Friday, March 29, 2024
Homeនយោបាយករណីលោកកឹម សុខា បក្សកាន់អំណាចថា ដាច់ដោយឡែកពីបណ្តឹងរំលាយបក្សប្រឆាំង

ករណីលោកកឹម សុខា បក្សកាន់អំណាចថា ដាច់ដោយឡែកពីបណ្តឹងរំលាយបក្សប្រឆាំង

ភ្នំពេញ ៖ គណបក្សកាន់អំណាច បានលើកឡើងពីអង្គហេតុ និងអង្គច្បាប់ ពាក់ព័ន្ធការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងករណី លោកកឹម សុខា ត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទក្បត់ជាតិ ដោយបានបញ្ជាក់ថា ករណីទាំង ២នេះ ដាច់ដោយឡែកពីគ្នា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) លោកសុខ ឥសាន បានបញ្ជាក់ថា អាស្រ័យដោយមានគុណសម្បត្តិ រាប់មិនអស់ តាំងពីការតស៊ូវាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ សង្គ្រោះប្រជាជន និងប្រទេសជាតិឱ្យរួចពីគ្រោះមរណៈបានទាន់ ពេលវេលា ខិតខំចរចាដើម្បីបញ្ចប់ជម្លោះរវាង ខ្មែរនិងខ្មែរ អនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បី នាំមកនូវសន្តិភាពទាំងស្រុងជូនប្រទេសជាតិ ផ្តល់ឱកាសស្តារកសាង និងអភិវឌ្ឈន៏ប្រទេស ឱ្យរីកចម្រើនដូចសព្វថ្ងៃ ទើបគណបក្សប្រជាជនកម្ពុជា មានការគាំទ្រពីប្រជាជនដ៏ច្រើន លើសលប់ ដែលធ្វើឱ្យបានឈ្នះឆ្នោតនៅគ្រប់ អាណត្តិ និងដឹកនាំប្រទេសជារហូត។

លោកសុខ ឥសាន បញ្ជាក់ការដែលគណបក្សសង្គ្រោះជាតិ កំពុងប្រឈមមុខចំពោះការ រំលាយ នាពេលខាងមុខនេះ ដោយសារអំពើ ល្មើសច្បាប់ មិនមែនគណបក្សប្រជាជនកម្ពុជា ចង់ដណ្តើមយកការគាំទ្រពីគណបក្សប្រឆាំង នោះទេ។ ការគាំទ្រ ឬមិនគាំទ្រ អាស្រ័យលើ សិទ្ធិសម្រេចផ្ទាល់របស់ប្រជាជនម្នាក់ៗ គ្មាន អ្នកណាអាចបង្ខិតបង្ខំបានជាដាច់ខាត។ ពោលគឺ ការនិយាយថា គណបក្សប្រជាជនកម្ពុជា ចង់ ដណ្តើមយកការគាំទ្ររបស់គណបក្សប្រឆាំង តាមរយៈការរំលាយគណបក្សនេះ មិនត្រឹមត្រូវ ទាល់តែសោះ គ្មានអ្នកណាអាចទិញដូរ សម្លុត គំរាមកំហែង ឬឆក់ប្លន់ឆន្ទៈរបស់ពលរដ្ឋបាន ទេ។ ការដែលបក្សប្រឆាំង ត្រូវប្រឈមនឹង ការរំលាយនោះ អាស្រ័យដោយទង្វើរបស់ខ្លួន ផ្ទាល់តែប៉ុណ្ណោះ គ្មានកត្តាខាងក្រៅ បង្កើត បទល្មើសឱ្យគណបក្សប្រឆាំងនេះទេ។

លោកសុខ ឥសាន បានមានប្រសាសន៍ ថា “រឿងទាំងអស់ ដែលវាកើតឡើងដោយ គណបក្សប្រឆាំង ទី១ ពាក់ព័ន្ធនឹងប្រធានគណបក្សប្រឆាំង គឺឯកឧត្តមកឹម សុខា នេះ គឺគាត់ ប្រព្រឹត្តល្មើសច្បាប់ព្រហ្មទណ្ឌ។ ក្រមព្រហ្មទណ្ឌ ត្រង់មានត្រា៤៤៣ ទំព័រ១៤៧, ១៤៨ នៃក្រមព្រហ្មទណ្ឌ អាហ្នឹងដោយសារទង្វើប្រព្រឹត្ត ល្មើសរបស់គាត់ ដែលគាត់លាតត្រដាងឯកសារ និងសាក្សីហ្នឹង ខ្លួនឯងផ្ទាល់ គ្មានអ្នកណាកែច្នៃ ឬចាប់កំហុសឱ្យគាត់ទេ។ ចំណុចទី២ គឺចំពោះ គណបក្ស គឺគណបក្សបានរំលោភទៅលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា៦ថ្មីពីរ និងមាត្រា៧ថ្មី ដែលប្រឈមនឹងបទល្មើសត្រង់ ចំណុចមាត្រា៣៨ថ្មី និង៤៤ថ្មី។ ដូច្នេះហើយ ផ្អែកទៅលើមូលដ្ឋានមាត្រាទាំង៤ នៃច្បាប់ ស្តីពីគណបក្សនយោបាយនេះហើយ បានជា ក្រសួងមហាផ្ទៃ ដែលជាយន្តការចែងក្នុងច្បាប់ នេះ គឺថា ធ្វើសំណើទៅតុលាការកំពូល ដើម្បីពិនិត្យអំពីពិរុទ្ធភាពរបស់គាត់ អាហ្នឹងវាមាន បញ្ហាអ៊ីចឹង។ បើគាត់កុំប្រព្រឹត្តល្មើសច្បាប់ទៅ វាអត់មានមូលដ្ឋានណាដើម្បីក្រសួងមហាផ្ទៃ ស្នើទៅតុលាការកំពូលទេ”។

បន្ថែមលើចំណុចនេះ ឆ្លើយតបនឹងមតិ រិះគន់ពីមជ្ឍដ្ឋានសង្គម និងនយោបាយថា គណបក្សប្រជាជនកម្ពុជា ប៉ុនប៉ងរំលាយគណបក្ស ប្រឆាំងដ៏ធំនៅកម្ពុជា នោះ លោកសុខ ឥសាន បានបញ្ជាក់ថា ការពិតជាក់ស្តែង មិនមានអ្នកណាចង់រំលាយគណបក្សប្រឆាំងមួយនេះទេ ហើយ ក៏មិនអាចរំលាយបានដែរ បើសិនជាគណបក្សនេះ មិនបានប្រព្រឹត្តខុសច្បាប់ ដែលមិនត្រូវប្រឈមចំពោះមុខមាត្រា ៣៨ថ្មី និងមាត្រា ៤៤ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ គឺដោយសារតែគណបក្សសង្គ្រោះជាតិខ្លួនឯង ទេ ដែលបានប្រព្រឹត្តបំពានច្បាប់ ស្តីពីគណបក្ស នយោបាយ ពាក់ព័ន្ធនឹងមាត្រា៦ថ្មីពីរ និងមាត្រា៧ថ្មី ទើបត្រូវបានក្រសួងមហាផ្ទៃ ប្តឹងទៅតុលាការកំពូល ដើម្បីឱ្យតុលាការពិនិត្យពី ពិរុទ្ធភាព និងសម្រេចតាមកំហុសជាក់ស្តែង។ ហេតុនេះ កុំបន្ទោសគណបក្សប្រជាជនកម្ពុជាថា ប៉ុនប៉ងរំលាយខ្លួននោះ មិនត្រឹមត្រូវទេ។ ហើយអស់លោកបរទេស ក៏សូមមេត្តាពិនិត្យ និងសិក្សាពីសភាពការណ៍ពិតនៅកម្ពុជា ឱ្យបាន ច្បាស់សិន មុននឹងនិយាយវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។ ហេតុអីមិនបន្ទោស អ្នកល្មើសច្បាប់ ហើយបែរជាមកបន្ទោសអ្នក អត់ខុសច្បាប់ទៅវិញ? គេគួរតែលើកទឹកចិត្ត គណបក្សប្រជាជនកម្ពុជា ដែលបានដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋនៅ កម្ពុជា ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១”។

លោកសុខ ឥសាន បានមានប្រសាសន៍ បន្តថា “ដូចខ្ញុំនិយាយមិញហើយ​ ! បទប៉ុនប៉ងឯណា? គណបក្សប្រជាជនកម្ពុជា មានបង្កើតកំហុសឱ្យគណបក្សប្រឆាំង ឯណា? គឺគណបក្ស ប្រឆាំង បង្កើតកំហុសដោយខ្លួនឯង ល្មើសច្បាប់ ដោយខ្លួនឯង មានអ្នកណាយកទៅបង្ខំគាត់ឱ្យ គាត់ល្មើសច្បាប់ទេ។ ការលើកឡើងនេះអត់ ទទួលយកបានទេ ហើយគណបក្សប្រជាជន កម្ពុជា មិនដែលខ្លាចប្រកួតនឹងគណបក្សប្រឆាំងទេ អត់ទេ! អាហ្នឹងគេរកតែជើងខ្លាំង ដើម្បី ប្រកួត តែឥឡូវជើងខ្លាំងហ្នឹង បាក់កជើងខ្លួន ឯង ធ្វើម៉េចហ្នឹង? ហើយបើយើងអធ្យាស្រ័យ ឱ្យគាត់ បានសេចក្តីថា យើងយកអាវប្បធម៌ និទ្ទណ្ឌភាពអនុវត្ត អ៊ីចឹងវាខុសទៀត មិនអ៊ីចឹង? ដូច្នេះគាត់ធ្វើខុសខ្លួនគាត់ៗ ទទួលខ្លួនគាត់ គ្មាន អ្នកណាទទួលជំនួស”។

គួរបញ្ជាក់ដែរថា បើទោះបីមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង មិនទាន់បានធ្វើលិខិតផ្លូវការ ក្នុងការ ពឹងពាក់មេធាវីការពារក្តីក៏ដោយ ក៏តាមរយៈការប្រកាសប្រាប់អ្នកសារព័ត៌មាន លោកសុន ឆ័យ ប្រធានក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលកំពុងទទួលបន្ទុកដឹកនាំការគណបក្សថ្នាក់ជាតិ ខណៈដែលលោកកឹម សុខា ជាប្រធាន ជាប់ឃុំ និងអនុប្រធានគណបក្ស កំពុងស្ថិតនៅ ក្រៅប្រទេសនោះ បានបញ្ជាក់ថា នឹងដាក់មេធាវី ចំនួន៧រូប តទល់បណ្តឹងរំលាយគណបក្ស ដែល ប្តឹងដោយមេធាវី ៥រូប របស់ក្រសួងមហាផ្ទៃ។

គួររំលឹកថា លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួននៅគេហដ្ឋានរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលា រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស”។ បន្ទាប់មក លោកកឹម សុខា ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន ជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ហៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកទល់សព្វថ្ងៃ។

កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវីតំណាង ដោយអាណត្តិ៥រូប បានដាក់ពាក្យបណ្តឹងចូល ទៅកាន់តុលាការកំពូល ដើម្បីប្តឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) យោង តាមពាក្យបណ្តឹងរបស់គណបក្សនយោបាយ ចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស យុវជនកម្ពុជា។ ក្រុមមេធាវី អះអាងថា មាន ភ័ស្តុតាងគ្រប់គ្រាន់ និងរឹងមាំសម្រាប់ជាមូល ដ្ឋានឱ្យតុលាការកំពូលសម្រេច ក្នុងការរំលាយ គណបក្សសង្គ្រោះជាតិ តាមផ្លូវច្បាប់បាន។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានដាក់ចូលទៅតុលាការ កំពូលនោះ គឺមានកម្មវត្ថុប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើភ័ស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្ត ផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមរូបភាពនៃបដិវត្តន៍ពណ៌ ដោយយកគំរូ តាមប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជា បណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ហើយ ដោយគប់គិតគ្នា ជាសម្ងាត់ជាមួយបរទេស។ ភ័ស្តុតាងទាំងនោះ រួមមានវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន ព្រមទាំងវីដេអូ ឃ្លីបសារភាពផ្ទាល់របស់លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះផងដែរ។

លោកគី តិច មេធាវីមួយរូប តំណាងឱ្យក្រសួងមហាផ្ទៃ ដែលបានយកពាក្យបណ្តឹង ទៅដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នោះបានបញ្ជាក់ប្រាប់ អ្នកកាសែត នៅមុខតុលាការកំពូលថា រូប លោក និងមេធាវី ចំនួន៤រូបទៀត ត្រូវបាន ក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិជាមេធាវីតំណាង ដោយអាណត្តិ ដើម្បីដាក់ពាក្យប្តឹងទៅតុលាការ កំពូល សុំរំលាយគណបក្សសង្គ្រោះជាតិ ហើយ ពាក្យបណ្តឹង ត្រូវបានក្រុមមេធាវីរបស់លោក យកមកដាក់ជូនតុលាការកំពូល នៅព្រឹកនេះ រួចរាល់ហើយ។ លោកមេធាវី បានថ្លែងថា តាមរយៈភ័ស្តុតាង ដែលបានដាក់ក្នុងពាក្យបណ្តឹងទៅតុលាការកំពូលនេះ គឺគ្រប់គ្រាន់និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូលសម្រេចក្នុងការរំលាយគណបក្សសង្គ្រោះជាតិ បានតាមផ្លូវច្បាប់។

លោកគី តិច

លោកគី តិច បានមានប្រសាសន៍នៅពេល នោះថា “ដើមហេតុនៃរឿងរ៉ាវនេះ គឺថា ទី១ យើងខ្ញុំជាមេធាវី ចំនួន៥រូប ដែលត្រូវបានក្រសួង មហាផ្ទៃចាត់តាំងជាមេធាវីតំណាងដោយអាណត្តិ ដើម្បីរៀបចំពាក្យបណ្តឹងប្រមូលស្រាវជ្រាវ ភ័ស្តុតាង និងចុះហត្ថលេខាលើបណ្តឹង ដើម្បី យកមកដាក់នៅតុលាការកំពូលថ្ងៃនេះ ហើយជាក់ស្តែង គឺខ្ញុំសូមបង្ហាញបងប្អូន នេះគឺជាលិខិត ប្រគល់សិទ្ធិ ដែលចុះហត្ថលេខាដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយពួកខ្ញុំ មានឈ្មោះខ្ញុំ ទី១ (មេធាវី គី តិច) ទី២ មេធាវី លី ច័ន្ទតុលា ទី៣ មេធាវី គង់ ឌីលីន ទី៤ មេធាវី សាន់ ជួយ និងទី៥ មេធាវី ចេង ប៉េងហាប់ នេះជាសិទ្ធិ តំណាងក្នុងការប្តឹងមកតុលាការកំពូលថ្ងៃនេះ។ ទី២ គឺថា ថ្ងៃនេះយើងមកដាក់បណ្តឹងមួយ ដែលតំណាងឱ្យក្រសួងមហាផ្ទៃនេះ គឺដាក់ បណ្តឹងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ មកតុលាការកំពូល ដោយបណ្តឹងនេះ យើងមាន ភ័ស្តុតាងដែលយើងប្រមូលបានចំនួនរហូតមក ដល់ពេលនេះ យើងដាក់ភ័ស្តុតាងពីលេខរៀង ទី១ ដល់លេខរៀងទី២១ ដោយ១លេខរៀងៗ គឺមានភ័ស្តុតាងជាកញ្ចប់នៅក្នុងហ្នឹងរហូតដល់ កញ្ចប់ទី២១នេះ គឺជាភ័ស្តុតាងពាក់ព័ន្ធនឹង បណ្តឹងនេះ”។

លោកមេធាវី គី តិច បានបន្តថា “សូម បញ្ជាក់ដែរ កុំឱ្យមានការយល់ច្រឡំ គឺថា បណ្តឹង ថ្ងៃនេះ គឺយើងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិទេ អត់មានពាក់ព័ន្ធទៅលើលោកកឹម សុខា ដែលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់ ខ្លួនពាក់ព័ន្ធនឹងក្បត់ជាតិទេ គឺសុំបញ្ជាក់ថា ថ្ងៃនេះ យើងប្តឹងសុំរំលាយគណបក្ស ហើយភ័ស្តុតាងនៅក្នុងនេះ ដែលយើងចាត់ទុកថា ជាភ័ស្តុតាង សំខាន់ គឺមាន៣ ក្នុងនោះ មានសម្តីផ្ទាល់ខ្លួន របស់លោកកឹម សុខា ក្នុងឋានៈជាអ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ នៅក្នុងនោះ ក៏មានវីដេអូ ឃ្លីប៣ ដែលគាត់បានមានប្រសាសន៍ពាក់ព័ន្ធ បញ្ហាដែលគាត់គណបក្សសង្គ្រោះជាតិនេះ ត្រូវ បានគាំពារឬការរៀចំផែនការ ដោយសហការ ជាមួយនឹងបរទេស អ៊ីចឹងបើយើងក្រឡេកមើល ចំណុចអស់នេះ មកផ្ទៀងផ្ទាត់នឹងច្បាប់គណបក្ស នយោបាយនៅក្នុងច្បាប់គណបក្សនយោបាយ  គឺនៅក្នុងមាត្រា៦ថ្មី (២) និងមាត្រា៧ គឺបាន បញ្ជាក់…”។

លោកលី ច័ន្ទតុលា មេធាវីមួយរូបទៀត តំណាងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃ- ដដែលនោះថា ភ័ស្តុតាងក្នុងការប្តឹងរំលាយ គណបក្សសង្គ្រោះជាតិ នេះ គឺយោងទៅលើ ការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ ហើយក៏ យោងទៅលើពាក្យបណ្តឹង ដែលគណបក្សយុវជន កម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ទៅ ក្រសួងមហាផ្ទៃ ផងដែរ ហើយប្រភេទភ័ស្តុតាង ដែលមាននេះ មានច្រើនរូបភាព ពេលខ្លះជា វីដេអូ ការប្រជុំ ពេលខ្លះជាលិខិតឆ្លើយឆ្លង ជា ឯកសារផ្សេងៗ ឬក៏ជាឯកសារបណ្តុះបណ្តាល ជាសម្ងាត់ ដែលត្រូវបានយកមកចងក្រងធ្វើជា ភ័ស្តុតាងនៃបទល្មើសរបស់គណបក្សសង្គ្រោះជាតិ ទៅលើមាត្រា៦ថ្មី (២) និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕  កុលបុត្រ

RELATED ARTICLES