Thursday, April 18, 2024
Homeព័ត៌មានជាតិស្ត្រីខ្មាន់កាំភ្លើង ដែលសម្លាប់ពួក ISIS ជាង១០០នាក់

ស្ត្រីខ្មាន់កាំភ្លើង ដែលសម្លាប់ពួក ISIS ជាង១០០នាក់

បើនិយាយពីខ្មាន់កាំភ្លើង គេច្រើនតែនឹកគិតដល់ទាហានជាបុរស រូបរាងធំក្រអាញ ដែលមានមុខមាត់កាច។ ប៉ុន្តែអ្វីដែលលោកអ្នកគិត អាចពុំមែនដូច្នេះទេ។ នាងJoanna Palani ជានិស្សិតស្រីសិក្សាផ្នែកនយោបាយ ពីប្រទេសដាណឺម៉ាក អាយុ២៣ឆ្នាំ ក្លាយជាស្ត្រីដែលពួកISIS ឱ្យតម្លៃក្បាល ជាង១លានដុល្លារ បើនរណាសម្លាប់ ឬចាប់ខ្លួននាងបាន។ ដោយសារនាងជា យោធាក្នុងអង្គភាព Peshmerga ដែលបានចូលប្រឡូកក្នុងសង្គ្រាមនៅ អ៊ីរ៉ាក់ និង ស៊ីរី កាន់កាំភ្លើងបាញ់ស៊ីប ដោយបានបាញ់សម្លាប់ពួក ISIS ជាង ១០០នាក់ នាពេលកន្លងទៅនេះ ។

Joanna Palani បានឱ្យដឹងពីការចូលទៅរំដោះនាង Yazidi យ៉ាងដូច្នេះថា “ពេលត្រៀមខ្លួនចូលទៅជួយ ខ្ញុំប្រកាន់ពាក្យស្លោកមួយថា “ចូលទៅម្នាក់ ចេញមកវិញច្រើននាក់”។ នាងបន្តទៀតថា “ក្នុងនាមជាខ្មាន់កាំភ្លើងបាញ់ស៊ីប ខ្ញុំត្រូវនៅសមរភូមិជួរមុខ រយៈពេល៩ថ្ងៃជាប់ៗគ្នា ត្រូវអត់ធ្មត់ច្រើន ត្រូវផ្ចង់អារម្មណ៍គ្រប់ពេលវេលា មិនត្រូវធ្វេសប្រហែសឡើយ”។

ប៉ុន្តែអ្វីដែលនាងធ្វើ ក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍របស់មន្ត្រីរដ្ឋាភិបាល ដាណឺម៉ាក ដែល សម្រេចចិត្តហាមឃាត់ មិនឱ្យនាងចូលក្នុងប្រទេស នៅពេលនាងត្រឡប់មកពីប្រយុទ្ធកាលពីខែកញ្ញា ២០១៥ នាំឱ្យនាងត្រូវជិះយន្តហោះត្រឡប់ទៅ ប្រទេសអ៊ីរ៉ាក់វិញ ហើយបន្តដើរថ្មើរជើង៧ម៉ោង នៅពេលយប់ដើម្បីឆ្លងខ្សែបន្ទាត់ព្រំដែន ចូលទៅ ក្នុងប្រទេស ស៊ីរី។ នៅពេលត្រឡប់ទៅ ដាណឺម៉ាក ម្តងទៀត នាងត្រូវបានអាជ្ញាធរចាប់ឃុំនៅពន្ធនាគារ Vestre Faengsel ដែលជាពន្ធនាគារធំជាងគេបំផុតនៅ ដាណឺម៉ាក រយៈពេល៣សប្តាហ៍។ នាងយល់ឃើញថា ត្រូវបានប្រទេសរបស់ខ្លួនឯង មើលមកនាងថា ជាភេរវជន ហើយនាងត្រូវរស់នៅបែបលាក់ខ្លួន ប្តូរទីកន្លែងរស់នៅជាញឹកញាប់ ដើម្បីគេចចេញពីការតាមសងសឹករបស់ពួក ISIS។

នាងបានប្រាប់អ្នកព័ត៌មានថា “សោកស្តាយណាស់ដែល បានធ្វើខុសច្បាប់ ប៉ុន្តែគ្មានជម្រើសណាផ្សេងឡើយ នៅក្នុងខួរក្បាលរបស់ខ្ញុំ។ ខ្ញុំបានប្រថុយជីវិតខ្លួនឯង រហូតបណ្តាលឱ្យគេចាប់ឃុំខ្លួន ខ្ញុំត្រូវបាត់បង់ សេរីភាព។ ខ្ញុំមិននឹកស្មានថា ត្រូវបាត់បង់អ្វីៗ ស្ទើរតែទាំងអស់ ដើម្បីតែការតស៊ូសម្រាប់សេរីភាព និងសុវត្ថិភាពរបស់ពួកយើងយ៉ាងដូច្នេះសោះ”៕

RELATED ARTICLES