ឳលោកកូនអើយ!!! ឲ្យបួសជាសង្ឃ៦ខែ សឹកមកវិញវ៉ៃម៉ែប៉ោងភ្នែក

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ធ្លាប់បានបួសរៀនផ្លូវធម៌៦ខែ លុះពេលសឹកមកវិញ ក៏បែរជាសេពគប់មិត្តភក្តិមិនល្អ ដើរលេងផឹកស៊ី ជក់គ្រឿងញៀន រហូតដល់លែងស្តាប់ដំបូន្មាន ឪពុកម្តាយចេះតែអុកឡុក បង្កបញ្ហាក្នុងគ្រួសារមិនឈប់ និងថែមទាំងជេរប្រមាថ វាយដំម្តាយ បង្កើត បណ្តាលឱ្យប៉ោងភ្នែក ដោយមិនខ្លាចបុណ្យបាប ឬទោសទណ្ឌអ្វីទាំងអស់ ទីបំផុតម្តាយទ្រាំ លែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចុះអន្តរាគមន៍ចាប់ខ្លួនកូនប្រុសអកតញ្ញូរូបនេះ យកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសអកតញ្ញូវាយធ្វើបាបម្តាយ ដោយគ្មានត្រាប្រណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០ នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

កូនប្រុសរមិលគុណដែលដាច់ចិត្តលើកដៃវ៉ៃម្តាយប៉ោងភ្នែក មានឈ្មោះនៅ សុវណ្ណារិទ្ធ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់បួសរៀននៅវត្តបាន៦ខែ។ ចំណែកស្ត្រីរងគ្រោះ ជាម្តាយ មានឈ្មោះអ៊ុក ស៊ីវន អាយុ៥០ឆ្នាំ ជាស្ត្រីម៉េម៉ាយកូន៥នាក់ (ប្រុស៣ ស្រី២) ដោយក្នុងនោះ ជនបង្កហេតុ គឺជាកូនទី៣ក្នុងបន្ទុកគ្រួសារ និងស្នាក់នៅជុំគ្នាក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា គាត់មានវាសនាអភ័ព្វខុសគេ ត្រូវធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ដោយសារប្តីរត់ចោលទៅតាមស្រីថ្មី ទុកឱ្យគាត់រ៉ាប់រងគ្រួសារទាំងមូលតែម្នាក់ឯង ដើរតួនាទីជាឪពុកផង ម្តាយផង ប្រឹងរកប្រាក់ចិញ្ចឹមកូនទាំង៥នាក់ យ៉ាងត្រដាបត្រដួសជាទីបំផុត។ កន្លងមក កូនប្រុសស្រីទាំង៥របស់គាត់ ស្តាប់ដំបូន្មានគាត់ជាម្តាយខ្លាំងណាស់ ហើយជារឿយៗ គាត់តែងទូន្មានអប់រំកូនឱ្យដើរផ្លូវល្អ សាងបុណ្យកុសល ដើម្បីកុំឱ្យថ្ងៃមុខជួបរឿងអភ័ព្វដូចគាត់ជាម្តាយ។

ស្ត្រីរងគ្រោះបន្តថា បើនិយាយពីកូនប្រុសទី៣ (ជនបង្កហេតុ) គឺជាកូនដែលគោរពស្រលាញ់គាត់ជាម្តាយខ្លាំងណាស់ រហូតដល់ធ្លាប់បានសុំគាត់បួសរៀន ដើម្បីសងគុណគាត់ជាម្តាយផង និងដើម្បីបម្រើក្នុងវិស័យព្រះពុទ្ធសាសនាផង។ លុះក្រោយពីបួសរៀនធម៌អាថ៌បាន៦ខែ កូនប្រុសនេះ ក៏បានលាចាកសិក្ខាបទ (សឹក) មកវិញ។ តាំងពីសឹកវិញមក កូនប្រុសរបស់គាត់មិនព្រមចេញទៅរកការងារអ្វីធ្វើដើម្បីរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯងនោះទេ តែបែរជាបែកគំនិតគិតតែដើរលេងផឹកស៊ីជាមួយមិត្តភក្តិ ស្រវឹងអួទីនួរាល់ថ្ងៃ រហូតមួយរយៈចុងក្រោយនេះ ថែមទាំងធ្លាក់ខ្លួនញៀនថ្នាំទៀតផង ហើយរាល់ពេលបែកថ្នាំម្តងៗ កូនប្រុសនេះ តែងតែមកជំរិតគំរាមទារលុយពីគាត់ជាម្តាយយកទៅ ជក់ថ្នាំញៀនជាមួយបនភឿន ហើយនៅពេលគាត់មានលុយឱ្យ គេសប្បាយចិត្ត មុខរីកដូចគ្រាប់ជីរ ប៉ុន្តែបើគាត់មិនមានប្រាក់ឱ្យគេវិញ ច្បាស់ជា ត្រូវគេរករឿងវាយបំផ្លាញទ្រព្យសម្បត្តិខ្ទេចអស់ជាមិនខាន ហើយជួនពេលខ្លះ កូនប្រុសបែកថ្នាំនេះ ហេតុតែឃ្លានជក់ថ្នាំញៀនពេក ក៏លួចយកតាំងពីចានឆ្នាំងក្នុងផ្ទះយកទៅលក់ឱ្យអ្នកភូមិ ដើម្បីយកប្រាក់មកទិញថ្នាំញៀនប្រើប្រាស់បន្ត។

ស្ត្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងទៀតថា លុះមកដល់វេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនប្រុសអកតញូរូបនេះ មិនដឹងជាទើបនឹងមកពីជក់ថ្នាំញៀននៅឯណា ក៏បានមកសុំលុយពីគាត់ តែគាត់គ្មានលុយឱ្យ ទើបធ្វើឱ្យកូនប្រុសសងគុណម្តាយ ដោយប្រើដំបងឈើជ្រុងស្ទុះមកវាយគាត់ទាំងកំរោល បណ្តាលឱ្យប៉ោងភ្នែក រងរបួសធ្ងន់តែម្តង។

ដោយសារតែទ្រាំនឹងទង្វើឃោរេឃៅរបស់យុវជនបែកថ្នាំខាងលើមិនបាន ទើបធ្វើឱ្យក្រុមគ្រួសារ ពិសេសស្ត្រីជាម្តាយឆ្អែតចិត្ត ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចក៏ដាក់កម្លាំងតាមចាប់ខ្លួនកូនរមិលគុណខាងលើ នាំយកទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕