Saturday, April 20, 2024
Homeព័ត៌មានជាតិបងថ្លៃនិងប្អូនថ្លៃផឹកសុីជាមួយគ្នា ផ្ទុះហិង្សា បងថ្លៃទាញដំបងវាយសំពងប្អូនថ្លៃ

បងថ្លៃនិងប្អូនថ្លៃផឹកសុីជាមួយគ្នា ផ្ទុះហិង្សា បងថ្លៃទាញដំបងវាយសំពងប្អូនថ្លៃ

ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសបែកក្បាល ត្រូវគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ ខណ:ពេលកំពុងផឹកស៊ីជួបជុំមិត្តភក្តិ លុះជជែកគ្នាលេងចុះឡើងៗ ក៏ទាស់សម្តីគ្នារវាងបងថ្លៃនិងប្អូនថ្លៃដោយជនបង្កបានទាញដំបងប្រវែងជាង១ម៉ែត្រ វាយទៅលើប្អូនថ្លៃពេញទំហឹង បណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួន ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកជនបង្កត្រូវបាននគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត ឱ្យចាត់ការតាមនីតិវិធី ។

ហេតុការណ៍បងថ្លៃវាយទៅលើប្អូនថ្លៃ បណ្តាលឱ្យរងរបួសបែកក្បាលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនបង្កហេតុឈ្មោះ សោម សុវណ្ណដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាកម្មករ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ លី ចាន់ត្រា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករ ត្រូវជាប្អូនថ្លៃរបស់ជនបង្ក អ្នកទាំង២រស់នៅភូមិសង្កាត់ជាមួយគ្នា ។

ប្រភពបន្តទៀតថា ដោយសាររដូវភ្ជុំបិណ្ឌឈានចូលមកដល់ អ្នកភូមិជាច្រើនឈប់សម្រាកជួបជុំមិត្តភក្តិ ហើយក៏នាំគ្នាផឹកស៊ីតាំងពីព្រឹករហូតដល់ល្ងាច ទើបទៅផ្ទះរៀងៗខ្លួន ។ មុនពេលកើត ហេតុ បងថ្លៃនិងប្អូនថ្លៃបានជជែកគ្នាលេងពីនេះពីនោះក្នុងគ្រួសាររបស់ខ្លួន លុះយូរៗទៅក៏កាន់តែតឹងសសៃកដាក់គ្នា ស្របពេលនោះជនបង្កបានទាញដំបងឈើមូលវាយទៅលើប្អូនថ្លៃពេញទំហឹង បណ្តាលឱ្យរងរបួសតែម្តង ។

ក្រោយពេលកើតហេតុ អ្នកជិតខាងបានឃើញ ក៏ចូលទៅជួយចាប់ឃាត់ និងអន្តរាគមន៍ចំពោះអ្នកទាំងពីរ ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធីច្បាប់ ៕

RELATED ARTICLES