Friday, March 29, 2024
Homeព័ត៌មានជាតិករណីមនុស្សស្លាប់៨នាក់ ក្រសួងសុខាភិបាល រកឃើញដង្កូវព្រូនក្នុងសាច់ឆៅ

ករណីមនុស្សស្លាប់៨នាក់ ក្រសួងសុខាភិបាល រកឃើញដង្កូវព្រូនក្នុងសាច់ឆៅ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញជំងឺដង្កូវព្រូន ទ្រីស៊ីណែឡា ដែលចម្លងមកមនុស្ស តាមរយៈការបរិភោគ សាច់ឆៅ ឬចម្អិនមិនឆ្អិន ដែលសាច់នោះមាន ដង្កូវព្រូនទ្រីស៊ីណែឡា ហើយករណីនេះ បានបង្ក ឱ្យមនុស្សស្លាប់ចំនួន៨នាក់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ (តំបន់ព្រៃឡង់) នាពេលកន្លងមក ក្នុងចំណោមអ្នកឈឺសរុប ៣៣នាក់។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីជំងឺដង្កូវព្រូន ទ្រីស៊ីណែឡា នៅ ខេត្តកំពង់ធំ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នោះ មានខ្លឹមសារថា “ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជននូវព័ត៌មានស្តីពីករណីជំងឺដង្កូវព្រូន ទ្រីស៊ីណែឡា (ហៅថា Trichinellosis) ដែលកំពុងកើតមាននៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ (តំបន់ព្រៃឡង់) នៃខេត្តកំពង់ធំ និងសេចក្តីអំពាវរបស់ក្រសួងសុខាភិបាលជូនដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការបង្ការជំងឺនេះ។ ក្រោយពីទទួលបាននូវព័ត៌មានពីករណីជំងឺខាងលើនេះភ្លាមៗ ក្រសួងសុខាភិបាល បានចាត់ក្រុមការងារ ដែលមានក្រុមឆ្លើយតប បន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរួច ជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ មន្ទីរពេទ្យខេត្តកំពង់ធំ និងមន្ទីរពេទ្យថ្នាក់ជាតិ ដោយមានការចួលរួមពីតំណាងអង្គការសុខភាពពិភពលោកផងដែរនោះ ចុះស្រាវជ្រាវជាបន្ទាន់នៅ ទីតាំងដែលកើតហេតុខាងលើ ដែលក្រសួងសូមជម្រាបជូនដូចខាងក្រោមនេះ ៖

ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ហៅថា ទ្រីស៊ីណែឡូស៊ីស គឺជាជំងឺមួយដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬសាច់ចម្អិន មិនឆ្អិនល្អ ដែលសាច់នោះមានដង្កូវព្រូនទ្រីស៊ី ណែឡា។ រោគសញ្ញាដំបូង រួមមាន ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្តៅ។ ឈឺពោះ អាចកើតមានឡើងក្នុងអំឡុងពេល១ទៅ២ថ្ងៃ បន្ទាប់ពីឆ្លងដង្កូវព្រូនទ្រីស៊ីណែឡា ចូលក្នុងខ្លួន មនុស្សយើង។ បន្ទាប់ពីរោគសញ្ញាដំបូងមក មានអាការៈដូចជាឈឺក្បាល គ្រុនក្តៅ ក្អក ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃ ហើមជើង) ឈឺសន្លាក់ និងឈឺសាច់ដុំ រមាស់ ស្បែក រាក ឬទល់លាមក។ រោគសញ្ញាផ្សេង ទៀត ជាធម្មតាចាប់ផ្តើមពី២ទៅ៨សប្តាហ៍ បន្ទាប់ពីការបរិភោគសាច់ដែលមានដង្កូវព្រូន នេះ។ រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាពិបាកធ្វើ ចលនា និងបង្កបញ្ហាដល់បេះដូង និងដង្ហើម ដែលបណ្តាលមកពីការរាតត្បាតនៃដង្កូវព្រូន នេះនៅក្នុងសរីរាង្គរបស់មនុស្ស (ដូចជាសួត បេះដូង ថ្លើម និងខួរក្បាលជាដើម) និងអាច បណ្តាលឱ្យស្លាប់បាន។ ការព្យាបាល គឺសាមញ្ញ និងមានប្រសិទ្ធភាពបាន គឺនៅពេលចាប់ផ្តើម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយ ផ្អែកលើរោគសញ្ញានិងប្រវត្តិនៃការញ៉ាំសាច់ ឆៅ ឬសាច់ចម្អិនមិនឆ្អិនល្អ ជាពិសេសសាច់ សត្វព្រៃ។ ប្រសិនបើ អ្នកភូមិនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មាន រោគសញ្ញាដូចបានរៀបរាប់ខាងលើនេះ សូម បងប្អូនប្រញាប់ប្រញាល់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នកដើម្បី ទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។

ករណីនៅស្រុកសណ្តាន់ (តំបន់ព្រៃឡង់) ខាងលើ ពួកគាត់បានបរិភោគសាច់សត្វព្រៃ ប្រហែលជា ៣ទៅ៤សប្តាហ៍ មុនពួកគាត់ឈឺ ហើយអ្នកឈឺមានរោគសញ្ញាដូចជា ៖ គ្រុនក្តៅ រាក ក្អួត ឈឺសាច់ដុំ អស់កម្លាំង ហើមដៃហើម ជើង និងឈឺសន្លាក់ ដែលអាការរោគនេះចាប់ ផ្តើមតាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដោយ រហូតមកទល់ថ្ងៃនេះ មានករណីឈឺសរុបចំនួន ៣៣ករណី ក្នុងនោះស្លាប់ចំនួន៨ករណី (ប្រុស ទាំង ៨នាក់)។ ក្នុងចំណោមអ្នកជំងឺ ១៣នាក់ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ធំ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យ ព្រះកេតុមាលា ក្រុមការងារនិងក្រុមគ្រូពេទ្យ បានយកសំណាកកោសិកាសាច់ដុំដើមដៃអ្នកជំងឺ ៣នាក់ និងឈាមពីអ្នកជំងឺ ៩នាក់ ទៅធ្វើ វិភាគ ហើយសំណាកអ្នកជំងឺ ៣នាក់ ត្រូវបាន បញ្ជាក់ឃើញមានដង្កូវព្រូនទ្រីស៊ីណែឡានៅ ក្នុងសាច់ដុំ នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ កាល់ម៉ែត និងតាមការមើលសំណាកឈាមអ្នក ជំងឺនៅមន្ទីរពិសោធន៍នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដែលលទ្ធផលបានបង្ហាញឱ្យ ឃើញថា មានពងដង្កូវព្រូនទ្រីស៊ីណែឡា។ ខាងក្រោមនេះ គឺជារូបភាពបានមកពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរកឃើញ ដង្កូវព្រូននៅក្នុងសំណាកសាច់ដុំអ្នកជំងឺ។

ក្រុមការងារចម្រុះដែលក្រសួងសុខាភិបាល បានចាត់ឱ្យចុះដល់មូលដ្ឋានផ្ទាល់ បានបន្តការព្យាបាលនិងអប់រំសុខភាពជូនដល់អ្នកភូមិ និង កុមារចំនួន ៧០០នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ នៃតំបន់កើតហេតុ និងបាន ចែកថ្នាំព្រូន ជូនប្រជាពលរដ្ឋ ដើម្បីការពារនិង ទម្លាក់ព្រូន និងចែកមុខការពារជំងឺគ្រុនចាញ់ ដល់ពួកគាត់ ព្រមទាំងធ្វើតេស្តគ្រុនចាញ់ផង ដែរ។ យុទ្ធនាការអប់រំសុខភាព កំពុងដំណើរ ការនៅតាមភូមិនៃតំបន់កើតហេតុ និងជម្រាប ជូនដល់អ្នកភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ (តំបន់ព្រៃឡង់) នៃខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ អំពីវិធានការប្រុងប្រយ័ត្ន ជា ពិសេសការអនុវត្តអនាម័យនិងសុវត្ថិភាពម្ហូប អាហារ និងត្រូវចៀសវាងការបរិភោគសាច់ឆៅ ឬសាច់ចម្អិនមិនឆ្អិនល្អ (សត្វស្រុក និងសត្វព្រៃ)”។

សេចក្តីដូចព័ត៌មានដដែល បានបន្តថា “ក្រសួងសុខាភិបាលសូមអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត វិធានការការពារកុំឱ្យមានការឆ្លងជំងឺខាងលើ និងជំងឺផ្សេងៗទៀត ហើយជម្រុញឱ្យបុគ្គលិក សុខាភិបាលទាំងអស់ បន្តការយកចិត្តទុកដាក់ តាមដានជំងឺខាងលើ និងផ្តល់ការព្យាបាលជូន ប្រជាពលរដ្ឋដោយហ្មត់ចត់ជាទីបំផុត។ ប្រសិន បើមានបញ្ហាសុខភាព ឬមានរោគសញ្ញាដូច បានរៀបរាប់ខាងលើនេះ សូមបងប្អូនស្វែងរក ការព្យាបាលឱ្យបានទាន់ពេល ចៀសវាងទុក យូរដែលធ្វើឱ្យដង្កូវព្រូនវ៉ៃលុកចូលសរីរាង្គច្រើនកន្លែង ដែលអាចបាត់បង់ជីវិតបាន និងសូមចូល រួមផ្តល់ព័ត៌មានមកមន្ទីរសុខាភិបាលខេត្ត ឬមក ក្រសួងសុខាភិបាល ដើម្បីទទួលបានការព្យាបាល បានទាន់ពេល និងការបង្ការដល់អ្នករងផលប៉ះពាល់ពីជំងឺនេះ។

ឯកឧត្តមវេជ្ជ.ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលមានប្រសាសន៍ថា “សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិនមិនឆ្អិនល្អ ហើយគ្រប់ៗគ្នា ត្រូវចម្អិនសាច់ឱ្យបានឆ្អិនល្អ និងមានអនាម័យម្ហូប អាហារត្រឹមត្រូវ ដើម្បីការពារពីជំងឺដង្កូវព្រូន ទ្រីស៊ីណែឡា និងជំងឺផ្សេងៗទៀត ហើយរួម គ្នាអនុវត្តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារ អ្នកគ្រប់គ្នា និងក្រុមគ្រួសារពីការឈឺ រួមមាន ៖

១.ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារ ដែលស្អាតនិងឆ្អិនជានិច្ច

២.ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិង អំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និង ក្រោយបន្ទោរបង់។

៣.លាងសម្អាតបន្លែផ្លែឈើឱ្យបានស្អាត មុនបរិភោគ

៤.សម្អាតសម្ភារៈប្រើសម្រាប់ចម្អិនម្ហូប អាហារឱ្យបានត្រឹមត្រូវ

៥.ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។

៦.ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ ដោយឡែកពីគ្នា។

៧.កុំរក្សាទុកអាហារក្នុងកំដៅធម្មតា លើសពី២ម៉ោង

៨.មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាព ក៏ដោយ

ក.បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ

ខ.បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឱ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ

៩.កុំប្រើប្រាស់ចំណីអាហារហួសកាល កំណត់។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូន ដំណឹងដល់សាធារណជន អំពីការវិវត្តន៍របស់ ជំងឺនេះ តាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកបាន៕

ខៀវទុំ

RELATED ARTICLES