាស់ទុំ នយោបាយ តែបើហាឡើងអួតពី “អត្ថិភាព៤៤ឆ្នាំ” នោះ មានន័យថា ជា “ជំហានគីង្គក់”។

ឧបមាថា សហភាពអឺរ៉ុប ក្តៅក្រហាយ កើតទុក្ខមិនសុខចិត្តនឹងការបោះឆ្នោត ក៏ដូចស្តាប់តាមពួកប្រឆាំង សម្រេចកាត់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា នោះមន្ត្រី CPP ក្មេងៗ ដែលជាអ្នក “ទទួលថ្មបាក់” មិនគួរយករឿង “សម័យ ប៉ុល ពត ហុតបបររាវកក្លូក ម៉េចរស់កើត?” មកនិយាយទៀតទេ ព្រោះវាខុសកាលអាកាស គួរតែរកគន្លឹះនយោបាយយ៉ាងណា ទប់ទល់ស្ថានការណ៍ ដូចជា “អូសទាញវិនិយោគិនមករកស៊ីនៅកម្ពុជា, ជួយរកទីផ្សារជូនប្រជាកសិករ, ជួយរកការងារជូន យុវជន៘ ទើបមានឈ្មោះថា ចេះដោះស្រាយទម្លុះភាពទាល់ច្រក។ បើដោះស្រាយបញ្ហាមិនចេញ ទុកឱ្យប្រជាពលរដ្ឋ “រស់ទីពឹងខ្លួន” ឬទុកឱ្យកម្មករកម្មការិនី បាត់បង់ការងារ ធ្វើចំណាកស្រុក ទោះជាពួកគាត់មិនដល់ថ្នាក់ហុតបបររាវកក្លូក ក៏មានវិបត្តិផ្លូវចិត្តធ្ងន់ណាស់ ជាពិសេស “វិបត្តិបំណុលធនាគារ”។ ជួនកាលពេលទីទ័លក្រ ដល់រកអ្វីមិនបាន ឯមន្ត្រីពាក់ព័ន្ធ មិនជួយដោះស្រាយ តែអាងប្រៀបធៀបរបបប៉ុល ពត។

អ្នកប្រវត្តិសាស្ត្រដែលមានវិជ្ជាជីវៈ បើឃើញយ៉ាងណា គេកត់ត្រាយ៉ាងនោះ អត់បំផ្លើសបានឡើយ ទោះបី “អ្នកឈ្នះ ជា អ្នកសរសេរ” ក៏អ្នកសរសេរនោះ មានវិចារណញ្ញាណ ចេះពិនិត្យសង្កេតពិចារណាហេតុផល មិនចេះតែសរសេរបំភ្លៃបំផ្លើស បានឡើយ។

ដូច្នេះ “អត្ថិភាព៤៤ឆ្នាំ” ទុកឱ្យចាស់ទុំ CPP គាត់ប្រមូលទុកជាមហាជោគជ័យរបស់ពួកគាត់ទៅចុះ ដែលខំពួតដៃគ្នា កសាងមាតុភូមិ ឈានពីបាតដៃទទេ រហូតមានអ្វីៗទាំងអស់។ ប៉ុន្តែមន្ត្រីក្មេងៗដែលស្នងតំណែងពីចាស់ទុំ “ត្រូវបង្កើតស្នាដៃថ្មី” កុំឱ្យចាញ់ឪពុកម្តាយ។

ឧទាហរណ៍ជាក់ស្តែង ព្រះមហាក្សត្រនៅសម័យអង្គរ មិនចាប់យកព្រះកេរចាស់នោះទេ បើព្រះវររាជបិតា កសាងបាន ប្រាសាទអ្វីមួយ លុះព្រះរាជបុត្រឡើងស្នងរាជ្យ ក៏ត្រាស់បង្គាប់ឱ្យកសាងប្រាសាទមួយទៀត។ យ៉ាងណា “ព្រះបាទឥន្ទ្រវរ្ម័នទី១” បានចាត់ការជីកបារាយណ៍ “ឥន្ទតដាក” ដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ទុកជាព្រះកេរ។ លុះ ក្រោយមក “ព្រះបាទយសោវរ្ម័នទី១” ជាព្រះរាជបុត្រ បានត្រាស់បង្គាប់ឱ្យជីកបារាយណ៍ “យសោធរតដាក” មានបណ្តោយ ៧គីឡូម៉ែត្រ ទទឹង ១,៨គីឡូម៉ែត្រ “បារាយណ៍ខាងកើត” ដែលសព្វថ្ងៃគោករីងអស់ហើយ។ ដូច្នេះមន្ត្រីបន្តវេន ត្រូវតែបន្ត កសាងស្នាដៃ កុំឱ្យចាញ់ចាស់ទុំ យកគំរូតាមអតីតព្រះមហាក្សត្រខ្មែរ នៅសម័យអង្គរ ដែលចេះដោះស្រាយបញ្ហាទឹក ជូន ប្រជារាស្ត្របានល្អបំផុត។

សរុបទៅ “អត្ថិភាព៤៤ឆ្នាំ” ជាកេរមរកតរបស់ “វរជន៧មករា” ចំណែកឥស្សរជនបន្តវេន មិនអាចយកអត្ថិភាពនេះ ទៅឃោសនាថា ជារបស់ខ្លួនបានឡើយ។ បើវរជន៧មករា កសាងបានស្ពានឆ្លងទន្លេធំៗ ផ្លូវជាតិរលីងដូចកញ្ចក់ គួរតែវរជន បន្តវេន កសាងឱ្យបាន “ស្ពានឆ្លងសមុទ្រ” ទៅកោះណាមួយ ឱ្យឃើញជាក់ស្តែង ទើបហៅថា វរជនខ្លាំង ជាប់ពូជពីវរជន ៧ មករា

RELATED ARTICLES