Thursday, March 28, 2024
Homeព័ត៌មានជាតិជំនួបនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ពង្រឹងមិត្តភាពនិងសហប្រតិបត្តិការល្អ

ជំនួបនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ពង្រឹងមិត្តភាពនិងសហប្រតិបត្តិការល្អ

ភ្នំពេញ ៖ ដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងជំនួបជាមួយសម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមាន កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើក ទី៣ កិច្ចប្រជុំទ្វេភាគី រវាងប្រទេសទាំងពីរសម្រេច បាននូវលទ្ធផលផ្លែផ្កាជាច្រើន ក្នុងទិសដៅពង្រឹង ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អ ដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ ប្រទេស និងប្រជាជាតិទាំងពីរ។

នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ស្វាគមន៍លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋ មន្ត្រីថៃ និងលោកស្រីជាភរិយា យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត នៅវិមានរដ្ឋាភិបាលសន្តិភាព។ នៅក្នុងឱកាសនេះ ក៏មានវត្តមានមន្ត្រីសំខាន់ៗ ជាច្រើនរូបនៃប្រទេសទាំងពីរ ព្រមទាំងអង្គទូត នៃបណ្តាប្រទេសជាច្រើន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលរួមទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីថៃ យ៉ាងកក់ក្តៅផងដែរ។

ក្រោយពីនាយករដ្ឋមន្ត្រី បានគោរពភ្លេងជាតិ នៃប្រទេសទាំងពីរ និងបានអញ្ជើញត្រួតពល ព្រមទាំងស្វាគមន៍ដល់មន្ត្រីសំខាន់ៗ និងអង្គទូត នានារួចហើយ សម្តេចហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូឆា បានអញ្ជើញចូលរួមកិច្ចប្រជុំ ចង្អៀតនៅក្នុងវិមានរដ្ឋាភិបាល។

សម្តេចហ៊ុន សែន និងលោកប្រាយុទ្ឋ ច័ន្ទអូឆា បានអញ្ជើញជួបប្រជុំពិភាក្សាទ្វេភាគី  ក្នុងការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និង វិបុលភាព នៃប្រទេសទាំងពីរ ដែលបានធ្វើឡើង នៅក្នុងវិមានរដ្ឋាភិបាលសន្តិភាព។ បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយក រដ្ឋមន្ត្រីថៃ បានដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ លើកទី៣ ក្នុងទិសដៅជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជាតិទាំងពីរ។ បន្ទាប់ពីកិច្ចប្រជុំនេះហើយ ក៏មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមាន ៖

១-ពិធីចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសថៃ លោក ដន ប្រាមុតវិណៃ លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីចម្រុះលើកទី៣ រវាងប្រទេសទាំងពីរ។

២-ពិធីចុះហត្ថលេខារវាងរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លោកអូន ព័ន្ធមុន្នីរ័ត្ន និងរដ្ឋមន្ត្រីការបរទេសថៃ លោកដន ប្រាមុត វិណៃ ពីស្តីពីការចៀសវាងការយកពន្ធ ត្រួតគ្នា និងការកិបកេងបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល។

បន្ទាប់មក នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ពីរ បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ លើកទី៣ ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សារវាង កម្ពុជា-ថៃ គឺបានធ្វើឡើងផ្អែកការយោគយល់ និងឯកភាពគ្នា ដែលបានក្លាយជាផែនទីចង្អុល បង្ហាញផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការ ប្តេជ្ញាចិត្ត ដើម្បីពង្រីកទំហំពាណិជ្ជកម្មឱ្យធំ និងតភ្ជាប់បណ្តាញផ្លូវទឹក ផ្លូវគោក និងផ្លូវដែក រវាងប្រទេសទាំងពីរ ដែលទន្ទឹមនឹងនោះ ភាគី ថៃ យល់ព្រមទទួលទិញផលិតផលកសិកម្មពីកម្ពុជា ក្នុងពេលដែលស្ថានភាពទីផ្សារកសិផល កម្ពុជា ជួបការលំបាក។

សម្តេចហ៊ុន សែន បានបន្តថា ប្រទេសទាំងពីរ យល់ព្រមបើកច្រកព្រំដែនកម្ពុជា-ថៃ ថែមទៀត ដើម្បីសម្រួលដល់ប្រជាជនឱ្យកាន់តែងាយស្រួលក្នុងការចេញចូល និងប្រកបមុខ របរតាមព្រំដែន។ ជាមួយនេះ កម្ពុជា-ថៃ បាន ឯកភាពក្នុងការទប់ស្កាត់ការជួញគ្រឿងញៀន និងការជួញដូរមនុស្ស និងរៀបចំមណ្ឌលកែប្រែ ស្តារនីតិសម្បទា នៅក្នុងខេត្តព្រះសីហនុ ថែមទៀតផង។ លើសពីនេះដែរ ភាគីទាំងពីរបាន ឯកភាពគ្នាជួយពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យមានសិទ្ធិស្របច្បាប់ត្រឹមត្រូវ និងរៀបចំតំបន់តាមព្រំដែនកម្ពុជា-ថៃ ជាតំបន់ស គ្មានការជួញដូរគ្រឿងញៀន។ ទន្ទឹមនឹងនោះដែរ គឺភាគីទាំងពីរ បានយល់ព្រមសហប្រតិបត្តិការជួយប្រជាពលរដ្ឋរស់នៅតាមព្រំដែន ដែលជួបប្រទះគ្រោះធម្មជាតិ ដូចជាអគ្គិភ័យ និងទឹកជំនន់ជាដើម ឱ្យបានទទួលនូវការ សង្គ្រោះពិសេសទាន់ពេលវេលា។

លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បានមានប្រសាសន៍គាំទ្រ និងបញ្ជាក់បន្ថែមផងដែរថា ប្រទេសថៃ នឹងសហការខិតខំជួយ មើលថែទាំជំរុញការនាំចេញទំនិញកសិផលកម្ពុជា នៅតាមតំបន់ព្រំដែន និងការជួញដូរ ទូទៅរវាងថៃ-កម្ពុជា។ ទន្ទឹមនឹងនោះ ប្រទេស ថៃ នឹងខិតខំជំរុញឱ្យការបើកច្រកព្រំដែន បាន ឆាប់រហ័ស និងសហការជួយរៀបចំពលករដែលកំពុងធ្វើការតាមទូកក្នុងសមុទ្រ ឱ្យបានស្របច្បាប់ត្រឹមត្រូវ។ ប្រទេសថៃ នឹងពន្លឿនក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទា នៅខេត្តព្រះសីហនុ។ ចំពោះទិសដៅនៃការធ្វើពាណិជ្ជកម្មរួមគ្នា ប្រទេសថៃ នឹងជំរុញទំហំពាណិជ្ជកម្ម ឱ្យកើនឡើងប្រមាណ ១៥ ០០០លានដុល្លារ នៅក្នុងឆ្នាំបន្ទាប់ខាងមុខនេះ ដើម្បីឱ្យទាន់ច្បាប់គយថៃ ដែលនឹងប្រកាសចេញជាផ្លូវការ ឆាប់ខាងមុខនេះ ដែលបង្កលក្ខណៈងាយស្រួល ដល់ពាណិជ្ជករកម្ពុជា ក្នុងការបញ្ជូនទំនិញទៅកាន់ប្រទេសទី៣ផងដែរ។

លោកប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា ចំពោះការតភ្ជាប់ផ្លូវដែកជាប្រវត្តិសាស្ត្រ នៅក្នុង តំបន់អនុភូមិភាគតាមតំបន់ទន្លេមេគង្គ គឺភាគី ថៃ នឹងជំរុញកិច្ចការនេះឱ្យបានលឿន។ ភាគីថៃ នឹងសហការលើកកម្ពស់អភិវឌ្ឍន៍ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមព្រំដែនឱ្យបានល្អប្រសើរ។

លោកប្រាយុទ្ធ ច័ន្ទអូឆា បានមានប្រសាសន៍ ថា “យើងប្តេជ្ញាថា នឹងដឹកនាំប្រទេសយើងទៅមុខប្រកបដោយចីរភាពគ្រប់ជ្រុងជ្រោយ ដូចជា ពេលនេះ ថៃបូក១ ឬកម្ពុជាបូក១ ដើម្បីឆ្ពោះ ទៅកាន់ប្រទេសផ្សេងៗទៀតឱ្យមានចំនួនចូល រួមកាន់តែឡើងច្រើន”។

លោកនាយករដ្ឋមន្ត្រីថៃ បានអរគុណសម្តេច ហ៊ុន សែន ដែលបានផ្តល់កិច្ចសហការល្អ និង អរគុណក្រុមការងារ ដែលបានសហការធ្វើកិច្ច ការរួមគ្នា ដើម្បីប្រទេសជាតិទាំង២ រីកចម្រើន ទៅមុខទៀត ដោយមិនទុកឱ្យដៃគូណាមួយ នៅខាងក្រោយ គឺរីកចម្រើនទាំងអស់គ្នា។

បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំអាហារ ថ្ងៃត្រង់ ជូនលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា និងភរិយា នៅវិមានសន្តិភាព ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។

គួរបញ្ជាក់ដែរថា បន្ទាប់ពីជំនួបប្រជុំ ផ្លូវការ នៅវិមានសន្តិភាពរួចហើយ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា និងភរិយា បានអញ្ជើញជា អធិបតីរួមគ្នា ក្នុងពិធីសម្ពោធសួនច្បារមិត្តភាព កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។

សួនមិត្តភាពកម្ពុជា-ថៃ មានទីតាំងស្ថិត នៅខាងលិចវត្តភ្នំ មានប្រវែង៤៥៤ម៉ែត្រ ទទឹង ៣១ម៉ែត្រ លាតសន្ធឹងពីមុខស្ថានទូតអាមេរិក មកដល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សួននេះ កើតមានឡើង តាំងពីសម័យអាណានិគមនិយមបារាំង មកម៉្លេះ ប៉ុន្តែមិនទាន់មានឈ្មោះនៅឡើយ ហើយត្រូវ បានជុសជុលកែលម្អជាបន្តបន្ទាប់។ លុះក្រោយ មក នៅឆ្នាំ២០១៧នេះ ផ្តើមចេញពីទំនាក់ទំនង ការទូតកម្ពុជា-ថៃល្អ ទើបក្រុមហ៊ុនណុងនូច ប៉ាតាយ៉ា ហ្គាដិន អ៊ែនរីសត ស្នើសុំកែលម្អ និង លើកកម្ពស់សួននេះបន្ថែមទៀត។ សួនមិត្តភាពកម្ពុជា-ថៃ នេះ បានកើតចេញពីមនុញ្ញផលនៃ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការ អភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការជាផ្លែផ្កា និង មិត្តភាពយូរអង្វែង នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ក្នុងនាមប្រទេសភូមិផងរបងតែមួយ ក្នុងន័យ រឹតចំណងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរគង់វង្សយូរអង្វែង។

បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អញ្ជើញទាញខ្សែបូ សម្ពោធសួនមិត្តភាពកម្ពុជា-ថៃ ហើយនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងនាយករដ្ឋមន្ត្រីថៃ និងលោកស្រីជាភរិយា បានអញ្ជើញ ដាំឈើ “ធ្នង់” ម្នាក់១ដើម ជានិម្មិតរូប និងទុកជាអនុស្សាវរីយ៍ នៃចំណងមិត្តភាពដ៏រឹងមាំបន្ថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕

ខៀវទុំ

RELATED ARTICLES