Friday, April 26, 2024
Homeខ្សឹបឲ្យឮក្រុមហ៊ុនផ្គើនច្បាប់

ក្រុមហ៊ុនផ្គើនច្បាប់

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅស្រុកលើកដែក ខេត្តកណ្តាល បានខ្សឹបឱ្យឮតាម “នគរធំ“ ថា មានក្រុមហ៊ុនមួយ កំពុងរកស៊ីយ៉ាងកាក់កបជាមួយនឹងការនាំចូលត្រីចាប ដែលជាប្រភេទត្រីហាមឃាត់ ដោយក្រុមហ៊ុនមួយនោះ បានធ្វើការនាំចូលពីប្រទេសវៀតណាមយ៉ាងរលូនតាមច្រកក្អមសំណ ដែលទង្វើនេះ គឺពិតជាផ្គើននឹងច្បាប់របស់កម្ពុជាខ្លាំងណាស់។

ប្រជាពលរដ្ឋស្រុកលើកដែក បានខ្សឹបឱ្យឮថា ក្រុមហ៊ុនដែលនាំត្រីចាបខុសច្បាប់ចូលពីប្រទេសវៀតណាមនោះ មានឈ្មោះក្រុមហ៊ុន នាង សុវណ្ណារី ដែលសព្វថ្ងៃទំនងជាត្រូវដងត្រូវផ្លែជាមួយនឹងមន្ត្រីជំនាញច្រកព្រំដែន បានបន្តនាំត្រីចាបចូលមកក្នុងទឹកដីកម្ពុជា ជាហូរហែ ដោយគ្មានការរាំងស្ទះសោះ ទោះជាមន្ត្រីជំនាញជលផលចង់ត្រួតពិនិត្យ ក៏ក្រុមហ៊ុនមួយនេះ មិនព្រមឱ្យពិនិត្យដែរ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា ក្រុមហ៊ុន នាង សុវណ្ណារី ដែលល្បីប៉ាវផ្តាច់ក្នុងការនាំត្រីចាបចូលពីវៀតណាមនេះ បាននិងកំពុងរកស៊ីបំពានច្បាប់ស្រុកខ្មែរ រីឯអាជ្ញាធរមានសមត្ថកិច្ច ប្រចាំច្រកព្រំដែនក្អមសំណមួយចំនួន បានត្រឹមតែលូកដៃ ទទួលយកលុយពីពួកឈ្មួញនោះប៉ុណ្ណោះ ដោយមិនខ្វល់ និងត្រួតពិនិត្យមើលបទល្មើសអ្វីឡើយសំខាន់លុយ។

ប្រជាពលរដ្ឋបានខ្សឹបបន្តទៀតថា ក្រុមហ៊ុន នាង សុវណ្ណារី ខាងលើនេះ មិនមែននាំតែត្រីចាបរស់ចូលមកស្រុកខ្មែរទេ ចំណែកត្រីចាបងាប់ ក៏នាំចូលមកដែរ ដោយមិនខ្វល់ថា ច្បាប់បានហាមឃាត់ មិនឱ្យនាំចូលត្រីប្រភេទនេះនោះទេ។ ចំណែកខាងរដ្ឋបាលជលផលខេត្តកណ្តាល បានព្យាយាមទប់ស្កាត់ករណីនេះដែរ តែទប់បានត្រឹមឈ្មួញធម្មតាប៉ុណ្ណោះ បើហ៊ាន ជាមួយក្រុមហ៊ុននាង សុវណ្ណារី នេះ គឺមិនអាចប៉ះបានឡើយ និងថែមទាំងត្រូវក្រុមហ៊ុនមួយនេះ សម្លុតគំរាមវិញទៀតផង។ ហេតុនេះមានតែខាងរដ្ឋបាលជលផល ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ ជួយផ្សាយរឿងក្រុមហ៊ុន នាង សុវណ្ណារី ដែលនាំត្រីចាបខុសច្បាប់ចូលពីប្រទេសវៀតណាមផង ដើម្បីឱ្យអង្គភាពពាក់ព័ន្ធមានវិធានការបង្ក្រាប។ ប៉ុន្តែអ្វីដែលជារឿងគួរឱ្យហួសចិត្តនោះ គឺលោកស្រី នាង សុវណ្ណារី ថែមទាំងបានបោះពាក្យសម្តីមកថា លោកអ្នកកាសែតចង់ផ្សាយអីផ្សាយ ទៅ ព្រោះលោកស្រីពិតជានាំត្រីចាបចូលមក មែន។

ប្រជាពលរដ្ឋ សូមខ្សឹបឱ្យឮដល់មន្ត្រីជំនាញ រួមនិងស្ថាប័នជំនាញ មេត្តាជួយចាត់វិធានការ ចំពោះករណីខាងលើនេះផង ព្រោះក្រុមហ៊ុនខាងលើ រកស៊ីនាំត្រីចាប (ច្បាប់ហាមឃាត់) ចូលក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់អំពីច្បាប់ទម្លាប់អ្វីឡើយ ព្រោះតែអាងទឹកលុយដែលខ្លួនបានផ្តល់ឱ្យមន្ត្រីច្រកព្រំដែនរួចអស់ទៅហើយ។

ទោះយ៉ាងណា ទាក់ទងទៅនឹងការខ្សឹបខ្សៀវខាងលើនេះ “នគរធំ” មិនដឹងថាមានការពិតកម្រិតណាទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុននាង សុវណ្ណារី បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES