Friday, April 26, 2024
Homeព័ត៌មានជាតិយុវជន៣នាក់មកពីវត្តបោះបាយបិណ្ឌ ត្រូវយុវជនមួយក្រុមដេញវាយយកម៉ូតូទៅបាត់

យុវជន៣នាក់មកពីវត្តបោះបាយបិណ្ឌ ត្រូវយុវជនមួយក្រុមដេញវាយយកម៉ូតូទៅបាត់

ភ្នំពេញ ៖ យុវជនម្នាក់រត់ទៅប្តឹងប៉ូលិស អះអាងថា ខ្លួនត្រូវបានជនសង្ស័យមួយក្រុម ប្រមាណ១០នាក់ ជិះម៉ូតូ៣គ្រឿង ដេញស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ ខណៈដែលជិះម៉ូតូវិលត្រឡប់មកពីបោះបាយបិណ្ឌនៅវត្តកំបូល វិញ មកដល់ចំណុចមុខក្លោងទ្វារ អគ្គបញ្ជាការកងទ័ពជើងគោក ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមជនសង្ស័យប្រដាប់ដោយខ្សែក្រវ៉ាត់ ដុំឥដ្ឋ ស្ទាក់គប់វាយ រងរបួសបែកក្បាលដេរ៦ថ្នេរ យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ។

ជនរងគ្រោះមានឈ្មោះ ជុំ នីម៉េត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំណែកម៉ូតូដែលក្រុមជនសង្ស័យវាយប្លន់យកទៅបាត់ ជនរងគ្រោះអះអាងថា ម៉ាក ស៊ុយហ្ស៊ុយគី លេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1CP-5440។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនរួមជាមួយមិត្តភក្តិសរុបគ្នា៣នាក់ ទៅចូលរួមពិធីបោះបាយបិណ្ឌវេនទី១១ នៅវត្តកំបូល លុះនៅវេលាម៉ោងខាងលើ នាំគ្នាជិះម៉ូតូវិលត្រឡប់មកផ្ទះវិញ តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ទល់មុខក្លោងទ្វារ ច្រកចូលអគ្គបញ្ជាការកងទ័ពជើងគោក ស្រាប់តែមានជនសង្ស័យមួយក្រុមប្រមាណ១០នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដំបង ខ្សែក្រវ៉ាត់ និងដុំឥដ្ឋ ដេញតាមពីក្រោយ ស្ទាក់ឲ្យឈប់វាយ គប់មកលើខ្លួន បណ្តាលឲ្យរងរបួសបែកក្បាល ចំណែកមិត្តភក្តិ២នាក់ទៀត រងរបួសស្រាល រត់គេចខ្លួនរួច ហើយជនសង្ស័យលើកម៉ូតូជិះរត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះមិនទាន់បានទៅប្តឹងប៉ូលីសទេ រវល់តែទៅពេទ្យដេរស្នាមរបួស៦ថ្នេរ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃដដែល ទើបនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា ៕

RELATED ARTICLES