Friday, April 19, 2024
Homeតារាខ្មែរអតីតបេក្ខភាព Cambodian Idol នៅ ដាណេ ល្បីមានមុខស្រដៀងតារាថៃ ផេនខេក

អតីតបេក្ខភាព Cambodian Idol នៅ ដាណេ ល្បីមានមុខស្រដៀងតារាថៃ ផេនខេក

អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ នៅ ដាណា ដែលមានការប្រៀបធៀបថា ត្រេមុខនាងស្រដៀងតារាសម្តែងល្បីឈ្មោះរបស់ថៃ នាងផេនខេក នោះ ប្រហែលជារីករាយតែនៅលើឆាកតន្ត្រីប៉ុណ្ណោះ ព្រោះតាមព័ត៌មានថា តារារូបនេះកំពុងមានវិបត្តិស្នេហ៍ឈាមកកក្នុងបេះដូង បន្ទាប់ពីនាងលែងលះប្តី ដោយត្រូវទទួលបន្ទុកចិញ្ចឹមកូន២នាក់តែម្នាក់ឯងនោះ ហើយស្រីស្រស់រូបនេះមិនហ៊ានយកគូស្នេហ៍ថ្មីឡើយ ព្រោះតែខ្លាចដើរជាន់ដានចាស់ នាំឱ្យឈឺផ្សាលើសដើម…។

តាមព័ត៌មានពីអ្នករៀបចំកម្មវិធីសិល្បៈម្នាក់បានបង្ហើបឱ្យដឹងថា តារាចម្រៀងរូបសម្រស់គួរឱ្យទាក់ទាញ នៅ ដាណា ធ្លាប់មានវិបត្តិស្នេហ៍ដ៏ធ្ងន់ ក្រោយពេលដែលចំណងស្នេហានាងជាមួយស្វាមី ដែលប្រព្រឹត្តទៅតាមប្រពៃណីខ្មែរត្រឹមត្រូវនោះ មិនអាចរក្សាភាពផ្អែមល្ហែមបានឡើយ ហើយទីបំផុត នាងនិងប្តី ក៏សម្រេចចិត្តលែងលះគ្នាកណ្តាលផ្លូវតែម្តង ដោយបន្សល់កូន២នាក់ ជាចំណងដៃស្នេហ៍ ធ្លាក់មកបន្ទុកដាណា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សាតែម្នាក់ឯង។

ប្រភពបានឱ្យដឹងថា ដាណា បានយកការងារសិល្បៈ ដើម្បីបន្លប់ទុក្ខស្នេហ៍ រយៈពេល២ឆ្នាំមកហើយ បន្ទាប់ពីមានការលែងលះនោះ ហើយពេលនេះ នាងនិងអតីតប្តី មិននិយាយរកគ្នាមួយម៉ាត់ឡើយ បើទោះជាមានពេលខ្លះ បុរសជាឪពុករបស់កូននាង ទៅញ៉ាំអាហារនៅកន្លែងដែលនាងធ្វើការ គឺហាង V Friend ហើយឃើញគ្នាក៏ដោយ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗ តារាដែលល្បីថា ឈឺចាប់ព្រោះស្នេហាត្រូវចែកផ្លូវគ្នាជាមួយប្តី ធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងរូបនេះ បានទទួលស្គាល់ថា នាងពិតជាមានបញ្ហាជីវិតមែន តែពេលនេះនាងនិងអតីតប្តី គ្មានអ្វីត្រូវចងគំនុំគ្នាឡើយ ព្រោះការបែកគ្នា គឺដោយសន្តិវិធី ហេតុនេះហើយដូចជាគ្មានរឿងអីដែលត្រូវជួបគ្នា ត្រូវរាក់ទាក់ ឬគេចវេះគ្នាទេ គឺធម្មតាៗប៉ុណ្ណោះ។

នៅ ដាណា វាចាថា “មនុស្សយើងម្នាក់ៗ គ្មានអ្នកណាចង់ជួបរឿងបែបហ្នឹងទេ តែរឿងខ្ញុំនិងគាត់ដែលឈានទៅបែកគ្នានៅពេលនេះ គឺខ្ញុំសូមនិយាយខ្លីថាមកពីការ “មិនចុះសម្រុងគ្នា” តែម្តង។ ឥឡូវខ្ញុំនិងគាត់មិនមែនជាគូបដិបក្ខអីទេ តែក៏មិនចាំបាច់ស្និទ្ធស្នាលគ្នាទៀតដែរ ហើយការជួបគ្នាដោយចៃដន្យនោះ គឺពិតជាមានមែន ដូចជាជួនកាលគាត់មកជាមួយមិត្តភក្តិគាត់ច្រៀងនៅខារ៉ាអូខេអី ឡើងទៅលើ ខ្ញុំនៅខាងក្រោម ក្រឡេកឃើញអីក៏ធម្មតា ដូចជាគ្មានអីត្រូវនិយាយរកគ្នាទៀតផង។ ដោយឡែករឿងគេថា ខ្ញុំមានកូន២នោះ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយទេ ហើយក៏មិនអាចហាមឃាត់គេនិយាយបានដែរ”។

នៅ ដាណា ជាអតីតបេក្ខភាពប្រលងចម្រៀងរបស់ប៉ុស្តិ៍ហង្សមាស Cambodian Idol រដូវកាលទី២ តែតារាចម្រៀងរូបនេះ បានឈានចូលដល់ត្រឹមវគ្គ Judge Audition ក៏ខ្ទាតចេញពីកម្មវិធី ហើយនៅទីបំផុត ពានត្រូវធ្លាក់ក្នុងកណ្តាប់ដៃ នី រតនា។

ប្រភពបានឱ្យដឹងថា នៅ ដាណា ដែលគ្រាំបេះដូងស្រាប់នោះ កាន់តែតុកស៊ិក ហើយក៏បានចូលច្រៀងនៅហាង  V Friend ជាមួយស្រីស្អាតសុន ច័ន្ទធីតា រហូតមកដល់ពេលនេះតែម្តង ហើយនាងដាណា ច្រើនតែច្រៀងបទរបស់តារាចម្រៀងមាស សុខសោភា ជាងតារាផ្សេងៗទៀត។

តារាចម្រៀងបរាជ័យលើកពានរូបនេះ បន្ថែមថា “កាលប្រលងធ្លាក់នោះ គិតថា យើងនៅមានចំណុចខ្វះខាតដែរ ម៉្យាងមិត្តភក្តិបានប្រាប់ថា ខ្ញុំរើសបទខុស បានធ្លាក់។ ខ្ញុំបានចូលច្រៀងនៅហាង V Friend ជាង១ឆ្នាំហើយ និងពេញចិត្តធ្វើការនៅទីនេះ ព្រោះលោកថៅកែគាត់ល្អជាមួយកូនចៅណាស់ មិនបាច់ភ័យរឿងអីផ្សេងទេ។ ចំពោះបទចម្រៀងវិញ កន្លងមក ខ្ញុំច្រើនតែយកបទបងមាស សុខសោភា ទៅច្រៀងមែន ព្រោះសំឡេងខ្ញុំស៊ីជាមួយបទគាត់ តែសម្រាប់តារាចម្រៀងជា Idol ក្នុងចិត្ត គឺស្រលាញ់ទាំងមាស សុខសោភា និងឱក សុគន្ធកញ្ញា ដូចគ្នាតែម្តង”។

តារាថៃ ផេនខេក

នៅ ដាណា មានអាយុ២៣ឆ្នាំ កម្ពស់១,៦៤ម៉ែត្រ ទម្ងន់៥០គ.ក្រ ដែលមានបងប្អូន២នាក់ (ប្រុស១) ដាណា ជាកូនទី២ ដែលមានឪពុកជាមន្ត្រីរាជការ និងម្តាយជាមេផ្ទះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែបានមករស់នៅទីក្រុងភ្នំពេញ តាំងពីនាងនៅតូចៗម៉្លេះ។ ដាណា បានបញ្ចប់ការសិក្សាផ្នែកគណនេយ្យ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកន្លងមក គេច្រើនតែមានការផ្គូផ្គងថា តារារូបនេះមានត្រេមុខស្រដៀងនឹងតារាសម្តែងល្បីរបស់ថៃ នាងផេនខេក ដែរ តែគេសង្ស័យថា ដាណា បានកែច្រមុះ ដើម្បីឱ្យមានការទាក់ទាញថែមទៀត ស្របពេលដែលមានព័ត៌មានថា មានប្រុសអ្នកមានទ្រព្យមិនតិចឡើយតាមស្នេហ៍ ដោយសុំស្អំរបួសបេះដូងនាងឱ្យមានកម្តៅសាជាថ្មី តែនាងដាណា បែរជាខ្លាចទទួលយកប្រុសស្នេហ៍ថ្មី ព្រោះខ្លាចដើរជាន់ដានចាស់។

តារាលែងប្តីកណ្តាលផ្លូវរូបនេះ បន្ថែមទៀតថា “រឿងមានអ្នកស្រលាញ់ ចេះតែមានហើយ តែអ្នកខ្លះ បានតែញ៉ែលេងៗ ស្គាល់គ្នាតាម Facebook អីហ្នឹង មិនអាចយកជាការបានទេ។ ខ្ញុំអាចនិយាយបានថា ពេលហ្នឹងនៅទំនេរតែម្តង រកតែម្នាក់ធ្វើថ្នាំមិនបានផង (សើច)។ ចំពោះរឿងគេថា ខ្ញុំដូចតួថៃ ផេនខេក នោះ មានគេនិយាយច្រើនមែន តែខ្ញុំគិតថា ពេលខ្លះក៏ដូច ពេលខ្លះក៏មិនដូចដែរ។ ចំណែករឿងគេថា ច្រមុះខ្ញុំកែនោះ ខ្ញុំសូមធានាថា នៅហ្ស៊ីនតែម្តង គ្មានបានកែកុនត្រង់ណាទេ បើមិនជឿទេ អាចស្ទាបច្រមុះខ្ញុំផ្ទាល់ក៏បាន”។

នៅ ដាណា ស្ថិតក្នុងចំណោមតារាស្រីដែល លែងប្តី មានដូចជា ស៊ឹម សូលិកា, កែវ និសា, កែវ ពេជ្រពិសី, សុខ សោម៉ាវត្តី, ចន ច័ន្ទលក្ខិណា, សុខ ស្រីនាង ជាដើម ដែលពេលនេះកំពុងតែធ្វើឱ្យប្រុសៗជ្រួលជ្រើម។ ដោយឡែកដាណា ក្រោយពេលលែងប្តីនេះ ក៏ឡើងកូដផងដែរ គឺនាងបានតំណែងជាពិធីការិនីនៅប៉ុស្តិ៍លេខ៩ និងបានតំណែងជាតួអង្គសំខាន់ម្នាក់ ក្នុងរឿង “ទណ្ឌកម្មស្នេហ៍” របស់ប៉ុស្តិ៍លេខ៥ តែអ្នកមេម៉ាយសាច់សខ្ចីដូចបណ្តូលចេករូបនេះ បានតាំងចិត្តថា នាងមិនចង់ល្បី ដោយថតភាពយន្តដែលមានឈុតស្នេហាស្រើបស្រាលក្តៅសាច់ដូចឌុច លីដា ឡើយ៕

RELATED ARTICLES