Saturday, May 11, 2024
Homeព័ត៌មានជាតិស្រែកយំពេញមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដោយសារតែស្ត្រីម្នាក់ទើបសម្រាលកូន ធ្លាក់ឈាមស្លាប់ចោលកូន៨នាក់

ស្រែកយំពេញមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដោយសារតែស្ត្រីម្នាក់ទើបសម្រាលកូន ធ្លាក់ឈាមស្លាប់ចោលកូន៨នាក់

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះសម្រាល ក៏ត្រូវប្តីនិងសាច់ញាតិ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល ដឹងអី! ក្រោយពីសម្រាលកូនរួចដោយសុវត្ថិភាព បែរជាស្ត្រីជាម្តាយធ្លាក់ឈាម រហូតដល់ខ្សោះខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តីនិងកូនដល់ទៅ៨នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច។

ស្ត្រីរងគ្រោះដែលសម្រាលកូនរួចធ្លាក់ឈាមរហូតដល់ស្លាប់ មានឈ្មោះហេង ស៊ីណា អាយុ៣៨ឆ្នាំ មានប្តីឈ្មោះសាយ ដាលី អាយុ៣៩ឆ្នាំ និងមានកូនសរុប៨នាក់ (រួមទាំងកូនទើបនឹងសម្រាល) សព្វថ្ងៃមានលំនៅក្នុងភូមិអន្ទាប់ ឃុំមហា សាំង ស្រុកភ្នំស្រួច។

តាមសម្តីស្ត្រីឈ្មោះកៅ ស៊ីផាត អាយុ៥០ឆ្នាំ ត្រូវជាបងរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់និងប្អូនថ្លៃ (ប្តីស្ត្រីរងគ្រោះ) បានជូនប្អូនស្រីមកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង តាំងពីវេលាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើបប្អូនស្រីសម្រាលកូន ប៉ុន្តែពេលសម្រាលរួច មិនដឹងជាយ៉ាងម៉េច នាងស្រាប់តែធ្លាក់ឈាមរហូតចង់ខ្សោះខ្លួន ទើបក្រុមគ្រួសារពិភាក្សាជាមួយពេទ្យបញ្ជូនស្ត្រីរងគ្រោះទៅសង្គ្រោះមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ទាំងយប់។ បន្ទាប់មក នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ទើបក្រុមគ្រួពេទ្យខេត្ត បានចាប់ផ្តើមធ្វើការវះកាត់ ស្រាប់តែអកុសលស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។

តាមសម្តីបុរសឈ្មោះសាយ ដាលី ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់សម្រាលកូនលើកនេះ គឺជាកូនទី៨ហើយ ហើយកាលពីកូន៧នាក់មុន មិនធ្លាប់មានបញ្ហាអ្វីទាំងអស់។ នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ក្រោយពេលប្រពន្ធប្រាប់ថា នាងចាប់ផ្តើមឈឺពោះ គាត់និងបងថ្លៃស្រី រួមនឹងសាច់ញាតិប៉ុន្មាននាក់ទៀត ក៏ប្រញាប់រៀបចំដឹកបញ្ជូនប្រពន្ឋទៅកាន់មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹក ព្រោះមិនទុកចិត្តពេទ្យឯកជនខាងក្រៅ រំពឹងថាពេទ្យជំនាញរបស់រដ្ឋនឹងអាចផ្តល់ភាពកក់ក្តៅដល់គាត់ និងក្រុមគ្រួសារ ពិសេសអាចជួយសម្រាលកូនឱ្យប្រពន្ធរបស់គាត់បានដោយសុវត្ថិភាព ដឹងអី! ក្រោយពីសម្រាលកូនរួច មិនដឹងជាយ៉ាងម៉េចប្រពន្ធរបស់គាត់បែរជាធ្លាក់ឈាមមិនឈប់សោះ ធ្វើឱ្យគាត់ភ័យឆោឡោ សុំឱ្យខាងពេទ្យបង្អែកត្រពាំងក្រឡឹង បញ្ជូនប្រពន្ឋគាត់យកសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តវិញម្តង។

បុរសជាប្តីស្ត្រីរងគ្រោះ បញ្ជាក់ថា ទីបំផុត ប្រពន្ធរបស់គាត់បានធ្លាក់ឈាមរហូតដល់ខ្សោះខ្លួនស្លាប់យ៉ាងអាណោចអាធមបំផុត ដោយទៅចោលគាត់ជាប្តី រួមនឹងកូនៗដល់ទៅ៨នាក់។ គាត់ពិតជាមានការងឿងឆ្ងល់ខ្លាំងណាស់ ហេតុអ្វីក្រុមគ្រូរពេទ្យនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ឃើញអ្នកជំងឺធ្លាក់ឈាមសឹងខ្សោះខ្លួនទៅហើយ ម្តេចមិនបញ្ជូនប្រពន្ឋគាត់ទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ដើម្បីជួយសង្គ្រោះជីវិត រង់ចាំទាល់តែអ្នកជំងឺសង្គ្រោះលែងបាន ទើបបញ្ជូនទៅ? ទីបំផុត ប្រពន្ធរបស់គាត់ក៏ត្រូវស្លាប់យ៉ាងគួរឱ្យសង្វេគ។

ករណីស្ត្រីរងគ្រោះសម្រាលកូនហើយធ្លាក់ឈាមមិនឈប់រហូតស្លាប់នេះ លោកប៉ុក សុគន្ឋារ័ត្ន ប្រធានការិយាល័យប្រតិបត្តិត្រពាំងក្រឡឹង ស្រុកភ្នំស្រួច បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានជួយសង្គ្រោះដែរ ប៉ុន្តែនៅតែជួយមិនបាន ទើបបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទាំងយប់។

ចំណែកក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានអះអាងថា ពួកគាត់បានជួយសង្គ្រោះស្ត្រីរងគ្រោះ អស់ពីលទ្ធភាពដែរ ប៉ុន្តែដោយសារស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរពេក ទើបពេទ្យមិនអាចជួយគាត់បាន។

យ៉ាងណា លោកឱ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបញ្ជក់ថា លោកបានឱ្យក្រុមគ្រូពេទ្យ សិក្សាអំពីស្ថានភាពរបស់ស្ត្រីរងគ្រោះខាងលើ ដើម្បីរកពីមូលហេតុពិតប្រាកដ៕

RELATED ARTICLES