Saturday, April 27, 2024
Homeព័ត៌មានជាតិម៉ូតូអត់ស្លាកលេខ កែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន១០៤គ្រឿង ត្រូវអធិកានគរបាល ខណ្ឌសែនសុខ ធ្វើសន្និសីទបង្ហាញ

ម៉ូតូអត់ស្លាកលេខ កែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន១០៤គ្រឿង ត្រូវអធិកានគរបាល ខណ្ឌសែនសុខ ធ្វើសន្និសីទបង្ហាញ

ភ្នំពេញ៖ ប្រតិបត្តិការរយៈពេលជាងមួយខែ កម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្ដិ៍នានាទូទាំងខណ្ឌ បានធ្វើការបង្ក្រាបនិងឃាត់បានម៉ូតូស៊េរីទំនើបៗ ចំនួន ១០៤គ្រឿង ដែលម៉ូតូទាំងនោះមួយចំនួនអត់ស្លាកលេខ និងកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងខ្លាំងរំខានដល់អ្នកដំណើរតាមដងផ្លូវ ធ្វើឲ្យបាត់បងសណ្ដាប់ធ្នាប់សារធារណៈ  ម៉ូតូដែលកែច្នៃដៃចង្កូត និងទ្រង់ទ្រាយដើម បំពាក់ភ្លើងឡាស័រ ជាដើម និងដកហូតវិទ្យុទាក់ទង (អាយឌី) បានចំនួន០៤គ្រឿងផង។

ក្រោយពេលធ្វើការបង្ក្រាប និងចាប់ប្រមូលបាននៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានរៀបចំធ្វើសន្និសីទបង្ហាញជូនសាធារណៈជន ដើម្បីកុំឲ្យយកតម្រាប់តាមម្ចាស់ម៉ូតូទាំងនោះ ព្រោះជាគំរូអាក្រក់បំផុត។

លោកអធិការបានថ្លែងថា ប្រតិបត្តិការខាងលើនេះបានអនុវត្តតាមបទបញ្ជាដ៏តឹងរ៉ឹងរបស់លោកនាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដែលនៅរយៈពេលជាងមួយខែ គិតចាប់ពីថ្ងៃ០១ ខែសីហា ឆ្នាំ២០១៧ មកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុណ្ណោះ គឺឃាត់បានម៉ូតូចម្រុះ ចំនួន១០៤គ្រឿង ដែលសុទ្ធតែជាម៉ូតូស៊េរីទំនើបៗ ហើយក្នុងនោះមានម៉ូតូអត់ស្លាកលេខ ចំនួន៨៨គ្រឿង, ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងលាន់ឮខ្លាំងៗ រំខានដល់ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវចំនួន១៣គ្រឿង, ម៉ូតូកែច្នៃខុសទ្រង់ទ្រាយដើម បំពាក់ភ្លើងឡាស័រ ចំនួន០៣គ្រឿង។ ហើយក្រោយពេលឃាត់បាន កម្លាំងបានរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើការអប់រំណែនាំដល់ម្ចាស់ និងធ្វើកិច្ចសន្យារួចឲ្យ គាត់កែសម្រួលឲ្យដូចទ្រង់ទ្រាយដើមឡើងវិញ ទើបប្រគល់ឲ្យធ្វើចរាចរតាមដងផ្លូវ ដោយឡែក ម៉ូតូដែលអត់មានស្លាកលេខ បានបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ។

លោកអធិការបានបន្តថា ការបង្ក្រាបនិងឃាត់ម៉ូតូខាងលើ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ  បង្កាទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរបងប្អូនជាម្ចាស់ម៉ូតូ និងអ្នកបើកបរ ម៉ូតូទាំងអស់ ដែលនឹងអាចមានគ្រោះថ្នាក់ដោយខ្លួនឯង មិនមែននគរបាលជាអ្នកគ្រោះថ្នាក់ នោះឡើយ។ មិនតែប៉ុណ្ណោះអ្នកខ្លះមានម៉ូតូល្អជិះហើយ ប៉ុន្តែបែរជាជិះគេចនគរបាលទៅវិញ ព្រោះតែម៉ូតូរបស់ខ្លួនកែច្នៃខុសបច្ចេកទេស និងគ្មានស្លាកលេខ ដូច្នេះធ្វើអ្វីៗគួរតែបោះបង់វិធីនេះចោល ហើយងាកមកគោរពច្បាប់ទាំងអស់គ្នាវិញ ទើបគ្មានបញ្ហាកើតឡើង។

លោកអធិការបានបញ្ជាក់ថា ក្នុងនាមអធិការនគរបាលខណ្ឌសែនសុខ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងនៅតាមខេត្តនិងរាជធានីភ្នំពេញ សូមបងប្អូនប្រើប្រាស់ម៉ូតូឲ្យ ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ប្រើប្រាស់ដងផ្លូវ គឺគោរពច្បាប់ទាំងអស់គ្នា ចៀសវាងនូវឧប្បត្តិហេតុផ្សេងៗ ដែលបានកើតឡើងជាយថាហេតុ ព្រោះលើកនេះត្រឹមធ្វើកិច្ចសន្យា និងអប់រំ ហើយបើលើកក្រោយ ពួកគាត់នៅតែមិនព្រមមានការរាងចាលទៀតនោះ ពេលចាប់បានលើកក្រោយ និងទុករយៈពេលវែង មិនប្រគល់ឲ្យធ្វើចរាចរណ៍លើដងផ្លូវឡើយ ឬក៏បញ្ជូនចាត់ការតាមច្បាប់តែម្ដង៕

RELATED ARTICLES