ព្រហើនណាស់! ហ៊ានគាស់ទូ ATM របស់ធនាគារ ABA

ភ្នំពេញ ៖ បុរសជនជាតិបេឡារូស២នាក់ ត្រូវបានកម្លាំងសន្តិសុខធនាគារ ចាប់បញ្ជូនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីជនបរទេសទាំងពីរនោះ គាស់ទូ ATM ប្រុងលួចលុយរបស់ធនាគារ ABA តែមិនបានសម្រេច ព្រោះគេឃើញធ្វើសកម្មភាពតាមកាម៉ារ៉ាសុវត្ថិភាពទាន់ពេល កាលពីវេលាម៉ោង ៣និង៤៧នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិបេឡារូស ពីបទលួចមានស្ថានទម្ងន់ទោសកាប់គាស់ទម្លុះទម្លាយទូ ATM របស់ធនាគារ ABA នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ជនសង្ស័យត្រូវឃាត់ ខ្លួននេះ ទី១-ឈ្មោះ  MAK  SIMMOLOCNKOV ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិបេឡារូស មុខរបរមិនប្រាកដ មានលំនៅមិនប្រាកដ ទី២-ឈ្មោះ ALEXANDR  BUBENKO  ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិបេឡារូស មុខរបរ និងលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងចាប់យកបានមានឧបករណ៍អេឡិចត្រូនិកសម្រាប់លួចលុយពីទូ ATM ចំនួនមួយក្រណាត់ឃ្លុំមុខមួយ។ រីឯអ្នកប្តឹងឈ្មោះសាលី វង្សកុមារ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ABA ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មានដដែលបន្តទៀតថា នៅវេលាកើតហេតុ ជនបរទេសទាំង២នាក់នោះបានដើរមកទូ ATM របស់ធនាគារ ABA នៅចំណុចកើតហេតុ ដោយចាត់ឱ្យម្នាក់ឈរយាមផ្លូវ ចំណែកម្នាក់ទៀតចូលទៅក្នុងទូកញ្ចក់ ដើម្បីធ្វើសកម្មភាពលួចយកលុយតែមិនទាន់បានសម្រេចផង ក៏អ្នកកាន់កាមេរ៉ាសុវត្ថិភាពនៃទូ ATM នោះ ឃើញទាន់ពេលប្រាប់សន្តិសុខប្រចាំការមកឃាត់ខ្លួនជនសង្ស័យ២នាក់នោះ បញ្ជូនមកប្រគល់ឱ្យកម្លាំងនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕