Wednesday, April 24, 2024
Homeព័ត៌មានជាតិព្រះសង្ឃ៣អង្គ ខំសឹកតាមការសន្យារបស់ស្ត្រីម្នាក់ ចុងក្រោយខកចិត្ត

ព្រះសង្ឃ៣អង្គ ខំសឹកតាមការសន្យារបស់ស្ត្រីម្នាក់ ចុងក្រោយខកចិត្ត

ខេត្តបន្ទាយមានជ័យ ៖ អន្ទិត៣នាក់ ទើបនឹងលាកចាកសិក្ខាបទ (សឹក) ថ្មីៗ បាននាំគ្នាចោទប្រកាន់ស្ត្រីម្នាក់ ថាបានឆបោកនឹងនាំឱ្យខ្លួនចូលធ្វើជាមន្ត្រីគយ ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ រហូតដល់ខ្លួនជឿលង់អស់ទាំងប្រាក់ និងថែមទាំងខំសឹកមកត្រៀមចូលធ្វើគយទៀត តែទីបំផុត ហាក់គ្មានសង្ឃឹមបន្តិចណាសោះ ទើបធ្វើឱ្យពួកខ្លួនកើតទុក្ខមិនសុខចិត្តិ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនស្ត្រីជាមេខ្យល់រូបនេះ មកសាកសួរ និងចាត់ការតាមច្បាប់។

ការឃាត់ខ្លួនស្ត្រីសង្ស័យជាប់ពាក់ព័ន្ធករណីឆបោកប្រាក់ពីព្រះសង្ឃរឿងរត់ការឱ្យចូលធ្វើជាមន្ត្រីគយនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តខេមរាសីមារាម ទំនប់ក៥ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះនាង ធីតា អាយុ៥២ឆ្នាំ មានលំនៅភូមិប្ញស្សីកែវ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកជនរងគ្រោះទាំង៣នាក់ ដែលទើបនឹងសឹកពីភេទជាសង្ឃមកថ្មីៗ ដើម្បីត្រៀមខ្លួនចូលធ្វើគយនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យខាងលើ ត្រូវបានទទួលរងការចោទប្រកាន់ថា បានឆបោកប្រាក់ពីប្រជាពលរដ្ឋចំនួន៣នាក់ (ទើបសឹក) ព្រមទាំងព្រះសង្ឃ២អង្គទៀត ដោយក្នុងម្នាក់អស់ប្រាក់ខ្លះ១ពាន់ដុល្លារ  ខ្លះ៥០០ដុល្លារ ខ្លះ១០០ដុល្លារ ជាថ្នូរនឹងការអួតអាងថា នឹងរត់ការឱ្យបានធ្វើជាមន្ត្រីគយ ឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយ ពួកគាត់បានស្គាល់ស្ត្រីសង្ស័យខាងលើ តាមរយៈហ្វេសប៊ុក ប៉ុន្តែមិនដែលជួបផ្ទាល់ទេ ក្រោយមកស្ត្រីសង្ស័យក៏អួតអាងតាមរយៈឆាតហ្វេសប៊ុកថា ស្គាល់អ្នកធំនៅក្រសួង អាចមានលទ្ធភាពរត់ការឱ្យពួកគាត់ចូលធ្វើគយបាន។ លុះពេលស្តាប់សម្តីស្ត្រីសង្ស័យរួចហើយ ពួកគាត់ក៏ជឿលង់ ដោយហេតុថា តើនរណាដែលមិនចង់ធ្វើជាគយ រហូតដល់លង់ខ្លួនហ៊ានចំណាយប្រាក់ជាបន្តបន្ទាប់ និងថែមទាំងដាច់ចិត្តសឹកពីបួសទៀតផង ដើម្បីត្រៀមខ្លួនចូលធ្វើគយ។ ហើយក្រៅពីពួកគាត់ទាំង៣នាក់ ក៏នៅមានព្រះសង្ឃ២អង្គផ្សេងទៀត បច្ចុប្បន្ន គង់នៅក្នុងខេត្តបាត់ដំបងមួយអង្គ ជាចៅអធិការវត្ត ក៏បានចំណាយប្រាក់ដើម្បីចូលធ្វើជាគយម្នាក់ ៧០០ដុល្លារ និងម្នាក់៥០០ដុល្លារផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យខាងលើ បានទទួលស្គាល់ថា គាត់ពិតជាបានទទួលប្រាក់ពីជនរងគ្រោះខាងលើមែន ដោយសន្យាថា នឹងនាំចូលធ្វើមន្ត្រីគយ។

ស្ត្រីសង្ស័យបានលើកឡើងថា គាត់អាចនាំអ្នកពាក់ព័ន្ធចូលធ្វើមន្ត្រីគយបានមែន ព្រោះមានខ្សែស្រឡាយជាអ្នកធំនៅក្រសួង ប៉ុន្តែ សុំមិនបញ្ចោញឈ្មោះ។ ស្ត្រីសង្ស័យនៅថែមនិយាយទាំងខឹងសម្បាទៀតថា ថ្ងៃកំណត់បានចូលធ្វើការ គឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ចុះហេតុអីមិនទាន់ដល់ថ្ងៃផង បែរជាប្តឹងគាត់ថា ជាជនឆបោកទៅវិញ?

ស្ត្រីសង្ស័យរូបនេះ ក៏ទទួលស្គាល់ដែរថា ក្រៅពីអ្នកពាក់ព័ន្ធ៣នាក់ខាងលើ គឺមានព្រះសង្ឃ២អង្គទៀតមែន ដែលគាត់បានទទួលប្រាក់ ប៉ុន្តែមួយអង្គ ករណីរត់ការឯកសារបានទៅបួសរៀននៅប្រទេសថៃ និងមួយអង្គយកប្រាក់រត់ការចូលធ្វើការជាគយ សរុប៤អង្គនាក់។

បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ កំពុងស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចជំនាញនៅឡើយ៕

RELATED ARTICLES