Friday, April 26, 2024
Homeតារាខ្មែរបវរកញ្ញាពិភពលោក ទស្សនកិច្ចប្រាសាទសំបូរព្រៃគុក

បវរកញ្ញាពិភពលោក ទស្សនកិច្ចប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានទៅទស្សនកិច្ចនៅទឹកដីអង្គរ ខេត្តសៀមរាប រួចមក ក្រុមប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងក្រុមបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ចំនួន៦៥ប្រទេស រួមទាំងកម្ពុជា បានបន្តដំណើរទស្សនកិច្ចតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកហើយនេះ ជាការបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាបច្ចុប្បន្នកំពុងមានសន្តិភាព និងជាប្រទេសធ្លាប់មានអារ្យធម៌ខ្ពង់ខ្ពស់ល្បីល្បាញ តាំងពីសម័យបុរាណកាលរាប់ពាន់ឆ្នាំមកហើយ។

ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងក្រុមបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ចំនួន៦៥ប្រទេស រួមទាំងកម្ពុជា នៅតំបន់ប្រាសាទសំបូរព្រៃគុក នាពេលនោះ បានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោកអភិបាលខេត្ត សុខ លូ លោកគង់ វិមាន អភិបាលរង និងមន្ត្រីរាជការជាច្រើននាក់ទៀត។

គ្រាន់តែទៅដល់ទឹកដីរាជធានីខ្មែរបុរាណ ដ៏ធំសំបូរព្រៃគុក ភ្លាម ក្រុមបវរកញ្ញាពិភពលោក បានបន្លឺនូវសំឡេងសាសព្ទស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញប្រាង្គប្រាសាទតូចធំជាច្រើន និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ជាមួយតន្ត្រីបក្សីច្រៀងសាទរចំពោះវត្តមានរបស់ពួកគេ ប្រៀបបាននឹងជីវិតបវរកញ្ញាឯកក្នុងរាជវាំងសម័យ ចេនឡា នៃអាណាចក្រខ្មែរដ៏រុងរឿង។

វត្តមានរបស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងក្រុមបេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ចំនួន៦៥ប្រទេសនេះ ជាតឹកតាងបង្ហាញយ៉ាងច្បាស់ប្រាប់ពិភពលោក ថា កម្ពុជាបច្ចុប្បន្នពិតជាមានសុខសន្តិភាព មានស្ថិរភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ រហូតមានលទ្ធភាពសុំចុះបញ្ជីវប្បធម៌រូបី និងអរូបីជាច្រើន ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាក់ស្តែងដូចជាក្រុមប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនេះ ជាដើម។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយប្រមាណ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ តំបន់ប្រាសាទនេះជារាជធានីខ្មែរបុរាណ នាសម័យចេនឡា មានឈ្មោះថា “ឥសានបុរៈ” និងជាមជ្ឈមណ្ឌលសាសនាដ៏ធំ កសាងឡើងក្នុងវជ្ជកាល ព្រះបាទឥសានវរ្ម័នទី១ អំឡុងសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។

ក្រុមប្រាសាទនេះ សាងសង់ឡើងអំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ មានរូបចម្លាក់ដ៏ច្រើនសម្បូរបែបដែលត្រូវបានរចនាលម្អលើជញ្ជាំងប្រាសាទ កំពែងប្រាសាទ និងមានរូបចម្លាក់ព្រះសិវៈ និងព្រះមហេសីរបស់ព្រះអង្គ តម្កល់ក្នុងប្រាសាទមួយចំនួនផងដែរ។

តាមការស្រាវជ្រាវបានឱ្យដឹងថា នៅតំបន់នោះ មានប្រាសាទតូចធំប្រមាណ២៩៣ប្រាង្គ ដែលចែកចេញជា៣ក្រុមធំៗ រួមមាន ៖ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។ តំបន់ប្រាសាទក្នុងរាជធានី មានបណ្តោយ៦គីឡូម៉ែត្រ និងទទឹង៤គីឡូម៉ែត្រ ព្រមទាំងតំបន់ជុំវិញទៀត ពោលមានវិសាលភាពធំធេងណាស់។

សម្រាប់ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានទម្រង់៣ប្រភេទ រួមមាន ៖ រាងការេ (បួនជ្រុងស្មើ) រាងចតុកោណ (បួនជ្រុងទ្រវែង) និងអដ្ឋកោណ (ប្រាំបីជ្រុងស្មើ) ដោយតួប្រាង្គប្រាសាទមួយចំនួន មានឆ្លាក់រូបប្រាសាទនិម្មិតរំលេចក្បូរក្បាច់រចនាលម្អលើជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗសម្រាប់បូជាចំពោះអាទិទេពនៃហិណ្ឌូនិយម។

គួរបញ្ជាកថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕

RELATED ARTICLES