អប់រំលែងស្តាប់! ដើរអុកឡុកពេញភូមិ ម្តាយប្តឹងប៉ូលិសឲ្យចាប់

ភ្នំពេញ ៖ បុរសម្នាក់បានផុងខ្លួនប្រើប្រាស់ថ្នាំញៀនដកថយមិនរួច រហូតក្លាយជាមនុស្សញៀនថ្នាំ លុះពេលថ្នាំញៀនធ្វើទុក្ខ ស្រាប់តែដើរអុកឡុកពេញក្នុងភូមិធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបាន ហៅអ្នកស្រុកនាំគ្នាចាប់យកមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ កាលពីម៉ោង១៦និង៣០ នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យបែកថ្នាំដែលម្តាយចាប់ប្រគល់ឱ្យប៉ូលិសនេះមានឈ្មោះម៉ឹង ឯវិចិត្រ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ មាន ស្រុកកំណើតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមសម្តីស្ត្រីជាម្តាយឈ្មោះសៅ ពុទ្ធារី អាយុ៥៦ឆ្នាំ បានប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់នេះ កាលពីមុនមានសតិល្អធម្មតា ស្គាល់ខុសត្រូវ លុះក្រោយមកស្រាប់តែមានជំងឺសរសៃ ប្រាសាទជាប់ខ្លួនតាំងពីឆ្នាំ២០១១មកម៉្លេះ ដោយមកព្យាបាលនិងបើកថ្នាំនៅមន្ទីពេទ្យរុស្ស៊ី ប្រើជាប្រចាំ លុះដល់កូនគាត់លួចប្រើប្រាស់គ្រឿងញៀនទៀត ធ្វើឱ្យសតិមិនសូវប្រក្រតី និងតែងតែដើរអុកឡុកប្រជាពលរដ្ឋពេញក្នុង ភូមិតែម្តង ដោយសារទ្រាំនិងទង្វើរបស់កូនលែងបានក៏សម្រេចចិត្តហៅអ្នកស្រុកនាំគ្នាជួយចាយ កូនប្រុសរូបនេះ យកមកប្រគល់ឱ្យសមត្ថកិច្ចធ្វើការអប់រំ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលម្តាយសហការចាប់យកមកប្រគល់ឱ្យប៉ូលិសនេះ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើសកម្មភាពទាញកាំបិតប៉័ងតោ ដេញកាប់ទៅលើយុវជនម្នាក់ ប៉ន្តែមិនមានរងរបួសទេ ដោយសារយុវជនខាងលើ រត់គេចខ្លួនឱ្យអ្នកជិត ខាងជួយទាន់ និងក្រោយពីដេញកាប់យុវជនខាង លើមិនបានសម្រេចជនសង្ស័យក៏ចូលផ្ទះវិញ បាត់ទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕