Friday, April 19, 2024
Homeព័ត៌មានជាតិសាហាវណាស់!!! ខឹងម៉ូតូបាំងទៅមុខមិនរួច ចុះពីលើឡានជេរប្រមាថ រួចជិះឡានចូលផ្ទះ ដឹកប្អូនប្រុសទៅវាយប៉ូលិសសក្តិ៣ នឹងប៉ាន់តែបែកក្បាល

សាហាវណាស់!!! ខឹងម៉ូតូបាំងទៅមុខមិនរួច ចុះពីលើឡានជេរប្រមាថ រួចជិះឡានចូលផ្ទះ ដឹកប្អូនប្រុសទៅវាយប៉ូលិសសក្តិ៣ នឹងប៉ាន់តែបែកក្បាល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកំលាំងប៉ុស្តិ៍ឫស្សីកែវ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវជាបងនោះ មានឈ្មោះ កែវ វិជ្ជា ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិកើតហេតុខាងលើ។ រីឯជនបង្កជាប្អូនដែលរត់គេចខ្លួន មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។

ចំណែកជនរងគ្រោះឈ្មោះអ៊ុំ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាមន្ត្រីនគរបាល បម្រើការនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ និងមានទីលំនៅស្រុកល្វាឯម ខេត្តកណ្តាល រងរបួសខ្លួន និងក្បាលដេរជាច្រើនថ្នេរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង១៩និង១០នាទីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ គេឃើញជនបង្កជិះរថយន្តមួយគ្រឿង ម៉ាក Lexus LX400 ពណ៍សពាក់ស្លាកលេខភ្នំពេញ 2A-2086 បើកបរតាមផ្លូវបេតុងចូលក្នុងភូមិសាមគ្គី ដើម្បីចូលផ្ទះរបស់គេ។​

ប្រភពបានបន្តថា ខណៈពេលបើកបរមកដល់ចំណុចមុខហាងកាហ្វេកើតហេតុខាងលើ ក៏មានម៉ូតូ២ទៅ៣គ្រឿង ចតលើចិញ្ចើមផ្លូវមុខហាងកាហ្វេនោះ ធ្វើឲ្យរូបគេបើករថយន្តទៅមុខមិនកើត ហើយរូបគេបានបើកទ្វារចុះពីក្នុងរថយន្តបានស្រែកឡូឡាជេរប្រមាថទៅលើម្ចាស់ម៉ូតូដែលចតទុកចោលនោះ បន្ទាប់មកធ្វើឲ្យជនរងគ្រោះដែលកំពុងអង្គុយផឹកកាហ្វេនៅទីនោះ អត់ទ្រាំមិនបាននឹងសម្តីជនបង្ក ក៏បានឆ្លើយតបទៅវិញ ធ្វើឲ្យទាក់ពាក្យសម្តីគ្នាមួយប្រាវក្រោយមកជនបង្កបានបើករថយន្តចូលផ្ទះរបស់ខ្លួន ដែលនៅក្បែរកន្លែងកើតហេតុនោះ។​

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុកន្លះម៉ោងក្រោយមក គេឃើញជនបង្កជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគ្លីក ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GP-9442 ឌុបប្អូនប្រុសបង្កើតរបស់ខ្លួនមកឈប់នៅមុខហាងកាហ្វេខាងលើ ហើយបុរសជាប្អូនបានចុះពីលើម៉ូតូដើរចូលសំដៅទៅតុជនរងគ្រោះ រួចចាប់គ្រាកដៃជនរងគ្រោះ បន្ទាប់មកជនបង្កត្រូវជាបងបានស្ទុះទៅយកប៉ាន់តែលើតុនោះ មកវាយក្បាល និងដងខ្លួនជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់៦ថ្នេរ ក្រោយកើតហេតុជនបង្កទាំង២នាក់បងប្អូន ឡើងជិះម៉ូតូគេចខ្លួនបាត់។

​លុះនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនបង្កជាបងនៅផ្ទះរបស់គេ នៅក្បែរកន្លែងកើតហេតុខាងលើ ចំណែកឯជនបង្កប្អូនរត់គេចខ្លួនបាត់។​

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតីវិធី ៕

RELATED ARTICLES