កូនប្រុសឈ្លោះជាមួយម៉ែ ខឹងប្អូនថ្លៃលូកមាត់ កាប់ដាច់ក

ខេត្តតាកែវ ៖ បុរសម្នាក់ បានដើរទៅងូតទឹកពាងនៅផ្ទះម្តាយបង្កើតរបស់ខ្លួន លុះងូតរួចក៏កើតមានជំលោះជាមួយម្តាយ ឃើញបែបនេះ បុរសជាប្អូនថ្លៃបានលូកមាត់ឃាត់កុំឱ្យអ្នកទាំងពីរឈ្លោះគ្នាទៀត ព្រោះខ្លាចខ្មាសអ្នកជិតខាង ស្រាប់តែបុរសជាបងថ្លៃផ្ទុះកំហឹងចោទថា ប្អូនថ្លៃមើលងាយ ក៏ទាញកាំបិតកាប់ប្រហារប្អូនថ្លៃ បណ្តាលឱ្យដាច់រយះកញ្ចឹងកផ្នែកខាងក្រោម ត្រចៀករងរបួសធ្ងន់។

ករណីបងថ្លៃខឹងប្អូនថ្លៃទាញកាំបិតកាប់ឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលា ម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកកោះ ឃុំខ្វាវ ស្រុក ទ្រាំង។

ជនដៃដល់ដែលកាប់ប្អូនថ្លៃរបួសធ្ងន់នោះ មានឈ្មោះស៊ីវ សុខ អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះញើ ឃូន អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ត្រង់ក្រោមត្រចៀកខាងស្តាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ បានដើរទៅងូតទឹកពាងនៅក្នុងផ្ទះម្តាយបង្កើត រួចក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាពីរឿងងូតទឹក។ នៅពេលឃើញម្តាយក្មេក និងបងថ្លៃ ឈ្លោះប្រកែកគ្នាបែបនេះ ទើបជនរងគ្រោះបានចូលទៅឃាត់ ព្រោះមិនចង់ឱ្យអ្នកទាំងពីរឈ្លោះគ្នាបែបនេះខ្មាសគេ ស្រាប់តែភ្លាមនោះជនសង្ស័យច្រឡោតខឹង ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ជនរងគ្រោះ ជាប្អូនថ្លៃបានទាញដុំថ្មគប់សំដៅជនសង្ស័យជា បងថ្លៃមុន តែមិនត្រូវ ព្រោះជនសង្ស័យគេចផុត ហើយភ្លាមនោះ ធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងកាន់តែខ្លាំង ខឹងថាប្អូនថ្លៃមើលងាយខ្លួន ក៏ស្ទុះទៅទាញកាំបិតកាប់ប្រហារប្អូនថ្លៃ បណ្តាលឱ្យចំកញ្ចឹងក ផ្នែកខាងក្រោមត្រចៀកខាងស្តាំ ដាច់រយះយ៉ាងធំ ហូរឈាមស្រោចខ្លួន រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន និងដកហូតវត្ថុតាង នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕