Friday, April 26, 2024
Homeនយោបាយសម្តេចហ៊ុន សែន ថាមានតែបក្សប្រជាជនកម្ពុជា១គត់ មានលទ្ធភាពធានាសន្តិភាព និងស្ថិរភាពនយោបាយ

សម្តេចហ៊ុន សែន ថាមានតែបក្សប្រជាជនកម្ពុជា១គត់ មានលទ្ធភាពធានាសន្តិភាព និងស្ថិរភាពនយោបាយ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលមាន លទ្ធភាពធានាសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ឯគណបក្សដទៃគ្មានលទ្ធភាពអាចធ្វើបានឡើយ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចុះ ជួបសំណេះសំណាលសួរសុខទុក្ខកម្មករនៅសួន ឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ជាកិច្ចចាប់ផ្តើមនៃការថ្លែងក្នុងពិធីសំណេះសំណាលនោះ សម្តេចនាយករដ្ឋមន្ត្រី បានអរគុណក្រុមហ៊ុនវឌ្ឍនៈ របស់លោកស្រី ឈុន លៀង ដែលបានបង្កើតសួនឧស្សាហកម្មនេះឡើង។

សម្តេចហ៊ុន សែន បញ្ជាក់ថា លទ្ឋផលទាំងអស់នេះ គឺបានមកពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងពីការខិតខំរបស់សម្តេចផ្ទាល់។ ជាការពិតណាស់ សម្តេចបានចូលរួម ដឹកនាំប្រទេសនេះ ពីគំនរផេះផង់ និងពីបាតដៃទទេ រហូតដល់មានអ្វីៗគ្រប់យ៉ាង ដូច្នេះមិនត្រូវឱ្យបាត់បង់ឡើយ។ ដូចបានឃើញហើយថា ក្នុងអំឡុងពេលប្រទេសមានសង្គ្រាម គឺពេលនោះ តែងឃើញវត្តមាន សម្តេចចុះជាប់ជាមួយកងទ័ពតាមព្រំដែន តាមសមរភូមិ និងនៅតុចរចាស្វែងរកសន្តិភាពនៅបរទេស។ បន្តមកទៀត ក្រោយពេលបញ្ចប់សង្គ្រាម មានសន្តិភាព ក៏ឃើញវត្តមានសម្តេចនៅតាមស្រែ និងតាមប្រឡាយទឹក ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ នៅពេលនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ក៏មានវត្តមានសម្តេចនាយករដ្ឋមន្ត្រី នៅជាមួយកម្មករ តាមរោងចក្រគ្រប់ទីកន្លែង ស្របពេលដែលសន្ទុះ នៃការរីកចម្រើនសព្វថ្ងៃ បានធ្វើឱ្យកំណើននៃការនាំចេញ មានរហូតដល់ ១២ ០០០លានដុល្លារអាមេរិក។ ដូច្នេះតាមរយៈការចុះជួបសួរសុខទុក្ខដោយផ្ទាល់នេះ សម្តេចសប្បាយចិត្តណាស់ ដែលបានឃើញលក្ខខណ្ឌ ការងារតាមរោងចក្រ ត្រូវបានកែលម្អកាន់តែ ប្រសើរឡើងជាបន្តបន្ទាប់ ហើយបញ្ហាការងារក៏ ត្រូវបានដោះស្រាយហើយ។

សម្តេចហ៊ុន សែន បញ្ជាក់ថា អ្វីដែលបាន ខិតខំបង្កើតទាំងអស់នេះ សម្តេចត្រូវតែមើល ថែទាំដោយផ្ទាល់ដៃ ហើយនឹងបន្តចុះជួបជាមួយបងប្អូនកម្មករនៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ ព្រោះសុខទុក្ខបងប្អូនកម្មករ គឺជាសុខទុក្ខរបស់សម្តេចផ្ទាល់។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីឆ្នាំ១៩៩៧ កម្ពុជា មានរោងចក្រត្រឹមតែ៦៤ ប៉ុណ្ណោះ តែពេលនេះ យើងមានប្រមាណជាង ១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋ ប្រមាណជាង១លាននាក់។ ប្រាក់ខែកម្មករ ពីមុន គឺមានតែជាង៣០ដុល្លារ ប៉ុន្តែបានដំឡើងមករហូតដល់១៥៣ដុល្លារ បូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ គឺច្រើនជាង២០០ដុល្លារ។ នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងដំឡើងដល់ ១៦៨ដុល្លារ បូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញផងដែរ អំពីការអំពាវនាវរបស់ក្រុមមួយ ដែលបានទប់ស្កាត់រាល់នូវជំនួយ និងការអភិវឌ្ឍ កម្ពុជា ដែលហៅថា ក្រុម “៣កុំ” គឺទី១-កុំផ្តល់ជំនួយឱ្យកម្ពុជា ២-កុំមកវិនិយោគនៅ កម្ពុជា និង៣-កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង? ព្រោះទង្វើនេះ បានធ្វើឱ្យបងប្អូនកម្មករ-កម្មការិនីបាត់បង់ការងារ ដែលប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ ដែលផ្ទុយស្រឡះពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុង អនុវត្តគោលនយោបាយ “៣សុំ” គឺ១-សុំឱ្យ បរទេសជួយកម្ពុជា ២-សុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និង៣-សុំឱ្យបរទេសជួយ ទិញទំនិញពីកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះដែរ សម្តេចហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវមានការយោគយល់គ្នាជាមួយកម្មករនិយោជិត ហើយត្រូវខិតខំដោះស្រាយបញ្ហាតាមសន្តិវិធី ចៀសវាងវិវាទផ្សេងៗ ដែលឈានទៅដល់ការបណ្តេញ កម្មករចេញពីរោងចក្រជាដើម។

 

ភ្ជាប់ជាមួយចំណុចនោះហើយ សម្តេច ហ៊ុន សែន បានរិះគន់បក្សប្រឆាំងថា ចេះតែធ្វើបាតុកម្ម ហើយកន្លងទៅបែរជាទៅបញ្ចុះបញ្ចូលកម្មករ ឱ្យធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ផ្ទះ។ ដូច្នេះត្រូវតែធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស ឬអាចនិយាយថា ប្រទេសដែលអភិវឌ្ឍន៍ គឺជាប្រទេសមានសន្តិភាព ព្រោះគ្មានអ្នកណា ទៅតាំងរោងចក្រនៅប្រទេស មានសង្គ្រាមទេ។ បានន័យថា ដើម្បីធានានូវ កិច្ចអភិវឌ្ឍន៍ ត្រូវតែធានាដល់សន្តិភាព ហើយ ចំណុចនេះ មានតែគណបក្សប្រជាជនកម្ពុជា ១គត់ ដែលគ្រប់គ្រងស្ថានការណ៍បាន ឯគណបក្សដទៃ មិនមានលទ្ធភាពទេ ហើយគ្រប់រោងចក្រទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាព រីឯក្មួយៗកម្មករ មិនត្រូវឱ្យមានបញ្ហាច្របូកច្របល់ ដូចឆ្នាំ២០១៣ កើតឡើងម្តងទៀតទេ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “តំបន់នោះ គឺជាតំបន់ដែល គ្មានរោងចក្រ គ្មានសហគ្រាស ហើយសាលា ក៏មិនអាចស្ថិតនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង នោះទេ។ អ៊ីចឹងទេ ដើម្បីធានាទៅដល់កិច្ច អភិវឌ្ឍន៍ ត្រូវតែធានាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយសិន ត្រូវចាំ ហើយចំណុចនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានលទ្ធភាពធ្វើនូវកិច្ចការងារនេះ។ គណបក្សដទៃគ្មានលទ្ធភាព ដើម្បីនឹងគ្រប់គ្រងនូវស្ថានការណ៍របស់កម្ពុជាទេ។ ប្រទេសមួយចំនួន គេបានឃើញនូវស្ថានភាពច្របូកច្របល់កាន់តែខ្លាំងទៅ រាប់ទាំងប្រទេសមីយ៉ាន់ម៉ារ ដែលជាមិត្តនៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើងត្រួតត្រា ស្ទើរលែងកើត ទៅលើតំបន់មួយចំនួន ដែលមានការបាញ់គ្នាឡើងវិញ រវាងកងទ័ពរដ្ឋាភិបាល និងកុលសម្ព័ន្ធត្រួតត្រា។ ឥឡូវបញ្ហាបាននិងកំពុងលេចឡើងធ្វើឱ្យយើងឈឺក្បាលក្នុងក្របខ័ណ្ឌផ្ទៃក្នុងគ្នាឯង លើបញ្ហាបង់ហ្គាលី ឬរ៉ូហ៊ីងយ៉ា ដែលកំពុងតែជាចំណោទ សូម្បីតែអាយប៉ា ប្រជុំនៅហ៊្វីលីពីននេះ ក៏កំពុងតែត្រូវលើកឡើង ជាចំណោទនៅទីនោះរួចស្រេចទៅហើយៗសភា អាចនឹងស្នើសុំយោបល់ពីសំណាក់រាជរដ្ឋាភិបាល។ តើជំហររបស់យើង ចំពោះបញ្ហានៅមីយ៉ាន់ម៉ារ យ៉ាងម៉េចដែរ លើបញ្ហាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ឬហៅថា បង់ហ្គាលី នេះ? ឥឡូវក្រៅពីការងារ ធំៗទាំងពីរ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន គឺ សន្តិភាព និងការអភិវឌ្ឍ។ ខ្ញុំបញ្ជាក់ឡើងវិញ គ្មានសន្តិភាព មិនអាចមានការអភិវឌ្ឍទេ ហើយ បើគ្មានការអភិវឌ្ឍ ទុកឱ្យភាពក្រីក្ររ៉ាំរ៉ៃៗ សន្តិភាពនេះក៏មិនអាចធានាបានដែរ។ ដើម្បី រក្សាបានចំណុចនោះហើយ ក្នុងទិសដៅដោះស្រាយបញ្ហាប្រឈមរបស់កម្មករ ដំបូងបំផុត យើងត្រូវរួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថិរភាពការងារ។ នៅគ្រប់រោងចក្រ សហគ្រាសទាំងអស់ ត្រូវរួមគ្នារក្សានូវស្ថិរភាពនយោបាយ រួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាពការងារ។ ក្មួយៗមិនត្រូវទុកឱ្យ មានចលាចលណាមួយកើតឡើងនៅក្នុងតំបន់ រោងចក្ររបស់ខ្លួនទេ។ ដូចជាចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ផ្លូវវេងស្រេងនេះ គឺជាតំបន់ក្តៅ តើអ្នកណាជាអ្នកផ្តួចផ្តើមគំនិត? ឥឡូវអ្នក ដែលយកនំប៉័ងមកចែកនេះ បានទៅអាមេរិក ហើយម្សិលមិញ ចូលទៅកាណាដា ដោយអត់ វីសាទៀត គេបានរត់ចេញពីទីក្រុងភ្នំពេញ ឆ្លងព្រំដែនកំរៀង នៅម៉ោង៥:២០នាទី ទៅដល់បាងកក ឡើងយន្តហោះ ទៅកូរ៉េខាងត្បូង ចេញ ពីកូរ៉េខាងត្បូង ទៅដល់អាមេរិក ឥឡូវប៉ាស្ព័រ មាន២ ប៉ាស្ព័រឌីប្លូម៉ាត១ ប៉ាស្ព័រប្រជាជន១ គេចូលទៅកាណាដា អត់មានវីសា ត្រឡប់មក អាមេរិកវិញ។ អ៊ីចឹងចេះភ័យខ្លួនដែរ រឿងបាន លេចហើយ កន្ទុយរបស់អ្នកឯងបានលេចចេញ មកហើយ តាមរយៈអំពើក្បត់ អ្នកដែលបាន ចាប់ខ្លួនរួចមកហើយ។ ពេលនោះ កម្មកររបស់ យើងមានប៉ុន្មានទៅដែលធ្វើបាតុកម្មពិតប្រាកដ? អ្នកណាដែលធ្វើបាតុកម្មទាមទារប្រាក់ខែ ឬ ទាមទារលក្ខខណ្ឌការងារ នៅម៉ោង២ភ្លឺ? វា មិនមែន។ ហិង្សាពិតប្រាកដនៅទីនេះ ហើយថា បាត់ខ្លួនមនុស្ស អ៊ីចឹងដើម្បីរកមនុស្សដែល បាត់ខ្លួន វាទាល់តែនាំអាមេបាតុកម្ម យកមក សួរចម្លើយ! ហើយប្រមូលមេបាតុកម្មទាំង ឡាយមកសួរចម្លើយ ទើបដឹងថា មនុស្សក្បត់ ខ្លួនទៅណា? ព្រោះបើដូចមកអ៊ីចឹង សុទ្ធតែមាន កាតពាក់តែម្តង ប៉ុន្តែពេលនោះ កម្មករមួយចំនួន មិនព្រមទៅចូលរួមបាតុកម្ម ទៅទម្លាយទ្វារគេ  ទម្លាយពីភ្នំពេញ មិនអស់ចិត្ត ទៅទម្លាយនៅស្វាយរៀងទៀត។ អ៊ីចឹងទេ រឿងទាំងអស់នេះ មិនអាចឱ្យមានចលាចលកើតឡើង ដែលជាការ បាត់បង់ការងារ និងខ្វះសុវត្ថិភាពការងាររបស់ យើងនោះទេ។ មិនត្រូវទុកឱ្យរោងចក្ររបស់ យើងពោរពេញទៅដោយបងតូចបងធំ និង ពួកក្រុមគ្រឿងញៀន ដើម្បីបង្កការរំខានទៅ ដល់ការងាររបស់ក្មួយៗទេ ត្រូវរួមគ្នានៅក្នុងក្របខ័ណ្ឌកម្មករ-កម្មការិនីគ្នាឯង នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងរវាងម្ចាស់រោងចក្រ ជាមួយ កម្មករ-កម្មការិនី ដើម្បីស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម វាក៏ជាការធានា នូវសុវត្ថិភាព និងស្ថិរភាពការងាររបស់ក្មួយៗ ដែរ”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន បញ្ជាក់ជាថ្មីស្តីពីចំណុចសំខាន់ៗ៥ ដើម្បីលើក កម្ពស់ការងារ និងជំរុញវិស័យឧស្សាហកម្ម ឱ្យ កាន់តែមានភាពល្អប្រសើរ គឺទី១ គឺត្រូវរួមគ្នា ថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។ ២-រួមគ្នារក្សាការងារ ចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយ ធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។ ទី៣-រួមគ្នា បង្កើនប្រាក់ចំណូលដោយការខិតខំបណ្តុះបណ្តាលហ្វឹកហ្វឺនចំណេះដឹង បន្ថែមដល់កម្មករ និងកុំឱ្យកម្មករភ័យខ្លាច ពីការបាត់បង់ការងារ  និងប្រាក់ចំណូល។ ទី៤-ផ្តល់របបគាំពារសន្តិសុខ សង្គមដល់កម្មករ គឺចាប់ពីខែមករា ២០១៨ តទៅ និយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃ របបសន្តិសុខសង្គម ១០០% ដល់កម្មករ។ កម្មករអាចចំណេញថវិកាបានពី (៨ ០០០៛ ទៅ១២ ០០០៛ ក្នុង១ខែ)។ ទី៥-ផ្តល់កិច្ចគាំពារ និងយកចិត្តទុកដាក់ ចំពោះកម្មករ-កម្មការិនី ដែលធ្វើការនៅក្រៅប្រទេស តាមរយៈការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើការទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីផ្តល់ការងារដែលមានប្រាក់ចំណូល ខ្ពស់សមរម្យ និងលក្ខណការងារល្អៗដល់ក្មួយៗ កម្មករ។

ជាមួយនោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់សាជាថ្មីថា ក្មួយៗ កម្មករ-កម្មការិនីទូទាំងប្រទេស នឹងទទួលបាន សេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូន បើកបរ និងកសិកម្ម…ជាដើម) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ ដែលចេញថវិកា ដោយមូលនិធិសមធម៌។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ទាំងអស់ ត្រូវរៀបចំបង្កើត Clinic មើលថែសុខភាពកម្មករនៅតាមរោងចក្ររបស់ខ្លួន ដើម្បីជួយដល់កម្មករ-កម្មការិនី។ ចំពោះស្ត្រីសម្រាល កូនគឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% ថែមទៀត។ ចំពោះបងប្អូនកូនក្មួយ កម្មការិនីដែលត្រូវសម្រាលកូន ទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូន (១) គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបាន កូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន (៣) គឺទទួលបានថវិកា ១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ មួយចំនួនបន្ថែមទៀត ពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ថវិកានេះនឹងផ្តល់ ជូនដោយបេឡាជាតិ សន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល។ ទោះបីកូននោះកើតរស់ឬស្លាប់ គឺនៅតែទទួលបានថវិកាឧបត្ថម្ភគាំពារដូចគ្នា។

ជុំវិញនយោបាយការបរទេស សម្តេច ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាថា តើការនិយាយរបស់លោកកឹម សុខា អំពីផែនការរៀបចំធ្វើបដិវត្តន៍ពណ៌ ពិត ឬមិនពិត? សម្តេចហ៊ុន សែន ស្នើឱ្យឯកអគ្គរដ្ឋទូត ចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជា រឿងលោកកឹម សុខា និយាយអំពីការធ្វើបដិវត្តពណ៌។ សម្តេចក៏ប្រកាសអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមគ្នាជា ជាតិនិយម កម្ចាត់ពួកបរទេសឈ្លានពាន ដើម្បី ឯករាជ្យ សេរីភាព និងអធិបតេយ្យរបស់កម្ពុជា។

សម្តេចហ៊ុន សែន បានថ្លែងថា សម្តេចមិនបានចោទអាមេរិក ពាក់ព័ន្ធផែនការធ្វើ បដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់នោះទេ គឺលោកកឹម សុខា ជាអ្នកសារភាពដោយផ្ទាល់មាត់ខ្លួនឯង។

សម្តេចហ៊ុន សែន បានថ្លែងថា “ខ្ញុំចង់ សួរឯកឧត្តម ឱ្យឆ្លើយបំភ្លឺ តើសម្តីកឹម សុខា ត្រឹមត្រូវឬអត់?”។

សម្តេចហ៊ុន សែន បានថ្លែងបន្តថា “យើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ ប៉ុន្តែ កឹម សុខា ទេ ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក ថា បានណែនាំអំពីវិធីផ្តួលរំលំផ្លាស់ ប្តូរតាមរបៀបនៅយូហ្គោស្លាវី និងស៊ែប៊ី ហើយបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តនៅកម្ពុជា។ តើមែនឬមិនមែន? តើកឹម សុខា ចោទអាមេរិក ឬអាមេរិកចោទ កឹម សុខា?”។

ជាមួយគ្នានេះដែរ សម្តេចហ៊ុន សែន បានថ្លែងផ្តាំទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកថា កុំមកចង់ធ្វើជាម៉ែជាឪកម្ពុជា ហើយសម្តេចក៏ បានប្រកាសបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរបស់កម្ពុជា បើកការស្រាវជ្រាវលើជនជាតិអាមេរិក ទាំងឡាយនៅកម្ពុជា ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មនៅកម្ពុជា មុននិងក្រោយ ឆ្នាំ២០១៣។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដែរថា កិច្ចព្រមព្រៀងរុករកឆ្អឹងខ្មោច ទាហានអាមេរិកនៅកម្ពុជា មិនបានលុបចោលទេ គ្រាន់តែផ្អាកតែប៉ុណ្ណោះ ព្រោះអាមេរិកចេះ ធ្វើរឿងផ្សេងមកលើកម្ពុជា (ផ្អាកផ្តល់វីសា ដូច្នេះកម្ពុជា) ក៏ចេះធ្វើតបនឹងអាមេរិកវិញដែរ។ រហូតដល់ពេលនេះ សពទាហានអាមេរិក៤៩ នាក់ ដែលបានបាត់ខ្លួននៅកម្ពុជា មិនទាន់ត្រូវ បានរុករកឃើញនៅឡើយ។ ដូច្នេះជាការដោះដូរ បើអាមេរិក បន្តផ្តល់វីសាដល់មន្ត្រី ក្រសួងការបរទេសខ្មែរវិញនោះ កម្ពុជាក៏សម្រេចបន្តកិច្ច ព្រមព្រៀងរុករកធាតុទាហានអាមេរិកវិញដែរ។

មុននឹងបញ្ចប់ សម្តេច ហ៊ុន សែន បាន ជូនពរកម្មករ-កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនោះ ព្រមទាំងបាន ឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ ចំនួន ៥៨៧ និងកម្មករទាំងអស់ដែលបានចូលរួមថ្ងៃនេះផងដែរ។ បន្ទាប់មក សម្តេចតេជោបានថតរូប ល្សេថិេ ជាអនុស្សាវរីយ៍ជាមួយកម្មករ-កម្មការិនី ក្នុង ភាពស្រឡាញ់ស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង ។

នៅថ្ងៃដដែលនោះដែរ បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្ម វឌ្ឍនៈ១រួចហើយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញទៅសួរសុខទុក្ខ កម្មករ កម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន សិនចូវ (SHEN ZHOU) របស់ចិន នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនីចំនួន ២ ៣០០ នាក់ កំពុងធ្វើការនៅទីនោះ លើផ្នែកកាត់ដេរ សម្លៀកបំពាក់ ដើម្បីនាំចេញទៅទីផ្សារបរទេស។ នៅពេលនោះដែរ សម្តេចហ៊ុន សែន ក៏ពិសាបាយថ្ងៃត្រង់ ជាមួយកម្មករ-កម្មការិនី ដោយភាពស្និទ្ឋស្នាល រីករាយ៕

កុលបុត្រ

RELATED ARTICLES