Friday, April 26, 2024
Homeព័ត៌មានជាតិដណ្តឹងរួចអត់លុយរៀបការ នាំគ្នាលេងផ្លូវកាត់

ដណ្តឹងរួចអត់លុយរៀបការ នាំគ្នាលេងផ្លូវកាត់

រនាំងប្រពៃណី មិនឈ្នះភ្លើងតណ្ហាទេ សម្រាប់យុវវ័យសម័យ កុំព្យូទ័រនេះ ពោលគឺបើពួកគេត្រូវដងត្រូវផ្លែគ្នាហើយ ប្រពៃណី ទុកម្តុំសិន ត្រូវដោះស្រាយពន្លត់ភ្លើងតណ្ហា។ យ៉ាងណាមិញ កំលោះក្រមុំ១ គូនេះ ត្រូវរ៉ូវគ្នាឈាន ដល់ការស្តីដណ្តឹងរួចរាល់ តែម៉ែឪប្រាប់ថា ឱ្យចាំសិន ទម្រាំរកលុយរៀបការបាន តែចាំឯណា កើត បើភ្លើងតណ្ហាឆេះងំទៅហើយ ក៏នាំគ្នាលេងផ្លូវកាត់ទៅ…។

លោកយឹម ភាស់ អាយុ១៩ឆ្នាំ រស់នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា ខ្លួនជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកឈ្មោះមាស អ៊ុក អាយុ៤៥ឆ្នាំ ម្តាយឈ្មោះរំដួល ភន អាយុ៤៤ឆ្នាំ។ កាលពីតូច គេបានរៀនសូត្រត្រឹមចប់បឋមសិក្សាក៏ឈប់ទៅ ព្រោះរៀនមិនចូល រួចក៏នៅតែផ្ទះរហូតដល់ធំពេញកំលោះ។ ចូលវ័យ១៨ឆ្នាំ គេចេះតែអផ្សុកចង់បានប្រពន្ធណាស់ ខណៈដែលខ្លួនគ្មានមុខជំនាញ និងមុខរបរអ្វីជាដុំកំភួន ក្រៅពីធ្វើស្រែ និងស៊ីឈ្នួលជួលព័ទ្ធគេ។ ជារៀងរាល់រាត្រី គេតែងចុចទូរស័ព្ទស្វែងរកគូស្នេហ៍ ដោយចុចស្មានៗ ស្រាប់តែ ចូលទូរស័ព្ទនារីម្នាក់ឈ្មោះអៀង ម៉ុម អាយុ២៥ឆ្នាំ រស់នៅភូមិកំប៉ៅ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តាំងពីទាក់សម្តីគ្នាតាមទូរស័ព្ទម្តងមក ចេះតែបន្តឆ្លងឆ្លើយគ្នារហូតត្រូវដងត្រូវផ្លែគ្នា បង្កើតបានជាសេចក្តីស្នេហាពេញបេះដូង។ ពួកគេ បានណាត់ជួបគ្នាជារឿយៗ ព្រោះស្រុកត្រាំកក់ និងស្រុកសំរោង ជាប់ព្រំប្រទល់គ្នា ជិះម៉ូតូមិនដល់១ម៉ោងផង ទៅដល់ហើយ។

លោកយឹម ភាស់ និងនាងអៀង ម៉ុម

លោកយឹម ភាស់ បន្តទៀតថា ទោះជាណាត់ជួបគ្នាញឹកញាប់ក៏ពួកគេរក្សាឥរិយាបថថ្លៃថ្នូរ ចេះគោរព ប្រពៃណីទំនៀមទម្លាប់ខ្មែរដែរ បានទាំងជម្រាបឪពុកម្តាយឱ្យចូលដណ្តឹងនាងស្រីមុំ ទៀតផង ទោះជាមានវ័យ បងគេដល់ទៅ៦ឆ្នាំ ក៏ក្តីស្រលាញ់មិនអាចកាត់ផ្តាច់បាន។ ចំណែក ចាស់ទុំទាំងសងខាង ក៏មិនជំទាស់ ឬបំបែកបំបាក់អ្វីដែរ ព្រោះគ្រួសារ មានជីវភាពក្រីក្រដូចគ្នា គ្រាន់តែមេបាខាងស្រីបង្គាប់ថ្លៃបណ្ណាការ ១២០០ដុល្លារប៉ុណ្ណោះ ដើម្បីគិតគូររៀបមង្គលការឱ្យបានសមរម្យ មិនចង់សែនព្រេននោះទេ។ លុយ១២០០ដុល្លារនោះ ឪពុកម្តាយ របស់គេរកមិនបានទេ ចំណែកខ្លួនឯងក៏គ្មានសមត្ថភាព មិនដឹងជា មានវិធីណារកលុយឱ្យបាន បណ្តាលឱ្យមង្គលការត្រូវពន្យារពេលពី ១ខែទៅ១ខែ។ ចាស់ៗក៏ប្រាប់ថា ចេះតែទ្រាំសិនទៅ ទម្រាំមានលុយ តែឱ្យទ្រាំយ៉ាងម៉េច  បើរៀងរាល់យប់ពេលឮវាចាស្រីថ្លៃតាម ទូរស័ព្ទមកបបោសអង្អែលបេះដូងរបស់គេម្តងៗ ធ្វើឱ្យភ្លើងតណ្ហា ឆាបឆេះក្តៅរោលរាល ពិបាកទ្រាំណាស់។

លោកយឹម ភាស់

យុវជនយឹម ភាស់ បន្តទៀតថា ថ្ងៃមួយ ដោយនឹកស្រីថ្លៃខ្លាំងពេក គេបានស្កាត់ទៅជួបនាងដល់ផ្ទះរបស់នាង ឯស្រុកសំរោង ហើយគាប់ ជួនឪពុកម្តាយបងប្អូននាងមិននៅផងនោះ គេក៏អង្វរសុំភ្លក្សព្រហ្មចារី នាងតែម្តង។ មុនដំបូង នាងស្ទាក់ស្ទើរដែរ តែដោយសារដៃមិន ស្ងៀម រាវស្ទាបសព្វកន្លុកកន្លៀតផងនោះ ធ្វើឱ្យ ភ្លើងតណ្ហាផ្ទុះឡើងដូចគ្នា ទ្រាំលែងបាន ក៏នាំគ្នាភ្លក្សរសជាតិស្នេហ៍គ្រាដំបូងតែម្តងទៅ។ គេទទួលស្គាល់ថា ស្រីគូដណ្តឹងពិតជានៅព្រហ្មចារីដូចផ្កាឈូកក្នុងបឹង ទាក់ចិត្តគេឱ្យស្រលាញ់ នាងទ្វេឡើង។ ឪពុកម្តាយនាង ទោះជាដឹងថា កូនស្រីជ្រុលជ្រួសជាមួយគូដណ្តឹងក្តី ក៏មិនឮមាត់កអ្វីដែរ បែរជាបើកភ្លៀងខៀវទៅវិញ បានទាំងឃាត់រូបគេឱ្យទៅដេក ពីរបីយប់ទៀតផង ជាឱកាសទុកឱ្យគេបាននែបនិត្យជិតស្រីថ្លៃ ចងក្រងទំព័រអនុស្សាវរីយ៍យ៉ាងផ្អែមត្រជាក់។ ទីបំផុត ការភ្លក្សរសជាតិស្នេហ៍មិនឈប់នេះ បណ្តាលឱ្យស្រីថ្លៃមានផ្ទៃពោះ ទើបគេសម្រេចនាំនាងមករួមរស់ជាមួយតែម្តង ព្រោះគេហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ជិតក្លាយជាឪគេទៅហើយ រឿងរៀបការ ទុកម្តុំសិន គិតពីរឿងប្រពន្ធមានផ្ទៃពោះវិញទើបបាន។

នាងអៀង ម៉ុម

ដោយឡែក នាងអៀង ម៉ុម អាយុ២៥ឆ្នាំ ជាប្រពន្ធអត់ខាន់ស្លា បានឱ្យដឹងថា រឿងស្នេហារបស់ នាងនិងកំលោះយឹម ភាស់ បានភ្ជាប់ពាក្យគ្នារួចហើយ តែរកលុយ១២០០ដុល្លារមិនបាន។ គម្រោងរៀបការ ត្រូវដល់កំណត់តាំងពីរដូវចូលឆ្នាំៗ២០១៧ម៉្លេះ តែ ពេលអត់លុយ ចាស់ៗក៏ប្រាប់ថា ឱ្យទ្រាំសិនទៅទោះ ២-៣ឆ្នាំទៀត ក៏មិនទាន់ហួសពេលដែរ តែគូដណ្តឹង ទ្រាំមិនបានក៏ស្កាត់ទៅជួបនាង និងអង្វរនាងសុំព្រហ្មចារី ធ្វើឱ្យនាងចិត្តមិនដាច់ក៏ប្រគល់ឱ្យគេទៅ។ ឥឡូវនាង មានផ្ទៃពោះ៣ខែហើយ មិនសង្ឃឹមបានរៀបការ នោះទេ យ៉ាងច្រើនបានត្រឹមសែនព្រេនប៉ុណ្ណោះតែអ្វីៗ វាធំលើចិត្តស្រលាញ់ បើស្រលាញ់គ្នាស្មោះ នៅតែមានសុភមង្គលជានិច្ច ទោះជាក្រីក្រក៏ដោយ។

ផ្ទះគូស្នេហ៍ទាំងពីរ

អ្នកស្រីរំដួល ភន អាយុ៤៤ឆ្នាំ ជាម្តាយខាងប្រុស និងអ្នកស្រីរំដួល ស្តើង អាយុ៥៥ឆ្នាំ ជាអ៊ំស្រី បានឱ្យដឹងស្របគ្នាថា លុយថ្លៃបណ្ណាការ១២០០ ដុល្លារនេះ អាចរកបាននៅឆ្នាំ២០១៨ នឹងត្រៀម រៀបការពួកគេទាល់តែបាន ទោះជាពួកគេលេងផ្លូវកាត់ បានកូន១ ក៏ដោយចុះ កុំឱ្យខ្មាសញាតិ។ ពួកគាត់យល់ ពីឥទ្ធិពលសេចក្តីស្នេហាច្បាស់លាស់ ព្រោះក្មេងៗ សម័យនេះ មិនចាញ់ពួកអឺរ៉ុបទេ បើត្រូវរ៉ូវគ្នា គេលេងផ្លូវកាត់យ៉ាងនេះហើយ។

លោកយាយទៀង ផេង

លោកយាយទៀង ផេង អាយុ៨១ឆ្នាំ ជាជីដូន ខាងប្រុសក៏បានឱ្យដឹងដែរថា ចៅៗទាំងពីរនាក់មាន ខាន់ស្លាពាក់កណ្តាលទៅហើយ មិនសូវមានអ្នកណារិះគន់ទេ តែយើងជាចាស់ទុំ ត្រូវតែគិតគូររៀបការ ពួកគេឱ្យខាងតែបាន ទើបមិនខុសចាស់ទុំ ឬខ្មោចខឹង។

អ្នកស្រីរំដួល ភន

គួរបញ្ជាក់ថា សម័យនេះ យុវវ័យដែលយកទូរស័ព្ទធ្វើមេអណ្តើក តែងនាំគ្នាលេងផ្លូវកាត់របៀបនេះ ស្ទើរក្លាយជារឿងធម្មតាទៅហើយ ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ។ កុំថាឡើយអ្នកក្រ សូម្បី អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក៏នាំគ្នាលេងផ្លូវកាត់ដែរ លុះបានកូន ទើបស្រវេស្រវារៀបការ ដើម្បីឱ្យកូននោះ មានខាន់ស្លាផង អាចទទួលកេរមរតកពីឪពុកម្តាយ ដោយស្របច្បាប់ផង…”៕

RELATED ARTICLES