សាហាវយង់ឃ្នងបំផុត!!! យកខ្សែភ្លើងរឹតកសម្លាប់កូនស្រី ចាប់រំលោភម៉ែក្មេក រួចទៅសម្លាប់ឪពុកក្មេក ដោយច្របាច់កជ្រមុជក្នុងចានបង្គន់

កំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតកដ៏សាហាវយង់ឃ្នង ដែលបានរត់គេចមកលាក់ខ្លួន ខណៈដែលខឹងប្រពន្ធសុំលែងលះ ហើយបានរឹតកសម្លាប់កូនស្រីនិងសម្លាប់ឪពុកក្មេក រហូតដល់ខេត្តស្វាយរៀងហើយរត់មកខេត្តកំពង់ស្ពឺ នោះ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាឃាតករបាន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិទួលសុរិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឃាតករយង់ឃ្នង ត្រូវសមត្ងកិច្ចចាប់វាយខ្នោះ

តាមប្រភពពីនារីឈ្មោះ សឿន សោភា អាយុ១៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនដៃដល់ជាឃាតករមានឈ្មោះ អង សំណាង បានឲ្យដឹងថា ខ្លួនគ្រាន់តែដឹងថា បងប្រុសឈ្លោះគ្នាជាមួយប្រពន្ធនៅឯខេត្តស្វាយរៀង រឿងប៉ុនប៉ងរំលោភម្តាយក្មេក ហើយ​ព្យាយាមច្របាច់ក​សម្លាប់ ប៉ុន្តែមិនបានសម្រេច ដោយម្តាយក្មេកបានរត់រួចឱ្យអ្នកជិតខាងជួយ ជនសង្ស័យរូបនេះបានគំរាម
ម្តាយមិនឱ្យប្រាប់អ្នកណាឡើយ បើពុំនោះទេ គេនឹងសម្លាប់ចោលទាំងពូជ ។ បន្ទាប់មក​ប្រពន្ធជន​សង្ស័យប្តឹងសមត្ថកិច្ចសុំលែងលះ ទើបជនសង្ស័យបានយកកូនស្រីរត់ទៅស្នាក់នៅបន្ទប់ជួលរបស់ប្អូនស្រីបាន៣យប់៤ថ្ងៃមកហើយ មុនកើតហេតុ ខណៈដែលនាងចេញទៅធ្វើការបាត់ បងប្រុសនិងកូននៅក្នុងបន្ទប់ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទីទី០២ ខែកញ្ញា នាងរុញទ្វារ ក៏ប្រទះឃើញក្មួយស្រីស្លាប់នៅលើតុ ដោយមានខ្សែភ្លើងរុំព័ន្ធលើខ្លួនផង នឹកស្មានថាឆក់ខ្សែភ្លើង បានស្រែកឆោឡោផ្អើលអ្នកជិតខាងមកជួយមើល ពេលដែលបងប្អូនអ្នកជិតខាងមកដល់ទើបឃើញមានខ្សែចងករឹតនៅជាប់នឹងកក្មេងស្រីស្លាប់​បាត់ទៅហើយ។

កន្លងមកឪពុកម្តាយរបស់កុមារីរងគ្រោះបានមកស្នាក់នៅ​បន្ទប់ជួលក្នុងភូមិកើតហេតុ ដោយប្រកបរបររើសអេតចាយ ប៉ុន្តែប្រមាណជា១ឆ្នាំកន្លងមកនេះ បានទៅរស់នៅស្រុកកំណើតវិញ ។ មុនថ្ងៃកើតហេតុឪពុកម្តាយរបស់កុមារីរងគ្រោះ បានឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានបណ្តេញប្តីនិងកូនឲ្យចេញពីផ្ទះ ទើបឪពុកកុមារីរងគ្រោះបាននាំកូនស្រីមកស្នាក់នៅបន្ទប់ប្អូនស្រីបាន៣យប់៤ថ្ងៃហើយ បែរជា​រឹតកសម្លាប់កូនខ្លួនឯង ​ហើយគេចខ្លួនបាត់ ដោយបន្សល់លិខិ​តបណ្តាំមួយសន្លឹកមានខ្លឹមសារទាំងស្រុង « សូមម៉ែយកក្រដាសនេះអោយអូនសាខុន បងលាហើយ បងបានចងកសម្លាប់ខ្លួនពីរនាក់ឪកូន ដោយសារអូនស្អប់បង បងសុំលាទាំងអាល័យ តែបងប្រាប់អូនថា ទោះបីជាបងស្លាប់ ក៏បងនៅតែស្រឡាញ់អូន »  ។

សាកសពកុមារីពេជ្រ ចរិយា ស្លាប់យ៉ាងអណោចអធម

តាមសម្តីរបស់លោកសម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ មានឈ្មោះអង សំណាង ហៅអាខ្មៅ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

លោកបានបន្តថា មុននិងឈានទៅដល់ធ្វើការឃាត់ខ្លួនឃាតករខាងលើនេះ គឺបន្ទាប់ពីជនសង្ស័យបានរត់មកលាក់ខ្លួននៅក្នុងភូមិ-ឃុំខាងលើនេះ គឺដោយសារតែឃាតករខឹងនិងប្រពន្ធសុំលែងលះ ពេលនោះស្រាប់តែជនសង្ស័យខាងលើបានរឹតកសម្លាប់កូនស្រីអាយុ០២ឆ្នាំ នៅក្នុងបន្ទប់ជួលក្នុងខណ្ឌដង្កោ រួចហើយទៅសម្លាប់ឪពុកក្មេករហូតដល់ខេត្តស្វាយរៀងទៀត។

សាកសពលោកពេជ្រ ជឿន ដេកស្លាប់លើគ្រែមន្ទីរពេទ្យ

លោកបានបន្តថា ដោយនគរបាលក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវដឹងថា ជនសង្ស័យបានរត់គេចខ្លួនមកក្នុងខេត្តកំពង់ស្ពឺ លោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសហការជាមួយនគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យខាងលើបានតែម្តង។

នាងសឿន សោភា ទន់ដៃជើងពេលដឹងរឿងបងប្រុសក្លាយជាសម្លាប់កូនស្រីខ្លួនឯង

គួររំលឹកផងដែលថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចផ្ទះជួល១០៩ ក្រុម៨ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យបានធ្វើការសម្លាប់កូនបង្កើតខ្លួនឯង ជនរងគ្រោះឈ្មោះ ពេជ្រ ចរិយា អាយុ ០២ឆ្នាំ យកខ្សែរភ្លើង ចងរឹតក និងចង្រឹងបង្អួចស្លាប់។

លុះដល់ម៉ោង១៣ៈ៣០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានបន្តទៅខេត្តស្វាយរៀង សម្លាប់ឪពុកក្មេក ឈ្មោះពេជ្រ ជឿន អាយុ ៥៥ឆ្នាំ ដោយច្របាក់ក ច្រមុជចូលក្នុងចានបង្គន់ ខណៈកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង មូលហេតុគំនុំខឹងជាមួយម្តាយក្មេកបំបែកបំបាក់ឲ្យលែងលះគ្នាជាមួយប្រពន្ធខ្លួន ។

កម្លាំងជំនាញបានបំពេញបែបបទនីតិវិធីប្រគល់ជូនខាងសមត្ថកិច្ចម្ចាស់សំណុំរឿងជាអ្នកចាត់ការបន្ដតាមផ្លូវច្បាប់៕