Thursday, April 25, 2024
Homeនយោបាយលិខិតពីគុកព្រៃស លោកគឹម សុខ ប្រកាសធ្វើកូដកម្មហូបបបរស ទាមទារដោះលែងលោកកឹម សុខា

លិខិតពីគុកព្រៃស លោកគឹម សុខ ប្រកាសធ្វើកូដកម្មហូបបបរស ទាមទារដោះលែងលោកកឹម សុខា

ភ្នំពេញ ៖ អ្នកវិភាគសង្គម និងនយោបាយ លោកគឹម សុខ ដែលកំពុងជាប់ឃុំ បានសរសេរ លិខិតពីគុកព្រៃស ប្រកាសចូលរួមយុទ្ធនាការ ទាមទារដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធ នាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិនោះ ដោយលោកនឹងធ្វើកូដកម្មឈប់ហូបបាយ និងសាច់ ហូបតែបបរសនិងអំបិល រហូតដល់ឃើញ លោកកឹម សុខ ត្រូវបានដោះលែងពីពន្ធនាគារ។

លិខិតរបស់លោកគឹម សុខ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដែលសរសេរដោយដៃ លោកផ្ទាល់ និងដាក់ចំណងជើងថា “ជនក្បត់ ជាតិ ពុំមែនលោកកឹម សុខា ទេ សូមដោះលែងគាត់” នោះ បានរៀបរាប់ថា “ការចោទប្រកាន់ លោកកឹម សុខា ជា “ជនក្បត់ជាតិ” ហើយ ចាប់គាត់ដាក់គុកទាំងយប់ គឺជាការបង្ករឿង បំបែកបំបាក់ជាតិដ៏អាក្រក់បំផុត ក្នុងស្ថានភាព កម្ពុជា បច្ចុប្បន្ន ដែលតុលាការមិនឯករាជ្យ យុត្តិធម៌ និងគ្រាន់តែជាសេនាធិការនយោបាយ ជួយប្លន់អំណាចឱ្យអ្នកដឹកនាំ។

ដើម្បីទម្លុះទម្លាយស្ថានការណ៍ជាតិដ៏កោលាហលបែបនេះ ជម្រើសល្អបំផុត គឺការដោះលែងលោកកឹម សុខា និងអ្នកនយោបាយផ្សេង ទៀត ហើយងាកទៅកាន់តុជជែកគ្នា បើកច្រក ទៅរកការប្រកួតប្រជែងដោយយុត្តិធម៌។ ជាក់ ស្តែងណាស់ គឺមានតែការប្រកួតបោះឆ្នោត ដោយយុត្តិធម៌ប៉ុណ្ណោះ ទើបជាសេណារីយោនាំ ផ្លូវខ្មែរអាចឱ្យយោគយល់ ផ្សះផ្សាគ្នាបាននូវ គ្រប់ដំណោះស្រាយជម្លោះខ្វែងគំនិតនយោបាយ ផ្ទៃក្នុងខ្មែរ។

ខ្ញុំទាមទារយ៉ាងទទូចឱ្យដោះលែងលោកកឹម សុខា ពីព្រោះខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ទាំងបានសិក្សាស្រាវជ្រាវ រកមិន ឃើញចំណុចណាមួយពីសកម្មភាពនយោបាយ  និងទាំងពីសម្តីថ្លែងរបស់គាត់ អាចបញ្ជាក់ថា គាត់ជាជនក្បត់ជាតិនោះទេ ប៉ុន្តែជាអ្នកនយោបាយ ដែលតែងតែរួមចំណែកក្នុងកិច្ចដឹកនាំ ពុះពារព្យាយាមនាំសេរីភាព ប្រជាធិបតេយ្យ មកបញ្ជ្រាបក្នុងបេះដូងពលរដ្ឋខ្មែរទូទៅ។ បើ តុលាការ ត្រូវការបំភ្លឺពីខ្ញុំ ផ្អែកតាមការសិក្សា របស់ខ្ញុំជាមូលដ្ឋានបន្ទាល់ បង្ហាញអំពីសក្ខីកម្ម ដឹកនាំនយោបាយរបស់លោកកឹម សុខា ដែល ពិតជាផ្ទុយស្រឡះពីទង្វើនៃជនក្បត់ជាតិនោះ ខ្ញុំរីករាយចូលខ្លួនសហការផ្តល់ចម្លើយពន្យល់ យ៉ាងក្បោះក្បាយគ្រប់ពេល។

ខ្ញុំប្រកាសចូលរួមជាមួយពលរដ្ឋជាតិខ្មែរ ទាំងអស់ ទាំងក្នុងកម្ពុជា និងនៅគ្រប់ទិសទី ទូទាំងសកលលោក ក្នុងយុទ្ធនាការទទួចទាមទារ ដោះលែងលោកកឹម សុខា ដោយខ្ញុំសម្រេច ចិត្តធ្វើកូដកម្ម មិនហូបបាយ និងសាច់ ឬម្ហូប អាហារមានសាច់ គឺហូបតែទឹកបបរស អំបិល និងបន្លែស្រុសទឹកក្តៅ ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃឃើញលោកកឹម សុខា មានសេរីភាពីគុក និងមានឱកាសដឹកនាំប្រកួតប្រជែងនយោបាយ ឡើងវិញ។ នេះ គឺក្នុងបុព្វហេតុជាតិប្រជាធិបតេយ្យ។

គេអាចឈ្នះលោកកឹម សុខា ជាបុគ្គល ដោយការប្រើកម្លាំងបាយចាប់គាត់ដាក់គុកយូរ ខែ ច្រើនឆ្នាំ។ យ៉ាងណា ខ្ញុំមានជំនឿថា ឧបាយកលបែបនេះ នឹងធ្វើឱ្យគេចាញ់យ៉ាងអាម៉ាស់ នៅចំពោះមុខកម្លាំងប្រជាធិបតេយ្យ មិនបោះបង់ សកម្មភាពខ្លាំងរួមក្នុងឆន្ទៈច្បាស់ផ្លាស់ប្តូរស្រប ខ្សែចិត្តគ្នារបស់ពលរដ្ឋជាតិខ្មែរច្រើនលើសលប់ ទាំងក្នុងនិងក្រៅប្រទេស”។

នេះជាលើកទី២ ដែលលោកគឹម សុខ សរសេរលិខិតចេញពីពន្ធនាគារ។ លើកទី១ លោកជំរុញឱ្យពលរដ្ឋខ្មែរអញ្ជើញទៅបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា។ ក្នុងលិខិតលើកទី១នោះ លោកគឹម សុខ បានបញ្ជូនមកតាមមេធាវីការពារសិទ្ធិ របស់លោក គឺលោកជូង ជូងី ប៉ុន្តែលើកនេះ លោកគឹម សុខ មិនបានបញ្ជូនតាមមេធាវីរបស់ លោកទេ គឺបញ្ជូនតាមមធ្យោបាយផ្សេង។

លោកជូង ជូងី មេធាវិការពារក្តីឱ្យលោក គឹម សុខ និងជាមេធាវីការពារក្តីលោកកឹម សុខា បានបញ្ជាក់ថា លិខិតរបស់លោកគឹម សុខ ដែលសរសេរដោយដៃ ចេញពីពន្ធនាគារព្រៃសនោះ លោកបានទទួលហើយ គ្រាន់តែលោក មិនទាន់មើលលើខ្លឹមសារក្នុងលិខិតនោះ។ ដូច្នេះ លោកសុំមិនធ្វើអត្ថាធិប្បាយអ្វីលិខិតទាមទារ ឱ្យដោះលែងលោកកឹម សុខា នោះទេ ប៉ុន្តែអ្វី សំខាន់លោកកំពុងតែព្យាយាមពិនិត្យលើបច្ចេកទេសផ្លូវច្បាប់ ក្នុងការប្តឹងទាមទារឱ្យដោះលែង លោកគឹម សុខ នៅក្រៅឃុំ ព្រោះតាមនីតិវិធី លោកគឹម សុខ នៅតែមានសិទ្ធិមានលទ្ធភាព ក្នុងការប្តឹងទាមទារសុំនៅក្រៅឃុំ។

លោកជូង ជូងី មេធាវិការពារក្តីឱ្យលោក គឹម សុខ និងជាមេធាវីការពារក្តីលោកកឹម សុខា

លោកជូង ជូងី បានមានប្រសាសន៍ថា “ខ្ញុំអត់ទាន់មើលនៅក្នុងលិខិតហ្នឹង ព្រោះខ្ញុំរវល់ ពេក ដូច្នេះខ្ញុំមិនទាន់ដឹងខ្លឹមសារនៅក្នុងលិខិត។ ដូច្នេះខ្ញុំអត់អត្ថាធិប្បាយពីករណីហ្នឹងទេ ព្រោះ គិតពីបច្ចេកទេសការពារគាត់ ឥឡូវហ្នឹងកំពុង តវ៉ាប្តឹងសាទុកទៅតុលាការកំពូល ដើម្បីទាមទារ ឱ្យដោះលែងគាត់ហ្នឹង។ និយាយទៅ ពាក់ព័ន្ធ នៅក្នុងការទាមទារឱ្យដោះលែងនៅក្រៅឃុំ នេះ គឺយើងតវ៉ាទៅកំពូលទៀត ចំណែកឯរឿង កាត់ទោសគាត់១៨ខែហ្នឹង យើងកំពុងរង់ចាំ សាលាឧទ្ធរណ៍ គេកាត់ក្តី។ ខ្ញុំពិចារណាទៅមិន សូវសង្ឃឹមទេ ប៉ុន្តែខ្ញុំព្យាយាមឱ្យអស់ពីបច្ចេកទេសរបស់ខ្ញុំ ដើម្បីការពារសិទ្ធិរបស់គាត់។ បាន ន័យថា និយាយពីផ្លូវច្បាប់លោកគឹម សុខ នៅ តែមានឱកាសដើម្បីឱ្យរួចផុតពីបទចោទប្រកាន់ អ៊ីចឹង”។

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ បានលើកឡើង ថា អ្វីដែលលោកគឹម សុខ លើកឡើង និងប្រកាស យុទ្ធនាការមិនហួបបាយ មិនហូបសាច់នោះ ជា  ការបង្ហាញឱ្យឃើញនូវទិដ្ឋភាពគួរឱ្យស្រណោះ និងគួរស្ញប់ស្ញែងណាស់។ ដូច្នេះលោកក៏គាំទ្រ គំនិតរបស់អ្នកវិភាគរូបនេះ ដែលចង់ឱ្យខ្មែរ និងខ្មែរជជែកគ្នាដោះស្រាយបញ្ហាជាតិ ព្រោះ មានតែការជជែកយោគយល់គ្នាទេ ធ្វើឱ្យស្ថាន ការណ៍នយោបាយតានតឹង ហើយលទ្ធិប្រជាធិបតេយ្យ ក៏នឹងកាន់តែរីកសាយឡើងលេចធ្លោ ក្នុងចំណោមប្រទេសប្រជាធិបតេយ្យផ្សេងទៀត។

លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ថា “បាទ ! ជាទិដ្ខភាពទូទៅ ខ្ញុំយល់ឃើញថា កូនខ្មែរគ្រប់រូប តែងតែព្រួយបារម្ភអំពីស្ថានការណ៍នយោបាយនៅក្នុងស្រុកខ្មែរយើង គឺនៅ ក្នុងន័យថា ម្នាក់ៗចង់បាននូវសុខសន្តិភាព ចង់បានស្រុកយើងឱ្យមានប្រជាធិបតេយ្យពិតប្រាកដ ហើយយើងចង់រួមគ្នាដោះស្រាយបញ្ហាជាតិធំៗ ហើយជំរុញស្រុកយើងឱ្យប្រជាធិបតេយ្យសេរី ត្រឹមត្រូវ ពិតប្រាកដ ដើម្បីអភិវឌ្ឍន៍ស្រុកទេស យើងឱ្យវាវិវឌ្ឍន៍ឱ្យទាន់ទៅប្រទេសនៅជុំវិញ យើង ហើយជាពិសេស ប្រជាធិបតេយ្យចំ ប្រជាធិបតេយ្យ។ ខ្ញុំយល់ឃើញថា កូនខ្មែរយើង គ្រប់និន្នាការនយោបាយ ខ្មែរយើងម្នាក់ៗ សុទ្ធតែ មានឧត្តមគតិស្នេហាជាតិ គិតគូរបញ្ហាជាតិជាធំ។ អ្វីដែលលោក (គឹម សុខ) សម្តែងឡើង ដើម្បីផលប្រយោជន៍ជាតិ គឺខ្ញុំតែងតែគាំទ្រ ជានិច្ចកាល”។

លោកម៉ៅ មុនីវណ្ណ

លោកម៉ៅ មុនីវណ្ណ បានបន្តថា “បាទ ! ជាការពិតណាស់ ឥឡូវយើងឃើញថា យុវជនខ្មែរ កូនខ្មែរ កាន់តែឃើញច្បាស់ពីគោលបំណងលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកយើង។ គាត់តស៊ូមតិដោយអហិង្សា ការសម្តែងនូវឆន្ទៈរបស់ គាត់ ចង់ដោះស្រាយបញ្ហាជាតិអាហ្នឹងជាបញ្ហា កាន់តែល្អ ហើយយើងមានជំនឿថា យុវជនខ្មែរ កាន់តែយល់អំពីតម្លៃនៃការចូលរួមធ្វើនយោបាយ ដើម្បីស្ថាបនាស្រុកយើងទាំងអស់គ្នា។ ខ្ញុំយល់ឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា  របស់យើង អ្នកនយោបាយគ្រប់និន្នាការទាំងអស់ សុទ្ធសឹងតែធ្វើអ្វី ដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា។ ដូច្នេះខ្ញុំមានជំនឿជាក់ថា អ្វីដែល កើតឡើង គឺកើតឡើងក្នុងន័យការប្រជែងគ្នា នៅក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះ អ្វីក៏អាច ដោះស្រាយបានដែរ នៅពេលដែលអ្នកនយោបាយ ជជែកគ្នារកដំណោះស្រាយ ដើម្បីជាតិ យើងទាំងអស់គ្នា។ ហ្នឹងជាការពិត ត្រូវតែយក បញ្ហាជាតិជាធំ ហើយខុសត្រូវអីយើងនិយាយ គ្នាទៅ យើងដោះស្រាយរកច្រកចេញ ដើម្បីការរួបរួមជាតិ កសាងប្រទេសយើងទៅអនាគត ទាំងគ្នា ឱ្យជឿនលឿនទាំងអស់គ្នា”។

ទោះយ៉ាងណា លោកសុខ ឥសាន អ្នកនាំ ពាក្យគណបក្សប្រជាជន បានលើកឡើងថា សកម្មភាពលោកគឹម សុខ មិនមែនជាបរិបទ ដែលគួរឱ្យចាប់អារម្មណ៍ទេ ហើយក៏គ្មានប្រសិទ្ធភាពមកលើតុលាការដែរ ពីព្រោះថា លោកកឹម សុខា បានប្រព្រឹត្តកំហុសទាក់ទងទោសក្បត់ជាតិ។

សូមរម្លឹកថា លោកគឹម សុខ ជាអ្នកវិភាគ នយោបាយ និងសង្គម ត្រូវបានសាលាដំបូងភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ” ចោទបក្សកាន់អំណាចថា ជាអ្នកនៅពីក្រោយ ឃាតកម្មលោកបណ្ឌិតកែម ឡី។ ក្រោយមក ទៀត លោកគឹម សុខ បានរងបណ្តឹង១បន្ថែម ទៀត បន្ទាប់ពីលោកបានលើកឡើងចោទរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឱ្យប្រព័ន្ធមួយ សម្លាប់មនុស្សហើយរកមុខឃាតករមិនឃើញ៕

កុលបុត្រ

RELATED ARTICLES