Wednesday, December 11, 2024
Homeបរិយាយយុទ្ធសាស្ត្រគោព័ទ្ធស្នឹង

យុទ្ធសាស្ត្រគោព័ទ្ធស្នឹង

ដោយ អាចារ្យថាំ

មិនមែនជារឿងថ្មី ចម្លែកនោះទេ សម្រាប់ការដឹកនាំប្រទេស ទប់ទល់នឹងចលនាប្រឆាំង គេតែងតែប្រើយុទ្ធសាស្ត្រ ដដែលៗ មកប្រើតាំងពីបុរាណព្រេងនាយមកម៉្លេះ។ គេផ្តន្ទាទោសតែមេប្រឆាំងម្នាក់ ធ្វើឱ្យបរិវារ សហការីរបស់ មេប្រឆាំង ពាក់ព័ន្ធគ្នាផ្នែកច្បាប់ ទាញអត់រួចទេ ដូចករណីតុលាការរំលាយចោលអតីតគណបក្សសង្គ្រោះជាតិ (CNPR) កាត់ទោស មេប្រឆាំងទាំងពីររូបនោះ ធ្វើឱ្យកូនចៅ សហការី បរិវារ ជាប់តាមមេឱ្យរដឹក ដូចគោដែលម្ចាស់ចងឱ្យស៊ីស្មៅ ក៏ទាញខ្សែ ដើរក្រឡឹងបង្គោលស្នឹង ដែល “នគរធំ” ក្តាប់បាន សូមលើកពី “យុទ្ធសាស្ត្រគោព័ទ្ធស្នឹង” មកធ្វើប្រធានបទ បរិយាយ ថ្ងៃនេះ…។

“គោព័ទ្ធស្នឹង” ជាឈ្មោះមេកាព្យបុរាណខ្មែរ យកលំនាំតាមគោដែលម្ចាស់យកទៅចងឱ្យស៊ីស្មៅ នៅកណ្តាលវាលស្រែ។ “ស្នឹង” ជាបង្គោលឈើប្ញស្សី សម្រួចចុង ប្រវែងជាង១ចំអាម បោះភ្ជាប់នឹងដី ដោយចងកន្ទុយខ្សែជាប់នឹងក្បាលស្នឹង រួចបន្ត ឱ្យវែង រហូតដល់កន្លុះគោ។ សត្វពាហនៈនេះ ឱនស៊ីស្មៅ បានតែជុំវិញស្នឹងប៉ុណ្ណោះ បើវាប្រឹងទាញ ឬដើរក្រឡឹងមិនឈប់ ធ្វើឱ្យខ្សែវ័ណ្ឌជាប់បង្គោលស្នឹង ខ្លីទៅៗ ស៊ីស្មៅក៏លែងកើត ទាល់តែម្ចាស់ទៅស្រាយដោះចេញពីស្នឹង ទើបគោល្ងង់នោះ អាចស៊ីស្មៅបានវិញ។

“យុទ្ធសាស្ត្រគោព័ទ្ធស្នឹង” ក៏យ៉ាងនេះដែរ គឺគេផ្តន្ទាទោសតែមេប្រឆាំងម្នាក់ ធ្វើឱ្យកូនចៅ បរិវារមេប្រឆាំង វ័ណ្ឌក ធ្វើ នយោបាយអត់កើតទេ ចេញតាមច្រកណាក៏ “ក្បត់ជាតិតាមមេ” ទាំងអស់។

សម័យសង្គមរាស្ត្រនិយម រដ្ឋាភិបាល បានប្តឹងតុលាការយោធា ឱ្យកាត់ទោសលោកសឺង ង៉ុកថាញ់ ពីបទក្បត់ជាតិ ត្រូវ ទទួលទោសប្រហារជីវិត និងប្រកាសកាត់តម្លៃក្បាល ១លានរៀល បើជនណាចាប់បានសឺង ង៉ុកថាញ់ មកប្រគល់ឱ្យរដ្ឋា-ភិបាល។ លុះកូនចៅសឺង ង៉ុកថាញ់ ធ្វើសកម្មភាពក្នុង “ចលនាខ្មែរសេរី” ដូចព្រាប អ៊ិន សៅ ង៉ុយ មធុរ៉ា ជាដើម ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន បញ្ជូនទៅតុលាការ កាត់ទោសបាញ់ចោលនៅត្រពាំងក្រឡឹង។

របបសាធារណរដ្ឋខ្មែរ របស់ប្រធានាធិបតី លន់ នល់ បានកាត់ទោសសម្តេចឪ ព្រះនរោត្តម សីហនុ ពីបទក្បត់ជាតិ លក់ដីឱ្យយៀកកុងយួនខាងជើង។ លុះមាននាយទាហានខ្លះ ស្មោះត្រង់នឹងព្រះអង្គ មិនគោរពបទបញ្ជាមេដឹកនាំរបប សាធារណរដ្ឋ ក៏មានការផ្តន្ទាទោសយ៉ាងធ្ងន់ ដូចករណីតុលាការសឹក កាត់ទោសវរសេនីយ៍ឯក តុម សារ៉ាវ៉ាន់ អភិបាលខេត្ត កំពត កាលពីឆ្នាំ១៩៧០ ដោយចោទប្រកាន់លោកថា បានបើកផ្លូវឱ្យពួកយៀកកុង យួនខាងជើង ចូលស្រុក។

របបប៉ុល ពត បានប្រើពាក្យ “ខ្មាំងយួន” ដើម្បីបង្ក្រាបចលនាប្រឆាំងបដិវត្តន៍ មានការចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់ ដូចជា ហ៊ូ យន់ ហ៊ូ នឹម វ៉ន វ៉េត កុយ ធួន សោ ភិម ជាដើម សុទ្ធតែត្រូវអង្គការចោទប្រកាន់ពីបទ ក្បត់បដិវត្តន៍ចូលដៃយួន។ លុះអង្គការបោសសម្អាតផ្ទៃក្រោម ឱ្យតែចាប់បានមក ក៏លាបពណ៌ថា “ខ្មាំងយួន” ទាំងអស់ សូម្បីតែទារកនៅបោះដោះ នៅ ជាប់ចង្កេះម្តាយ ក៏យួនដែរ។

ការលើកឡើងដោយត្រួសៗនេះ ចាត់ទុកជា “យុទ្ធសាស្ត្រគោព័ទ្ធស្នឹង” នេះឯង ធ្វើឱ្យពាក់ព័ន្ធគ្នាត្រដរមិនរួច លុះត្រាតែអ្នក ប្តឹងផ្តល់ យល់ព្រមអនុគ្រោះ លើកលែងទោស ទើបរួចខ្លួន។

យ៉ាងណាមិញ ករណីមេប្រឆាំង សម រង្ស៊ី រងការប្តឹងផ្តល់ពីបក្សកាន់អំណាច ត្រូវតុលាការផ្តន្ទាទោសជាបន្តបន្ទាប់ សរុបត្រូវជាប់គុក ១៦០ឆ្នាំ ខណៈដែលលោកកឹម សុខា ជាប់គុកផ្ទះ ២៧ឆ្នាំ។ មេប្រឆាំងទាំងពីរនេះ ជាប់ចោទពីបទ “ក្បត់ ជាតិ” ដូចគ្នា គឺមានន័យថា ពាក្យ “ក្បត់ជាតិ” ជា “បង្គោលស្នឹង” ដែលចងជាប់មេប្រឆាំង។ កូនចៅកឹម សុខា នៅក្នុងស្រុក ប្រឆាំងស្រាលៗ មិនសូវអីទេ ឃើញមានការលើកលែងទោស ឱ្យបុណ្យស័ក្តិជាហូរហែ ប៉ុន្តែក្រុមដើរតាមសម រង្ស៊ី មិនរួចខ្លួន ទេ ឱ្យតែហ៊ានខ្វើក ជាប់គុក។

គណបក្សណាក៏ដោយ ឱ្យតែ “សម រង្ស៊ី សរសើរ” ដូចគាត់ធ្លាប់សរសើរ “បក្សភ្លើងទៀន” ឬវាយតម្លៃខ្ពស់ចំពោះ កូនចៅខ្លះ ដូចលោកថាច់ សេដ្ឋា ជាដើម បានត្រឹមកូនចៅជាប់គុក។

ពីឆ្នាំមុន មេប្រឆាំងសម រង្ស៊ី សរសើរគណបក្ស៤ ដែលសម្រេចធ្វើការរួមគ្នា មានភ្លើងទៀន ឆន្ទៈខ្មែរ ជាដើម ក៏រង ការចោទប្រកាន់ថា “ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ៣ជំនាន់” រហូតដល់បក្សភ្លើងទៀន គ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត លុះដល់ មេប្រឆាំងសម រង្ស៊ី ចេញ “ក្បាច់ដោះខ្លួន” ធ្វើជាស្តីបន្ទោសអតីតកូនចៅខ្លះនោះ ស្រាប់តែបក្សកាន់អំណាច ចេញល្បិចថ្មីទៀត យកឈ្នះ។ ដូចលោកសុខ ឥសាន អ្នកនាំពាក្យ CPP បានផុសសំណេរតាមហ្វេសប៊ុកថា “ការបែកបាក់មិនចុះសម្រុងគ្នា របស់បក្សប្រឆាំង រ៉ុង ឈុន ទទួលស្គាល់ថា ជាបរាជ័យរបស់បក្សប្រឆាំង?” មានន័យថា CPP បានបង្ហាញយុទ្ធសាស្ត្រមួយ គឺបើពួកប្រឆាំង ខ្វែងគំនិតគ្នា វាជានយោបាយបំផ្លាញសំឡេងឆ្នោត ប៉ុន្តែបើពួកប្រឆាំងរួបរួមគ្នា ឬច្របាច់បញ្ចូលគណបក្ស ៤ ឱ្យនៅតែមួយនោះ “ដូចគោព័ទ្ធស្នឹង” និងមានការចោទប្រកាន់ពាក់ព័ន្ធ “សម រង្ស៊ី ក្បត់ជាតិ៣ជំនាន់” មិនខានឡើយ។

“យុទ្ធសាស្ត្រគោព័ទ្ធស្នឹង” ទាល់តែអ្នក “ពូកែលេងអុកចត្រង្គ” ទើបគេយកមកប្រើបាន ឯអ្នកមិនចេះលេងអុក មិនឈ្នះ គេទេ។ ដូចអ្វីដែល “នគរធំ” បង្ហាញអតីតកាលរួចហើយ ខណៈដែលសង្គមរាស្ត្រនិយម កាត់ទោសប្រហារជីវិតសឺង ង៉ុកថាញ់ តែសឺង ង៉ុកថាញ់ មានទៅស្លាប់ឯណា វាងាប់ឯព្រាប អ៊ិន សៅ ង៉ុយ ឯណោះ។

តុលាការបច្ចុប្បន្ន ផ្តន្ទាទោសសម រង្ស៊ី ១៦០ឆ្នាំ មានទៅជាប់គុកសម រង្ស៊ី ឯណា ឃើញជាប់ឯថាច់ សេដ្ឋា និងសកម្មជន ល­ត្អិល្អោចដែលដើរតាមនយោបាយមេប្រឆាំង។

“យុទ្ធសាស្ត្រគោព័ទ្ធស្នឹង” សម្រាប់តែអ្នកដឹកនាំប្រទេសគ្រប់ជំនាន់យកមកប្រើ ដោយកាត់ទោសតែមេប្រឆាំងម្នាក់ បើកូនចៅសហការីណាហ៊ានខ្វើក វាពាក់ព័ន្ធមិនអាចប្រកែកបាន។ យុទ្ធសាស្ត្រនេះ គេធ្វើដោយសម្ងាត់បំផុត និងមិនចេះ ចាញ់ទេ ជាពិសេស “ស្របច្បាប់” និងមាគ៌ាសន្តិភាពផង។

ទោះយ៉ាងណា គោជាប់បង្គោលស្នឹង វ័ណ្ណជាប់ខ្សែនោះ ទាល់តែម្ចាស់ទៅស្រាយ ទើបរបូត បន្តស៊ីស្មៅខ្ចីទៀតបាន ប៉ុន្តែបើម្ចាស់មិនបានទៅស្រាយ ក៏វ័ណ្ឌជាប់បង្គោល ១ព្រឹក ទល់ថ្ងៃត្រង់ គ្មានបានស៊ីស្មៅ។

យ៉ាងណា ករណីមេប្រឆាំង កឹម សុខា ដែលកំពុងជាប់បង្គោលស្នឹង ទាល់តែប្រមុខ CPP ទើបជួយដោះបាន បើសិនជា ទណ្ឌិត ២៧ឆ្នាំ ក្នុងបរិវេណផ្ទះនោះ “សុំព្រះរាជទានទោស” ជាលាយលក្ខណ៍អក្សរ។

សម្រាប់មេប្រឆាំង សម រង្ស៊ី ប្រហែលជាគ្មានសំណាងបានរួចពីបង្គោលស្នឹង ១៦០ឆ្នាំនោះទេ បានត្រឹមនាំទុក្ខវេទនា ដល់កូនចៅឯទៀត ជាប់ស្នឹងជាមួយគ្នា។ ម៉្យាងទៀត មេប្រឆាំងថ្នាក់កំពូល គ្មានប្រវត្តិសុំទោសនោះទេ ដូចសឺង ង៉ុកថាញ់ មិនសុំទោសសម្តេចឪ អាចារ្យស្វា ពោធិ៍កំបោរ ក៏មិនសុំទោសព្រះបាទនរោត្តម។ ហេតុនេះ គួរតែពួកប្រឆាំងរឹងរូស ដឹងខ្លួន ឱ្យហើយទៅ បើហ៊ានងើបប្រឆាំងផ្កាប់មុខ ឬបង្កើតគណបក្សយកគំរូតាមភ្លើងទៀន ឬសង្គ្រោះជាតិ ច្បាស់ជាជាប់ស្នឹងបន្ត កន្ទុយគ្នាមិនខានឡើយ។

សរុបទៅ “យុទ្ធសាស្ត្រគោព័ទ្ធស្នឹង” គេកាត់ទោសតែមេធំជាងគេ ធ្វើឱ្យកូនចៅជាប់ទោសតាមគ្នាឱ្យរយោង ដូចគោស្ទាវ ទៅប្រលែងគ្នាជាមួយគោធំ កំពុងជាប់ស្នឹង ក៏វ័ណ្ឌខ្សែជាប់គ្នាទាំងអាធំ ទាំងអាតូច ដែលជាបរិបទសម្រាប់ ពួកប្រឆាំងផ្កាប់មុខ ពិចារណាតាមការគួរ…៕

RELATED ARTICLES