Friday, March 29, 2024
Homeតារាខ្មែរអ្នកស្រីឌី សាវ៉េត សោកស្តាយចំពោះការបាត់បង់សាន ស្រីឡៃ និងផ្តាំឲ្យក្មេងជំនាន់ក្រោយ...

អ្នកស្រីឌី សាវ៉េត សោកស្តាយចំពោះការបាត់បង់សាន ស្រីឡៃ និងផ្តាំឲ្យក្មេងជំនាន់ក្រោយ…

អ្នកស្រីឌី សាវ៉េត តារាភាពយន្តជើងចាស់ បានឱ្យដឹងថា នេះគឺជាបទពិសោធន៍ជីវិតមួយ សម្រាប់មនុស្សស្រីទូទៅ មុននឹងជ្រើសដៃគូជីវិត គឺត្រូវតែស្វែងយល់បុរសនោះឱ្យបានល្អិតល្អន់ ដើម្បីកុំឱ្យមានរឿងបែបនេះទៀត។

អ្នកស្រីឌី សាវ៉េត បានថ្លែងថា “ខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារស្រីឡៃ ផង ចំពោះការបាត់បង់នេះ។ សម្រាប់ខ្ញុំយល់ថា តារាណាក៏គាត់មានរឿងបេះដូងរបស់គាត់ដែរ ត្រូវតែមានស្នេហា គូស្រករ។ ខ្ញុំគិតថា ទាំងបុរសនិងស្ត្រី នៅពេលដែលពួកគេស្រលាញ់គ្នា គួរតែបង្ហាញភាពស្មោះត្រង់ឱ្យគេឃើញទាំងសងខាង ទើបអាចគេចផុតរឿងបែបនេះបាន។ បើខាងប្រុសមានប្រពន្ធកូនហើយ គួរតែប្រាប់គេឱ្យបានដឹងពីចំណុចចាប់ផ្តើមទៅ មិនមែនរឿងចូលជ្រៅហើយ ទើបបែកធ្លាយទៅជាមានរឿងធំទេ។ បើយើងខាងប្រុសប្រាប់គេថា ខ្លួនមានប្រពន្ធហើយ តែខាងស្រីនៅតែស្រលាញ់ទៀត អាហ្នឹងទើបជារឿង១ផ្សេងទៀតវិញ។ ខ្ញុំស្តាយទាំង២ ចំពោះការស្លាប់របស់សាន ស្រីឡៃ និងប្តីហ្នឹង ព្រោះគ្នាជ្រុលជ្រួស ទើបមានភ្លើងនេះឆេះឡើង គឺវាហួសពេលទៅហើយ”។

សាន ស្រីឡៃ បានដេកដួលស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវអតីតប្តី មន្ត្រីគយ ឈ្មោះជ័យ រិន ហៅម៉ៅ បាញ់ប្រហារ៣គ្រាប់ រួចធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរសម្រាកព្យាបាលវ៉ាយតា ឡុងហ្គា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ សពស្រីឡៃ ត្រូវបានយកទៅតម្កល់ធ្វើបុណ្យ និងបូជានៅវត្តសែនសុខ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ និងបានធ្វើបុណ្យគម្រប់៧ថ្ងៃ កាលពីថ្ងៃទី២១ ខែតុលា នៅវត្តទួលទំពូង។

មរណភាពរបស់សាន ស្រីឡៃ បានបន្សល់ទុកកូនប្រុស២នាក់ គឺកូនទី១ ឈ្មោះរិន ច័ន្ទតារា អាយុ៨ឆ្នាំ និងកូនទី២ ឈ្មោះរិន ច័ន្ទឯករាជ្យ អាយុ៤ឆ្នាំ ដែលតារាចម្រៀងពេជ្រ សោភា ទើបតែរកបានអាហារូបករណ៍១០០% ឱ្យរៀនដល់ថ្នាក់ទី១២ នៅសាលាអាមេរិកកាំងប៊្រីដ។ កូនប្រុសទាំង២របស់ស្រីឡៃ ត្រូវលោកយាយរបស់គេ អ្នកស្រីប្រាក់ ចន្ធី ដែលជាអ្នកលក់បបរនោះ ជាអ្នកចិញ្ចឹមបីបាច់ទាំងស្រុង ចាប់ពីពេលនេះតទៅ។

តារាស្រីមួយចំនួនបានឱ្យដឹងថា វាពិបាកណាស់សម្រាប់មនុស្សស្រីទាំងឡាយ ដែលហាក់រង់ចាំតែសម្ពាធ ព្រោះថា ពេលប្រុសដែលមកស្រលាញ់នាងនោះ គ្មានអ្នកណាម្នាក់ប្រាប់ថា ខ្លួនគេមានប្រពន្ធកូនហើយនោះឡើយ អីចឹងបានជាពេលខ្លះ ពួកគេខ្លាចជួបរឿងដូចសាន ស្រីឡៃ នេះខ្លាំងណាស់។

អ្នកស្រីឌី សាវ៉េត អះអាងទៀតថា “កាលខ្ញុំនៅក្មេងក៏ធ្លាប់មានគេមកទាក់ទងតាមស្រលាញ់ខ្ញុំដែរ។ តែសម្រាប់ជំហរខ្ញុំ គឺទោះជាអ្នកឯងមហាលុយ មហាស្អាត សង្ហាយ៉ាងណាក៏ដោយ គឺឱ្យតែជាប្តីគេ ខ្ញុំសូមទោសហើយ មិនអាចទៅស្រលាញ់ជាដាច់ខាត គឺសុំទោសទៅឱ្យឆ្ងាយចុះ គឺអាចស្រលាញ់ខ្ញុំបាន តែស្រលាញ់ទុកក្នុងចិត្តណា៎! ខ្ញុំសូមផ្តាំដល់ក្មេងៗសម័យឥឡូវ គឺមុននឹងស្រលាញ់អ្នកណាម្នាក់ ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ពិនិត្យគេឱ្យបានច្បាស់លាស់សិន។ កុំឱ្យមានរឿង ចូលជ្រៅហើយទៅជាអីចឹង គឺនាំតែមានវិប្បដិសារៈ៕

RELATED ARTICLES