Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមសម្រេចកំណត់ជាផ្លូវការ ១៧០ដុល្លារ ប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៨

សម្រេចកំណត់ជាផ្លូវការ ១៧០ដុល្លារ ប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៨

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញ ប្រកាសស្តីពីការសម្រេចកំណត់ជាផ្លូវការ នូវប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ គឺ ១៧០ដុល្លារអាមេរិក ក្នុង១ខែ ដោយរាជរដ្ឋាភិបាល បានសម្រេចបន្ថែមទឹកប្រាក់ចំនួន៥ ដុល្លារ ទៅលើទឹកប្រាក់១៦៥ដុល្លារ ដែលស្នើដោយគណៈកម្មការប្រឹក្សាការងារ។

ប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ ៣៩៦ ក.ប/ប្រក.ខល ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដែលចុះ ហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨នោះ បានសម្រេចដូចខាងក្រោម ៖

ប្រការ១-ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ៥(ប្រាំ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៦៥ (មួយរយហុកសិបប្រាំ) ដុល្លារអាមេរិក ដែល បនាស្នើឡើងដោយគណៈកម្មការប្រឹក្សាការងារ ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក្នុងមួយខែ សម្រាប់ឆ្នាំ២០១៨។

ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង សម្រាប់ឆ្នាំ២០១៨ ត្រូវបានកំណត់ ជាផ្លូវការ នូវទឹកប្រាក់ចំនួន ១៧០ (មួយរយចិតសិប) ដុល្លារអាមេរិក ក្នុងមួយខែ។

ប្រកា២-១.កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតសាកល្បង ចំនួន១៦៥ (មួយរយហុកសិបប្រាំ) ដុល្លារអាមេរិក ក្នុងមួយខែ។ ចប់រយៈពេលសាកល្បង ក្លាយជាកម្មករនិយោជិតពេញសិទ្ធិ ត្រូវបានទទួលប្រាក់ ឈ្នួលអប្បបរមា ចំនួន១៧០ (មួយរយចិតសិប) ដុល្លារអាមេរិកក្នុងមួយខែ។

២.ចំពោះកម្មករនិយោជិតដែលទទួល បានប្រាក់ឈ្នួលគិតតាមបរិមាណផលិតផល (ដេរស៊ីបុង) ត្រូវទទួលបានប្រាក់ឈ្នួលតាម ទិន្នផលជាក់ស្តែងដែលធ្វើបាន។ បើទិន្នផល ការងារទទួលបាននោះលើសពីចំនួនប្រាក់ឈ្នួល ដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ ខាងលើ ត្រូវទទួលបានតាមចំនួនលើសនោះ។ ប្រសិនបើទាបជាងប្រាក់ឈ្នួលដែលមានចែងក្នុងចំណុច ទី១ នៃប្រការ២ខាងលើ នោះនិយោជកត្រូវ បន្ថែមឱ្យគ្រប់ចំនួន ១៦៥ (មួយរយហិកសិបប្រាំ) ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតធ្វើការសាកល្បង និងចំនួន ១៧០ (មួយរយចិតសិប) ដុល្លារអាមេរិក ក្នុងមួយ ខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ។

ប្រការ៣-ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបាន កន្លងមក ត្រូវរក្សាទុកដដែល។

ប្រការ៤-ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។

ប្រការ៥-បទប្បញ្ញត្តិទាំងឡាយណាដែល ផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៦-នាយកខុទ្ទកាល័យ អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ គណៈកម្មការប្រឹក្សាការងារ និងគ្រប់អង្គភាពក្រោមឱវាទក្រសួង អង្គការវិជ្ជាជីវៈ កម្មករនិយោជិត និងនិយោជក ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕

RELATED ARTICLES