កូនតាមម្តាយទៅស៊ីឈ្នួលលាងចាន! អកុសល កូនដើររអិលដួលចូលឆ្នាំងសម្លររលាកស្លាប់

ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់ ត្រូវម្តាយនាំយកទៅកន្លែងស៊ីឈ្នួលលាងចានក្នុងហាងមួយកន្លែង លុះម្តាយរវល់លាងចានភ្លេចខ្លួន កូនប្រុសក៏ដើររអិលដួលផ្ងារ ក្រោយចូលទៅក្នុងឆ្នាំងសម្លរកំពុងពុះលើចង្ក្រាន បណ្តាលឱ្យរលាករលេះរលួយខ្នងរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ក្រោយពីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបាន១យប់។

ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចហាងលក់បាយមួយកន្លែង មានទីតាំងជាប់របងវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្មេងប្រុសរងគ្រោះដែលដើរដួលចូលឆ្នាំងសម្លរ បណ្តាលឱ្យរលាកស្លាប់មានឈ្មោះនាង សុខន អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយឈ្មោះ វុន អុក អាយុ៣៥ឆ្នាំ មុខរបរស៊ីឈ្នួលលាងចាននៅហាងបាយកើតហេតុខាងលើ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែជីវភាពទីទ័លក្រពេក ទើបនាងតែងដើរស៊ីឈ្នួលលាងចានឱ្យគេ ដើម្បីប្តូរបាយហូប និងប្រាក់សម្រាប់ទប់ទល់ជីវភាព ហើយជារៀងរាល់ថ្ងៃ នាងតែងទៅលាងចានបាយឱ្យគេនៅក្នុងហាងលក់បាយ ស្ថិតនៅទីតាំងកើតហេតុខាងលើ និងតែងតែនាំកូនប្រុស (ក្មេងប្រុសរងគ្រោះ) ទៅជាមួយរហូត ព្រោះទុកនៅផ្ទះគ្មានអ្នកមើលថែឡើយ។

ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបាននាំកូនប្រុសចេញទៅស៊ីឈ្នួលលាងចានក្នុងហាងបាយខាងលើដូចសព្វដង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលចុងភៅកំពុងដាំបាយ និងធ្វើម្ហូប សម្រាប់លក់ដូរ នាងបានទុកឱ្យកូនប្រុសនៅអង្គុយលេងលើកៅអីក្នុងផ្ទះបាយ ចំណែកនាងបានដើរចេញទៅប្រមូលចានឆ្នាំង ស្លាបព្រា ពីក្នុងហាងយកមកលាង ស្រាប់តែមិនបានប៉ុន្មានផង នាងក៏បានលាន់ឮសម្រែកកូនប្រុសយំចេញពីក្នុងផ្ទះបាយ ទើបប្រញាប់ស្ទុះទៅមើល លុះទៅដល់ក៏ប្រទះឃើញកូនប្រុសរបស់នាង ដួលផ្ងារក្រោយ ចូលទៅក្នុងឆ្នាំងសម្លរ ដែលកំពុងពុះនៅលើចង្ក្រាន ទើបនាងស្ទុះទៅជួយលើកកូនប្រុសចេញពីឆ្នាំងសម្លនោះវិញ និងបានប្រទះឃើញខ្នងរបស់កូនប្រុសនាងមានរលាកពងបែកពេញខ្នងអស់ទៅហើយ ធ្វើឱ្យនាងតក់ស្លុតរន្ធត់ចិត្តអាណិតកូនប្រុសជាពន់ពេក។

ស្ត្រីជាម្តាយរូបនេះ បន្តថា ក្រោយកើតហេតុម្ចាស់ហាង រួមនិងប្រជាពលរដ្ឋក៏បាននាំគ្នាទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូន កូនប្រុសរបស់នាងទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសង្គ្រោះជីវិត តែអកុសល ក្រោយពីក្រុមគ្រូពេទ្យជួយសង្គ្រោះបាន៥ម៉ោង ដោយសារតែឃើញស្ថានភាពកូនប្រុសរបស់នាងកាន់តែធ្ងន់ទៅ ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះបន្តវិញម្តង លុះមកដល់វេលាម៉ោង ១១និង២០នាទីយប់ថ្ងៃដដែល កូនប្រុសរបស់នាងទ្រាំទ្រនឹងស្ថានភាពរបួសមិនបាន ក៏ប្រកាច់ ស្លាប់យ៉ាងវេទនាជាទីបំផុត។

សពក្មេងប្រុសរងគ្រោះត្រូវបានដឹកតាមរថយន្តសង្គ្រោះត្រឡប់ទៅកាន់លំនៅឋានវិញ ដើម្បីប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕