Saturday, April 27, 2024
Homeព័ត៌មានជាតិនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងម្នាក់ ស្លៀកខោប៉ូលិស ពាក់អាវសុីវិល ទៅសួរនាំក្រុមក្មេងស្ទាវ ត្រូវក្រុមក្មេងស្ទាវវាយបែកក្បាល

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងម្នាក់ ស្លៀកខោប៉ូលិស ពាក់អាវសុីវិល ទៅសួរនាំក្រុមក្មេងស្ទាវ ត្រូវក្រុមក្មេងស្ទាវវាយបែកក្បាល

ភ្នំពេញ ៖ មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងម្នាក់ ស្លៀកខោប៉ូលិស ពាក់អាវសុីវិល ក្នុងស្ថានភាពស្រវឹង ទៅសួរនាំសំឡុតក្រុមក្មេងស្ទាវ ត្រូវបានក្រុមក្មេងទាំងនោះ ព្រួតវាយបែកក្បាលសន្លប់ស្តូក កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ខាងត្បូងជាប់រង្វង់មូលចោមចៅ មុខបញ្ជាការដ្ឋានកងវិស្វកម្ម ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ឡុច គីម ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការក្រុងភ្នំពេញ “រហស្សនាម ទិវា១៦៨” រងរបួសបែកក្បាលធ្ងន់ ។ ចំណែកក្រុមក្មេងស្ទាវ មានគ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណ មាន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម មិនចាំស្លាកលេខ និងម្នាក់ទៀត ជិះម៉ូតូមួយគ្រឿង ម៉ាក MSX មិនចាំស្លាកលេខ ក្រោយកើតហេតុ នាំគ្នាជិះគេចបាត់អស់ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុគេឃើញក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ២គ្រឿង មកឈប់នៅខាងត្បូងរង្វង់មូលចោមចៅ លើផ្លូវជាតិលេខ៣ លុះមួយសន្ធុះក្រោយមក ទើបឃើញជនរងគ្រោះក្នុងឯកសណ្ឋានខោប៉ូលិស អាវសុីវិល ជិះម៉ូតូមួយគ្រឿង ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AZ-5412 ពីជើងមកត្បូង ហួសក្រុមក្មេងស្ទាវ ប្រមាណ៣០ម៉ែត្រ ឈប់ម៉ូតូចុះដើរទៅសួរក្រុមក្មេងស្ទាវ ហើយឃើញសំឡុត តែមិនដឹងថា រឿងអ្វី ស្រាប់តែក្មេងស្ទាវ២នាក់ ជិះម៉ូតូស្កុបពី ចុះមកព្រួតនាំគ្នាវាយ បណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាល ដេកដួលសន្លប់នៅកន្លែង ហើយក្រុមក្មេងបង្កនាំគ្នាជិះម៉ូតូរត់គេចបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិករស្មី ដឹកយកទៅសង្រ្គោះ ចំណែកម៉ូតូ នគរបាលប៉ុស្តិ៍ចោមចៅ យកទៅរក្សាទុក ៕

RELATED ARTICLES