ប្រពន្ធវក់រឿងភាគថៃ ចោទប្តីគិតតែរឿង “តិ”

“តិ” ជាភាសាជនជាតិកួយ មានន័យថា “រួមរ័ក” ខណៈដែលស្ត្រីជាប្រពន្ធនេះវក់ទស្សនារឿងភាគថៃ លុះប្តីបង្កជម្លោះ ក៏ចង្អុលមុខ ប្តីគិតតែរឿង “តិ”។ សព្វថ្ងៃ ប្រជាពលរដ្ឋនៅតំបន់ព្រៃ សុទ្ធតែទទួលវប្បធម៌ពីប្រទេសក្រៅដូចអ្នក ក្រុងទៅហើយ ជាពិសេស ចូលចិត្តតាមដាន ខ្សែភាពយន្តភាគថៃ ភ្លេចរឿងដំណេក ក៏កើត ជាទំនាស់ប្តីប្រពន្ធ…។

នាងឈុន រ៉ាប់ អាយុ៣៦ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា សព្វថ្ងៃ នៅភូមិរបស់នាងដែលជាតំបន់ព្រៃ ដោយសារការទស្សនាទូរទស្សន៍ពិបាកចាប់រូបភាពតាមអង់តែន ទើបអ្នកស្រុកភាគច្រើនតែងជួល CD មកចាក់មើលរឿង ភាគជំនួសវិញ។ រឿងភាគដែលអ្នកស្រុកចូលចិត្ត គឺរឿងថៃ នេះឯង សូម្បីតែរូបនាងក៏ញៀនញ៉ាមដែរ ហើយដោយសារ ផ្ទះនាងមានតែទូរទស្សន៍មើលរូបភាពមិនសូវច្បាស់ ឱ្យតែយប់ ឡើងក៏នាំកូនចេញទៅផ្ទះមីង ដើម្បីទស្សនារឿងភាគដែលជួល CD មកចាក់។ នាងជាកូនស្រីទី២ កើតក្នុងគ្រួសារកសិករ និង មានប្តីឈ្មោះហេង ហឿ ជាប់សែស្រឡាយជនជាតិកួយ តែក្លាយជាខ្មែរ ប្រើភាសាខ្មែរអស់ទៅហើយ ដោយចេះភាសា កួយ តិចតួចណាស់។ ប្តីនាងជាមនុស្សពូកែប្រចណ្ឌផុតលេខ សូម្បីនាងនិយាយលេងជាមួយប្រុសណាក៏មិនបានដែរ តែង បង្ករឿងជាមួយនាងជានិច្ច។ គ្រួសារនាង ក្រៅពីស្រែចម្ការ ក៏នៅមានមុខរបរបិតស្រា និងចិញ្ចឹមជ្រូក តែប្តីមិនសូវយក ចិត្តទុកដាក់នឹងការងារនេះទេ គេចូលចិត្តណាត់ជួបមិត្តភក្តិ ស៊ីផឹក និងតែងទម្លាក់កំហុសមកលើនាងជានិច្ច។

នាងឈុន រ៉ាប់

នាងរ៉ាប់ បន្តទៀតថា សូម្បីនាងចេញទៅមើលរឿងភាគ ថៃ នៅផ្ទះម្តាយមីង ក៏ប្តីនេះប្រចណ្ឌរករឿងនាងដែរ ធ្វើមើល តែនាងទៅដើរលេងជាមួយប្រុសអ៊ីចឹង។ តាមពិត នាងបណ្តើរកូនទៅសោះ ព្រោះមានកូន២នាក់ដែរ (ប្រុស១ ស្រី១) មិនមែន ទៅតែឯងឯណា មិនគួរប្តីនេះចាំតែទម្លាក់កំហុសយ៉ាងនេះសោះ។ បានជានាងចេញទៅមើលរឿងភាគផ្ទះមីង ព្រោះនាង ចូលចិត្តសិល្បៈ កំដរអារម្មណ៍ លុះទូរទស្សន៍ខ្លួនមើលមិនច្បាស់ និងមិនមានពេលចេញទៅជួល CD មកចាក់ ក៏នាំកូនទៅមើល នៅផ្ទះមីង លុះវិលមកវិញ យប់ណាក៏ប្តីរករឿងដែរ។

លោកហេង ហឿ

ដោយឡែក លោកហេង ហឿ អាយុ៣៣ឆ្នាំ ជាប្តី បាន ឱ្យដឹងថា លោកមិនប្រចណ្ឌប្រពន្ធពីរឿងទៅមើលកុនល្ខោន ឬភាគថៃស្អីនៅផ្ទះមីងនោះទេ តែបញ្ហាចម្បង គឺយប់ណាក៏ ដូចយប់ណា ប្រពន្ធមិនចេះនៅផ្ទះសោះ។ នាងទៅតាមដាន រឿងឯណាឯណីដល់ម៉ោង១០យប់ ជួនកណ្តាលអធ្រាត្រវិល មកវិញ ឆ្កែព្រុសឱ្យទ្រហឹង។ លោកបានទិញទូរទស្សន៍ និងម៉ាស៊ីនចាក់ស៊ីឌី ឱ្យមើលដែរ តែនាងមិនព្រមមើលរបស់ខ្លួនទេ បែរជានាំកូនដើរទៅមើលផ្ទះគេរំលងអធ្រាត្រក៏មាន បើរឿងនោះវែង ដល់យូរៗទៅភ្លេចទាំងប្តីដេកចាំឯផ្ទះ។

បុរសជាប្តីបន្តទៀតថា លោកមិនចង់ឈ្លោះទេ វាខ្មាសញាតិ តែទ្រាំមិនបាននឹងសកម្មភាពដដែលៗ របស់ប្រពន្ធ បើនិយាយស្តីប្រដៅអីបន្តិចក៏ស្រែកគំហកមកវិញ អាងខ្លួនអាយុច្រើនជាងប្តីដល់ទៅ៣ឆ្នាំ។ ផ្ទះគេក្បែរខាងដេក ស្ងាត់ជ្រងំ ឯផ្ទះលោកបើកភ្លើងអំពូលប្លុងៗរង់ចាំមើលផ្លូវប្រពន្ធវិលមកពីមើលរឿងភាគ។ លុះមកដល់ នាងងងុយងោក ដាក់ខ្នងដល់កន្ទេលក៏លក់ភ្លឹប គ្មានចេះគិតគូរស្គាល់ទុក្ខធុរៈប្តីទាល់តែសោះ លុះលោកបន្ទោស ក៏គំហកមកវិញថា លោកប្រចណ្ឌ។

លោកអ៊ាម ភាង

ប្តីនិយាយមកដល់ត្រង់នេះ ស្រាប់តែនាងឈុន រ៉ាប់ សួរកាត់ប្រយោគប្តីថា “តើឯងចាំខ្ញុំធ្វើអី? បាយ គ្របទុកឱ្យហើយដួសហូបទៅ បើហូបបាយហើយមិនព្រមដេក ហើយបែរជាអង្គុយចាំ មានតែចាំ “តិ”។ (តិះ=ភាសាកួយថា រួមរ័ក)។ ភ្លាមនោះប្តីក៏ឆ្លើយផូងទៅប្រពន្ធវិញថា “អើ! បើមិនចាំ “តិ” តើឱ្យចាំអី? កន្លះខែនេះ មកផ្ទះយប់ជ្រៅរហូត មានដែលយល់អារម្មណ៍របស់ប្តីទេ?” ប្តីបានទាំងព្រមានប្រពន្ធទៀតថា បើមិនកែ ប្រែមារយាទ និងមិនយល់ចិត្តប្តីបែបនេះ រស់នៅជាមួយគ្នាក៏មិនកើតដែរ ព្រោះលោកមិនអាចទ្រាំនឹងសកម្មភាព ប្រពន្ធមកដល់យប់ជ្រៅ ទម្លាក់ខ្លួនដេកភ្លេចឱ្យចំណីប្តីទៀតទេ បើត្រូវលែងលះក៏លែង។

លោកហាយ ធឿក

លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា លោកបានជួយសម្របសម្រួល គ្រួសារនេះដែរ ដោយសំណូមពរទៅនាងឈុន រ៉ាប់ ឈប់ដើរមើលទូរទស្សន៍ផ្ទះគេទៀត។ នាងក៏យល់ព្រមធ្វើតាមសំណូមពរនេះដែរ ដោយសន្យាថា ឈប់ ទៅចោលផ្ទះដល់កណ្តាលអធ្រាត្រ ដើម្បីចងចិត្តប្តីឱ្យឈប់ដាក់កំហុសគ្នា តែ ត្រូវប្តីសន្យាឈប់ផឹកស៊ីដូចគ្នា ទើបបាន។

លោកហាយ ធឿក អាយុ៣០ឆ្នាំ និងនាងឈុន ធន់ អាយុ២៤ឆ្នាំ ជាប្អូនថ្លៃ និងប្អូនបង្កើតរបស់នាងឈុន រ៉ាប់ បានឱ្យដឹងស្របគ្នាថា ពួកគេមិន កាន់ជើងខាងណាទេ តែចង់បន្ទោសទៅលើបងស្រីច្រើនជាង ដែលខ្មេះពេកមិន ហ៊ានទៅជួលស៊ីឌីមកចាក់មើល ព្រោះផ្ទះគាត់មានឧបករណ៍កម្សាន្តភ្នែកដែរ។ ការទៅមើលរឿងភាគផ្ទះគេដល់យប់ជ្រៅបែបនេះ ល្មមតែបងថ្លៃខឹងដែរ តែបើ កុំបងថ្លៃផឹកពេក ក៏បងស្រីមិនចេញពីផ្ទះដែរ។ បើយកល្អត្រូវកែប្រែទាំងពីរនាក់ ទើបបាន ដើម្បីនាំមកនូវសុភមង្គលគ្រួសារ។

នាងឈុន ធន់

គួរបញ្ជាក់ថា កាលពីទសវត្សឆ្នាំ១៩៨០ នៅកម្ពុជា ចាប់ផ្តើមមានវីដេអូ នាំចូលពីប្រទេសថៃ ទាក់ទាញប្រជាពលរដ្ឋឱ្យស្កាត់ទៅទស្សនារំលងភូមិក៏មាន ដែរ ព្រោះជំនាន់នោះ មានការដាក់ឈ្នួលបញ្ចាំងវីដេអូតាមរោងបុណ្យនានា។ ក្រោយមកទៀត ទើបមានទូរទស្សន៍ខ្មៅស អូសដោយអាគុយ ព្រោះមិនទាន់ មានអគ្គិសនីចូលគ្រប់ភូមិ ក៏ធ្លាប់មានជម្លោះប្តីប្រពន្ធបែបនេះដែរ ដោយសារ ប្រពន្ធញៀនរឿងភាគ ទៅមើលផ្ទះគេដល់កណ្តាលអធ្រាត្រ ទុកឱ្យប្តីដេកចាំលើ គ្រែ។ លុះប្រពន្ធមកវិញងងុយពេកក៏ដេកលក់គ្រឹប ភ្លេចឱ្យចំណីរាត្រីដល់ប្តី កើត ជាជម្លោះបែកបាក់គ្នាក៏មាន។ ឥឡូវរឿងប្តីប្រពន្ធខាងលើនេះ អ៊ីចឹងទៀតហើយ ដោយសារនៅតំបន់ឆ្ងាយដាច់ស្រយាល ទូរទស្សន៍ប្រើអង់តែនចាប់រូបភាព មិនច្បាស់ ដោយគ្មានលទ្ធភាពទិញផ្កាយរណបទៅបំពាក់។ ផ្ទះខ្លះចាក់ស៊ីឌីមើល រឿងភាគថៃ រាល់យប់ ក៏កើតជាទំនាស់រឿង “តិ” ដូចអ្វីដែលប្តីប្រពន្ធទាំងពីរ នោះខ្មាសអ្នកយកព័ត៌មានយើង មិនហ៊ានប្រើភាសាខ្មែរថា រួមរ័ក រួមភេទ ក៏យកភាសាកួយ មកប្រើយ៉ាងនេះទៅ ដោយស្មានថា យើងមិនដឹង!…”៕